គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ការស្តារឡើងវិញនូវប្រព័ន្ធការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ
(ភាសាខ្មែរ) ការស្តារឡើងវិញនូវប្រព័ន្ធការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ
2021.05.28

ការចូលរួមស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរាជធានីភ្នំពេញ

ភ្នំពេញជាមជ្ឈមណ្ឌលសេដ្ឋកិច្ចជាតិមួយដ៏សំខាន់។ ដូចនៅតំបន់ជនបទដែរ ហេដ្ឋារចនាសម្ព័ន្ធនានាបានបំផ្លាញក្នុងអំឡុងសង្គ្រាមស៊ីវិល ហើយការកសាងស្តាឡើងវិញបានចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ។ ចាប់តាំងពីពេលនោះមក ជំនួយ ODA របស់ជប៉ុនបានផ្តល់ការគាំទ្រដល់វិស័យនានាដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងការអប់រំជាដើម។ ក្នុងនោះ “គម្រោងកែលម្អ និងការពារទឹកជំនន់រាជធានីភ្នំពេញ” បានបន្តប្រព្រឹត្តទៅអស់រយៈពេលជិត ២០ ឆ្នាំមកហើយ។

ដោយសាររាជធានីភ្នំពេញមានទីតាំងស្ថិតនៅចំណុចប្រសព្វនៃទន្លេមេគង្គនិងទន្លេសាប ហើយកំពុងមានការអភិវឌ្ឍខ្លាំងក៏ពិតមែន ប៉ុន្តែវាក៏ជាតំប​ន់ដែលងាយនឹងទទួលរងការខូចខាតដោយសារទឹកជំនន់ផងដែរ។

ប្រព័ន្ធការពារទឹកជំនន់ និងសំណង់បង្ហូរទឹកនៅទីក្រុងភ្នំពេញបានចាប់ផ្តើមសាងសង់ឡើងក្នុងសម័យអាណានិគមបារាំង។ នៅទសវត្សរ៍ឆ្នាំ១៩៦០ មានទំនប់មួយចំនួនបានសាងសង់ឡើងព័ទ្ធជុំវិញតំបន់ទីក្រុងភ្នំពេញ ដើម្បីការពារទឹកជំនន់ដែលបណ្តាលមកពីទឹកខាងក្រៅនៃទន្លេមេគង្គ ហើយនៅពេលដំណាលគ្នានោះ ទឹកភ្លៀងដែលបានធ្លាក់នៅក្នុងតំបន់ទីក្រុងបានបង្ហូរទៅទន្លេដើម្បីការពារទឹកជំនន់។ យ៉ាងណាមិញ ក្នុងរយៈពេល ២០ ឆ្នាំនៃសង្គ្រាមស៊ីវិលក្នុងស្រុកបានធ្វើឱ្យមុខងាររបស់សំណង់ប្រព័ន្ធការពារទឹកជំនន់នោះនៅមានកំរិតទាបបំផុត ដោយសារតែពុំមានការថែរក្សាបានត្រឹមត្រូវ និងភាពចាស់រេចរឹលរបស់វា។ លើសពីនេះទៀត បរិមាណសំណល់រាវក្នុងក្រុងបានកើនឡើងដោយសារតែកំណើនដ៏ឆាប់រហ័សនៃប្រជាជនមករស់នៅក្នុងទីក្រុងភ្នំពេញ និងការខូចខាតនានាដោយសារទឹកជំនន់ក៏កាន់តែមានស្ថានភាពធ្ងន់ធ្ងរ។ មិនត្រឹមតែរងនូវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារការកកស្ទះចរាចរណ៍ព្រោះតែទឹកជំនន់លិចផ្លូវ ផ្ទះ និងទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែក៏មានបញ្ហាអនាម័យដូចជា៖ ការមានក្លិនមិនល្អដែលបណ្តាលមកពីការហូរទឹកស្អុយត្រឡប់មកវិញជាដើមផងដែរ។

ឆ្លើយតបនឹងបញ្ហាទាំងនេះ រដ្ឋាភិបាលកម្ពុជាបានស្នើសុំជំនួយពីរដ្ឋាភិបាលជប៉ុនដើម្បីអនុវត្តនូវ “ផែនការមេនៃការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធលូបង្ហូរទឹកឱ្យបានទូលំទូលាយសម្រាប់ទីក្រុងភ្នំពេញនិងតំបន់ជុំវិញ” ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ១៩៩៩ តាមរយៈអង្គការ JICA ។ បន្ទាប់ពីការអង្កេតគូប្លង់នៃ “ផែនការការពារទឹកជំនន់ និងបង្ហូរទឹកនៅភ្នំពេញ” ដែលជាគម្រោង ODA សម្រាប់ជំនួយឥតសំណងរបស់ជប៉ុន បានចាប់ផ្តើមក្នុងឆ្នាំ២០០២ រួចមក រាល់ដំណាក់កាលទាំងអស់នៃគម្រោងនឹងត្រូវបញ្ចប់នៅឆ្នាំ២០២១ នេះ។

លោកចៅសង្កាត់អូឬស្សីទី២ ចាន់ ពិសិដ្ឋ ដែលជាទីតាំងអនុវត្តគម្រោងដំណាក់កាលទី ៣ បានប្រាប់ឱ្យដឹងថា៖ “កាលពីមុនគម្រោងនេះកើតឡើង យើងឃើញថានៅក្នុងសង្កាត់យើងខ្ញុំជួបនឹងការលំបាកច្រើនចំពោះការលិចទឹក។  ជាពិសេសនៅលើផ្លូវលេខ១៦៦ ព្រោះពេលមានភ្លៀងធ្លាក់ម្តងៗ តែងតែមានទឹកលិ​​​ចផ្លូវ និងតំបន់នៅម្តុំជុំវិញនោះច្រើន ដោយសារសង្កាត់យើងមានសណ្ឋានដីដូចជាបាតខ្ទះ ដូច្នេះពេលមានភ្លៀងធ្លាក់ម្តងៗ មានទឹកដក់រយៈពេលយូរ ពេលខ្លះរហូតដល់១ថ្ងៃ ទើបស្រកអស់វិញក៏មានដែរ។ ក្រោយមានគម្រោងរបស់ JICA ជប៉ុនរួចមក ឃើញថាស្ថានភាពប្រសើរជាងមុនច្រើន។ ក្រោយពេលភ្លៀងហើយម្តងៗ គឺទឹកហូរទៅចូលលូវិញអស់។​ ពេលខ្លះទឹកដក់យ៉ាងយូរ ១ម៉ោង ឬ៣០នាទីគឺស្រកទៅវិញអស់ហើយ ដូច្នេះសង្កាត់យើងក៏លែងសូវទទួលបាននូវការរិះគន់ពីប្រជាពលរដ្ឋរបស់ខ្លួនទាក់ទងទៅនឹងបញ្ហាលិចទឹកទៀតដែរ។ ទៅថ្ងៃមុខ ប្រសិនបើខាង JICA ជប៉ុន បន្តជួយដល់ការរៀបចំការដាក់លូអមសងខាងផ្លូវ ដើម្បីឱ្យទឹកហូរចូលក្នុងលូមេដែលជប៉ុនបានធ្វើនេះបានកាន់តែច្រើនទៀតនោះ វាក៏រឹតតែប្រសើរផងដែរ ព្រោះវានឹងជួយកាតបន្ថយការស្ទះទឹកលូកាន់តែច្រើនថែមទៀត ហើយប្រជាពលរដ្ឋជាច្រើនលោកក៏រឹតតែសប្បាយចិត្តថែមទៀតផងដែរ” ។

ជាមួយគ្នានេះ លោកចៅសង្កាត់ស្រះចក ឆាយ ធីរិទ្ធ ដែលជាតំបន់ត្រូវកែលម្អប្រព័ន្ធការពារលូបង្ហូរទឹកឋិតក្នុងតំបន់នៃតំណាក់កាលទី៤ របស់គម្រោងបានសម្តែងនូវសេចក្តីអំណរគុណ និងការពេញចិត្តច្រើនពីសំណាកប្រជាពលរដ្ឋរស់នៅ និងធ្វើដំណើរឆ្លងកាត់នៅក្នុងសង្កាត់របស់ខ្លួនដូច្នេះថា៖ “កាលពីដើមមុនមានគម្រោង មានភ្លៀងធ្លាក់លិចផ្លូវត្រឹមៗពាក់កណ្តាលទ្វារឡានឯណោះ ព្រោះយើងបានប្រើប្រាស់ប្រព័ន្ធលូចាស់ ហើយលូតូចសេសសល់ពីសម័យបារាំងមក តែគម្រោងជប៉ុននេះប្រើលូមានទំហំធំលើសមុនច្រើន ហើយដល់ពេលគម្រោងដាក់លូជប៉ុនធ្វើនេះហើយ ទឹកលិចផ្លូវមិនយូរទេ យ៉ាងយូរគឺកន្លះម៉ោងស្រកទៅវិញបាត់អស់ហើយ ហើយចរាចរកកស្ទះដោយទឹកលិចផ្លូវក៏លែងសូវមានដែរ។ ម្យ៉ាងទៀត បញ្ហាសម្រាមពេលលិចទឹកម្តងៗក៏បានថយច្រើនផងដែរ ខុសពីមុនដែលទឹកលិចផ្លូវម្តងៗគឺថាមិនដឹងជាមានសំរាមចេញមកពីណាខ្លះទេ គឺអណ្តែតពេញផ្លូវ តែឥឡូវលែងឃើញមានហើយ គឺថាបញ្ហាអនាម័យក៏បានប្រសើរជាងមុនឆ្ងាយដែរ”។

 

ការការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធបង្ហូរទឹកនៅរាជធានីភ្នំពេញ បានអនុវត្តដោយគម្រោង ODA របស់ជប៉ុនជា៤ដំណាក់កាល ដែលចំណាយរយៈពេលជិត ២០ឆ្នាំ ហើយជាលទ្ធផលវាពិតជាបានធ្វើឱ្យប្រសើរឡើងនូវការរស់នៅរបស់ប្រជាពលរដ្ឋដោយមិនដឹងខ្លួន។ ទោះជាយ៉ាងណានេះក្តី ប្រសិនបើបរិមាណសំរាមកើតឡើងច្រើន ហើយវាបានហូរចូលក្នុងបណ្តាញបង្ហូរទឹក ឬបំពង់បង្ហូរទឹកនោះ នឹងនាំឱ្យរាំងស្ទះដល់សមត្ថភាពបង្ហូរទឹកដ៏អតិបរមានេះផងដែរ។ ដើម្បីបន្តប្រើប្រាស់ប្រព័ន្ធការពារទឹកជំនន់ និងលូរបង្ហូរទឹកដែលបានជួសជុលឡើងសារជាថ្មីទាំងនេះឱ្យមានប្រសិទ្ធភាព វាចាំបាច់ត្រូវការនូវការសហការរួមគ្នា មិនត្រឹមតែជាមួយអាជ្ញាធរ ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងប៉ុណ្ណោះទេ ការចូលរួមពីសំណាក់ប្រជាពលរដ្ឋម្នាក់ៗក៏សំខាន់ផងដែរ៕
សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 45】










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles