គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) សុខភាពមាត់ធ្មេញ (សារៈសំខាន់នៃការសំអាតធ្មេញ)
(ភាសាខ្មែរ) សុខភាពមាត់ធ្មេញ (សារៈសំខាន់នៃការសំអាតធ្មេញ)
2019.11.20

ការសំអាតធ្មេញឲ្យបានស្អាតល្អ ជារឿងសំខាន់ជាងគេសំរាប់សុខភាពមាត់ធ្មេញរបស់បុគ្គលនិមួយៗ ដែលវាសាមញ្ញនិងមិនគួរមើលរំលង។ ការសំអាតធ្មេញមានការបែងចែកចេញជាពីរប្រភេទគឺ ការសំអាតធ្មេញដោយខ្លួនយើងផ្ទាល់ដែលយើងដុសសំអាតជារៀងរាល់ថ្ងៃ និងការសំអាតធ្មេញដោយពេទ្យធ្មេញជារៀងរាល់៦ខែម្ដង។ ថ្ងៃនេះយើងខ្ញុំនឹងលើកយកតែអត្ថបទនិយាយពីផលប្រយោជន៍នៃការសំអាតធ្មេញ ដោយពេទ្យធ្មេញតែប៉ុណ្ណោះជូនប្រិយមិត្តអាន។ តើអ្នកដឹងទេថា តើការសំអាតធ្មេញដោយពេទ្យធ្មេញនៅគ្លីនិកធ្មេញ ធ្វើឡើងយ៉ាងដូចម្ដេច? ហើយវាមានប្រើឧបករណ៍អ្វីខ្លះនិងមានសារប្រយោជន៍អ្វីខ្លះ?

ពិតណាស់ការសំអាតធ្មេញនៅគ្លីនិកធ្មេញដោយពេទ្យធ្មេញ ត្រូវបានគេប្រើប្រាស់ឧបករណ៍ដែលអាចសំអាតបានស្អាតល្អ ដែលអាចសំអាតបានគ្រប់ផ្នែកទាំងអស់នៃធ្មេញ និងសំអាតបានស្អាតល្អលើសពីច្រាស់ដុសធ្មេញ ដែលយើងដុសសំអាតដោយខ្លួនយើងផ្ទាល់។ ឧបករណ៍ទាំងនោះមាន ឧបករណ៍សំអាតធ្មេញដោយម៉ាស៊ីន (ultra sonic scaler) ឧបករណ៍សំអាតធ្មេញដោយដៃ (hand scaler) ច្រាស់សំរាប់ប៉ូលាជាមួយថ្នាំប៉ូលានិងអំបោះទាក់ធ្មេញសំអាតចន្លោះធ្មេញ (dental floss)។ ឧបករណ៍ទាំងនេះនឹងអាចសំអាតធ្មេញបានស្អាតគ្រប់ទីតាំង ចន្លោះធ្មេញនិងអញ្ចាញធ្មេញបានស្អាតល្អ។ ការសំអាតធ្មេញដោយពេទ្យធ្មេញ គឺមានផលប្រយោជន៍ជាច្រើនដូចជា ការទប់ស្កាត់នូវរោគពុកធ្មេញ បញ្ហាអញ្ចាញធ្មេញ ការសំអាតកំណកកំបោរ និងបញ្ហាក្លិនមាត់។

ម្យ៉ាងវិញទៀត ប្រសិនជាយើងមានបញ្ហាធ្មេញនានា យើងនឹងអាចព្យាបាលទាន់ពេលវេលា ជៀសវាងទុកយូរនាំឱ្យមានការឈឺចាប់ ចំនាយពេលវេលាច្រើនក្នុងការព្យាបាល និងការចំនាយថវិការច្រើន។ លើសពីនេះទៅទៀត ការសំអាតធ្មេញជាមួយពេទ្យធ្មេញក៏ជួយឲ្យលោកអ្នកអាចថែរក្សា និងតាមដានសុខភាពមាត់ឲ្យធ្មេញបានល្អ ជាពិសេសសុខភាពមាត់ធ្មេញនេះ ក៏ជាផ្នែកមួយនៃសម្រស់របស់យើងទាំងអស់គ្នាផងដែរ។ ដូចនេះ ការដុសសំអាតធ្មេញដោយខ្លួនយើងជារៀងរាល់ថ្ងៃ មិនទាន់គ្រប់គ្រាន់ច្បាស់លាស់ថាយើងមិនមានបញ្ហានោះទេ។ លោកអ្នកគួរតែទៅសំអាតជាមួយពេទ្យធ្មេញ ដែលនៅជិតលោកអ្នកឲ្យបានទៀងទាត់ ដោយយ៉ាងតិចរៀងរាល់៦ខែម្ដង ដើម្បីរក្សាសុខភាពមាត់ឲ្យបានល្អនិងអាចការពារទប់ស្កាត់ រួមទាំងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា។


សម្រាប់ពត៌មានបន្ថែម ៖

Facebook page:

 

Map:

 

NyoNyum Khmer No.36





この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles