គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) កម្មវិធីស្រាវជ្រាវភាសាសញ្ញាកម្ពុជា
(ភាសាខ្មែរ) កម្មវិធីស្រាវជ្រាវភាសាសញ្ញាកម្ពុជា
2020.07.14

កម្មវិធីអភិវឌ្ឍមនុស្សថ្លង់ (DDP) ជាកម្មវិធីមួយរបស់អង្គការម៉ារីណុល ដែលធ្វើការបណ្តុះបណ្តាលមនុស្សថ្លង់ (មនុស្សវ័យជំទង់ថ្លង់ដែលពុំធ្លាប់ទទួលការអប់រំភាសាសញ្ញា) ដ៏ចំណាស់ជាងគេមួយនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ ក្រោមជំនួយពីបណ្តាប្រទេសមួយចំនួនដូចជា ហ្វាំងឡង់ សហរដ្ឋអាមេរិក អូស្រ្តាលី និងជប៉ុនជាដើម ហើយបច្ចុប្បន្ន កម្មវិធីមានថ្នាក់រៀនមូលដ្ឋានចំនួន២ នៅទីក្រុងភ្នំពេញ សម្រាប់មនុស្សថ្លង់រៀនភាសាសញ្ញាកម្ពុជា។ ក្រៅពីនោះ កម្មវិធីក៏ធ្វើការស្រាវជ្រាវភាសាសញ្ញាកម្ពុជា និងបើកវគ្គបណ្តុះបណ្តាលជំនាញផ្សេងៗដល់មនុស្សថ្លង់ ដើម្បីអោយពួកគាត់ប្រាស្រ័យទាក់ទង និងរស់នៅបានសមរម្យដូចមនុស្សធម្មតាក្នុងសង្គម។

កម្មវិធីបានស្រាវជ្រាវនិងបោះពុម្ពផ្សាយសៀវភៅវេយ្យាករណ៍ រួមជាមួយវាក្យស័ព្ទភាសាសញ្ញាកម្ពុជាដំបូងបង្អស់ ក្រោមជំនួយពីអង្គការ The Nippon Foundation ប្រទេសជប៉ុននៅឆ្នាំ២០០៥។ សៀវភៅភាសាសញ្ញាកម្ពុជានេះ ត្រូវបានបោះពុម្ពផ្សាយជាភាសាខ្មែរចំនួន៥ក្បាល និងជាភាសាអង់គ្លេសចំនួន ៤ក្បាល។ តាមរយៈសៀវភៅសិក្សាវេយ្យាករណ៍និងវាក្យស័ព្ទនេះ មនុស្សថ្លង់អាចរៀនពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ភាសាសញ្ញាកម្ពុជា ក្នុងការប្រាស្រ័យ
ទាក់ទងប្រចាំថ្ងៃបាន។

លោក គាត សុខលី ដែលជាសហនាយកនៃកម្មវិធី បានមានប្រសាសន៍ថា៖ “បើយើងគ្រាន់តែអានសៀវភៅភាសាសញ្ញាកម្ពុជាទាំងនេះដោយខ្លួនឯង យើងពុំអាចយល់និងចេះប្រើភាសាសញ្ញាកម្ពុជាបានច្បាស់នោះទេ។ រូបភាពសញ្ញា ដែលមានសរសេរនៅក្នុងសៀវភៅ គឺវាមានទីតាំងនិងចលនារបស់វា ហើយតើយើងត្រូវធ្វើនិងប្រើវាដូចម្តេចនោះ បើពុំមានគ្រូចាំបង្រៀននោះទេ យើងពុំអាចយល់និងចេះប្រើប្រាស់វាបានត្រឹមត្រូវនោះឡើយ។ ម្យ៉ាងទៀត រួមជាមួយនឹងចលនាដៃ គឺគេត្រូវប្រើទឹកមុខជាមួយជាដើម ដូច្នេះការសិក្សានៅសាលាជាមួយគ្រូជំនាញគឺពិតជាមានសារៈសំខាន់”។

ករណីសិស្សសិក្សាមានទីលំនៅតាមបណ្តាខេត្តដទៃ DDP នឹងផ្តល់ជូនការស្នាក់នៅក្នុងមណ្ឌលស្នាក់អាស្រយ័របស់កម្មវិធី រយៈពេល ២ឆ្នាំ។ ចំពោះការជ្រើសរើសសិស្ស គឺបុគ្គលិកកម្មវិធីនឹងចុះទៅតាមមូលដ្ឋានផ្ទាល់ ដើម្បីធ្វើការជ្រើសរើស។ ដោយកម្មវិធីមានផ្តល់ជូននូវកន្លែងស្នាក់នៅសម្រាប់អ្នករស់នៅឆ្ងាយពីថ្នាក់រៀន ដូច្នេះមុនចូលមករស់នៅនិងសិក្សានៅទីនេះ គឺតែងតែមានការពន្យល់ និងមកពិនិត្យមើលកន្លែងស្នាក់នៅក្នុងសាលាពីសំណាក់ឪពុកម្តាយនិងអាណាព្យាបាលផងដែរ។ ក្រោយពីសិស្សបានរៀនចប់វគ្គសិក្សា រយៈពេល២ឆ្នាំ ដែលកម្មវិធីបានតម្រូវហើយនោះ សិស្សអាចបន្តទៅសិក្សាវគ្គជំនាញនៅឆ្នាំទី ៣ បាន។ វគ្គសិក្សាជំនាញទាំងនោះមានដូចជា៖ កាត់ដេរ កាត់សក់ ចម្លាក់ ជួសជុលអគ្គិសនី និងកែសម្ផស្សជាដើម។

បច្ចុប្បន្ន នៅកម្មវិធីមានសិស្សចំនួនសរុបប្រមាណ ៦០នាក់ និងបុគ្គលិកជាគ្រូបង្រៀនចំនួន ៧នាក់។ ក៏ប៉ុន្តែ ដោយសារជម្ងឺឆ្លងកូវីដ១៩ ចំនួនគ្រូបង្រៀនត្រូវបានកាត់បន្ថយនៅសល់ចំនួន ២នាក់ ហើយសាលានៅខេត្តកំពង់ចាម និងខេត្តកំពតត្រូវបានបិទទ្វាផងដែរ។ លោក សុខលី បានមានប្រសាសន៍ទៀតថា៖ “ក្នុងស្ថានភាពបច្ចុប្បន្ន កម្មវិធីយើងខ្ញុំហាក់ដូចជាលំបាកបន្តិចដោយសារតែជម្ងឺឆ្លងកូវីដ១៩ តែយើងខ្ញុំនៅតែខិតខំធ្វើយ៉ាងណាបន្តនូវសកម្មភាពបណ្តុះបណ្តាលរបស់ពួកយើង ដើម្បីជួយបងប្អូនដែលជាមនុស្សថ្លង់ អោយពួកគាត់អាចរស់នៅប្រាស្រ័យទាក់ទងបានធម្មតាដូចមនុស្សដទៃក្នុងសង្គម”។
សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 40】











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles