គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

“ខ្សែបន្ទាត់កំណត់ព្រំដែន” ~ ដោយសិល្បករសហសម័យ លោក លីម សុខចាន់លីណា ~
“ខ្សែបន្ទាត់កំណត់ព្រំដែន” ~ ដោយសិល្បករសហសម័យ លោក លីម សុខចាន់លីណា ~
2021.09.20

ការស្វែងយល់ពីជ្រុងមួយអំពី “វប្បធម៌” ជប៉ុន – កម្ពុជា!
~ការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិជប៉ុន×ញញឹមខ្មែរ~

នៅពេលឮពាក្យ “វប្បធម៌ជប៉ុន” និង “វប្បធម៌ខ្មែរ” តើអ្នកនឹងស្រមៃឃើញអ្វីខ្លះ? វប្បធម៌គឺជាគុណតម្លៃដែល
បង្កើតឡើងដោយមនុស្សជាតិ ហើយបានផ្សព្វផ្សាយនៅក្នុងតំបន់ ឬក្នុងសង្គមមួយនោះ។ ជារៀងរាល់ថ្ងៃ យើងម្នាក់ៗបានចូលរួមក្នុងការបង្កើតឡើងនូវវប្បធម៌ថ្មីៗតាមរយៈរូបភាព និងសកម្មភាពផ្សេងៗរបស់យើង ដោយការសិក្សាស្វែងយល់ពីអ្នករស់នៅក្បែរខាងជុំវិញខ្លួន និងការផ្សព្វផ្សាយនូវចំណេះដឹង ក៏ដូចជាគំនិតរបស់ខ្លួនដល់អ្នកដទៃជាដើម។ មូលនិធិជប៉ុនដែលកំពុងធ្វើប្រតិបត្តិការផ្លាស់ប្តូរវប្បធម៌ជាមួយប្រទេសផ្សេងៗ និងចូលរួមអភិវឌ្ឍវប្បធម៌ថ្មី រួមជាមួយនឹងទស្សនាវដ្តីញញឹមខ្មែរដែលកំពុងផ្សព្វផ្សាយជូនដល់ប្រជាជនកម្ពុជាស្តីអំពីប្រទេសជប៉ុន បានរួមសហការគ្នាធ្វើការណែនាំអំពីវប្បធម៌ជប៉ុននិងកម្ពុជាពីជ្រុងផ្សេងៗ ដើម្បីជាផ្នែកមួយនៃសកម្មភាព “ផ្លាស់ប្តូរវប្បធម៌អន្តរជាតិ”។

“ខ្សែបន្ទាត់កំណត់ព្រំដែន”
~ ដោយសិល្បករសហសម័យ លោក លីម សុខចាន់លីណា ~

លោក លីម សុខចាន់លីណា គឺជាសិល្បករមួយរូបក្នុងវិស័យថតរូបភាពរូបវីដេអូ ដំឡើងរូបភាព និងសម្តែងជាដើម។ នៅឆ្នាំ២០១៧ មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន បានដាក់បង្ហាញស្នាដៃរបស់លោកនៅក្នុងកម្មវិធី
“SUNSHOWER: Contemporary Art from Southeast Asia 1980s to Now” ដែលសហការឧបត្ថម្ភដោយមជ្ឈមណ្ឌលសិល្បៈជាតិ Tokyo និងសារមន្ទីរសិល្បៈ Mori នៅប្រទេសជប៉ុន ដែលបានទទួលការអញ្ជើញ ពីអ្នកអភិរក្សនៅក្នុងការតាំងពិព័រណ៍ “Singapore Biennale 2019” ។

សំណួរ ៖ តើលោកបានដាក់តាំងបង្ហាញស្នាដៃអ្វីខ្លះនៅក្នុងពិព័រណ៍ “Singapore Biennale 2019” បន្ទាប់ពីកម្មវិធី “Sydney Biennale”?

បន្ទាប់ពីកម្មវីធី “Sydney Biennale” ខ្ញុំបានដាក់បង្ហាញស្នាដៃថ្មីមួយទៀតដែលមានឈ្មោះថា “Letter to the sea” (លិខិតផ្ងើតាមសមុទ្រ) នៅក្នុងពិព័រណ៍ប្រទេសសិង្ហបុរី “Singapore Biennale 2019”។ ស្នាដៃនេះនិយាយអំពី
រឿងរ៉ាវរបស់ពលករចំណាកស្រុកទៅធ្វើការនេសាទនៅប្រទេសថៃ ដែលរងទុក្ខលំបាកដោយការរស់នៅលើទឹករយៈពេលយូរ ការជិះជាន់កម្លាំងពលកម្មពីសំណាក់ពួកថៅកែនាយទុន ការទាស់ទែងសម្ដីជាមួយពលករគ្នាឯង (ភូមា ឡាវ) និងការសេពគ្រឿងញៀនជាដើម លើសពីនេះទៀត មានពលករនេសាទខ្មែរយើងខ្លះក៏បានស្លាប់បាត់បង់ជីវិតផងដែរ។ ខ្ញុំចាំបានថា កាលពីឆ្នាំ២០១៨ ខ្ញុំបានសិក្សាស្រាវជ្រាវអំពីបញ្ហានេះនៅឯប្រទេសថៃ ដោយប្រើ
រយៈពេល ២ខែកន្លះ ក្រោមជំនួយរបស់ Japan Foundation។ ក្នុងអំឡុងពេលនោះ ខ្ញុំបានទៅរៀនហែលទឹក ដើម្បីមានសញ្ញាបត្រ និងបច្ចេកទេសមុជទឹក។ ក្នុងការផលិតស្នាដៃនេះ ខ្ញុំបានចងក្រងជាខ្សែវីដេអូមួយ ដោយខ្ញុំបានមុជទៅបាតសមុទ្រ ដើម្បីអានអត្ថបទដែលខ្ញុំសរសេរក្នុងគោលបំណងរំលឹក និងឧទិ្ទសដល់ពលករខ្មែរនេសាទនៅសមុទ្រថៃ។ ការពិតទៅ ការអានអត្ថបទនៅក្នុងបាតសមុទ្រមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្ដែវាពិតជាមានន័យសម្រាប់អ្នកសិល្បៈដូចជារូបខ្ញុំ។ មានន័យថា យើងថតការអាននៅក្នុងទឹកនោះ វាបានរំលេចនូវពពុះ
ទឹកចេញពីមាត់ដោយសំឡេងនៃការអានរបស់ខ្ញុំ ដែលនឹងរសាត់អណ្ដែតទៅតាមទឹកសមុទ្រដែលតភ្ជាប់គ្នានៅពាសពេញពិភពលោក។ ខ្ញុំសង្ឃឹមថាការអានបែបនោះនឹងអាចឮទៅដល់ដួងព្រលឹងបងប្អូនអ្នកនេសាទខ្មែរដែលបានបាត់បង់ជីវិតក្នុងសមុទ្រនោះ។

ស្នាដៃចំណងជើង “លិខិតផ្ញើរតាមសមុទ្រ” វីដេអូ 17:35 វិនាទី ដោយលោក លីម សុខចាន់លីណា

សំណួរ ៖ តើទស្សនិកជនមានចំណាប់អារម្មណ៍យ៉ាងដូចម្ដេចខ្លះចំពោះការងារស្នាដៃសិល្បៈរបស់លោក?
ខ្ញុំមិនប្រាកដអំពីរឿងនេះទេ ប៉ុន្ដែខ្ញុំទទួលបានអុីម៉ែលពីអ្នកដឹកនាំកម្មវិធីនោះថា មានទស្សនិកជនចាប់អារម្មណ៍ច្រើន និងស្ងើចសរសើរផងដែរ។ ខ្ញុំចាំបានថាមានអ្នកកាសែតជប៉ុនចាប់អារម្មណ៍ទៅលើការដាក់បង្ហាញអំពីការកេងប្រវ័ញ្ចលើពលករនេសាទនៅប្រទេសថៃ។ តាមរយៈការដាក់បង្ហាញស្នាដៃនេះខ្ញុំរំពឹងថានឹងអាចពាំនាំនូវទុក្ខវេទនារបស់បងប្អូនពលករចំណាកស្រុកនិង ចង់បង្ហាញឱ្យពិភពលោកបានដឹងអំពីវា។ ជាពិសេស ខ្ញុំចង់
ឱ្យមានការពិភាក្សាបន្ថែមទៅលើបញ្ហារបស់ពលករខ្មែរ ក៏ដូចជានៅលើពិភពលោកទាំងមូល។ ការធ្វើឡើងនូវរឿង
បែបនេះ ខ្ញុំយល់ថា វាជាសំឡេងមួយដែលអាចបង្ហាញពីបញ្ហានានាជំនួសឱ្យបងប្អូនពលករយើង។ យ៉ាងណាមិញ ស្នាដៃនេះកំពុងតែតាំងនៅទីក្រុងអូសាកា ប្រទេសជប៉ុនតាំងពីពាក់កណ្តាលខែកក្កដា រហូតដល់ខែកញ្ញា ឆ្នាំ
២០២១នេះ។ ខ្ញុំសង្ឃឹមថា ទស្សនិកជននៅជប៉ុននឹងស្វែងយល់ពីបញ្ហាទាសករខ្មែរ ដែលជួបទុក្ខលំបាកអំឡុងពេលធ្វើការនៅប្រទេសគេនៅឯនាយសមុទ្រ។

សំណួរ ៖ ស្នាដៃរបស់លោកគឺបង្ហាញពីសកម្មភាពធ្វើឱ្យប្រសើរឡើងវិញនូវ “ការបែងចែក” តើវាពិតមែន ឬទេ?
តាមពិតទៅ ខ្ញុំមិនមានបំណងធ្វើឱ្យមានការបែងចែកណាមួយទេ តែវាជាចំណាប់អារម្មណ៍ផ្ទាល់របស់ខ្ញុំទៅលើវិស័យមីក្រូរបស់សេដ្ឋកិច្ចបានន័យថា វាជាផ្នែកតូចៗរបស់សេដ្ឋកិច្ច។ ដោយសារខ្ញុំបានសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រ
ផ្នែកសេដ្ឋកិច្ចនិងការអភិវឌ្ឍ នៅសាកលវិទ្យាល័យន័រតុន ដូច្នេះការងាររបស់ខ្ញុំមានទំនាក់ទំនងច្រើនជាមួយផ្នែកសេដ្ឋកិច្ច និងនយោបាយបរិស្ថានផ្សេងៗជាដើម។ ខ្ញុំចាប់អារម្មណ៍ថាតើខ្មែរយើងរីកចម្រើន និងអភិវឌ្ឍទៅមុខបានយ៉ាងដូចម្ដេចខ្លះ? សូម្បីតែមនុស្សមួយនាក់ជាពលករចំណាកស្រុកក៏ជួយសេដ្ឋកិច្ចបានដែរ។ដូច្នេះ ខ្ញុំគ្រាន់តែចង់ដឹងថា តើសុខទុក្ខរបស់ពួកគាត់យ៉ាងម៉េច? ហើយឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយដោយរបៀបណា? ខ្ញុំ
គិតថារឿងទាំងនេះគឺជាការនឹករលឹក និងឈឺឆ្អាលមួយសម្រាប់បងប្អូនពលករយើងមួយផងដែរ។

សំណួរ ៖ សិល្បៈរបស់លោក លីណា គឺជាការស្វែងរកនូវនិរន្តរភាពនៃការអនុវត្ត Visual Arts មែនទេ? បើដូច្នោះមែន តើវា
មានន័យដូចម្តេច?
ទិសដៅរបស់ខ្ញុំ គឺជាការស្វែងរកនិរន្តរភាព ឬក៏ភាពដែលអាចទៅរួច ហើយខ្ញុំចង់បន្តផលិតស្នាដៃតាមបែប Visual Arts។ មួយវិញទៀតខ្ញុំក៏កំពុងធ្វើការស្វែងយល់អំពី សិល្បៈសហសម័យ (Contemporary) ផងដែរ។ ខ្ញុំគិតថា
ពិភពលោកក៏មិនទាន់រកអត្ថន័យនៃពាក្យនេះឱ្យបានច្បាស់បាននៅឡើយដែរ។ វាជាពាក្យមួយដែលពិបាកយល់ណាស់ និយាយជារួមគឺសហសម័យមានន័យថា សម័យឥឡូវៗ ការងារថ្មីៗ។ តែសំណួរ ខ្ញុំចង់សួរថា តើការងារថ្មីៗ
ប្រភេទនេះវាយ៉ាងម៉េច? បានសេចក្ដីថា គូរគំនូរគឺគេគូរតែគំនូរ បើចម្លាក់វិញគឺគេឆ្លាក់តែចម្លាក់ប៉ុន្ដែឥឡូវមិនដូចមុនទេ គឺគេរួមបញ្ចូលគ្នាហើយ។ នេះជាការស្វែងរករបៀបផលិតស្នាដៃថ្មី។ យើងមិនដឹងទេថា វានឹងទៅជាយ៉ាងណាជួនកាលយើងធ្វើយ៉ាងនេះ តែវាចេញទៅជាអ្វីម្យ៉ាងផ្សេងវិញ។ ដូច្នេះ ពាក្យសហសម័យនេះមានលំហធំធេងណាស់។ ខ្ញុំពិតជាចង់ស្វែងយល់ពីអត្ថន័យពិតនេះណាស់ថាតើពាក្យសហសម័យគឺជាអ្វី? ហើយតើខ្ញុំអាចផលិតអ្វីបានខ្លះក្រៅតែពីរូបថត វីដេអូ និងការសម្តែងទាំងអស់នោះ។ ចំពោះឃ្លា “Exploring the continue of individual practices” នេះមានគេសួរខ្ញុំថា តើ លីណា នឹកឃើញយ៉ាងដូចម្ដេចបានជាទៅចុះក្នុងទឹកហែលអានអត្ថបទហើយថតបែបនេះ។ ហេតុអ្វីក៏មិនចុះទៅក្នុងទឹកហើយថតសំពៅលិច ឬក៏គ្រោងឆ្អឹងណាមួយវិញទៅ? ដូច្នេះ ខ្ញុំអាចនិយាយបានថា នេះហើយគឺជាការតាំងចិត្ត ការហ៊ានសាកល្បងនូវអ្វីដែលថ្មីមិនធ្លាប់មានពីមុនមក ដើម្បីទទួលបាននូវរបកគំហើញថ្មី។ ដូច្នេះពាក្យថា “Exploring” គឺការស្វែងរក ឬការសាកល្បងធ្វើអ្វីមួយថ្មី
ដែលយើងអាចធ្វើទៅបាន។

សំណួរ ៖ តើទម្រង់ “បន្ទាត់ត្រង់” ជាបែបសិល្បៈរបស់លោក លីណា ឬយ៉ាងណា?
តាមពិតទៅ វាទាក់ទងនឹងការងារចាស់របស់ខ្ញុំ ដែលជាកញ្ចប់អនាគត វគ្គទី ២។ ចំពោះកញ្ចប់អនាគត វគ្គទី ២ នេះ ខ្ញុំបានប្រើរបងស័ង្កសី ដែលក្នុងន័យនេះវាជារបាំង វាជាផ្ទាំងដែក ឬវាជាជញ្ជាំង។ ប៉ុន្ដែបើនិយាយពីក្រាហ្វិក
វិញ វាជាក្រឡាចត្រង្គ វាត្រង់បញ្ឈរ ឬត្រង់ដេក។ ការពិតទៅ សាវតារដ៏ធំរបស់ខ្ញុំនោះគឺការថតរូប។ កាលនៅថតរូប ខ្ញុំតែងតែចាប់អារម្មណ៍ទៅនឹងក្រាហ្វិក នៅក្នុងទេសភាពឬនៅក្នុងរូបដូចនៅពេលដែលយើងចេញពីផ្ទះយើងឃើញអ្វីៗទាំងអស់គឺជាបន្ទាត់។ សូម្បីតែគំនូរ ក៏កើតចេញមកពីការឆូតខ្មៅដៃមួយឆ្នូតជាបន្ទាត់បានពីការគូរនោះដែរ។ ដូចនេះក្រាហ្វិកវាសំខាន់ណាស់សម្រាប់ខ្ញុំ។ វាជាចំណុចតូចមួយតែវាផ្ដុំចេញជារូបដ៏ច្រើន។
ឧទាហរណ៍ មនុស្សឈរកន្លែងនេះមិនសូវសមទាល់តែឈរកន្លែងនោះទើបសម។ ដូច្នេះទាំងនេះហើយ ជាការរៀបចំក្នុងវិស័យរូបថត។ ក្នុងន័យប្រៀបធៀបមួយទៀតនោះគឺ ខ្ញុំចាប់អារម្មណ៍ទៅលើពាក្យថា ព្រំដែន។ តើអ្វីទៅជា
ព្រំដែន អ្វីទៅជាព្រំប្រទល់ ដែលយើងមើលមិនឃើញ ឬមើលឃើញទាំងនោះ? ដូច្នេះហើយស័ង្កសីនោះជាផ្នែកមួយដែលឆ្លើយនឹងសំណួរនេះ។ ពេលខ្លះយើងមើលឃើញស័ង្កសី តែពេលខ្លះក៏យើងមើលមិនឃើញស័ង្កសីនោះដែរ។ ហេតុអ្វី? ព្រោះថាពេលគេដាក់បាំងទៅយើងមិនដឹងថាមានរឿងអ្វីកើតឡើងទេ? ស័ង្កសី គ្រាន់តែជាស័ង្កសីមួយប៉ុណ្ណោះ តែវាអាចបែងចែកទីកន្លែងពីរខុសគ្នាបាន។ អ្វីដែលយើងឃើញជាញឹកញាប់នោះ នៅពេលដែលដាក់ស័ង្កសីនៅពីក្រោយ ហើយនៅក្រោយស័ង្កសីនោះ វាប្រាកដជាកម្មសិទិ្ធអ្វីមួយរបស់នរណាជាមិនខាន។ ប៉ុន្ដែពីមុខស័ង្កសីនោះ
យើងអាចដើរបាន។ អ្វីដែលយើងឃើញនៅពេលដែលគេព័ទ្ធរបងជុំវិញដីនោះ ដីនោះជារបស់គេហើយ។ ដូច្នេះ ស័ង្កសីនោះបានបែងចែកពោលគឺវាជាបន្ទាត់មួយ ហើយវាក៏ជាគំនូសមួយពេលខ្លះមើលឃើញ ពេលខ្លះមើលមិនឃើញហើយវាមិនខុសពីផែនទី ដែលជួនកាលគេមិននឹងគូរផង ប៉ុន្ដែយើងមិនហ៊ានដើរឆ្លងប្រទេស ឬទីកន្លែងនោះព្រោះគិតថាវាខុសច្បាប់។ នេះហើយវាជាបន្ទាត់ត្រង់ (direct line) ហើយវាក៏ជាចក្ខុវិស័យដែលខ្ញុំចង់សិក្សាអំពី
ពលករដែលឆ្លងកាត់ប្រទេសដែរ។ អាស្រ័យបែបនេះហើយ ទើបខ្ញុំចាប់អារម្មណ៍ទៅនឹងខ្សែបន្ទាត់នេះឯង។ វាជាការចាប់អារម្មណ៍របស់ខ្ញុំថា តើហេតុអ្វីក៏ពិភពលោកត្រូវតែមានការបែងចែកជាព្រំប្រទល់? ហេតុអ្វីការរស់នៅត្រូវមានការបែងចែក? ហេតុអ្វីត្រូវបែងចែកឯកជនភាពនិងសាធារណៈ? ហើយវាជាសំណួរដែលខ្ញុំមិនទាន់ឆ្លើយចេញនៅឡើយដែរទេ។ ប៉ុន្តែខ្ញុំកំពុងស្វែងរកចម្លើយសម្រាប់វាបណ្ដើរៗដែរ។

សំណួរ ៖ កញ្ចប់អនាគតវគ្គ ២ របស់លោក បានយកស័ង្កសីធ្វើជារបាំង ឬជាព្រំដែនមិនឱ្យឃើញជ្រុងម្ខាងទៀត ឬផ្នែកមួយទៀតនៃទេសភាព។ តើវាមានប្រសិទ្ធិភាពដែរឬទេប្រសិនបើវាស្ថិតនៅក្នុងប្រទេសដទៃទៀតដែលមានការអភិវឌ្ឍរួចទៅហើយ? តើវាផ្លាស់ប្ដូរដែរឬទេ ប្រសិនរូបថតរបស់លោកស្ថិតក្នុងបរិបទពីរផ្សេងគ្នា?
ការងារ កញ្ចប់អនាគត វគ្គ២ របស់ខ្ញុំ នឹងយកស័ង្កសីជានិមិត្តរូប ជាចំណុចមួយនៃការបែងចែក ហើយបែងចែកកម្រិតណា ខ្ញុំទុកឱ្យទស្សនិកជនជាអ្នកគិតខ្លួនឯងចុះ។ ព្រោះវាជាកិច្ចពិភាក្សា មិនមែនជាការបង្ហាញច្បាស់
លាស់នោះទេ។ ទស្សនិកជនអាចមើលស័ង្កសីរបស់ខ្ញុំរៀងៗខ្លួន ហើយពិចារណាតាមនោះចុះ។ ខ្ញុំធ្វើទៅលើបរិបទស្រុកខ្មែរ ដែលជាប្រទេសកំពុងអភិវឌ្ឍ ជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម ជាប្រទេសដែលដើរក្រោយគេ
ជាប្រទេសដែលខំប្រឹងដើរយ៉ាងត្រដាបត្រដួសហើយក្នុងនោះក៏មានកន្លែងទទួលបានជោគជ័យផង។ ថាតើវាមានរឿងអ្វីកើតឡើងចំពោះរឿងទាំងអស់នោះ? ដូច្នេះ ស័ង្កសីនេះហើយក៏បង្ហាញអំពីជ្រុងមួយនៃទេសភាព និងទិដ្ឋភាពដែលយើងអាចឃើញ និងពេលខ្លះយើងមិនអាចឃើញផងដែរ។ ខ្ញុំក៏ឃើញមាននៅស្រុកគេផងដែរ ដូចជានៅទីក្រុងតូក្យូ ទីក្រុងញ៉ូយ៉កដែលបានអភិវឌ្ឍរួចហើយទាំងនោះ គេនៅតែប្រើស័ង្កសី ដើម្បីព័ទ្ធរបង ឬជារបាំង ដើម្បីកុំឱ្យមនុស្សដើរខ្លាចមានបញ្ហាគ្រោះថ្នាក់ នៅក្នុងទម្រង់ណាមួយ ដែលគេបានរៀបចំសម្រាប់សុវត្ថិភាព ឬជាទម្រង់បែងចែកណាមួយ ដែលខុសប្លែកពីស្រុកខ្មែរយើងដែលកំពុងធ្វើការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។ ពោលគឺ ប្រសិនបើខ្ញុំត្រូវធ្វើការងារអំពីស័ង្កសីនៅប្រទេសអភិវឌ្ឍនោះស្នាដៃនឹងប្រាកដជាខុសពីអ្វីដែលខ្ញុំបានធ្វើនៅទីនេះ។

ស្នាដៃចំណងជើង៖ បឹងឈូកនៅខេត្តព្រៃវែង ក្នុងគំរោងការងារ “កញ្ចប់អនាគតភាគ២” ដោយលោក លីម សុខចាន់លីណា

សំណួរ ៖ ក្នុងនាមលោកជាសិល្បករខ្មែរមួយរូប តើលោកចាប់អារម្មណ៍លើការបង្ហាញស្នាដៃបែបណាខ្លះ?
ខ្ញុំគិតថាអ្វីដែលខ្ញុំកំពុងនិយាយ ជាអ្វីដែលខ្ញុំកំពុងចង់បង្ហាញនេះហើយ ស្នាដៃរបស់ខ្ញុំមិនមែនសម្រាប់តែតាំងនៅតែក្រៅប្រទេសនោះទេនៅស្រុកយើងក៏មានតាំងច្រើនណាស់ដែរ។ គ្រាន់តែការងារក្រោយៗនេះពិបាកបន្តិច ព្រោះពេលខ្ញុំធ្វើការងារនេះចប់ ស្រុកយើងបានផ្ទុះកូវីដ១៩ ទៅហើយ ដូច្នេះវាពិបាកក្នុងការដំណើរការ ពិបាកទាំងការតាំងពិព័រណ៍ទៀតផង។ ដូច្នេះ​ បច្ចុប្បន្ននេះ វាមិនមែនជាពេលវេលាល្អសម្រាប់ការបង្ហាញការងារចុងក្រោយ
របស់ខ្ញុំដែលនិយាយអំពីពលករនោះទេ។ ស្ថានភាពមួយរបស់ការងារខ្ញុំពេលនេះ គឺខ្ញុំកំពុងបន្តការធ្វើប្រធានបទមួយដែលទាក់ទង់នឹងពលករខ្មែរដែលចំណាកស្រុកនៅប្រទេសថៃហើយចំណុចបន្ទាប់ខ្ញុំនឹងធ្វើការស្រាវជ្រាវទៅ
លើស្ថានភាពពលករក្នុងស្រុកវិញម្ដង។ មានន័យថា តើពលករដែលត្រឡប់ពីចំណាកស្រុកវិញមានស្ថានភាពបែបណា? ឬយុវជនមួយចំនួនដែលកំពុងចង់ទៅថៃថា តើប្រទេសថៃមានលក្ខណៈយ៉ាងដូចម្ដេច? នេះជាចំណុចបន្តទៀតក្នុងគម្រោងពលករចំណាកស្រុកនេះ។

សំណួរ ៖ តើមានទីផ្សារសិល្បៈ ក៏ដូចជាចំនួនអ្នក ចាប់អារម្មណ៍នឹងសិល្បៈនៅកម្ពុជាច្រើនទេ?
សម្រាប់ទីផ្សារសិល្បៈនៅកម្ពុជា គឺនៅមានកម្រិតខ្លាំងណាស់។ តាមពិតទៅសម្រាប់សិល្បៈបែបសហសម័យ គឺភាគច្រើនមានតែជនបរទេសតែប៉ុណ្ណោះដែលស្គាល់ ខណៈពេលដែលនៅប្រទេសកម្ពុជាយើងវិញ គឺទើបតែចាប់ផ្ដើម
ស្គាល់បន្តិចម្ដងៗនៅឡើយទេ។ ពោលគឺប្រជាជនខ្មែរមានចំនួនតិចណាស់ដែលបានស្គាល់សិល្បៈប្រភេទនេះ។ ចំពោះទីផ្សារសិល្បៈក៏ដូចគ្នាដែរ អ្នកទិញស្នាដៃសិល្បៈបែបសហសម័យនេះគឺមានតិចតួច ស្ទើរតែគ្មានសោះ។
សិល្បៈមានទីផ្សារសម្រាប់តែប្រជាជនខ្មែរដែលជាអ្នកមាន ឬជាកូនអ្នកមានមួយចំនួនដែលបានរៀន និងរស់នៅបរទេស ហើយបានស្វែងយល់អំពីគុណតម្លៃនៃសិល្បៈ និងមានចិត្តចង់ជួយលើកកម្ពស់សិល្បៈសហសម័យខ្មែរ
ដោយមានខ្លះបានផ្តល់នូវជំនួយដល់សិល្បករសហសម័យខ្មែរផងដែរ។ ក្នុងនោះក៏មានស្ថាប័នមួយចំនួនជួយលើកកម្ពស់វិស័យសិល្បៈសហសម័យនេះដែរ។ ចំពោះស្នាដៃសិល្បៈវិញខ្ញុំ និងមិត្តភក្តិដែលជាសិល្បករបានបង្កើតសមាគមសិល្បៈមួយឈ្មោះថា “គម្រោងសិល្បៈ ស ស” តាំងពីឆ្នាំ២០១០ មកម៉្លេះ ដោយយើងបានធ្វើការងារជាច្រើនដើម្បីលើកស្ទួយវិស័យសិល្បៈសហសម័យនេះ។ ចំណែកឯថ្មីៗនេះយើងខ្ញុំក៏មានគម្រោងដើម្បីបង្ហាត់បង្រៀនអ្នក
ដែលចាប់អារម្មណ៍ចំពោះសិល្បៈបែបសហសម័យនេះឱ្យចេះមើលរូបភាពសិល្បៈ និងហ៊ានចំណាយថវិកាផ្ទាល់ខ្លួនដើម្បីទិញស្នាដៃសិល្បៈក៏ដូចជាបង្កើតទីផ្សារសិល្បៈនៅក្នុងស្រុកខ្មែរយើងផងដែរ ទោះជាទីផ្សារសិល្បៈនេះនៅមាន
កម្រិតទាបយ៉ាងណាក្តី។

សំណួរ ៖ តើសិល្បករអាចរកចំណូលបានធម្មតាដែរ ឬយ៉ាងណា ប្រសិនបើគាត់ចាប់តែជំនាញសិល្បៈមួយមុខគត់?
ពិតប្រាដកណាស់ យើងនឹងអាចរស់បានយ៉ាងស្រួលដោយសារសិល្បៈ ឱ្យតែយើងច្បាស់លាស់ជាមួយមុខងារណាមួយក្នុងវិស័យសិល្បៈគឺយើងអាចមានជីវភាពល្អប្រសើរដូចវិស័យផ្សេងៗដែរ។ ប៉ុន្តែនៅក្នុងវិស័យសិល្បៈសហសម័យ យើងត្រូវចំណាយពេលយូរបន្តិចទម្រាំតែមហាជនទទួលស្គាល់ស្នាដៃមួយនេះ។
ជាពិសេស គឺក្នុងបរិបទស្រុកយើងនេះតែម្ដងគឺមិនសូវមានអ្នកទទួលស្គាល់ និងក៏មិនសូវមានអ្នកដឹងឮដែរ ដូច្នេះវាពិតជាពិបាកសម្រាប់សិល្បករនៅឡើយ។ ក៏ប៉ុន្តែសម្រាប់រូបខ្ញុំវិញក្នុងរយៈពេល៤ ទៅ៥ឆ្នាំចុងក្រោយនេះ គឺខ្ញុំអាចរស់នៅដោយឯករាជ្យបានទាំងស្រុងជាមួយវិស័យសិល្បៈបែបនេះ។

សំណួរ ៖ តើសកម្មភាពសិល្បៈរបស់លោកក្នុងអំឡុងពេលកូវីដ-១៩ នេះមានសភាពយ៉ាងណាដែរ?
ក្នុងស្ថានភាពបែបនេះ ក្នុងនាមយើងជាសិល្បករអាជីព យើងត្រូវមានការតាំងចិត្តជាជំហរថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏យើងត្រូវតែស្វះស្វែងប្រឹងបន្តអាជីពមួយនេះឱ្យដំណើរការទៅមុខបានរហូត។ ដ្បិតថាក្នុងបរិបទកូវីដ១៩ យើងពិបាកធ្វើការ ឬពិបាកក្នុងការជួបមនុស្សក្តី ប៉ុន្តែវាមិនថ្វីនោះទេ ព្រោះការងាររបស់ខ្ញុំមានលក្ខណៈបែបធម្មជាតិដូចជា៖ ការថតទេសភាព ការសិក្សាពីការប្រែប្រួលទេសភាព ហើយភាគច្រើនខ្ញុំធ្វើការតែម្នាក់ឯង ឬពីរនាក់ជំនួយការតែប៉ុណ្ណោះ។ ដូច្នេះហើយក្នុងបរិបទកូវីដ-១៩ នេះក៏ដោយ ក៏ខ្ញុំនៅតែអាច
បន្តសកម្មភាពអាជីពរបស់ខ្ញុំបានធម្មតា សំខាន់គឺយើងនៅតែបន្តធ្វើ។ ជាក់ស្ដែងនៅចុងឆ្នាំនេះមានការតាំងពិព័រណ៍ “Asian Art Biennial in Taiwan” នៅកោះតៃវ៉ាន់ ហើយខ្ញុំគ្រោងនឹងនាំយកស្នាដៃរបស់ខ្ញុំដែលបាននឹងកំពុងថតរក្សាទុកជាលក្ខណៈរូបថតឯកសារតាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្នមុនពេលមានជំងឺកូវីដ១៩ រាតត្បាត និងស្នាដៃកំពុងធ្វើនៅក្នុងអំឡុងបរិបទកូវីដ-១៩ និងនៅថ្ងៃអនាគតផងដែរទាំងអស់នេះទៅចូលរួម ហើយស្នាដៃនោះមានឈ្មោះថា «ភ្នំពេញឆ្នាំ២០៤៣»។

សំណួរ ៖ លោកបានពង្រីកសកម្មភាពផលិត និងពិព័រណ៍ទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសជប៉ុនរួចហើយ។ តើលោកមានគម្រោងពង្រីកសកម្មភាពរបស់លោកទៅកាន់តំបន់ថ្មីៗ ដូចជាបណ្ដាប្រទេសនៅប៉ែកអឺរ៉ុប និងសហរដ្ឋអាមេរិកនាពេលអនាគតដែរ ឬទេ?
សម្រាប់គោលដៅនាថ្ងៃអនាគតដែលចង់ពង្រីកខ្លួន និងបង្ហាញស្នាដៃរបស់ខ្ញុំនៅបណ្ដាប្រទេសប៉ែកអឺរ៉ុប និងសហរដ្ឋអាមេរិក គឺពិតជាមាន។ ជាការពិតណាស់ ស្នាដៃរបស់ខ្ញុំមិនគ្រាន់តែចង់ឱ្យខ្លួនខ្ញុំល្បីនោះទេ ប៉ុន្តែខ្ញុំក៏ចង់
ផ្សព្វផ្សាយពីប្រទេសកម្ពុជាផងដែរ ថាតើបច្ចុប្បន្នកម្ពុជាយើងមានការប្រែប្រួលអ្វីខ្លះ ហើយស្ថិតនៅក្នុកម្រិតណា? ហើយយើងកំពុងមានទំនាក់ទំនងបែបណាជាមួយអន្តរជាតិជាដើម។ ដូច្នេះយើងត្រូវផ្សព្វផ្សាយអ្វីៗទាំងអស់នេះ
ទៅកាន់ពិភពលោកតាមដែលអាចធ្វើទៅបាន។ តែទោះជាយ៉ាងណាក្ដី ទីផ្សារនៅអាស៊ីក៏ខ្ញុំ ទទួលបានជោគជ័យមួយចំនួនធំដែរ។ ចំពោះការពង្រីកខ្លួនទៅកាន់បណ្ដាប្រទេសប៉ែកអឺរ៉ុប និងសហរដ្ឋអាមេរិកវិញ គឺខ្ញុំត្រូវខិតខំអភិវឌ្ឍខ្លួនមួយកម្រិតទៀត ដើម្បីឱ្យគេទទួលស្គាល់ស្នាដៃរបស់ខ្ញុំ។ ដូច្នេះវាប្រហែលមិនមែនជារឿងងាយនោះទេ ប៉ុន្តែវាជាចក្ខុវិស័យរបស់ខ្ញុំដ៏ធំមួយផងដែរនាពេលអនាគត។

សំណួរ ៖ តើមានសិល្បករ ឬខ្សែភាពយន្តក៏ដូចជាប្រលោមលោករបស់ជប៉ុនដែលលោកចូលចិត្តដែរឬទេ?
ខ្ញុំបានស្គាល់សិល្បករជប៉ុនមួយចំនួន តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការក្នុងគម្រោងក៏ដូចជាការផ្លាសប្តូរបទពិសោធន៍របស់ខ្ញុំនៅប្រទេសជប៉ុន និងនៅកម្ពុជា។ ចំពោះសិល្បករដែលខ្ញុំស្រឡាញ់ សរសើរ និងគោរពជាពិសេស
នោះគឺ លោក ហ៊ីរ៉ុស៊ី ស៊ូគិម៉ូតូ។ គាត់ជាអ្នកថតរូបភាពអំពីពេលវេលាម្នាក់ដ៏អស្ចារ្យ ហើយខ្ញុំបានស្វែងយល់ច្រើនពីស្នាដៃសិល្បៈរបស់គាត់ផងដែរ។ សម្រាប់ផលិតករខ្សែភាពយន្តវិញ គឺខ្ញុំចូលចិត្តលោក អាគីរ៉ា គូរូសាវ៉ា ដែលជា
ផលិតករមួយរូបដ៏ល្បីឈ្មោះនៅក្នុងទសវត្សរ៍ឆ្នាំ៦០ និង៨០ ដែលទទូលបានការកោតសរសើរពីមហាជនទូទាំងពិភពលោក និងជាផលិតករម្នាក់ដែលធ្វើឱ្យវិស័យភាពយន្តមានការរីកចម្រើន និងមានការផ្លាស់ប្តូរ។ និយាយ
ជារួម គឺខ្ញុំចូលចិត្តស្នាដៃរបស់គាត់ ដែលប្រែក្លាយការស្រមើស្រមៃឱ្យក្លាយទៅជារូបភាពឬអាចនិយាយបានថាការប្រែក្លាយរឿងអរូបីយឱ្យក្លាយជារូបី។ ដូច្នេះខ្ញុំបានរៀនច្រើនពីស្នាដៃសិល្បៈរបស់គាត់ទាំងពីររូប សម្រាប់ការគិតពិ-
ចារណានៅក្នុងការផលិតស្នាដៃសិល្បៈរបស់ខ្ញុំ។

ស្ពានឥន្ធនូនៅកោះពេជ្យ ត្រូវបានបើកដំណើរការឡើងវិញក្រោយពីមានឧប្បត្តិហេតុផ្អើលរត់ជាន់គ្នានៅឆ្នាំ២០១០ ដែលក្រោយមកស្ពានត្រូវបានបំផ្លាញចោលនៅឆ្នាំ២០១១ ជាស្នាដៃសម្រាប់ “Phnom Penh 2043” ដោយលោក លីម សុខចាន់លីណា
ទិដ្ឋភាពបឹងកក់មុនពេលត្រូវបានលុបចាក់បំពេញដោយខ្សាច់ ថតដោយ លោក លីម សុខចាន់លីណា ឆ្នាំ២០១១ ជាស្នាដៃសម្រាប់ “Phnom Penh 2043”

សំណួរ ៖ តាមទស្សនៈផ្ទាល់របស់លោក ដើម្បីចូលរួមលើកកម្ពស់ការផ្លាស់ប្តូរវិស័យសិល្បៈរវាងកម្ពុជា និងជប៉ុន តើលោកគិតថាយើងគួរធ្វើអ្វីខ្លះ?
សម្រាប់កិច្ចផ្លាស់ប្តូរសិល្បៈរវាងជប៉ុន និងកម្ពុជា ខ្ញុំចង់ឱ្យមានការលើកកម្ពស់ច្រើនជាងនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះ Japan foundation ដែលបង្កើតឱ្យមានការផ្ដល់ជំនួយដល់សិល្បករនៅ
អាស៊ី ក៏ដូចជាផ្ដល់ជំនួយដល់រូបខ្ញុំឱ្យមានឱកាសដកពិសោធន៍ និងធ្វើដំណើរទៅប្រទេសជប៉ុនកន្លងទៅ។ នោះគឺពិតជាបច្ច័យដ៏វិសេសវិសាលមួយសម្រាប់រូបខ្ញុំផ្ទាល់ក្នុងការអភិវឌ្ឍខ្លួន និងស្នាដៃសិល្បៈរបស់ខ្ញុំផ្ទាល់។ ប៉ុន្តែ
ចំពោះការផ្លាស់ប្តូរស្នាដៃសិល្បៈវិញ គឺនៅមានកម្រិតនៅឡើយដែរ ដូច្នេះខ្ញុំចង់ឱ្យមានការផ្លាស់ប្តូរស្នាដៃសិល្បៈរវាងគ្នានឹងគ្នាឱ្យបានច្រើនថែមទៀត។ មានន័យថា យើងអាចអញ្ជើញសិល្បករពីជប៉ុនឱ្យជួបជាមួយសិល្បករខ្មែរ
ដើម្បីធ្វើគម្រោងណាមួយក្រោមការផ្គត់ផ្គង់ និងសម្របសម្រួលពី Japan Foundation ប៉ុន្តែយើងធ្វើនៅក្នុងគម្រោង Visual Arts ដដែល ឬក៏ការសម្ដែងជាដើម។ ខ្ញុំគិតថាវាជាចំណុចល្អមួយសម្រាប់សិល្បករដើម្បីបើកគំនិតបង្ហាញគ្នាទៅវិញទៅមក និងការធ្វើគម្រោងបង្កើតឱ្យមានជាសិក្ខាសាលាជាដើម។ ខ្ញុំយល់ថាសកម្មភាពទាំងនេះ នឹងនាំឱ្យមានការរឹតចំណងមិត្តភាពនិងលើកកម្ពស់សិល្បៈរវាងកម្ពុជា និងជប៉ុន
ឱ្យកាន់តែមានភាពប្រសើរឡើង៕

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 47】








この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles