គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ខ្ញុំចង់ឃើញកីឡាករបាល់ទាត់យុវជនខ្មែរពង្រីកនូវសមត្ថភាព និងលទ្ធភាពរបស់ខ្លួនតាមរយៈការប្រើប្រាស់ភាសាជប៉ុន នាពេលអនាគត
ខ្ញុំចង់ឃើញកីឡាករបាល់ទាត់យុវជនខ្មែរពង្រីកនូវសមត្ថភាព  និងលទ្ធភាពរបស់ខ្លួនតាមរយៈការប្រើប្រាស់ភាសាជប៉ុន នាពេលអនាគត
2022.01.24

ការស្វែងយល់ពីជ្រ​ុងមួយអំពី “វប្បធម៌” ជប៉ុន – កម្ពុជា!
~ការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិជប៉ុន×ញញឹមខ្មែរ~

នៅពេលឮពាក្យ “វប្បធម៌ជប៉ុន” និង “វប្បធម៌ខ្មែរ” តើអ្នកនឹងស្រមៃឃើញអ្វីខ្លះ? វប្បធម៌គឺជាគុណតម្លៃដែល
បង្កើតឡើងដោយមនុស្សជាតិ ហើយបានផ្សព្វផ្សាយនៅក្នុងតំបន់ ឬក្នុងសង្គមមួយនោះ។ ជារៀងរាល់ថ្ងៃ យើងម្នាក់ៗបានចូលរួមក្នុងការបង្កើតឡើងនូវវប្បធម៌ថ្មីៗតាមរយៈរូបភាព និងសកម្មភាពផ្សេងៗរបស់យើង ដោយការសិក្សាស្វែងយល់ពីអ្នករស់នៅជុំវិញខ្លួន និងការផ្សព្វផ្សាយនូវចំណេះដឹង ក៏ដូចជាគំនិតរបស់ខ្លួនដល់អ្នកដទៃជាដើម។ មូលនិធិជប៉ុនដែលកំពុងធ្វើប្រតិបត្តិការផ្លាស់ប្តូរវប្បធម៌ជាមួយប្រទេសផ្សេងៗ និងចូលរួមអភិវឌ្ឍវប្បធម៌ថ្មី រួមជាមួយនឹងទស្សនាវដ្តីញញឹមខ្មែរដែលកំពុងផ្សព្វផ្សាយជូនដល់ប្រជាជនកម្ពុជាស្តីអំពីប្រទេសជប៉ុន បានរួមសហការគ្នាធ្វើការណែនាំអំពីវប្បធម៌ជប៉ុន និងកម្ពុជាពីជ្រុងផ្សេងៗ ដើម្បីជាផ្នែកមួយនៃសកម្មភាព “ផ្លាស់ប្តូរវប្បធម៌អន្តរជាតិ”។

លោក Toshihiro Mitsumaru ជាគ្រូបង្វឹកកីឡាបាល់ទាត់សម្រាប់អ្នកចាំទី និងជាគ្រូ បង្រៀនភាសាជប៉ុនស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលនិងសាលាកីឡាបាល់ទាត់ជាតិ ស្រុកបាទី ខេត្តតាកែវ។ មានស្រុកកំណើតនៅទីក្រុងតូក្យូ ក្រោយពីបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ Kokugakuin រួចមក លោកបានធ្វើជាគ្រូបង្វឹកអ្នកចាំទី សម្រាប់ ក្រុមជម្រើសជាតិនៃសមាគមបាល់ទាត់នេប៉ាល់ នៅឆ្នាំ២០១៨។ នៅឆ្នាំ២០២០ លោកត្រូវបានតែងតាំងជាគ្រូបង្វឹកអ្នកចាំទី របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ហើយកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលដើម្បីធ្វើការណែនាំពីជីវភាពរស់នៅរួមគ្នា និងបង្វឹកកីឡាបាល់ទាត់ ព្រមទាំងបង្រៀនភាសាជប៉ុន និងអង់គ្លេសសម្រាប់ ក្រុមបាល់ទាត់យុវជន U-18 នៅកម្ពុជា។ សព្វថ្ងៃ លោក Mitsumaru កំពុងបង្រៀនភាសាជប៉ុនដល់កីឡាករបាល់ទាត់អាយុក្រោម ១៨ឆ្នាំ ចំនួន ២៥នាក់ ដែលកំពុងហ្វឹកហាត់ នៅមជ្ឈមណ្ឌលនិងសាលាកីឡាបាល់ទាត់ជាតិ នៅស្រុកបាទី ខេត្តតាកែវ ចាប់ពីខែឧសភា ឆ្នាំ២០២១ មក។ ការបង្រៀនថ្នាក់ភាសាជប៉ុនកម្រិតបឋមនេះ ធ្វើឡើងដោយយកសៀវភៅសិក្សា “អុីរ៉ូដូរី ភាសាជប៉ុនសម្រាប់ជីវភាពរស់នៅ” បោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន(JF)។
គោលបំណងនៃកម្មវិធីសិក្សាភាសាជប៉ុននេះ គឺធ្វើឡើងដើម្បីទំនុកបម្រុងផ្នែកប្រាស្រ័យទាក់ទងជាភាសាជប៉ុន សម្រាប់កីឡាករកម្ពុជាដែលនឹងបញ្ចប់ការហ្វឹកហាត់កីឡាបាល់ទាត់ពីមជ្ឈមណ្ឌល ហើយចូលរួមក្នុងការប្រកួតដណ្តើមពានរង្វាន់J-League នាពេលអនាគត។ រហូតមកដល់បច្ចុប្បន្ន កីឡាករដែលកំពុងសិក្សា ភាសាជប៉ុន បានចូលរួមក្នុងកម្មវិធីណែនាំភាសាជប៉ុន និងកម្មវិធីផ្លាស់ប្តូរវប្បធម៌ជប៉ុននានា ដែលបង្កើតឡើងដោយ មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន និងបានចូលរួមក្នុងកម្មវិធីទំនាក់ទំនងជាមួយនិស្សិតសាកលវិទ្យាល័យជប៉ុន (ចំនួន ៣ ដង) នាពេលថ្មីៗនេះផងដែរ។ ទស្សនាវដ្តីញញឹមខ្មែរបានសួរលោក Mitsumaru អំពីការយល់ឃើញរបស់គាត់ចំពោះការបង្រៀនភាសាជប៉ុន និងសកម្មភាពក្នុងនាមជាគ្រូបង្វឹក នៅមជ្ឈមណ្ឌលនិងសាលាកីឡាបាល់ទាត់ជាតិស្រុកបាទីដូចខាងក្រោម៖

 

១. ក្នុងនាមលោកជាគ្រូបង្វឹកអ្នកចាំទី លោកបានចូលរួមអម ដំណើរក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិយុវជន U-23 ទៅបំពេញបេសកកម្មនៅក្រៅប្រទេស នាខែតុលា ឆ្នាំ២០២១ កន្លងទៅ។ លោកហាក់ដូចជាមមាញឹកខ្លាំងជាមួយនឹងសកម្មភាពផ្សេងៗក្រៅពីការបង្វឹកនៅក្នុងមជ្ឈមណ្ឌល។ តើលោកអាចប្រាប់យើងខ្ញុំខ្លះៗ
អំពីការងារថ្មីៗដែលលោកកំពុងធ្វើសព្វថ្ងៃនេះបន្តិចបានទេ?
ខ្ញុំបានមកកម្ពុជាដើម្បីធ្វើការបង្វឹកអ្នកចាំទីសម្រាប់ក្រុម U-18 និងធ្វើការបង្វឹកទូទៅសម្រាប់ក្រុមកីឡាបាល់ទាត់ U-19 នៅមជ្ឈមណ្ឌលនេះ។ យ៉ាងណាមិញ ដោយសារនៅក្នុងកិច្ចសន្យាការងារ តម្រូវឱ្យខ្ញុំជួយបង្វឹកទូទៅសម្រាប់ក្រុមជម្រើសជាតិកម្ពុជា និងក្រុមកីឡាករ U-23 ផងដែរនោះ ដូច្នេះ បច្ចុប្បន្ន ខ្ញុំកំពុងធ្វើការបង្វឹក បួន ក្រុមនៅទីនេះ។ ក្រៅពីការបង្វឹក ខ្ញុំក៏ធ្វើការបង្រៀនអំពីការរស់នៅប្រចាំថ្ងៃសម្រាប់យុវជនកីឡាករបាល់ទាត់នៅមជ្ឈមណ្ឌលនេះ ដោយរស់នៅផ្ទាល់ជាមួយពួកគាត់បានរយៈពេលជាង ១ឆ្នាំកន្លះហើយ។ ទន្ទឹមនឹងនេះ ពេលមានការបោះជំរុំសម្រាប់ធ្វើការហ្វឹកហាត់របស់ក្រុម U-23 ឬក្រុមជម្រើសជាតិកម្ពុជានោះ ខ្ញុំក៏ចូលរួមជាមួយជួយពួកគាត់ក្នុងនាមជាគ្រូបង្វឹកអ្នកចាំទីផងដែរ។

២. តើមូលហេតុអ្វីដែលនាំឱ្យលោកសម្រេចចិត្តមកប្រទេសកម្ពុជា?
ខ្ញុំបានសម្រេចចិត្តមកប្រទេសកម្ពុជាតាមការអញ្ជើញរបស់លោក Koji Gyotoku ដែលជានាយកប្រតិបត្តិក្រុម U-18 របស់កម្ពុជា។ ខ្ញុំបានជួបលោក Gyotoku ពេលខ្ញុំនៅប្រទេសនេប៉ាល់ ហើយគាត់បានអញ្ជើញខ្ញុំមកកម្ពុជា។ ដូចគ្នានឹងប្រទេសនេប៉ាល់ដែរ គឺខ្ញុំសប្បាយរីករាយដែលបានមកប្រទេសកម្ពុជា ហើយបានស្គាល់មនុស្សជាច្រើននៅទីនេះ ដែលវាជាបទពិសោធន៍ដ៏ល្អ និងថ្មីមួយទៀតសម្រាប់ខ្ញុំ។

៣. តើលោកយល់ឃើញយ៉ាងណាចំពោះទឹកចិត្ត និងសកម្មភាពហ្វឹកហាត់របស់កីឡាករខ្មែរ ដែលលោកកំពុងបង្វឹកបច្ចុប្បន្ន?
ដោយសារកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅឆ្នាំ២០២៣ ដូច្នេះខ្ញុំមានអារម្មណ៍ថា កីឡាករនីមួយៗកំពុងប្រឹងប្រែងខ្លាំងសម្រាប់ការប្រកួតនាពេលខាងមុខនេះ។

៤. បច្ចុប្បន្ននេះ លោកកំពុងធ្វើការបង្វឹកកីឡាបាល់ទាត់ ខណៈពេលរស់នៅប្រចាំថ្ងៃជាមួយកីឡាករខ្មែរ។ សូមលោកប្រាប់យើងខ្ញុំអំពីសារសំខាន់របស់ការងារលោក និងផលលំបាកដែលលោកកំពុងជួបប្រទះ។
ដូចដែលអ្នកបានឃើញហើយថា ទីលានហ្វឹកហាត់បាល់ទាត់នៅទីនេះគឺត្រូវបានសាងសង់ឡើងយ៉ាងល្អ។ ខ្ញុំគិតថានៅមានប្រជាជនខ្មែរ ព្រមទាំងជនជាតិជប៉ុនជាច្រើនផងដែរ មិនទាន់បានស្គាល់នូវមជ្ឈមណ្ឌលហ្វឹកហាត់កីឡារបាល់ទាត់ដ៏អស្ចារ្យនេះនៅឡើយទេ។ តាមពិតទៅ មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងដើម្បីបណ្តុះបណ្តាលកីឡាករបាល់ទាត់សម្រាប់គោលដៅចូលរួមប្រកួត និងយកឈ្នះនៅក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងជាម្ចាស់ផ្ទះ។ ដោយហេតុផលនោះហើយ ទើបគ្រូបង្វឹកជនជាតិជប៉ុនជាច្រើនជំនាន់ត្រូវបានបញ្ជូនមកបង្វឹកនៅទីនេះ។
កីឡាករដែលខ្ញុំកំពុងបង្វឹកពេលនេះ មានអាយុចាប់ពី ១៦ឆ្នាំ ទៅ ១៨ឆ្នាំនៅឡើយ ដូច្នេះពួកគេមិនអាចចូលរួមការប្រកួតថ្នាក់ជាតិសម្រាប់ ស៊ីហ្គេមឆ្នាំ២០២៣ បានទេ។ ប៉ុន្តែ ខ្ញុំគិតថាមជ្ឈមណ្ឌលនេះកំពុងដើរតួនាទីយ៉ាង
សំខាន់ក្នុងការបង្ហាត់យុវជនកីឡាករបាល់ទាត់កម្ពុជាជំនាន់ក្រោយ។ ចំណុចលំបាកសម្រាប់ខ្ញុំ គឺខ្ញុំមើលឃើញថាយុវជនដែលកំពុងហ្វឹកហាត់កីឡាបាល់ទាត់នៅទីនេះ ហាក់ដូចជាមិនសូវយកចិត្តទុកដាក់លើសុជីវធម៌ និងច្បាប់ទម្លាប់ក្នុងការរស់នៅជាក្រុមនៅឡើយ។ ជាឧទាហរណ៍តូចមួយ ខ្ញុំសង្កេតឃើញថាមានកីឡាករជាច្រើន មិនសូវយល់ដឹងពីការប្រើប្រាស់កន្លែងប្រើរួម ដោយពួកគាត់ទុកដាក់របស់របរប្រើផ្ទាល់ខ្លួនរបស់ខ្លួនគ្រប់កន្លែង តាមចិត្តពួកគាត់ ហើយពុំមានការរៀបចំឱ្យបានរៀបរយល្អវិញនោះទេ។ ដើម្បីកែនូវទម្លាប់ទាំងនោះ ខ្ញុំបានព្យាយាមសរសេរឈ្មោះហើយបិទតាមកន្លែងទុកដាក់អីវ៉ាន់ផ្ទាល់ខ្លួននីមួយៗឱ្យពួកគាត់ ដើម្បីកុំឱ្យមើលទៅឃើញរញ៉េរញ៉ៃ។ ម្យ៉ាងទៀត ខ្ញុំក៏កំពុងព្យាយាមបង្រៀនអំពីសុជីវធម៌ដែលកើតចេញពីការចេះគិតគូចំពោះអ្នកដទៃ និងការគោរព
ម៉ោងពេលឱ្យបានត្រឹមត្រូវ ដែលជនជាតិជប៉ុនមាន ទៅកាន់ពួកគាត់ផងដែរ។ ការមានសីលធម៌ល្អក្នុងការរស់នៅ និងការគោរពពេលវេលាត្រឹមត្រូវ គឺជារឿងសំខាន់សម្រាប់ជនជាតិជប៉ុន។ ខ្ញុំគិតថាប្រសិនបើពួក
គាត់យល់ដឹងពីរឿងទាំងអស់នេះ វានឹងជាមានប្រយោជន៍សម្រាប់ពួកគាត់នៅពេលពួកគាត់ចេញប្រឡូកក្នុងសង្គម ឬចូលរួមសកម្មភាពណាមួយក្នុងប្រទេសជប៉ុន ឬនៅបរទេស នាពេលអនាគត។

៥. បច្ចុប្បន្ន ក្រៅពីការបង្រៀនថ្នាក់ភាសាអង់គ្លេស លោកក៏បង្រៀនភាសាជប៉ុនតាមរយៈសៀវភៅ “អ៊ីរ៉ូដូរី ភាសាជប៉ុនសម្រាប់ជីវភាពរស់នៅ” ផងដែរ។ ក្រៅពីការបង្វឹកកីឡាបាល់ទាត់ តើលោកធ្លាប់បង្រៀនភាសាជប៉ុនពីមុនដែរ ឬទេ? ហើយការសិក្សារបស់កីឡាករយ៉ាងម៉េចដែរ?
នេះជាបទពិសោធន៍ដំបូងរបស់ខ្ញុំក្នុងការបង្រៀនភាសាជប៉ុន។ កីឡាករដែលខ្ញុំបង្រៀន គឺមិនចេះភាសាជប៉ុនពីមុនមកឡើយ។ ដូច្នេះខ្ញុំត្រូវបង្រៀនពួកគាត់ តាមរបៀបងាយៗ និងជាភាសាជប៉ុនងាយៗបំផុតដើម្បីកុំឱ្យពួកគាត់ធុញទ្រាន់ និងកាន់តែចូលចិត្តរៀនភាសាជប៉ុន។ ពោលគឺ សម្រាប់ការបង្វឹកបាល់ទាត់ គឺខ្ញុំធ្វើដោយឥរិយាបថហ្មត់ចត់ និងម៉ឺងម៉ាត់បំផុត ប៉ុន្តែសម្រាប់ការបង្រៀនភាសាជប៉ុនវិញ គឺខ្ញុំធ្វើឡើងដោយទន់ភ្លន់ និងព្យាយាមមិនឱ្យពួកគាត់ឆាប់ធុញទ្រាន់នឹងការរៀននោះ។
ចំពោះការសិក្សាភាសាជប៉ុនរបស់កីឡាករវិញ គឺឃើញថាពួកគាត់ធ្វើបានល្អ។ បើប្រៀបធៀបនឹងការបង្រៀនភាសាអង់គ្លេសវិញ ឃើញថាពួកគាត់ចូលចិត្តរៀនភាសាជប៉ុនជាង។ ដោយសារនៅទីនេះមានគ្រូបង្វឹកជនជាតិជប៉ុនមួយចំនួនដែលពួកគាត់អាចនិយាយភាសាជប៉ុនជាក់ស្តែងជាមួយបាន ដូច្នេះខ្ញុំគិតថាវាជាមូលហេតុដែលធ្វើឱ្យពួកគាត់កាន់តែចាប់អារម្មណ៍នឹងការរៀននេះ។ ឥឡូវនេះ ពួកគាត់កំពុងស្ថិតនៅក្នុងកម្រិតរៀនសរសេរ ហ៊ីរ៉ាហ្គាណា និងកាតាកាណា ប៉ុន្តែខ្ញុំសង្កេតឃើញថាមានសិស្សមួយចំនួនព្យាយាមរៀននិយាយនូវពាក្យដែលខ្លួនបានរៀនក្នុងថ្នាក់ ហើយចាំពាក្យទាំងនោះខ្លះៗហើយផងដែរ។ ដូច្នេះខ្ញុំគិតថាវាជាសញ្ញាមួយដ៏ល្អចំពោះការរីកចម្រើននៃការសិក្សាភាសាជប៉ុនរបស់ពួកគេ។

៦. កីឡាករសិក្សាភាសាជប៉ុនបានចូលរួមក្នុងកម្មវិធីណែនាំភាសា និងផ្លាស់ប្តូរវប្បធម៌ជប៉ុន ដែលបង្កើតឡើងដោយ JF ហើយក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា ដូចជាកម្មវិធីទំនាក់ទំនងតាមអនឡាញជាមួយនិស្សិតសាកលវិទ្យាល័យជប៉ុនកន្លងទៅជាដើម។ តើលោកសង្កេតឃើញថាសិស្សមានការរីកចម្រើនអ្វីថែមទៀតតាមរយៈសកម្មភាពទាំងអស់នោះ?
មានកីឡាករចំនួន ៦ នាក់ ដែលចេះនិយាយភាសាជប៉ុនខ្លះៗ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមនិយាយភាសាជប៉ុនជាមួយនិស្សិតសាកលវិទ្យាល័យ Kansai University of International Studies នៅក្នុងប្រទេសជប៉ុន តាមរយៈកម្មវិធីជួបនិយាយតាមអនឡាញ។ ការចូលរួមរបស់គាត់គឺប្រព្រឹត្តទៅយ៉ាងល្អ។ ពួកគាត់ធ្វើការណែនាំខ្លួនជាភាសា
ជប៉ុនងាយៗដែលខ្លួនចេះ ហើយព្យាយាមយល់នូវអ្វីដែលនិស្សិតជប៉ុននិយាយ និងបានធ្វើការសាកសួរនិស្សិតជប៉ុនដោយផ្ទាល់នូវរឿងផ្សេងៗ។
ការដែលបានជួបនិយាយភាសាជប៉ុនដោយផ្ទាល់បែបនេះ ខ្ញុំគិតថាវាជាកម្មវិធីល្អមួយដែលឱ្យពួកគាត់ទទួលបាននូវអារម្មណ៍ថាខ្លួនបានរៀនភាសាជប៉ុនចេះ។

៧. តាមរយៈការណែនាំពីការរស់នៅប្រចាំថ្ងៃ និងការសិក្សាភាសាជប៉ុនក្រៅពីការហ្វឹកហាត់កីឡាបាល់ទាត់ តើលោកចង់ឃើញកីឡាករទទួលបានអ្វីខ្លះ?
ខ្ញុំចង់ឃើញពួកគាត់ក្លាយជាមនុស្ស ដែលមានការប្រាស្រ័យរស់នៅល្អជាមួយអ្នកដទៃ និងចេះភាសាបរទេស សម្រាប់ទំនាក់ទំនង ទោះបីទៅថ្ងៃមុខ ពួកគាត់នៅទីណា និងក្លាយជាអ្វីក៏ដោយ។ ចំពោះភាសាជប៉ុន ប្រសិនបើពួកគាត់រៀននៅអាយុកាន់តែក្មេង ហើយចេះបានត្រឹមត្រូវនោះ វានឹងផ្តល់នូវអត្ថប្រយោជន៍ដល់គាត់នៅថ្ងៃណាមួយជាមិនខាន។ ខ្ញុំចង់ឃើញពួកគាត់ប្រើប្រាស់ភាសាជប៉ុន ដើម្បីពង្រីកនូវលទ្ធភាព និងជម្រើសសម្រាប់អនាគតរបស់ខ្លួនម្នាក់ៗ នៅថ្ងៃអនាគត។

៨. កម្ពុជាកំពុងមានការចាប់អារម្មណ៍ខ្លាំងចំពោះ កីឡាបាល់ទាត់ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តការណ៍កីឡា ស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជានឹងជាម្ចាស់ផ្ទះខាងមុខនេះ។ តើលោកគ្រូមានគោលដៅអ្វីខ្លះសម្រាប់ក្រុម?
ចំពោះគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ ការត្រៀមខ្លួនសម្រាប់យកឈ្នះការប្រកួតនីមួយៗ ដែលនឹងកើតមាននៅថ្ងៃខាងមុខ គឺជារឿងសំខាន់ ជាជាងការគិតចង់ទទួលបានជ័យលាភីនៅចុងបញ្ចប់នៃការប្រកួតទាំងមូល។ នេះគឺ
បានន័យថា ការយកឈ្នះរាល់ការប្រកួតនៅចំពោះមុខ នឹងនាំមកនូវលទ្ធផលឱ្យក្រុមយើងទទួលបានជោគជ័យរួមនៅតាមក្រោយ។ ជាការពិតណាស់ សម្រាប់កីឡាករ និងក្រុមជម្រើសជាតិកម្ពុជា ការទទួលបាននូវជ័យលាភីនៅក្នុងព្រឹត្តការណ៍ប្រកួតគឺជាគោលដៅធំ និងជាក្តីស្រមៃចុងក្រោយសម្រាប់អ្នកទាំងអស់គ្នា ក៏ប៉ុន្តែការរៀបចំត្រៀមសម្រាប់យកឈ្នះរាល់ការប្រកួតចំពោះមុខនីមួយៗ គឺជាអ្វីដែលចាំបាច់បំផុតចំពោះក្រុមនាពេលបច្ចុប្បន្ន។ ដូច្នេះ ជាដំបូង ការត្រៀមរៀបចំក្រុម ដើម្បីយកឈ្នះប្រទេសជិតខាងកម្ពុជា ដែលមានដូចជា ប្រទេសថៃ និងវៀតណាម
គឺសំខាន់ណាស់។
៩. ក្នុងនាមលោកជាគ្រូបង្វឹក តើលោកមានបំណងធ្វើអ្វីខ្លះទៀតនាពេលអនាគត?
ខ្ញុំនឹងបន្តការរៀនសូត្ររបស់ខ្ញុំតទៅទៀត។ ការផ្តល់ឱ្យកីឡាករនូវចំណេះដឹង និងព័ត៌មានថ្មីៗ ដែលខ្ញុំបានស្វែងយល់ និងមើលឃើញពីពួកគាត់ ទៅកាន់ពួកគាត់ គឺជាអ្វីដែលខ្ញុំត្រូវធ្វើក្នុងនាមជាគ្រូបង្វឹកម្នាក់។ នៅឆ្នាំ២០២២ ក្រុមជម្រើសជាតិ U-19, U-23 និងជម្រើសជាតិកម្ពុជានឹងជួបការប្រកួតជាមួយក្រុមមកពីបណ្តារប្រទេសផ្សេងៗ។ សម្រាប់ខ្ញុំនឹងធ្វើការរៀបចំត្រៀមខ្លួនសម្រាប់ក្រុមឱ្យបានល្អបំផុត ដើម្បីយកឈ្នះរាល់ការប្រកួតនានា មុនការប្រកួតឆ្នាំ២០២៣ មកដល់។ ដូច្នេះ តាមរយៈការប្រកួតនីមួយៗទាំងនោះ ខ្ញុំចង់ឱ្យកីឡាករក្នុងក្រុមទទួលបាននូវ
ការយល់ដឹងច្រើនពីការប្រកួតទាំងនោះ។
១០. ជាចុងក្រោយ តើលោកមានអ្វីផ្តាំផ្ញើរដល់អ្នកគាំទ្រកីឡាបាល់ទាត់ខ្មែរ និងជប៉ុន?
ការគាំទ្រពីអ្នករាល់គ្នា គឺមិនអាចខ្វះបានឡើយ ដើម្បីជួយឱ្យវិស័យកីឡាបាល់ទាត់មានការរីកចម្រើន។ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងជាសម្ភារៈពិតជាសំខាន់សម្រាប់ក្រុមទាំងមូល ក៏ប៉ុន្តែ ការទៅទស្សនាកីឡាបាល់ទាត់ផ្ទាល់នៅឯកីឡដ្ឋាន គឺរឹតតែសំខាន់សម្រាប់កីឡាករទាំងអស់គ្នា។ កាលខ្ញុំជាគ្រូបង្វឹកនៅប្រទេសនេប៉ាល់ ខ្ញុំបានឃើញ
មិនថាការប្រកួតនៅក្រៅប្រទេសជាមួយប្រទេសដទៃ ឬការប្រកួតបាល់ទាត់ពិភពលោកវគ្គជម្រុះក្តី គឺមានអ្នកគាំទ្រជនជាតិនេប៉ាល់ មានចំនួនច្រើនកុះករ បានមកចូលរួមទស្សនាផ្ទាល់នៅទីលានប្រកួត។ វត្តមានរបស់
អ្នកគាំទ្រនៅក្នុងទីលានប្រកួត គឺបានផ្តល់នូវកម្លាំងចិត្តដ៏ខ្លាំងក្លាមួយ សម្រាប់ក្រុម និងកីឡាករ។ ការមកទស្សនាគាំទ្រផ្ទាល់នៅឯកីឡដ្ឋានដើម្បីមើលក្រុមជម្រើសជាតិរបស់ខ្លួនប្រកួតជាមួយក្រុមជម្រើសជាតិ
ប្រទេសដទៃ គឺនឹងធ្វើឱ្យអ្នកគាំទ្រកាន់តែមានអារម្មណ៍រំភើប និងមានមោទនភាពចំពោះប្រទេសរបស់ខ្លួន។ ខ្ញុំគិតថាទង្វើរបែបនេះគឺពិតជាសំខាន់។ ដូច្នេះ សូមប្រិយមិត្តអ្នកគាំទ្រកីឡាបាល់ទាត់ខ្មែរទាំងអស់សូមមេត្តាបន្តចូលរួមគាំទ្រដោយទស្សនាផ្ទាល់ ដើម្បីទទួលបាននូវអារម្មណ៍រំភើបផ្ទាល់ពីការប្រកួតនៅទីលានកីឡដ្ឋាន។

សម្រាប់យើងខ្ញុំជាជនជាតិជប៉ុន យើងខ្ញុំមានរចនាសម័្ពន្ធដើម្បីជួយគាំទ្រវិស័យបាល់ទាត់នៅកម្ពុជាផងដែរ។ យើងខ្ញុំអាចនិយាយបានថាមានតែនៅប្រទេសកម្ពុជាតែមួយប៉ុណ្ណោះ ដែលមានគ្រូបង្វឹកជនជាតិ
ជប៉ុនជាច្រើនជំនាន់ជាប់ៗគ្នាបន្តជួយជ្រោមជ្រែងវិស័យនេះឡើង ចាប់ពីក្រុមបាល់ទាត់យុវជន រហូតដល់ក្រុមជម្រើសជាតិកម្ពុជា។ បច្ចុប្បន្នមានគ្រូបង្វឹកជនជាតិជប៉ុនចំនួនបួនរូប រួមទាំងខ្ញុំផងដែរ គឺកំពុងមានវត្តមាន
នៅក្នុងប្រទេសកម្ពុជា ហើយដូចដែលលោកអ្នកបានដឹងគឺលោក Keisuke Honda ទទួលបន្ទុកបង្វឹកក្រុមជម្រើសជាតិកម្ពុជា។ ដូច្នេះ ឃើញថាជប៉ុនគាំទ្រវិស័យបាល់ទាត់កម្ពុជាយ៉ាងពេញទំហឹង។ ហើយយើងខ្ញុំនឹង
ខិតខំឱ្យអស់ពីលទ្ធភាពដើម្បីបន្តជួយគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជាបន្តទៀត៕

ព័ត៌មានបន្ថែម៖

កីឡាករបាល់ទាត់ជម្រើសជាតិលោក សៀង ចន្ធា ដែលបានបញ្ចប់ការហ្វឹកហាត់នៅមជ្ឈមណ្ឌលនិងសាលាកីឡាបាល់ទាត់ជាតិ បច្ចុប្បន្ន កំពុងសិក្សាភាសាជប៉ុន តាមរយៈសៀវភៅសិក្សាភាសាជប៉ុន “អុីរ៉ូដូរី ភាសាជប៉ុនសម្រាប់
ជីវភាពរស់នៅ”។ នៅក្នុងកម្មវិធី “ចន្ធាក្នុងថ្ងៃនេះ-ការសាកល្បងរៀនភាសាជប៉ុន” ដែលជាកម្មវិធីសិក្សាភាសាជប៉ុនរបស់កីឡាករ ចន្ធា ពីលោកគ្រូ Mitsumaru កំពុងធ្វើការផ្សព្វផ្សាយនៅលើទំព័រ JFAC Facebook! សម្រាប់កម្មវិធីលម្អិត សូមចូលតាមរយៈ QR Code ខាងក្រោមនេះ។

ចំណាប់អារម្មណ៍អំពីការសិក្សាភាសាជប៉ុនរបស់ក្រុមកីឡាករ

កីឡាករ ពេជ្រ កើត
តួនាទី៖ ខ្សែបម្រើ វ័យ ១៨ឆ្នាំ
ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានរៀនភាសាជប៉ុនជាមួយលោកគ្រូជប៉ុនផ្ទាល់។ ខ្ញុំចូលចិត្តរៀន
ភាសាជប៉ុនខ្លាំងណាស់ ដោយសារវាមិនពិបាក និងរៀនឆាប់យល់។ ចាប់តាំងពីរៀនជាមួយលោកគ្រូ Mitsumaru រហូតមកដល់ពេលនេះ ខ្ញុំទទួលបានចំណេះដឹងផ្នែកភាសាជប៉ុនបានគួរសម និងអាចនិយាយបានខ្លះៗផងដែរ ហើយគាត់ក៏ជួយណែនាំពួកយើងពីការរស់នៅ ព្រមទាំងធ្វើខ្លួនឱ្យក្លាយជាកីឡាករមានវិន័យ។ ខ្ញុំក៏មិនខុសពីមិត្តរួមដទៃផ្សេងទៀត ដែលមានសំណាងរៀនភាសាជប៉ុនផង និងភាសាអង់គ្លេសផង ក្រោយទំនេរពីការហាត់បាល់។
កើត ជាយុវជនរបស់សាលាបាល់ទាត់ជាតិបាទី និងសមាជិកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ។ រូបគេធ្លាប់ចេញទៅប្រកួតជាលក្ខណៈអន្តរជាតិនៅប្រទេសជប៉ុនបាន ១លើក ក្នុងកម្មវិធី Jenesys ឆ្នាំ២០២០។

កីឡាករ ចាន់ វិបុល
តួនាទី៖ ខ្សែប្រយុទ្ធ វ័យ ១៧ឆ្នាំ
ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងមានមោទនភាពចំពោះខ្លួនដែលបានរៀនភាសាជប៉ុនជាមួយលោកគ្រូ
ជប៉ុនផ្ទាល់។ ក្រោយពីបានរៀនភាសាជប៉ុនមួយរយៈកន្លងមក ខ្ញុំអាចនិយាយឃ្លាខ្លីៗមួយចំនួន និង
ស្ដាប់ជប៉ុនបានខ្លះៗផងដែរ។ ខ្ញុំចូលចិត្តរៀនភាសាជប៉ុនខ្លាំងណាស់ដោយសារវាងាយស្រួល និងឆាប់យល់។ ខ្ញុំគិតថាការរៀនភាសាជប៉ុនពិតជាសំខាន់ណាស់សម្រាប់កីឡាករគ្រប់រូប ដោយសារគ្រូបង្វឹកនៅក្នុងស្រុកយើងភាគច្រើនជាជនជាតិជប៉ុន ដែលនឹងផ្ដល់ភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយពួកគាត់។ មួយវិញទៀត
លោកគ្រូ Mitsumaru ក៏បានបង្រៀនភាសាអង់គ្លេសដល់ពួកយើងខ្ញុំផងដែរ។ ប្រសិនបើមានឱកាសរៀនភាសាជប៉ុននៅថ្ងៃខាងមុខនោះខ្ញុំនឹងបន្តខិតរៀនឱ្យបានច្រើនបន្ថែមទៀត។ វិបុល ជាយុវជនរបស់សាលាបាល់ទាត់ជាតិបាទី និងសមាជិកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ។ រូបគេធ្លាប់ចេញទៅប្រកួតជាលក្ខណៈអន្តរជាតិនៅប្រទេសជប៉ុនបាន ១លើក ក្នុងកម្មវិធីJenesys ឆ្នាំ២០២០។

កីឡាករ រ៉េត លីហេង                                                                                                                                            តួនាទី៖ អ្នកចាំទី វ័យ ១៧ឆ្នាំ
ក្រោយពីបានរៀនភាសាជប៉ុនជាមួយនឹងលោកគ្រូបង្ហាត់ជាជនជាតិជប៉ុនផ្ទាល់ ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងដែលខ្លួនឯងមានសំណាងបានហ្វឹកហាត់បាល់ផង និងរៀនភាសាជប៉ុនជាមួយគាត់ (លោក Mitsumaru) ផង។ គាត់មកបង្រៀនបែបនេះ ធ្វើឱ្យខ្ញុំមានឱកាសបានរៀនភាសាជប៉ុន និងភាសាអង់គ្លេសបន្ថែមបន្ទាប់ពីការហាត់បាល់ដែលផ្ដល់ភាពងាយស្រួលទៅថ្ងៃខាងមុខក្នុងការប្រាស្រ័យទាក់ទងជាមួយគ្រូបរទេស។ បច្ចុប្បន្ន ខ្ញុំអាចយល់ និងនិយាយភាសាជប៉ុនបានខ្លះៗផងដែរ ហើយខ្ញុំពិតជាចូលចិត្តរៀនខ្លាំងណាស់ ព្រោះភាសាជប៉ុនងាយស្រួលរៀន និងឆាប់យល់។ ចាប់តាំងពីគាត់បានមកដល់ទីនេះ គាត់បានអប់រំណែនាំពួកខ្ញុំទាំងអស់គ្នាអំពីវិន័យផ្សេងៗ ការរស់នៅ និងការធ្វើខ្លួនឱ្យក្លាយជាកីឡាករមានទំនួលខុសត្រូវខ្ពស់។ ខ្ញុំសូមអរគុណដល់លោកគ្រូជប៉ុន ដែលបានចែករំលែកចំណេះដឹងភាសាជប៉ុនយ៉ាងច្រើនដល់ពួកយើងខ្ញុំ និងបច្ចេកទេសលេងបាល់ថ្មីៗផងដែរ។ លីហេង ជាយុវជនរបស់សាលាបាល់ទាត់ជាតិបាទី និងសមាជិកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ។ រូបគេធ្លាប់ចេញទៅប្រកួតជាលក្ខណៈអន្តរជាតិនៅប្រទេសជប៉ុនចំនួន ២លើក ដោយលើកទី១ ក្នុងកម្មវិធី Jenesys ឆ្នាំ២០២០ និងការប្រកួតជម្រុះទល់នឹងក្រុមបាល់ទាត់ជប៉ុនអាយុក្រោម២៣ឆ្នាំ។

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 48】







この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles