ការស្វែងយល់ពីជ្រុងមួយអំពី វប្បធម៌ជប៉ុន កម្ពុជា!
ការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិជប៉ុន និងញញឹមខ្មែរ។
នៅពេលលឺពាក្យ វប្បធម៌ជប៉ុន និងវប្បធម៌ខ្មែរ តើអ្នកនឹងស្រមៃឃើញអ្វីខ្លះ? វប្បធម៌គឺជាគុណតម្លៃដែលបង្កើតឡើងដោយមនុស្សជាតិ ហើយបាផ្សព្វផ្សាយនៅក្នុងតំបន់ ឬក្នុងសង្គមមួយនោះ។ ជារៀងរាល់ថ្ងៃ យើងម្នាក់ៗបានចូលរួមក្នុងការបង្កើតឡើងនូវវប្បធម៌ថ្មីៗតាមរយៈរូបភាព និងសកម្មភាពផ្សេងៗរបស់យើង ដោយការមើលអ្នករស់នៅក្បែរខាង ការយល់ដឹងពីអ្នកដ៏ទៃ និងការផ្សព្វផ្សាយនូវចំណេះដឹង ក៏ដូចជាគំនិតរបស់ខ្លួនដល់អ្នកដ៏ទៃជាដើម។ ជាផ្នែកមួយនៅក្នុងសកម្មភាពនៃ “ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ ” របស់មូលនិធិជប៉ុន ដែលកំពុងធ្វើប្រតិបត្តិការផ្លាស់ប្តូរវប្បធម៌ជាមួយប្រទេសផ្សេងៗ និងចូលរួមអភិវឌ្ឍវប្បធម៌ថ្មី រួមជាមួយនឹងទស្សនាវដ្តីញញឹមខ្មែរ ដែលកំពុងផ្សព្វផ្សាយជូនដល់ប្រជាជនកម្ពុជាស្តីអំពីប្រទេសជប៉ុន បានរួមគ្នាដើម្បីធ្វើការណែនាំអំពីវប្បធម៌ជប៉ុននិងកម្ពុជាពីជ្រុងផ្សេងៗ។
លោក ហ៊ុយ យ៉ាឡេង ជាផលិតករ និងអ្នកដឹកនាំរឿងដែលបេ្តជ្ញាជួយលើកស្ទួយវិស័យខ្សែភាពយន្តខ្មែរ
ដោយសារជម្ងឺឆ្លងកូវីដ១៩ ធ្វើឱ្យរោងភាពយន្តខ្មែរត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ខណៈពេលដែលរោងភាពយន្តមួយចំនួនត្រូវបានបើកដំណើរការឡើងវិញ រួមជាមួយការវិលត្រឡប់របស់ទស្សនិកជន កាលពីខែវិច្ឆិកា ចុងឆ្នាំ២០២០ “មហោស្រពភាពយន្តជប៉ុន” ដែលឧបត្ថម្ភដោយមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន បានប្រារព្ធធ្វើឡើងដោយមានចាក់បញ្ចាំងនូវខ្សែភាពយន្តជប៉ុនកំពុងពេញនិយមមួយចំនួន។ ក្នុងកំឡុងពេលដែល “ខ្សែភាពយន្តបែបរន្ធត់” កំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន រឿង “ដើម្បីកូន” ដែលបានពិពណ៌នាអំពីគ្រួសារខ្មែរសម័យទំនើបមួយនេះ ត្រូវបានចាក់បញ្ចាំងមុនពេលជម្ងឺកូវីដ១៩កើតឡើង ហើយទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកទស្សនា។ យើងខ្ញុំបានសាកសួរលោក ហ៊ុយ យ៉ាឡេង (វ័យ៤១ឆ្នាំ) ដែលជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញមួយរូប អំពីបច្ចុប្បន្នភាពនៃវិស័យភាពយន្តកម្ពុជា មកចុះផ្សាយដូចតទៅ។
អំពីអ្នកដឹកនាំរឿង លោក ហ៊ុយ យ៉ាឡេង
កើតក្នុងឆ្នាំ ១៩៧៩។ ចំណាយពេលនៅជំរុំជនភៀសខ្លួនមួយនៅជិតព្រំដែនថៃ នៅក្នុងខេត្តបន្ទាយមានជ័យ។ ក្រោយការសិក្សា គាត់បានចាប់អារម្មណ៍នឹងការសម្តែងលើឆាកនិងបានដើរតួរជាតារាសម្តែង ហើយបានសិក្សាពីផលិតកម្មខ្សែភាពយន្តនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់បានចាប់ផ្តើមបើកក្រុមហ៊ុនផលិតកម្ម ផលិតខ្សែភាពយន្តផ្ទាល់ខ្លួន។ គាត់ដឹកនាំខ្សែភាពយន្តបែបរន្ធត់មួយចំនួនដូចជា៖ រឿងខ្មោចដើមចេក រឿងទាក់ទងនឹងរបបខ្មែរក្រហម និងរឿងជំងឺផ្លូវចិត្តជាដើម ដែលទទួលបានការគាំទ្រជាច្រើនពីប្រជាជនកម្ពុជា។
Q: ជាបឋម តើលោកអាចប្រាប់អំពីស្ថានភាពទូទៅនៃខ្សែភាពយន្តខ្មែរបានទេ?
ជាបឋមយើងត្រូវដឹងថាសម្តេចព្រះបាទ នរោត្ដម សីហនុ បានមានព្រះរាជវត្តមាន និងដឹកនាំខ្សែភាពយន្ដខ្មែរដោយផ្ទាល់នៅក្នុងទស្សវត្សឆ្នាំ ១៩៥០ និង ឆ្នាំ ១៩៦០ ដែលកាលនោះត្រូវបានគេហៅថាជា ”យុគសម័យមាស” សម្រាប់វិស័យខ្សែភាពយន្តខ្មែរ។ ក៏ប៉ុន្តែអ្វីៗគ្រប់យ៉ាងត្រូវបានបំផ្លាញក្នុងសម័យប៉ុលពត។ ក្នុងកំឡុងឆ្នាំ១៩៨៩ ខ្សែភាពយន្ដរបស់ឥណ្ឌាបានចូលមកកាន់ប្រទេសកម្ពុជា ដែលខ្សែភាពយន្តនោះមានបទចម្រៀង និងការរាំរបស់ឥណ្ឌាត្រូវបានថត។ ក្នុងកំឡុងពេលនោះ ខ្សែភាពយន្តមានការពេញនិយមយ៉ាងខ្លាំង ព្រោះមានមនុស្សជាច្រើនបានឈររង់ចាំនៅពីមុខរោងកុន នៅពេលខ្សែភាពយន្តត្រូវបានចាក់បញ្ចាំងម្តងៗ។ ក៏ប៉ុន្តែការនិយមខ្សែភាពយន្តនេះត្រូវបានធ្លាក់ចុះអស់មួយរយៈកាល ហើយបានងើបឡើងវិញក្នុងកំឡុងឆ្នាំ២០០០។ នៅពេលនោះ ខ្សែភាពយន្តឥណ្ឌា និងខ្សែភាពយន្តបែបរន្ធត់គឺជាប្រភពចំណូលដ៏សំខាន់។ ខ្សែភាពយន្តដូចជា “ខ្មោចដើមចេកជ្វា” និង “ផ្ទះខ្មោចទិញ” គឺជាស្នាដៃដែលខ្ញុំបានបង្កើតឡើងនៅពេលនោះ។ ក៏ប៉ុនែ្ត ការកើនឡើងនៃចំនួនប៉ុស្តិ៍ទូរទស្សន៍ បានធ្វើឱ្យវិស័យខ្សែភាពយន្តខ្មែរធ្លាក់ចុះម្តងទៀត ដូច្នេះខ្ញុំត្រូវប្តូរការងារមកកាន់ខាងផ្នែកទូរទស្សន៍វិញ។ ក្នុងកំឡុងឆ្នាំ២០១២ ខ្ញុំយល់ឃើញថាវិស័យខ្សែភាពយន្តខ្មែរនឹងប្រសើរឡើងវិញ ទើបខ្ញុំបានត្រលប់មកដឹកនាំ និងផលិតខ្សែភាពយន្តនេះម្តងទៀត។ ខ្ញុំគិតថាវិស័យខ្សែភាពយន្តខ្មែរនឹងកាន់តែមានភាពរំជើបរំជួលនាពេលអនាគត ជាពិសេសក្នុងរយៈពេល ៤ ឬ ៥ឆ្នាំទៀត យើងនឹងអាចមានលទ្ធភាពឈានទៅរកកម្រិតអន្តរជាតិបាន។
Q: កាលពីដំបូង លោកបានដឹកនាំរឿងដែលផ្តោតលើខ្សែភាពយន្តបែបរន្ធត់ៗ ប៉ុនែ្តថ្មីៗនេះលោកទទួលបានប្រជាប្រិយភាព និងការទាក់ទាញច្រើនពីការងាររបស់លោកក្នុងរឿង “ដើម្បីកូន” ដែលជារឿងបង្ហាញពីបញ្ហាសង្គម ភាពក្រីក្រ និងការបែងចែកវណ្ណៈនៅក្នុងសង្គមជាដើម។ តើលោកអាចប្រាប់យើងខ្ញុំអំពីការងាររបស់លោកបន្តទៀតបានទេ?
សមិទ្ធផលរឿងក្រោយពីឆ្នាំ២០១២ ដែលមានដូចជារឿង “វិកលចរិក” និង “ធ្មប់” បានក្លាយជារឿងដែលទទួលបានការគាំទ្រខ្លាំង។ ពេលនោះ ខ្សែភាពយន្តបែបរន្ធត់ៗមានការពេញនិយមខ្លាំង ក៏ប៉ុនែ្តថ្មីៗនេះ ខ្ញុំបានឮគេនិយាយសាកសួរគ្នាថា “តើមានប្រភេទខ្សែភាពយន្តផ្សេងទៀតក្រៅពីនោះនៅខ្មែរដែរឬទេ?”។ ដូច្នេះហើយទើបខ្ញុំបានសាកល្បងរឿងបែបមនោសព្ចោតនាដែលមានឈ្មោះថា “ដើម្បីកូន” នេះឡើងជាលើកដំបូង។ ការចាក់បញ្ចាំងរឿងនេះបានចាប់ផើ្តម ក្នុងកំឡុងខែមករាក្នុងឆ្នាំ២០២០កន្លងទៅនេះ ហើយក្រោយមកជម្ងឺកូវីដ១៩បានផ្ទុះឡើង ចំពេលរឿងនេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង។
តាមរយៈខ្សែភាពយន្តនេះ ខ្ញុំបានដើរតួជាឪពុកម្នាក់ដែលខិតខំប្រឹងប្រែងដើម្បីកូនរបស់ខ្លួន។ ខ្សែភាពយន្តនិងស្នាដៃអក្សរសាស្រ្តជាច្រើនតែងតែផ្តោតលើក្តីស្រឡាញ់របស់អ្នកម្តាយ ហើយកម្របង្ហាញពីអារម្មណ៍របស់លោកឪពុកណាស់។ យ៉ាងណាក្តី ឪពុក និងម្តាយរបស់ខ្ញុំមានសេចក្តីស្រឡាញ់ដូចគ្នាចំពោះខ្ញុំដែលជាកូន។ ជាទូទៅ ម្តាយមានការប្រាស្រ័យទាក់ទងច្រើនជាមួយកូន ក៏ប៉ុនែ្តតាមរយៈរឿងនេះខ្ញុំចង់បង្ហាញថាជាឪពុកក៏ត្រូវធ្វើការលះបង់ជិវីតដើម្បីកូនផងដែរ។ រឿងមួយនេះត្រូវបានបង្កើតឡើងដំបូងដោយរូបខ្ញុំ ហើយត្រូវបានសរសេរឡើងជាមួយមិត្តរួមការងាររបស់ខ្ញុំ។ ខ្ញុំបានស្តាប់រឿងរ៉ាវរបស់អ្នករត់ស៊ីក្លូនៅជិតវត្តឧណ្ណាលោម ហើយយកទៅបង្កើតជាសាច់រឿងមួយនេះឡើង។ សម្រាប់រូបខ្ញុំ ខ្ញុំតែងតែចង់សរសេរនូវរឿងអី្វដែលថ្មី ដូច្នេះហើយខ្ញុំជ្រើសរើសអ្នករត់ស៊ីក្លូដើម្បីធ្វើជាចំណុចស្នូលនៃសាច់រឿងដែលមិនធ្លាប់មានពីមុនមក។
Q: អ្នកដឹកនាំរឿងជាអ្នកបងើ្កតជាតួអង្គនិងឈុតឆាកក្នុងរឿង ក៏ប៉ុន្តែតើលោកដឹកនាំរឿងដោយចូលរួមសម្តែងក្នុងខ្សែរឿងនេះយ៉ាងដូចម្តេចដែរ?
ក្នុងឆ្នាំ ១៩៩៨ បន្ទាប់ពីខ្ញុំបានបញ្ចប់ការសិក្សាពីវិទ្យាល័យនៅស្រុកកំណើតរួចមក ខ្ញុំបានចាប់ផ្តើមសម្ដែងក្បាច់គុនបុរាណ និងដើរតួនៅក្នុងក្រុមហ៊ុនល្ខោនមួយ។ លោកគ្រូរបស់ខ្ញុំ គឺជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយដោយមានការណែនាំពីគាត់ខ្ញុំបានចូលសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងឆ្នាំ២០០០។ ខ្ញុំគិតថាអាជីពជាអ្នកសម្តែងមានអាយុកាលវែង ហើយវាក៏កាន់តែនាំឱ្យខ្ញុំមានកម្លាំងចិត្តក្នុងការដឹកនាំរឿង។ ខ្ញុំបានជួបរដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ម៉ៅ អាយុទ្ទ និងក្រោមការណែនាំនិងបង្ហាត់បង្រៀនរបស់គាត់ ខ្ញុំបានចូលថតក្នុងខ្សែភាពយន្តដូចជារឿង “នាងពួន” និង “សន្យា” ។ នៅពេលដែលខ្ញុំបានចូលខ្លួនទៅក្នុងខ្សែភាពយន្ត វាបាននាំឱ្យខ្ញុំមានកាន់តែស្រឡាញ់ និងមានបំណងចង់ “រស់នៅជាមួយវិស័យខ្សែភាពយន្តនេះអស់មួយជីវិតរបស់ខ្ញុំ”។
បន្ទាប់មក ខ្ញុំបានផលិតរឿង “ផ្ទះខ្មោចទិញ” និង “ខ្មោចដើមចេកជ្វា”។ រឿងទាំងនេះទទួយបានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយត្រូវបានគេបញ្ចូលសំឡេងជាភាសាថៃផងដែរ។ ក្រោយមក ខ្ញុំបានផលិត ៤ ទៅ ៥ រឿងថែមទៀត ក៏ប៉ុន្តែក្នុងកំឡុងឆ្នាំ២០០៥ ការកើនឡើងនៃទូរទស្សន៍បានធើ្វឱ្យពិភពខ្សែភាពយន្តបានចុះ។ ពេលនោះ ខ្ញុំបានប្តូរមកកាន់ស្ថានីយទូរទស្សន៍បាយ័ន និងបានចាកចេញពីពិភពខ្សែភាពយន្តផងដែរ។ ការគាំទ្រខ្សែភាពយន្តខ្មែរបានត្រលប់មកវិញក្នុងកំឡុងឆ្នាំ២០១២ ដូច្នេះហើយ ខ្ញុំបានប្តូរទៅផលិតខ្សែភាពយន្តម្តងទៀត។
Q: តើលោកអាចប្រាប់យើងខ្ញុំបន្តិចអំពីការថតរឿង “ដើម្បីកូន” នេះបានទេ? ជាមួយគ្នានេះ តើគេអាចទស្សនារឿងនេះជាភាសាអង់គ្លេស ឬជប៉ុនបានទេ?
ខ្ញុំបានសម្តែងដោយផ្ទាល់នៅក្នុងរឿងនេះ ក៏ប៉ុន្តែអ្នកប្រហែលជាឆ្ងល់ថាហេតុអ្វីខ្ញុំធ្វើជាតារាសម្តែងផ្ទាល់ផងដែរហើយមើលទៅ។ នៅពេលដែលខ្ញុំកំពុងថតរឿងនិយាយអំពីអ្នកជំងឺវិកលចរិក ពេលនោះមិនមានមនុស្សស័ក្ដិសមសម្រាប់តួនេះទេ ហើយយើងក៏មិនមានតួសម្តែងដោយសារតែខ្វះថវិកាសម្រាប់ជួល។ ដោយសារខ្ញុំធ្លាប់បានមើលអ្នកជំងឺវិកលចរិកនៅជំរុំជនភៀសខ្លួន “តំបន់ ២” នៅព្រំដែនថៃកាលពីខ្ញុំនៅក្មេង ដូច្នេះហើយខ្ញុំក៏បានសម្រេចចិត្តថា ខ្ញុំគួរតែសម្តែងតួនេះដោយខ្លួនឯង។ នៅក្នុងខ្សែភាពយន្តផ្សេងមួយទៀត ក្នុងនោះមានឈុតមួយដែលខ្ញុំបានជាប់ពន្ធនាគារ ហើយខ្ញុំបានស្រកទម្ងន់ ១០គីឡូ។ ក្នុងខ្សែភាពយន្តរឿង “ធ្មប់” ខ្ញុំបានញ៉ាំសាច់គោទាំងនៅឆៅ។ ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងដើម្បីចូលតួរឿង។ នៅក្នុងខ្សែភាពយន្តរឿង “ដើម្បីកូន” ខ្ញុំបានចំណាយពេលប្រហែល ២ សប្តាហ៍ដើម្បីធ្វើឱ្យស្បែកខ្មៅ និងបង្កើតតួអង្គរបស់រឿង ខណៈពេលដែលខ្ញុំកំពុងរៀនអំពីដំណើរជីវិតអ្នករត់ស៊ីក្លូនិងរបៀបបើកបរ។
គេអាចទស្សនារឿង “ដើម្បីកូន” ជាមួយអក្សររត់ពីក្រោមជាភាសាអង់គ្លេសបាន។ ជាការសោកស្តាយ រឿងនេះមិនទាន់មានអក្សររត់ពីក្រោមជាភាសាជប៉ុននៅឡើយទេ។ មួយរយៈក្រោយមក ខ្ញុំគ្រោងនឹងបញ្ចូលវាទៅលើគេហទំព័រចែកចាយខ្សែភាពយន្ត ព្រោះខ្ញុំចង់ឱ្យប្រជាជនជប៉ុនបានទស្សនានូវរឿងនេះផងដែរ។
Q: ក្នុងនាមជាអ្នកដឹកនាំរឿងម្នាក់ តើលោកមានគម្រោងនឹងធ្វើសកម្មភាពអ្វីខ្លះនាពេលអនាគត?
ខ្ញុំគិតថាខ្ញុំនឹងផ្អាកបង្កើតខ្សែភាពយន្តបែបរន្ធត់មួយរយៈសិន។ ខ្ញុំមានសាច់រឿងទាំងនោះ ក៏ប៉ុន្តែខ្ញុំគិតថាអ្នកគាំទ្ររបស់ខ្ញុំគឺមិនចង់បានខ្សែភាពយន្តប្រភេទនេះទេ។ ខ្ញុំកំពុងគិតអំពីរឿងបែបមនោសព្ចោតនា បែបវាយប្រហារ បែបវិទ្យាសាស្រ្តជាដើម។ តាមការពិត ខ្ញុំមានគម្រោងធំមួយ ក៏ប៉ុន្តែខ្ញុំមិនប្រាកដថាវានឹងអាចចេញបញ្ចាំងបានឬយ៉ាងណានោះទេ ដោយសារតែវាចំណាយថវិការច្រើនជាង១០ម៉ឺនដុល្លារឯណោះ។
Q: តើមានខ្សែភាពយន្ត អក្សរសិល្ប៍ និងសិល្បៈអ្វីខ្លះដែលមានឥទ្ធិពលលើរូបលោកដែលជាអ្នកដឹកនាំរឿង?
នៅក្នុងខ្សែភាពយន្តខ្មែរគឺរឿង “ពុទ្ធិសែននាងកង្រី” ដែលដឹកនាំដោយលោក លី ប៊ុនយីម។ ខ្សែភាពយន្តនេះគឺមានតាំងពីយុគសម័យមាស ហើយមានផលិតករភាពយន្តចិនជាច្រើនបានមកប្រទេសកម្ពុជាដើម្បីសិក្សាពីវា។ ខ្ញុំចូលចិត្តខ្សែភាពយន្តតាំងពីខ្ញុំនៅតូច។ នៅពេលខ្ញុំនៅក្នុងជំរុំជនភៀសខ្លួន មនុស្សបានប្រមូលផ្តុំគ្នាមើលរឿងទូរទស្សន៍ចាក់ក្នុងរោង ប៉ុន្តែខ្ញុំត្រូវបានគេបង្រៀនឱ្យសរសេរអក្សរស្អាតៗ ដោយសរសេរអក្សរចំណងជើងរឿងដាក់លើក្តាតាមរោងនានា។ ហើយខ្ញុំបានទទួលបានការដោះដូរមកវិញដោយការមើលខ្សែភាពយន្ដដោយឥតគិតថ្លៃ ហើយខ្ញុំមើលខ្សែភាពយន្តជាច្រើនមកពីហុងកុង ចិន និងឥណ្ឌា។ ល។
Q: សម្រាប់ការថតខ្សែភាពយន្តមួយរឿង តើលោកត្រូវចំណាយដើមទុន ឬថវិកាប្រហែលប៉ុន្មាន?
ខ្ញុំយកភាពយន្តបែបភ័យរន្ធត់ជាចំបង ដោយសារភាពយន្តទាំងនេះចំណាយប្រាក់តិចក្នុងការថត ដែលមួយរឿងគឺចំណាយប្រហែលពី ៥ ទៅ ៦ ម៉ឺនដុល្លារ។ ការពិតទៅខ្ញុំចង់សាកល្បងថតប្រភេទខ្សែភាពយន្តជាច្រើនផ្សេងទៀតដូចបរទេសដែរ ប៉ុន្តែបញ្ហាដ៏ធំមួយគឺភាពយន្តទាំងនេះត្រូវចំណាយប្រាក់ច្រើនណាស់់។ ខ្ញុំគិតថាថ្ងៃណាមួយខ្ញុំចង់ថតខ្សែភាពយន្តពីយុគសម័យកាលមាសរបស់កម្ពុជា ពោលគឺខ្សែភាពយន្តដែលយកលំនាំតាមប្រវត្តិសាស្រ្ត។ នៅឆ្នាំ២០២៥ ខ្ញុំ គិតថាចង់ថតខ្សែភាពយន្តរឿង ព្រះបាទជ័យវរ្ម័នទី៧ ដែលនឹងត្រូវចំណាយទឹកប្រាក់ប្រហែល ៧ លានដុល្លា។
ក្នុងការថតរឿងនេះ យើងខ្ញុំមានបញ្ហាផ្នែកសិល្បៈមួយចំនួនដែរ ហើយយើងកំពុងតែរកមើលឱកាស។ ខ្ញុំបានថតខ្សែភាពយន្តតាំងពីឆ្នាំ២០០០មក ប៉ុន្ដែខ្ញុំមិនសូវបានសន្សំប្រាក់ប៉ុន្មានទេ។ ប្រសិនបើភាពយន្តទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើន ប្រាក់ចំណូលក៏មានទៅតាមនោះដែរ ប៉ុន្តែប្រាក់ចំណេញគឺមិនសូវមានទេ ព្រោះរយៈពេលក្នុងមួយឆ្នាំយើងថតបានតែមួយរឿងប៉ុណ្ណោះ។ មូលហេតុដែលខ្ញុំនៅតែបន្តខំប្រឹងប្រែងគឺដោយសារនេះជាការងារដែលខ្ញុំស្រលាញ់។ នាថ្ងៃអនាគត ខ្ញុំសង្ឃឹមជឿជាក់ថាទីផ្សារភាពយន្តនឹងរីកសាយទៅបរទេស ហើយខ្សែភាពយន្តនឹងទទួលបានប្រាក់ចំណូលច្រើន ហើយយើងខ្ញុំនឹងអាចបន្តផលិតខ្សែភាពយន្តបន្ដបន្ទាប់តទៅទៀត។
Q: តើលោកគិតចង់ពង្រីកអាជីវកម្មនៅក្រៅប្រទេសដែរមែនឬទេ?
បាទ ត្រូវហើយ! គោលដៅរបស់ខ្ញុំគឺប្រទេសជប៉ុន កូរ៉េ ចិន និងឥណ្ឌា។ អាមេរិកមានទីផ្សារធំ ដូច្នេះខ្ញុំនឹងធ្វើវាចុងក្រោយគេ។
Q: យើងខ្ញុំសង្ឃឹមថាលោកនឹងអាចពង្រីកវិស័យខ្សែភាពយន្តខ្មែរទៅប្រទេសផ្សេងៗក្នុងពិភពលោកនាពេលអនាគត។ វាពិតជាល្អណាស់ដែលអាចធ្វើការផ្លាស់ប្តូរគ្នាបានក្នុងវិស័យភាពយន្តរវាងប្រទេសកម្ពុជានិងជប៉ុន។
ខ្ញុំក៏យល់ស្របជាមួយនឹងគំនិតនេះដែរ។ ខ្ញុំធ្លាប់បានទៅចូលរួមមហោស្រពភាពយន្តហុងកុងពីមុនមក ហើយខ្ញុំក៏ធ្លាប់ទៅប្រទេសចិន និងប្រទេសម៉ាឡេស៊ីជាច្រើនដងផងដែរ។ ខ្ញុំក៏មានបទពិសោធន៍ក្នុងការសំណេះសំណាលជាមួយអ្នកដឹងនាំរឿងក្រៅស្រុកនានានៅក្នុងសិក្ខាសាលាផ្សេងៗក្នុងប្រទេសប្រ៊ុយណេផងដែរ។ រឿងរបស់ខ្ញុំ (ធ្មប់) ត្រូវបានចាក់បញ្ចាំងក្នុងតំបន់សារិនក្នុងប្រទេសថៃ ប្រទេសឡាវ និងប្រទេសបារាំង។ រឿងនេះក៏ត្រូវចាក់បញ្ចាំងនៅរដ្ឋកាលីហ្វញ៉ាក្នុងមហោស្រពភាពយន្តកម្ពុជានៅទីក្រុងឡុងប៊ិចដែរ។ គ្រប់ពេលដែលខ្ញុំធ្វើដំណើរទៅកន្លែងទាំងនោះ ខ្ញុំទទួលការសម្ភាសន៍ជាច្រើនរួមជាមួយការប្ដូរមតិយោបល់ទៅលើការផលិតខ្សែភាពយន្ដ និងផ្ដោះប្តូរមតិក្នុងការថតខ្សែភាពយន្ដរួមបញ្ចូលគ្នា។ ខ្ញុំមានបំណងចង់ជួបសំណេះសំណាលជាមួយអ្នកដឹកនាំរឿងរបស់ប្រទេសជប៉ុនដែរ។
Q: តើលោកមានចំណាប់អារម្មណ៍លើរឿងភាពយន្ត ប្រពៃណី និងសិល្បៈរបស់ជប៉ុនដូចម្ដេចខ្លះ?
ខ្ញុំធ្លាប់ទស្សនារឿងជប៉ុនពីមុនមក នៅក្នុងរឿងហ្សមប៊ីមួយឈ្មោះថា ”កុំបញ្ឈប់កាមេរ៉ា”។ ខ្ញុំមានចំណាប់អារម្មណ៏ជាខ្លាំងទៅលើប្រទេសជប៉ុន ហើយមានគោលបំណងចង់ទៅក្នុងឆ្នាំនេះ ក៏ប៉ុន្តែដោយការសោកស្ដាយដែលខ្ញុំមិនអាចទៅបានដោយសារជំងឺឆ្លងកូវីដ១៩នេះ។ ប្រទេសជប៉ុនមានប្រពៃណីដ៏យូរលង់ ហើយគួរយកជាគំរូក្នុងនាមជាសមាជិកមួយរូបក្នុងទ្វីបអាស៊ី ទាក់ទងទាំងការសម្ដែងនិងសិល្បៈប្រពៃណី។ រូបខ្ញុំផ្ទាល់ក៏មានការគោរពចំពោះឥរិយាបទរបស់ប្រជាជនជប៉ុនផងដែរ។
Q: ជាទីបញ្ចប់ តើលោកមានប្រសាសន៍អ្វីជាចុងក្រោយទៅកាន់ទស្សនិកជនជប៉ុនដែរឬទេ?
ខ្ញុំមានគោលបំណងចង់ឱ្យទស្សនិកជននៅជប៉ុនទាំងអស់បានទស្សនារឿង “ដើម្បីកូន”។ រឿង “ធ្មប់“ ក៏ជារឿងប្រវត្តិសាស្រ្ត ទោះបីជារឿងនេះបង្ហាញអំពីអបិយជំនឿក៏ដោយ ក៏ប៉ុន្តែអ្នកក៏អាចស្វែងយល់អំពីប្រពៃណីរបស់ខ្មែរបានដែរ។ ខ្ញុំក៏មានគោលបំណងចង់ផ្ញើសមិទ្ធផលភាពយន្តរបស់ខ្ញុំទៅកាន់ប្រជាជនខ្មែរដែលរង់ចាំទស្សនានៅប្រទេសជប៉ុនផងដែរ។ អ្នកអាចទស្សនារឿង ”វិកលចរិក” ”ធ្មប់” និងរឿង ”ទារុណកម្មខ្មោច” នៅលើ Soyo និង Iflix(ដែលមានអក្សររត់ពីក្រោមជាភាសាអង់គ្លេស)បាន។ សូមទស្សនារឿង“ដើម្បីកូន” នេះឱ្យបានគ្រប់គ្នា៕
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 44】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer