គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ការផ្គត់ផ្គង់កសិផលក្នុងស្រុកទៅកាន់ទីផ្សារ
(ភាសាខ្មែរ) ការផ្គត់ផ្គង់កសិផលក្នុងស្រុកទៅកាន់ទីផ្សារ
2020.05.20

ភូមិកសិកម្មធម្មជាតិ (Natural Agriculture Village) ជាក្រុមហ៊ុនដែលប្រមូលផលិតផលកសិកម្មនានា ដែលត្រូវស្តង់ដារពីកសិករខ្មែរ ដើម្បីផ្គត់ផ្គង់ទៅក្នុងទីផ្សារសំខាន់ៗនៅក្នុងទីក្រុង។ ក្នុងនាមជាអ្នកសម្របសម្រួលរវាងកសិករនិងអតិថិជន រួមជាមួយនឹងការអនុវត្តន៍កិច្ចការបណ្តុះបណ្តាលដោយផ្ទាល់ជាមួយកសិករ និងរៀបចំផែនការរក្សាគុណភាពនិងសុវត្ថិភាព ក្រុមហ៊ុនក៏ជាដៃគូរសហការជាមួយរដ្ឋាភិបាលនិងអង្គការ NGO ជាដើមក្នុងគោលបំណងសម្របសម្រួលរវាងការផ្គត់ផ្គង់ពីកសិករនិងតម្រូវការទីផ្សារ ដើម្បីជួយធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរ និងផ្តល់ជូននូវបន្លែសុវត្ថិភាពជូនអតិថិជន។ ទស្សនាវដ្តីញញឹមបានសាកសួរលោក សេង ញឹល ដែលជាតំណាងផ្នែកផលិតកម្មនៃក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន និងមជ្ឈមណ្ឌលប្រមូលផ្តុំ ពិនិត្យគុណភាពនិងចែកចាយបន្លែ ដែលគ្រប់គ្រងដោយមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកណ្តាល មកចុះផ្សាយដូចខាងក្រោម។

Q: តើលោកកំពុងធ្វើការងារដោយផ្តោតសំខាន់លើអ្វីខ្លះ នៅក្នុងក្រុមហ៊ុននេះ?

ខ្ញុំបានបំរើការនៅក្នុងក្រុមហ៊ុនភូមិកសិកម្មធម្មជាតិនេះជាង ២ឆ្នាំមកហើយ ឥឡូវនេះយើងខ្ញុំកំពុងខិតខំប្រឹងប្រែងធ្វើការផ្សព្វផ្សាយអំពីវិធីសាស្ត្រដាំដុះ ដែលផ្អែកលើស្តង់ដារសុវត្ថិភាពដែលមានឈ្មោះថា CamGAP កំណត់ដោយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយចូលរួមអនុវត្តតាមដានត្រួតពិនិត្យគុណភាពដោយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល និងក្រុមហ៊ុន យ៉ាងម៉ត់ចត់អំពីការគ្រប់គ្រងគុណភាពកសិផល តាំងពីចំនុចចាប់ផ្តើមការដាំដុះ រហូតដល់យកទៅលក់ជូនអតិថិជននៅទីផ្សារ។

Q: តើនៅមជ្ឈមណ្ឌលប្រមូលផ្តុំពិនិត្យគុណភាពនិងចែកចាយបន្លែនេះ ជាទូទៅមានកសិផលចំនួនប៉ុន្មានត្រូវបានយកមកពិនិត្យ? ហើយមានប្រភេទអ្វីខ្លះ មកពីតំបន់ណានិងត្រូវបានដាក់លក់នៅទីណាខ្លះដែរ?

មានបន្លែប្រមាណ ២០០ ទៅ ៥០០ គីឡូក្រាមក្នុងមួយថ្ងៃត្រូវបានយកមកពិនិត្យនៅទីនេះ។ មានកសិផលជាច្រើនប្រភេទដូចជា បន្លែ ស្លឹក មើម និងផ្លែឈើជាដើម តែក្នុងនោះមានបន្លែស្លឹកច្រើនជាងគេ។ កសិផលដែលត្រួតពិនិត្យនៅមន្ទីរពិសោធន៍នេះ ត្រូវបានដាំដុះនៅក្នុងខេត្តកណ្តាលនិងបណ្តារខេត្តដែលនៅជុំវិញ ហើយភាគច្រើនត្រូវបានដឹកទៅដាក់លក់នៅផ្សារទំនើបនានាក្នុងបណ្តារទីក្រុងក្បែរខាង។

Q: តើកសិករយល់ឃើញដូចម្តេចចំពោះមជ្ឈមណ្ឌលពិនិត្យគុណភាពបន្លែផ្លែឈើនេះ?

ពួកគាត់មានការជឿជាក់ និងសប្បាយចិត្តដែលមានសេវាកម្មបែបនេះ ព្រោះវាជាអ្វីដែលគាត់ចង់បានតាមការបញ្ជាក់គុណភាពពីភាគីទីបី លើគុណភាពបន្លែនិងផ្លែឈើមុនចេញលក់លើទីផ្សារ។

Q: បន្ទាប់ពីមានរបបត្រួតពិនិត្យនេះ តើការប្រកបរបរកសិកម្មរបស់កសិករមានការប្រែប្រួលខ្លះឬទេ? ហើយការយល់ដឹង អំពីគុណភាពនិងសុវត្ថិភាពកសិផលរបស់កសិករនិងអតិថិជនការប្រែប្រួលដូចម្តេចដែរ?

ដោយសារមានការត្រួតពិនិត្យនេះ ធ្វើអោយទីផ្សារមានទំនុកចិត្ត និងមានតម្រូវការច្រើនជាងមុន។ យើងអាចពង្រីកការដាំដុះបានកាន់តែច្រើនបន្ថែមទៀត ហើយកសិករមានកិច្ចសន្យាទិញក្នុងតម្លៃខ្ពស់ជាងបន្លែទូទៅ។ កសិករកាន់តែមានការយល់ដឹងពីពាក្យថាសុវត្ថិភាពគឺមិនត្រឹមតែមិនមានជាតិពុលទេ គឺត្រូវមានអនាម័យមិនមានផ្ទុកបាក់តេរី ឬពងព្រូនអ្វីទាំងអស់។ គាត់ត្រូវរៀននិងចេះពីរបៀបដាំដុះតាមស្តង់ដារត្រឹមត្រូវ ដែលបណ្តុះបណ្តាលជាច្រើនលើកច្រើនដង ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាល រួមជាមួយពីក្រុមហ៊ុនផ្ទាល់ផងដែរ។ ចំណែកអ្នកប្រើប្រាស់វិញ មានការយល់ដឹងច្រើនពីផលប៉ះពាល់នៃការបរិភោគបន្លែគីមីហើយគាត់ជឿជាក់លើផលិតផលក្នុងស្រុកយើង ជាពិសេសគឺបន្លែដែលមានប្រភពច្បាស់លាស់ និងមានការត្រូតពិនិត្យត្រឹមត្រូវ ដោយគាត់អាចជ្រើសបានតាមរយៈស្លាកសញ្ញាដែលបិតលើកញ្ចប់បន្លែ។

Q: តើមានផលលំបាកអ្វីខ្លះជាមួយកសិករនិងអតិថិជនចំពោះការងារនេះដែរឬទេ?

វាមានផលលំបាកមួយចំនួនដែរដូចជា យើងត្រូវការពេលវេលា និងការចំណាយមួយចំនួនក្នុងការបណ្តុះបណ្តាលកសិករ ក៏ដូចជា ការចុះសង្កេតជាប់ជាប្រចាំជាមួយកសិករ ដើម្បីតាមដានការត្រួតពិនិត្យគុណភាព និងពង្រឹងសមត្ថភាពរបស់ពួកគាត់បន្ថែម។ មិនត្រឹមតែស្តង់ដារគុណភាពប៉ុណ្ណោះទេ យើងមានផែនការដាំដុះ និងបច្ចេកទេសទប់ទល់នឹងការបម្រែបម្រួលអាកាសធាតុផងដែរ។ ចំណែកអតិថិជនវិញ គឺយើងត្រូវចែករំលែកចំណេះដឹងដល់គាត់អោយគាត់យល់ពីគុណភាពបន្លែនិងប្រភពច្បាស់លាស់ ពេលខ្លះយើងបានចំណាយពេលជាមួយអតិថិជនមួយចំនួន ក្នុងការនាំគាត់មកដល់កន្លែងដាំដុះផ្ទាល់ និងធ្វើការជាមួយអ្នកលក់រាយផងដែរដើម្បីអោយអ្នកលក់រាយអាចពន្យល់ដល់អ្នកទិញបន្តទៀត។ យើងបាននាំអ្នកលក់រាយមួយចំនួនមកដល់កន្លែងដាំផ្ទាល់ផងដែរ ដើម្បីអោយគាត់បានឃើញនិងជួបជជែកជាមួយកសិករ។

Q: តើភូមិកសិកម្មធម្មជាតិមានគោលដៅនិងកិច្ចខិតខំប្រឹងប្រែង ដូចម្តេចខ្លះ ដើម្បីកសាងទំនុកចិត្តនៃកសិផលខ្មែរជាមួយអតិថិជន?

ដើម្បីធានាគុណភាពជូនអតិថិជន យើងបានធ្វើច្រើនហើយកន្លងមក ទាំងផលិតកម្ម ដឹកជញ្ជូន វេចខ្ចប់ និងរហូតនាំមកលក់នៅទីផ្សាររួមជាមួយការពន្យល់ដល់អតិថិជនអំពីគុណភាពនិងប្រភពកសិផលជាដើម។ យើងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធដូចជា ខាងរដ្ឋាភិបាលលើបច្ចេកទេសនិងវាយតម្លៃគុណភាព អង្គការក្រៅរដ្ឋាភិបាល (NGO) ដើម្បីជួយដល់កសិករស្វែងយល់អំពីអ្នកលក់ធាតុចូលកសិកម្ម ក្នុងការជ្រើសរើសនិងណែនាំផលិតផលដែលអាចទុកចិត្តបានសម្រាប់កសិករ ហើយសហការជាមួយគម្រោងនិងបណ្តាញផ្សេងៗក្នុងការកសាងទំនុកចិត្ត ចែករំលែកចំណេះដឹង និងរួមគ្នាលើកកំពស់កសិផលសុវត្ថិភាពរបស់ខ្មែរយើង។

Q: តើលោកមានអ្វីចង់ផ្តាំផ្ញើទៅកសិករក៏ដូចជាអតិថិជនទេ?

ការងារនេះពិតមែនតែលំបាកនិងទាមទារការយកចិត្តទុកដាក់ព្រមទាំងការប្រឹងប្រែងច្រើន តែយើងសប្បាយចិត្តព្រោះវាបានជួយដល់អ្នកគ្រប់គ្នា ទាំងសុខភាពអ្នកហូប អ្នកផលិតក៏ដូចជាជីវភាពរបស់កសិករ។ ជាមួយគ្នានេះ ខ្ញុំបាទសូមផ្តាំទៅកសិករផ្សេងទៀតអោយងាកមកផលិតបន្លែសុវត្ថិភាពអោយបានច្រើនទាំងអស់គ្នាព្រោះបច្ចុប្បន្ននេះ ផលិតផលកសិករខ្មែរមិនទាន់មានគ្រប់តម្រូវការទីផ្សារនៅឡើយទេ យើងនៅខ្វះច្រើនណាស់។ បើយើងផលិតដោយពិតប្រាកដហើយស្មោះត្រង់ មិនខ្វះទីផ្សារទេ ហើយលក់បានតម្លៃខ្ពស់ជាងខាងក្រៅទៀតផង។ បើមានកសិករនៅពុំទាន់ចេះ គឺពួកគាត់អាចទាក់ទងមន្ទីរកសិកម្មអោយបង្រៀនគាត់បាន ឬអាចទាក់ទងក្រុមហ៊ុនផ្ទាល់ក៏បានដែរ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមថ្លែងអំណគុណដល់ផ្សារទំនើបអ៊ីអន ក៏ដូចជាផ្សារទំនើបផ្សេងៗទៀត ព្រមទាំងអតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តដល់កសិផលរបស់យើងខ្ញុំ។ ការជាវរបស់គាត់គឺជាការចូលរួមថែទាំ សុខភាពគ្រួសារគាត់ផង និងជួយដល់ជីវភាពកសិករជាច្រើនគ្រួសារផងដែរ។ យើងខ្ញុំសូមគោរពជូនពរអតិថិជនទាំងអស់មានសុខភាពល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារ!

ការសាកសួរអតិថិជន!

មានកសិករខ្មែរក្នុងស្រុកជាច្រើនបានខិតខំប្រឹងប្រែងធ្វើការដាំដុះនូវកសិផលដែលមានសុវត្ថិភាពនិងគុណភាព។ តើអតិថិជនខ្មែរជាវនូវបន្លែគិតពីស្តង់ដារនៃគុណភាពបែបណាដែរ? យើងខ្ញុំបានសាកសួរអតិថិជនមួយចំនួននៅផ្សារទំនើបអុីអននិងផ្សារធម្មតានៅក្នុងទីក្រុងភ្នំពេញ។

ផ្សារទំនើបអ៊ីអន

បុគ្គលិកទស្សនាវដ្តីញញឹម បានធ្វើការសាកសួរនិស្សិតម្នាក់ដែលបានមកទិញឥវ៉ាន់នៅកន្លែងលក់បន្លែក្នុងផ្សារទំនើបអុីអន។ ប្អូនប្រុស ម៉េង សុំាង អាយុ ១៩ ឆ្នាំ មកទិញឥវ៉ាន់ជំនួសគ្រួសារខ្លួននៅទីនេះ បាននិយាយថា៖ “ដោយសារខ្ញុំគិតថា នៅទីនេះមានការពិនិត្យពីសុវត្ថិភាពត្រឹមត្រូវហើយខ្ញុំចង់អោយកសិករដែលជាអ្នកផលិត គិតពីសុខភាពរបស់អតិថិជន ដោយធ្វើការដាំដុះប្រើប្រាស់ជីឬថ្នាំកសិកម្មអោយបានត្រឹមត្រូវ”។

កញ្ញា ព្រំ ស្រីនិត អាយុ ២២ ឆ្នាំ ដែលជាបុគ្គលិកលក់ម្ហូបអាហារនៅក្នុងហាងអ៊ីអននេះដែរបាននិយាយថា “បន្លែដាក់លក់នៅទីនេះមើលទៅឃើញល្អ ហើយវាមានសុវត្ថិភាពជាងទិញខាងក្រៅដែលយើងពុំដឹងពីប្រភពច្បាស់លាស់”។ ម្យ៉ាងវិញទៀត ឆ្លើយតបនឹងសំណួរថា តើកញ្ញាគិតថាវាមានតម្លែថ្លៃជាងខាងក្រៅឬទេ? កញ្ញាបានឆ្លើយបន្តទៀតថា “នៅទីនេះពិតជាថ្លៃជាងទិញខាងក្រៅបន្តិចមែន ក៏ប៉ុន្តែបើយើងគិតពីថ្លៃដឹកជញ្ជូន ការថែទាំនិងការត្រួតពិនិត្យនានានោះទៅឃើញថាតម្លៃប៉ុណ្ណឹងគឺសមស្របអាចទទួលយកបាន”។

យើងសង្កេតឃើញថា ការយល់ដឹងរបស់អតិថិជនចំពោះតម្លៃនិងសុវត្ថិភាពចំនីអាហារហាក់ដូចជាមានការកើនឡើង។

ផ្សារធម្មតា

យ៉ាងណាមិញ ចំពោះអតិថិជនដែលតែងតែទិញបន្លែនៅតាមផ្សារធម្មតាវិញ តើគាត់មានការយល់ឃើញយ៉ាងដូចម្តេចដែរ? លោកស្រី សេង ធិន អាយុ ៥៧ឆ្នាំ ដែលបានជាវបន្លែនៅផ្សារទួលទំពូងក្នុងក្រុងភ្នំពេញ បានថ្លែងដូចនេះថា៖ “ដោយសារខ្ញុំមកទិញនៅផ្សារនេះយូរឆ្នាំមកហើយ ខ្ញុំអាចមើលដឹងថាតើបន្លែណានាំចូល ហើយបន្លែណាជាបន្លែដាំធម្មជាតិក្នុងស្រុក ដូច្នេះវាពុំមានបញ្ហាអ្វីណាស់ណាទេចំពោះខ្ញុំ”។ លោកស្រីបានមានប្រសាសន៍បន្តទៀតថា ប្រសិនបើមើលទៅឃើញថានៅទីនេះមានបន្លែនាំចូលច្រើន លោកស្រីនឹងទៅរកជាវនៅផ្សារផ្សេងវិញ។ ចំណែកឯអតិថិជនម្នាក់ទៀត បាននិយាយថា មូលហេតុដែលខ្ញុំមកទិញទីនេះ “ព្រោះវានៅជិតផ្ទះ”។

មានអតិថិជនមួយចំនួនគិតថា ការជាវបន្លែនៅតាមផ្សារធម្មតា ដោយសារពួកគាត់អាចសម្គាល់ដឹងនូវបន្លែធម្មជាតិឬនាំចូលបាន និងដោយសារផ្សារទាំងនេះនៅជិតផ្ទះរស់នៅរបស់គាត់ជាដើម។ ម្យ៉ាងទៀត ក៏មានអតិថិជនមួយចំនួនព្យាយាមទិញតែបន្លែណា ដែលកសិករអាចដាំដុះបានដោយធម្មជាតិពុំប្រើជីគីមីជាដើមផងដែរ។

ចំពោះអ្នកលក់បន្លែនៅក្នុងផ្សារវិញបាននិយាយថា “តូបរបស់ខ្ញុំទទួលទិញនិងលក់តែបន្លែក្នុងស្រុកដែលកសិករខ្មែរដាំនៅតាមខេត្តតែប៉ុណ្ណោះ។ ខ្ញុំរកស៊ីរបរនេះយូរឆ្នាំមកហើយ មានកសិករខ្មែរជាច្រើនយកកសិផលគាត់មកលក់អោយខ្ញុំ ដូច្នេះពុំមានបញ្ហាអ្វីជាមួយការផ្គត់ផ្គង់នូវបន្លែប្រចាំថ្ងៃ សម្រាប់អតិថិជននៅក្នុងផ្សារនេះទេ”។

មានអតិថិជននិងអ្នកប្រកបរបរជួញដូរកសិផលជាច្រើន កំពុងគិតពិចារណាអំពីបន្លែនាំចូល។ ដូច្នេះទាំងរដ្ឋាភិបាលនិងវិស័យឯកជន គួរតែបង្កើននូវកិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមនានា ដើម្បីជម្រុញនូវការបង្កើតប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ និងបង្កើនការដាំដុះរបស់កសិករក្នុងស្រុក។

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 39】




この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles