គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ជនពិការថ្លង់នៅប្រទេសជប៉ុន
(ភាសាខ្មែរ) ជនពិការថ្លង់នៅប្រទេសជប៉ុន
2020.07.14

ទស្សនាវដ្តីញញឹមខ្មែរ បានធ្វើបទសម្ភាសន៍ជនពិការថ្លង់ជនជាតិជប៉ុនម្នាក់ អំពីស្ថានភាពអប់រំនិងការប្រាស្រ័យរស់នៅរបស់គាត់ មកចុះផ្សាយក្នុងទំព័រនេះ ដើម្បីជាការស្វែងយល់បន្ថែមអំពីជនពិការថ្លង់នៅប្រទេសជប៉ុន។

Q: តើលោកអាចប្រាប់អំពីការអប់រំមនុស្សថ្លង់នៅប្រទេសជប៉ុន បន្តិចបានទេ?

បាទ! ខ្ញុំចាំបានថា ជាដំបូងកាលនៅក្មេងខ្ញុំបានចូលរៀននៅសាលាមត្តេយ្យថ្លង់ ហើយបានរស់នៅជាមួយកុមារដែលមានពិការភាពថ្លង់ដូចគ្នាមួយរយៈ។ ពេលនោះខ្ញុំពុំអាចនិយាយបានទេ គឺត្រូវរៀន និងធ្វើការទាក់ទងជាភាសាសញ្ញា។ ក៏បុន្តែដោយសារខ្ញុំចង់ចេះនិយាយដូចក្មេងដទៃ ទើបក្រោយមកបានសម្រេចចិត្តចូលរៀនថ្នាក់បង្រៀនភាសានិយាយ។ តាមរយៈការសិក្សានៅទីនោះ ខ្ញុំក៏ចេះនិយាយបន្តិចម្តងៗ។ ក្រោយមក ខ្ញុំបានឈប់សិក្សានៅសាលាគថ្លង់ ហើយបានមករៀននៅក្នុងសាលាមត្តេយ្យ បឋមសិក្សា និងមធ្យមសិក្សាជាមួួយសិស្សទូទៅធម្មតា។ នៅពេលរៀននៅសាលាធម្មតានិយាយតាមត្រង់ទៅ គឺខ្ញុំពុំយល់នូវអ្វីដែលគ្រូបង្រៀនក្នុងថ្នាក់ឡើយ កាលនោះគឺដូចជាទៅថ្នាក់រៀនដើម្បីស្តាប់ភាសាមនុស្សពិភពផ្សេងអញ្ចឹង ហើយតែងតែងងុយគេងរហូតក្នុងថ្នាក់រៀន(សើច)។
បើសួរថាតើត្រូវរៀនយ៉ាងដូចម្តេចនោះ គឺខ្ញុំត្រូវរៀនតាមរយៈការសរសេរកត់ត្រានូវអ្វីដែលគ្រូសរសេរនៅលើក្តាខៀនទាំងអស់ចូលក្នុងសៀវភៅរបស់ខ្លួន ពេលខ្លះត្រូវសុំចម្លងពីមិត្តរួមថ្នាក់ដែលនៅក្បែរអំពីចំនុចសំខាន់ៗនៃមេរៀនដែលពួកគាត់បានកត់ត្រាជាដើម។ និយាយជារួម មិត្តរួមថ្នាក់គឺជាគ្រូផ្ទាល់របស់ខ្ញុំតែម្តង។ ការរៀននៅក្នុងថ្នាក់របស់ខ្ញុំគឺពិតជាលំបាកខ្លាំង បើប្រៀបធៀបជាមួយសិស្សធម្មតា។ ដូច្នេះខ្ញុំត្រូវរំលឹកមេរៀន និងសង្ខេបមេរៀនដោយខ្លួនឯងនៅផ្ទះជាច្រើនមុនទៅថ្នាក់រៀន។

Q: នៅប្រទេសជប៉ុន តើមានការឧបត្ថម្ភដល់ជនពិការដូចម្តេចដែរ?

នៅក្នុងប្រទេសជប៉ុន មានការជំនួយឧបត្ថម្ភជនពិការពីសាលាក្រុងខុសៗគ្នា។ ដើមឡើយ ខ្ញុំរស់នៅក្នុងក្រុង Fujisawa ។ ពេលនោះ មានប្រាក់ឧបត្ថម្ភផ្សេងៗខ្លះដែរ។ ឧទាហរណ៍ដូចជាមានការជួយជាការធានានូវថ្លៃព្យាបាលដោយឥតគិតថ្លៃ ចំពោះផ្នែកជម្ងឺទាក់ទងនឹងបាក់ឆ្អឹង ជម្ងឺភ្នែក និងមាត់ធ្មេញជាដើម។ ក៏ប៉ុន្តែនៅក្នុងក្រុង Kagoshima ដែលខ្ញុំកំពុងតែរស់នៅបច្ចុប្បន្ននេះ ពុំមានការធានាដូចក្រុងខាងលើនោះទេ។

Q: តើមានកុមារពិការដោយថ្លងទទួលបានព័ត៌មានដូចកុមារធម្មតាឬទេ?

ទេ! ពុំដូចគ្នានោះទេ។ វាមានគម្លាតខុសគ្នាច្រើនគួសមដែរ។ ទោះបីជាមានការយល់ដឹងពីជនពិការក៏ដោយ ព្រោះតែខ្ញុំមានភាពលំបាកក្នុងការស្តាប់ច្រើន ដូច្នេះវាពិតជាលំបាកក្នុងការទទួលបានព័ត៌មាន បើប្រៀបធៀបជាមួយអ្នកធម្មតា។

Q: ក្រៅពីការជួយជាថវិការ តើមានការជួយទ្រទ្រង់តាមរូបភាព ផ្សេងទៀត ដល់ក្រុមគ្រួសារដែលមានកុមារពិការដែរឬទេ?

ទេ! ពុំមានឡើយ។ ខ្ញុំគិតថាកាលនោះគ្រួសាររបស់ខ្ញុំពុំដែលទទួលបានការឧបត្ថម្ភអ្វីផ្សេងពីការជួយផ្តល់ជាថវិការខ្លះៗនោះទេ។

Q: តើមានការកំណត់កាតព្វកិច្ចសិក្សារបស់កុមារពិការដែរឬទេ? ហើយការស្វែងរកការងាររបស់ពួកគាត់ក្រោយការបញ្ចប់ការសិក្សាវិញ យ៉ាងម៉េចដែរ?

ខ្ញុំគិតថានៅប្រទេសជប៉ុនពុំមានការកំណត់នូវកាតព្វកិច្ចសិក្សាចំពោះកុមារពិការថ្លងអោយបានត្រឹមថ្នាក់មធ្យមសិក្សាអ្វីនោះទេ។ខ្ញុំគិតថា ជនពិការជាទូទៅមានសិទ្ធសេរីភាពក្នុងការសម្រេចចិត្តបន្តការសិក្សារបស់ខ្លួន។ ករណីខ្ញុំវិញ គឺខ្ញុំបានសិក្សាដល់ថ្នាក់ជំនាញបច្ចេកទេស។
ចំពោះការងារវិញ មានកន្លែងខ្លះទទួលជនពិការមកបំរើការងារ តែក៏មានកន្លែងខ្លះពុំទទួលផងដែរ។ សម្រាប់រូបខ្ញុំវិញ គឺអាចស្វែងរកការងារដោយខ្លួនឯងបាន ដោយត្រូវឆ្លងកាត់ការសម្ភាសន៍មុនចូលធ្វើការធម្មតាដូចអ្នកដទៃ។ ខ្ញុំគិតថានៅមានការទទួលជនពិការអោយមកបំរើការក្នុងក្រុមហ៊ុនក្នុងករណីពិសេសណាមួយផងដែរ។

Q: តើលោកមានផលលំបាកនៅក្នុងកន្លែងការងារដែរឬទេ?

នៅមានកន្លែងពិបាកខ្លះដែរ (សើច)។ ចំពោះខ្ញុំ វាទាមទារពេលវេលាខ្លះក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងបុគ្គលិកទូទៅ អ្នកផ្តល់ និងទទួលព័ត៌មាន ព្រមទាំងអ្នកជម្ងឺជាដើម។ លើសពីនេះទៀត វាក៏តម្រូវអោយខ្ញុំចេះធ្វើការទំនាក់ទំនង ដោយខ្លួនឯងចំពោះអ្នកដែលពិបាកក្នុងការទាក់ទងមួយចំនួនដូចជា៖ អ្នកជម្ងឺដែលមានពាក់ម៉ាស់ ឬអ្នកដែលនិយាយមានសម្លេងទាបពេក និងខ្លាំងពេកជាដើម។

Q: តើលោកធ្លាប់ជួបប្រទះការរើសអើងខ្លះដែរឬទេ?

ខ្ញុំគិតថាពុំមានការរើសអើងណាមួយកើតឡើងលើរូបខ្ញុំនោះទេ។ ផ្ទុយទៅវិញ ខ្ញុំបែរជាសង្កេតឃើញថាមានអ្នកខ្លះគាត់ព្យាយាមធ្វើមិនអោយយើងដឹងថាគាត់និយាយជាមួយយើងដែលជាមនុស្សថ្លង់ក៏មានដែរ។

Q: ក្នុងនាមជាជនពិការថ្លង់ម្នាក់ តើលោកចង់ឃើញសង្គមជួយ គាំពារដូចម្តេចចំពោះជនពិការ?

ដោយសារពួកយើងពិតជាពិបាកក្នុងការស្តាប់ខុសពីជនទូទៅ ដូច្នេះនៅពេលអ្នកដឹងថាដៃគូសន្ទនារបស់អ្នកជាមនុស្សថ្លង់ សូមអ្នកព្យាយាមធ្វើការស្វែងយល់ពីពួកគាត់ ដោយការសាកសួរថា តើនិយាយឮប៉ុណ្ណេះបានទេ? ជាដើម ទៅកាន់ពួកគាត់ជាអ្នកថ្លង់ នោះខ្ញុំគិតថាវានឹងអាចជួយដល់ពួកគាត់ច្រើន។ ម្យ៉ាងទៀត ដោយសារឧបករណ៍ស្តាប់ជំនួយសម្រាប់មនុស្សថ្លង់មានតម្លៃថ្លៃ ហើយពួកគាត់ត្រូវចំណាយថវិការច្រើនលើសម្ភារៈទាំងនេះ ដូច្នេះ ប្រសិនបើ
ការចំណាយនេះត្រូវបានចាត់ចូលទៅក្នុងការធានារ៉ាប់រងដោយពុំចាំបាច់បង់ប្រាក់ទាំងស្រុងបានផងដែរនោះ វាគឺពិតជារឿងល្អមួយសម្រាប់មនុស្សថ្លង់ទូទៅផងដែរ៕
សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 40】











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles