ការជិះស្គីកម្សាន្តលើព្រិលទឹកកកនៅរដូវរងារ គឺពេញនិយមខ្លាំងនៅប្រទេសជប៉ុន។ ក្រៅពីជនជាតិជប៉ុន មានជនបរទេសមកពីបណ្តាប្រទេសដទៃ ជាពិសេសជនជាតិថៃក៏ចូលចិត្តចំណាយពេលសម្រាកកម្សាន្តនាចុង ឬដើមឆ្នាំរបស់ខ្លួន ដើម្បីធ្វើដំណើរទេសចរទៅប្រទេសជប៉ុនផងដែរ។ រមណីយដ្ឋាន Fujiten Snow Resort ជាទិសដៅទេសចរណ៍សម្រាប់លេងព្រិលទឹកកកដ៏ពេញនិយមមួយកន្លែង នៅខេត្ត Yamanashi ខាងលិចជាប់នឹងទីក្រុងតូក្យូ។ មានចម្ងាយប្រមាណ ១៤០គីឡូម៉ែត្រ និងចំណាយពេលប្រមាណ ២ម៉ោងកន្លះ តាមរយៈឡាន ឬឡានក្រុងពីទីក្រុងតូក្យូ នោះគេនឹងធ្វើដំណើរមកដល់រមណីយដ្ឋាននេះ។ ក្រៅពីនេះ ភ្ញៀវទេសចរក៏និយមឆ្លៀតទៅទស្សនាភូមិបុរាណឈ្មោះថា Oshinohakkai ដែលជាទិសដៅទេសចរណ៍ពេញនិយមមួយនៅក្បែរនោះផងដែរ សម្រាប់ដំណើរកម្សាន្តវិលល្ងាចពីទីក្រុងតូក្យូ។
រមណីយដ្ឋានព្រិលទឹកកក Fujiten Snow Resort
ស្ថិតនៅជាប់នឹងជើងភ្នំ Fuji រមណីយដ្ឋាន Fujiten Snow Resort បើកទទួលភ្ញៀវទេសចរទូទៅចូលជិះស្គីកម្សាន្តរាល់រដូវរងារ ចាប់ពីអំឡុងពាក់កណ្តាលខែធ្នូរហូតដល់ដើមខែមេសា។ ភ្ញៀវទេសចរគ្រប់វ័យអាច ជិះស្គីលេងកម្សាន្តដោយសេរី ដោយគ្រាន់តែបង់ប្រាក់ថ្លៃចូលកម្សាន្ត សម្រាប់ទីលានស្គីដែលខ្លួនចង់ទៅតម្លៃប្រមាណ ៤,០០០យ៉េន = ៣០ដុល្លារ/ម្នាក់ និងថ្លៃជួលសម្ភារៈសម្រាប់លេងស្គីដូចជា សម្លៀកបំពាក់ជិះស្គី វែនតាការពារព្រិល មួក ស្រោមដៃ និងជើងស្គី ឬក្តាររំអិលលើព្រិលទឹកកកជាដើម (តម្លៃជួលសម្ភារៈលេងស្គីឈុតប្រមាណ ៨,៥០០យ៉េន=៦៥ដុល្លារ/ម្នាក់) ដែលមានជួលនៅរមណីយដ្ឋានផ្ទាល់។ សម្រាប់កុមារវិញក៏អាចកម្សាន្តនៅទីនោះបានដែរ។ គ្រាន់តែបង់ប្រាក់ថ្លៃចូលក្នុងម្នាក់ ៨០០យ៉េន អាណាព្យាបាលអាចនាំកូនៗរបស់ខ្លួនចូលជិះក្តារំអិលសម្រាប់ កុមារ (ថ្លៃជួល៥០០យ៉េន/មួយ) នៅទីលានមានជម្រាលទាប។
ជាមួយនឹងទិដ្ឋភាពភ្នំ Fuji ឈរលេចត្រដែតយ៉ាងស្កឹមស្កៃស្ថិតនៅពីក្រោយរមណីយដ្ឋាននេះផង នឹងធ្វើឱ្យភ្ញៀវទេសចរបន្សល់ទុកនូវអនុស្សាវរីយ៍រដូវរងារល្អបំផុតសម្រាប់ខ្លួន រួមទាំងមិត្តភក្តិ និងក្រុមគ្រួសារ។ ភ្នំ Fuji មានកំពស់ ៣,៧៧៦ម៉ែត្រ និងត្រូវបានប្រជាជនជប៉ុនស្គាល់ជាទូទៅថាជាភ្នំនៃសេចក្តីអមតៈ ហើយមានទិដ្ឋភាពស្អាតបំផុតនៅរដូវរងារ ខណៈភ្នំនេះស្រោបទៅដោយព្រិលទឹកកកនៅផ្នែកកំពូល។ មានភ្ញៀវទេសចរជាច្រើនមកកម្សាន្តនៅប្រទេសជប៉ុន ដើម្បីទស្សនា និងផ្តិតយករូបភាពភ្នំ Fuji នៅរដូវរងារ។ រមណីយដ្ឋាន Fujiten Snow Resort ស្ថិតនៅក្នុងទីតាំងល្អបំផុតមួយសម្រាប់កម្សាន្តលើព្រិលទឹកកក និងគយគន់ភ្នំ Fuji ។ នៅក្នុងរមណីយដ្ឋាន Fujiten Snow Resort ក៏មានអាហារដ្ឋានស្ថិតនៅជាន់ទី១ មានទំហំធំទូលាយផងដែរ។ ជាទូទៅ មានភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទទួលទានអាហារថ្ងៃត្រង់ កាហ្វេក្តៅ ឬភេសជ្ជៈនានា រួមទាំងអាហារសម្រន់ក្នុងអំឡុងពេលសម្រាកពីការ ជិះស្គីកម្សាន្តនៅក្នុងអាហារដ្ឋាននេះ។
ភូមិបុរាណ Oshinohakkai
មានចម្ងាយប្រមាណ ១៧គីឡូម៉ែត្រ និងចំណាយពេលប្រមាណ ៣០នាទី តាមយានយន្តពីរមណីយដ្ឋាន Fujiten Snow Resort ភ្ញៀវទេសចរ អាចធ្វើដំណើរទៅទស្សនា Oshinohakkai ដែលជាទិសដៅទេសចរណ៍ពេញនិយមសម្រាប់គយគន់ទេសភាពភ្នំ Fuji ពីកូនភូមិបុរាណតូចមួយក្បែរជើងភ្នំ Fuji ។ នៅទីនេះមានថ្លុកទឹកធម្មជាតិថ្លាយង់ហូរផុសចេញពី ភ្នំ Fuji ។ ថ្លុកទឹកកណ្តាលមានជម្រៅដល់ទៅ ៨ម៉ែត្រ ត្រូវបានអ្នកស្រុកជឿថាជាទីស័ក្តិសិទ្ធ សម្រាប់ព្យាបាលរោគាផ្សេងៗ។
ក្រៅពីទស្សនាថ្លុកទឹកធម្មជាតិ និងថតរូបអនុស្សាវរីយ៍ជាមួយភ្នំ Fuji ភ្ញៀវទេសចរអាចជាវចំណីអាហារប្រពៃណីជប៉ុនដែលផលិតដោយប្រជាជន រស់នៅក្នុងស្រុកជាវត្ថុអនុស្សាវរីយ៍សម្រាប់មិត្តភក្តិ និងសាច់ញាតិក្នុង ដំណើរកម្សាន្តរដូវរងារទៅកាន់ខេត្ត Yamanashi ដែលមានភ្នំ Fuji ដ៏ល្បីល្បាញ៕
この記事が気に入ったら
いいね!しよう
We will send you the latest information
កំណត់ត្រាដំណើរកម្សាន្តទៅប្រទេសជប៉ុនរបស់បុគ្គលិកទស្សនាវដ្តីញញឹម
2023.05.09 Japan View
គោលដៅទេសចរដ៏ទាក់ទាញពីក្រុង Nikkō
2022.12.28 Japan ViewNyoNyum Khmer
សួនឧទ្យាន Hitachi Seaside Park
2022.10.17 Japan ViewNyoNyum Khmer
តំបន់ទេសចរណ៍ពេញនិយមពីខេត្ត Saitama
2022.08.16 Japan View
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer