បងស្រី KOJIMA Sachiko កំពុងគ្រប់គ្រងកសិដ្ឋានមួយកន្លែងនៅក្នុងក្រុងសៀមរាបដែលជាតំបន់ទេសចរណ៍មួយដ៍ធំជាងគេនៅក្នុងប្រទេសកម្ពុជា។ កាលពី ២១ ឆ្នាំមុននៅពេលដែលបងស្រីបានបំរើការងារជាមគ្គុទេសទេសចរនៅក្នុងខេត្តសៀមរាប បងស្រីបានសង្កេតឃើញថា នៅប្រទេសកម្ពុជាពុំទាន់មានវត្ថុអនុស្សាវរីយពិតប្រាកដនៅឡើយ។ ដោយមានបំណងចង់ឃើញវត្ថុអនុស្សាវរីយដែលធ្វើពីគ្រឿងផ្សំនៅកម្ពុជាផលិតដោយដៃប្រជាជនខ្មែរផ្ទាល់ ទើបបងស្រី Sachiko បានផលិតនំ “អង្គរខុកឃី” លក់នៅកម្ពុជារហូតមកដល់បច្ចុប្បន្ន។ នៅឆ្នាំ២០១៦ បងស្រីបានឈប់ធ្វើជាម្ចាស់គ្រប់គ្រងក្រុមហ៊ុន នំអង្គរខុកឃី ដែលបងស្រីបានបង្កើតឡើងជាមួយបុគ្គលិកខ្មែរ នឹងបានគ្រប់គ្រងអស់រយៈពេលជាង១៣ឆ្នាំនោះ ហើយបានសម្រេចចិត្តចាប់ផ្តើមគ្រប់គ្រងចំការកសិកម្មវិញម្តង។ ឥឡូវនេះនៅក្នុងចំការរបស់បងស្រី មានដាំដំណាំចំនួនប្រមាណ៣០ប្រភេទ ក្នុងនោះមានដំណាំផ្លែឈើដូចជា ស្វាយ ចេក ម្នាស់ជាដើម និងដំណាំបន្លែផ្លែដូចជា ត្រប់និងល្ពៅជាដើម។ តើបងស្រី Sachiko យល់ឃើញដូចម្តេចចំពោះការសម្រេចចិត្តប្រកបរបរកសិកម្មនៅកម្ពុជា? យើងខ្ញុំបានធ្វើការសាកសួរបងស្រីខ្លះៗអំពីការសម្រេចចិត្តជ្រើសរើសយកជីវភាពរស់នៅជាមួយចំការកសិកម្មនៅកម្ពុជា។
មូលហេតុបងស្រីផ្តើមការងារទាក់ទងនឹងឧស្សាហកម្មទី១នៅកម្ពុជា
កាលនៅជាម្ចាស់គ្រប់គ្រងហាងនំអង្គរខុកឃី បងស្រី Sachiko បានធ្វើការប្រាស្រ័យទាក់ទងជាមួយកសិករនៅតាមមូលដ្ឋាន ដើម្បីស្វែងរកវត្ថុធាតុដើមផលិតនំខុកឃី ហើយបានយល់ឃើញអំពីចំនុចខ្វះខាតនៃវិស័យកសិកម្មនៅកម្ពុជាដូច្នេះថា “នៅទីក្រុងមានការរីកចំរើនសេដ្ឋកិច្ចច្រើន តែនៅតាមបណ្តារភូមិនៅទីជនបទវិញ ប៉ុន្មាន១០ឆ្នាំជាងនេះ ពុំមានការប្រែប្រួលលើវិស័យកសិកម្មដែលជាឧស្សាហកម្មស្នូលនៅកម្ពុជានោះឡើយ ហើយប្រជាកសិករពុំអាចស្វែងរកចំណូលបានពីវិស័យនេះនៅឡើយដែរ”។ ប្រជាកសិករពុំអាចពឹងផ្អែកលើការប្រកបរបរកសិកម្មបាន ហើយមានយុវជនមួយចំនួនចេញទៅធ្វើការនៅប្រទេសក្រៅ ដើម្បីរកប្រាក់មកចិញ្ចឹមគ្រួសារដែលជាហេតុនាំអោយកម្លាំងពលកម្មនៅក្នុងវស័យកសិកម្មថយចុះហើយបញ្ហាទាំងនេះបានបង្កើតអោយមានជាវិបត្តិវិលជុំមិនល្អនៅក្នុងវិស័យកសិកម្មកម្ពុជានាពេលបច្ចុប្បន្ន។ ដោយមានការយល់ឃើញបែបនេះ បងស្រីក៏បានសម្រេចចិត្តធ្វើចំការកសិកម្មរបស់ខ្លួននៅឆ្នាំ ២០១៤ នៅប្រទេសកម្ពុជាដែលមានកសិកម្មជាវិស័យចម្បង។
ការរានចំការ
បងស្រីមានដីចំការកសិកម្មដែលមានទំហំ ៤២ ហិកតា នៅភូមិស្វាយចេក មានចម្ងាយប្រមាណ ១៥ នាទីពីប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។ ដីចំការនេះមានឈ្មោះថា “កសិដ្ឋានសរីរាង្គស្វាយចេក”។ ដោយពុំមានបទពិសោធន៍លើវិស័យកសិកម្ម បងស្រី Sachiko បានសម្រេចចិត្តផ្ទេរការគ្រប់គ្រងការងារកសិកម្មនេះ ទៅទីប្រឹក្សាកសិកម្មដែលជាជនជាតិខ្មែររស់នៅមូលដ្ឋានផ្ទាល់ម្នាក់ ហើយបានចាប់ផ្តើមការងាររានដីចំការដែលពោរពេញដោយកំពតព្រៃនិងគ្មានទាំងអគ្គីសនីនិងទឹកប្រើប្រាស់នោះ។ ជាមួយនឹងទីប្រឹក្សារខ្មែររូបនេះ បងស្រីបានធ្វើការចាត់ចែងចំការកសិកម្មទាំងអស់តាមរយៈការបង្កើតក្រុមការងារ ដែលមានសមាជិក៦នាក់ក្នុង១ក្រុម ហើយបានបង្កើតនូវផែនទីចំការកសិកម្មផ្ទាល់ខ្លួន ព្រមទាំងប្រព័ន្ធផ្លូវទឹក និងធ្វើការដាំដុះស្រូវជាដើម។ រួមជាមួយអ្នកបើកត្រាក់ទ័រម្នាក់ ទីប្រឹក្សាកសិកម្មរូបនោះបានធ្វើការនិងរស់នៅក្នុងខ្ទមមួយដែលមានតែដំបូលនៅក្នុងចម្ការ ដើម្បីធ្វើការត្រួសត្រាយដីចម្ការថ្មីនេះអស់រយៈពេលមួយឆ្នាំមកហើយ។
ការប្រឈមមុខជាមួយនឹងបញ្ហាដីកសិកម្ម
ដីកសិកម្មប្រទេសកម្ពុជាមួយចំនួនមានសភាពស្ងួត ហើយពុំសូវមានជីវជាតិសមស្របសម្រាប់ធ្វើការដាំដុះបន្លែនោះទេ។ ហេតុដូច្នេះហើយ ទើបមានអ្នកខ្លះនិយាយថា មានបន្លែដាក់លក់នៅក្នុងទីផ្សារកម្ពុជាមួយចំនួន បាននាំចូលមកពីប្រទេសជិតខាងដូចជា ថៃនិងវៀតណាម។ ដើម្បីធ្វើការកែច្នៃនូវដីកសិកម្មបែបនេះ គេបានបង្កើតជីធម្មជាតិដោយធ្វើការលាយលាមកសត្វមាន់និងគោ ជាមួយផេះនិងស្លឹកឈើជាដើម។ ដើម្បីសម្រេចបាននូវការដាំដុះនៅលើដីចំការដែលមានសភាពបែបនេះ ព្រមទាំងបញ្ហាសំណើមនៅក្នុងបរិយាកាសខ្ពស់ផងនោះ ដោយឆ្លងតាមការធ្វើពិសោធន៍ផ្សេងៗអស់រយៈពេលប្រមាណ ៣ ឆ្នាំ នៅចុងបញ្ចប់ក្រុមការងារទទួលបានជោគជ័យក្នុងការដាំបន្លែការ៉ុតលើដីចំការដែលពុំធ្លាប់មានការដាំដុះពីមុនមក។
ការដាំដុះបែបធម្មជាតិ
ចំនុចពិសេសនៃចំការកសិកម្មនេះគឺការដាំដុះដោយពុំប្រើប្រាស់ជីនិងថ្នាំគីមីកសិកម្ម។ នេះដោយសារយើងមានការគិតពិចារណាលើគុណភាពនិងសុវត្ថិភាពបន្លែសម្រាប់អតិថិជន ព្រមទាំងសុវត្ថិភាពនៃបរិស្ថាននិងសភាវៈនានានៅលើដីចំការកសិកម្មកម្ពុជា។ សត្វល្អិតពេលខ្លះជាសត្រូវនៃដំណាំកសិកម្ម ក៏ប៉ុន្តែវាក៏មានតួនាទីសំខាន់នៅក្នុងការដាំដុះផងដែរ។ ទោះបីជាចំណាយពេលវេលាច្រើនក្តី វិធីសាស្រ្តដាំដុះដោយពុំប្រើប្រាស់ថ្នាំនិងជីគីមីនេះក៏ត្រូវបានកសិករដែលរស់នៅក្បែខាងសម្រេចចិត្តជ្រើសរើសយកមកប្រើប្រាស់ដែរ។ តើធ្វើដូចម្តេចដើម្បីអោយកសិកររក្សានូវការដាំដុះដោយពុំប្រើប្រាស់ថ្នាំនិងជីគីមី? ទាំងនេះជាការស្រាវជ្រាវចម្បងប្រចាំថ្ងៃរបស់ លោក វ៉ឹង តុង ដែលជាអ្នកគ្រប់គ្រងកសិដ្ឋានសរីរាង្គនេះ។
ការជួបគ្នាដំបូងជាមួយលោក តុង អ្នកគ្រប់គ្រងកសិដ្ឋានសរីរាង្គ
បងស្រី Sachiko មានទំនុកចិត្តខ្ពស់ចំពោះលោក តុន ដែលជាទីប្រឹក្សាផ្ទាល់របស់បងស្រីនៅកសិដ្ឋានសរីរាង្គស្វាយចេក តាំងពីពេលចាប់ផ្តើមការងារនេះដំបូង។ បងស្រីមានកិច្ចសន្យាការងារជាមួយក្រុមរបស់លោកចំនួន ២ ឆ្នាំ។ ការងារប្រឹក្សាកសិកម្មពុំមែនគ្រាន់តែជាការងារដែលផ្តោតសំខាន់លើការជួយរានដី និងមើលថែទាំចំការតែប៉ុណ្ណោះនោះទេ។ ដោយមានការពេញចិត្តនឹង លោក តុងដែលបានបង្កើតចំការនេះដំបូង និងបាននៅមើលថែដំណាំក្នុងកសិដ្ឋានដោយយកចិត្តទុកដាក់នោះ ទើបបងស្រី Sachiko សម្រេចចិត្តហៅលោកមកធ្វើការជាមួយជាអ្នកគ្រប់គ្រងនៅក្នុងកសិដ្ឋានរបស់បងស្រីរហូតមកដល់បច្ចុប្បន្ន។
កសិកម្មដែលនាំអោយមានការរីកចំរើនលើគ្រប់វិស័យដែលទាក់ទង
នៅខែឧសភា ឆ្នាំ២០១៩ ភោជនីយដ្ឋានដែលដំណើរការគ្រប់គ្រងដោយកសិដ្ឋានសីរាង្គស្វាយចេក ដែលមានបំណងផ្សព្វផ្សាយនូវ “កសិផលក្នុងតំបន់សម្រាប់អ្នករស់នៅក្នុងតំបន់” បានចាប់បើកដំណើរការនៅក្នុងក្រុងសៀមរាប។ ការបើកភោជនីយដ្ឋាននេះ បានជួយផ្សព្វផ្សាយជាច្រើនអំពីឧស្សាហកម្មទី១ និងឧស្សាហកម្មទី២ (ការកែច្នៃ) និងឧស្សាហកម្មទី៣ (សេវាកម្ម) ផងដែរ។ អតិថិជនដែលមកភោជនីយដ្ឋាននេះ អាចធ្វើការជាវនូវផ្លែឈើនិងបន្លែស្រស់ៗដែលបេះពីចំការថ្មីៗ និងអាចពិសានូវមុខម្ហូបដែលចំអិនដោយប្រើប្រាស់នូវគ្រឿងផ្សំបេះពីចំការថ្មីៗ។ ការគ្រប់គ្រងហាងនេះធ្វើឡើងដោយបុគ្គលិកខ្មែរ។
យ៉ាងណាមិញ បងស្រី Sachiko កំពុងធ្វើការកែច្នៃនិងផលិតស្រា Sparkling ពីផ្លែស្វាយ ដែលជាការងារថ្មីមួយសម្រាប់បងស្រីដើម្បីជួយដោះស្រាយនូវបញ្ហាការផលិតនូវកសិផលផ្លែស្វាយច្រើនលើសលុប។ បងស្រីក៏កំពុងធ្វើការងារមួយចំនួនទៀត ដូចជាការរៀបចំផែនការសេវាកម្មដឹកជញ្ជូនផ្ទាល់ទៅភោជនីយដ្ឋាននៅក្នុងចំការដែលកំពុងសាងសង់ និងទៅកាន់អតិថិជនជាដើម។ បងស្រីបានមានប្រសាសន៍ថា៖ “ខ្ញុំមានតួនាទីត្រឹមតែជាអ្នកជួយជនជាតិខ្មែរ ដែលខិតខំប្រឹងប្រែងចំពោះការងារដាំដុះនៅក្នុងវិស័យឧស្សាហកម្មទី១ទី២និងទី៣នេះប៉ុណ្ណោះ ជាពិសេស នៅក្នុងតួនាទីធ្វើការផ្សព្វផ្សាយ”។ បងស្រីមានក្តីប្រាថ្នាធំមួយដោយចង់ឃើញវិស័យកសិកម្មនិងវិស័យនានាដែលពាក់ព័ន្ធ មានការរីកចំរើនជាមួយគ្នានៅកម្ពុជា។
ការត្រេកអរចំពោះការប្រមូលភោគផល
លោក តុង ជាអ្នកចាត់ចែងការងារប្រមូលផលនិងការងារផ្សេងៗទៀតនៅក្នុងកសិដ្ឋានសរីរាង្គ។ តើលោកមានចំណាប់អារម្មណ៍ដូចម្តេចចំពោះការងារនេះ? បុគ្គលិកទស្សនាវដ្តីញញឹមបានសាកសួរលោកខ្លះៗអំពីរឿងនេះ។
- តើលោកយល់ឃើញដូចម្តេចចំពោះការងារសព្វថ្ងៃនេះ?
ខ្ញុំពិតជាមានមោទនភាពចំពោះការដែលយើងខ្ញុំអាចការពារនូវដីចម្ការនិងបរិស្ថាន រួមទាំងសភាវៈចំរុះទាំងអស់របស់កម្ពុជាបានតាមរយៈការប្រើប្រាស់វិធីសាស្រ្តដាំដុះតាមធម្មជាតិនិងពុំមានប្រើថ្នាំគីមីកសិកម្ម។
- តើមានបញ្ហាពិបាកអ្វីខ្លះដែរឬទេ?
ដោយសារតែការគ្រប់គ្រងការងារដាំដុះដោយធម្មជាតិនេះថ្មី សម្រាប់ខ្ញុំ ដូច្នេះមានផលលំបាកជាច្រើន។ បើប្រៀបធៀបនឹងការងារចំការកសិកម្មធម្មតាឃើញថា វាមានបញ្ហាត្រូវប្រឈមជាច្រើនក៏ប៉ុន្តែខ្ញុំសប្បាយចិត្តនឹងការងារនេះ ដោយសារយើងអាចធ្វើការសាកល្បងដោយការគិតគូច្រើនដងបាន។ ជាពិសេស ការដាំបន្លែការ៉ុតមានការលំបាកច្រើនពីដំបូងព្រោះខ្ញុំពុំធ្លាប់ដាំវាពីមុនមក។
- តើនៅពេលណាដែលធ្វើអោយលោកសប្បាយចិត្តជាងគេតាមរយៈការងារនេះ?
ខ្ញុំសប្បាយចិត្តនៅពេលដែលក្រុមការងារយើងខ្ញុំ បានរកឃើញនូវដំណោះស្រាយល្អបំផុតមួយសម្រាប់ការដាំដុះធម្មជាតិពុំប្រើថ្នាំគីមី នៅកសិដ្ឋានសរីរាង្គរបស់យើងដែលមានបញ្ហាច្រើនពីមុន។ ក៏ប៉ុន្តែយើងខ្ញុំក៏សប្បាយរីករាយខ្លាំង ដូចគ្នានឹងកសិករធម្មតាផងដែរនៅពេលដែលយើងប្រមូលកសិផលបានច្រើន។
លោក វ៉ឹង តុង អាយុ ៣២ឆ្នាំ ស្រុកកំណើតនៅខេត្តតាកែវ។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យកសិកម្មព្រែកលាប បានបំរើការជាបុគ្គលិកនៃក្រុមអ្នកគ្រប់គ្រងចម្ការកសិកម្មឈ្មោះថា “FMGis.Team” ក្នុងជំនាញជាអ្នកប្រឹក្សាខាងផ្នែកសិកម្ម។ បច្ចុប្បន្ន ជាអ្នកគ្រប់គ្រងនៅកសិដ្ឋានសរីរាង្គស្វាយចេក។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 39】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer