គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ការស្វែងយល់ពីជ្រុងមួយអំពី “វប្បធម៌” ជប៉ុន – កម្ពុជា! ~ការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិជប៉ុន×ញញឹមខ្មែរ~
(ភាសាខ្មែរ) ការស្វែងយល់ពីជ្រុងមួយអំពី “វប្បធម៌” ជប៉ុន – កម្ពុជា! ~ការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិជប៉ុន×ញញឹមខ្មែរ~
2021.01.22

នៅពេលឮពាក្យ “វប្បធម៌ជប៉ុន” និង “វប្បធម៌ខ្មែរ” តើអ្នកនឹងស្រមៃឃើញអ្វីខ្លះ? វប្បធម៌គឺជាគុណតម្លៃ ដែលបង្កើតឡើងដោយមនុស្សជាតិ ហើយបានផ្សព្វផ្សាយដល់ពូជសាសន៍រស់នៅក្នុងតំបន់ ឬសង្គមមួយនោះ។ ជារៀងរាល់ថ្ងៃ យើងម្នាក់ៗបានចូលរួមក្នុងការបង្កើតឡើងនូវវប្បធម៌ថ្មីៗតាមរយៈរូបភាព និងសកម្មភាពផ្សេងៗ របស់យើងដោយការមើលមនុស្សរស់នៅក្បែរខាង ការយល់ដឹងពីអ្នកដទៃ និងការផ្សព្វផ្សាយនូវចំណេះដឹង ក៏ដូចជាគំនិតរបស់ខ្លួនដល់អ្នកដទៃជាដើម។ ជាផ្នែកមួយនៅក្នុងសកម្មភាពនៃ “ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ” មូលនិធិជប៉ុនដែលកំពុងធ្វើប្រតិបត្តិការផ្លាស់ប្តូរវប្បធម៌ជាមួយប្រទេសផ្សេងៗ និងចូលរួមអភិវឌ្ឍវប្បធម៌ថ្មី រួមជាមួយនឹងទស្សនាវដ្តីញញឹមខ្មែរ ដែលកំពុងផ្សព្វផ្សាយជូនដល់ប្រជាជនកម្ពុជាស្តីអំពី
ប្រទេសជប៉ុន បានរួមគ្នាដើម្បីធ្វើការណែនាំអំពីវប្បធម៌ជប៉ុននិងកម្ពុជាពីជ្រុងផ្សេងៗ។

ឆ្នាំនេះ ចំនួនភ្ញៀវទេសចរមកទស្សនាប្រាសាទអង្គរវត្ត បានធ្លាក់ចុះយ៉ាងខ្លាំងដោយសារឥទ្ធិពលជម្ងឺកូវីដ១៩។ សំបុត្រចូលទស្សនាដែលធ្លាប់លក់បានរហូតដល់ប្រមាណ ១៤,០០០ សន្លឹកក្នុងមួយថ្ងៃ បានធ្លាក់ចុះមិនដល់មួយរយសំបុត្រផងក្នុងមួយថ្ងៃៗ។ ទន្ទឹមនឹងនេះ មានអ្នកអភិរក្សប្រាសាទអង្គរវត្តនៅចាំយ៉ាងស្ងៀមស្ងាត់ ហាក់ដូចជាពួកគេកំពុងរៀបចំត្រៀមសម្រាប់ទទួលភ្ញៀវទេសចរណ៍ ដែលនឹងមកទស្សនាម្តងទៀតនៅថ្ងៃណាមួយ។ ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត ដែលកំពុងត្រូវបានជួសជុលដោយក្រុមការងារចម្រុះនៃប្រទេសកម្ពុជា និងជប៉ុន ជាផ្នែកមួយក្នុងចំណោមការងារជួសជុលស្តារឡើងវិញចំនួន
១៥កន្លែង នៃក្រុមបា្រសាទក្នុងតំបន់អង្គរ ។ ‹‹មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន›› (ខាងក្រោមហៅថាJFAC) កំពុងផ្តល់ជំនួយគាំទ្រ តាមរយៈ‹‹មជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវនិងបណ្ដុះបណ្ដាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វីយ៉ា›› (ខាងក្រោមហៅថា មជ្ឈមណ្ឌលអាស៊ីនៃសាកលវិទ្យាល័យសូហ្វីយ៉ា)។ យើងបានធ្វើការសាកសួរអគ្គនាយករងនិងមន្ត្រីអភិរក្សនៃអាជ្ញាធរជាតិអប្សរា ដែលកំពុងធ្វើការជាមួយជនជាតិជប៉ុន ជួសជុលថែរក្សាស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត។ ដោយចង់ដឹងថា បេសកកម្មរបស់ JFAC ដែលមានគោលបំណងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ និងការបង្កើតតម្លៃថ្មី កំពុងចេញជារូបរាងយ៉ាងណានោះ យើងបានធ្វើសម្ភាសជាមួយមន្រ្តីអភិរក្សមួយចំនួនដែលកំពុងបំពេញការងារនៅក្នុងកិច្ចការនេះ។

Q: ការជួសជុលប្រាសាទឡើងវិញគឺជាកិច្ចការដែលទាមទារនូវជំនាញឯកទេសខ្ពស់ ប៉ុន្តែតើកន្លងមក លោកបានទទួល
ការអប់រំ និងការបណ្តុះបណ្តាលដូចម្តេចដែរ?

លោក គឹម សុធិន អគ្គនាយករង ៖ «ក្នុងវិស័យអភិរក្សនិងជួសជុលប្រាសាទនេះ គឺទាមទារនូវបទពិសោធន៍ធ្វើផ្ទាល់ បន្ថែមពីលើចំណេះដឹងដែលបានសិក្សាស្រាវជ្រាវ។ ឧទាហរណ៍នៅពេលខ្ញុំសិក្សាផ្នែកបុរាណវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅភ្នំពេញរយៈពេល ៤ ឆ្នាំ ខ្ញុំបានរៀនថ្នាក់អប់រំពិសេសពីសាកលវិទ្យាល័យសូហ្វីយ៉ា ដែលបានចាប់ផ្តើមនៅឆ្នាំ១៩៩១ ដើម្បីទទួលបានចំណេះដឹងកម្រិតខ្ពស់បន្ថែមទៀត។ ក្រោយមកខ្ញុំបានទទួលនូវបទពិសោធន៍ក្នុងការជួសជុល និងធ្វើការសិក្សាកំណាយបុរាណវិទ្យាផ្ទាល់ នៅតាមប្រាសាទនានា មានបា្រសាទបន្ទាយឆ្មារក្នុងខេត្តបន្ទាយមានជ័យ ប្រាសាទបាពួននៅតំបន់បា្រសាទអង្គរ និងបា្រសាទហាន់ជ័យក្នុងខេត្តកំពង់ចាមជាដើម។ ពេលខ្លះខ្ញុំបានរៀនសូត្របច្ចេកទេសសម្រាប់ការជួសជុលប្រាសាទ ក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងតាមស្តង់ដារអន្តរជាតិ នៅតំបន់បា្រសាទអង្គរវត្តដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ ហើយពេលខ្លះទៀត ខ្ញុំបានធ្វើការស្រាវជ្រាវកំណាយបុរាណវិទ្យាយ៉ាងច្រើននៅប្រាសាទមួយចំនួនដែលមិនបានចុះបញ្ជី។ ខ្ញុំទទួលបានបទពិសោធន៍ជាច្រើន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនៅពេលនោះ ដូចជាការអនុវត្តជាក់ស្តែងនៃបច្ចេកវិទ្យាស្រាវជ្រាវសម្រាប់រុករកអដ្ឋិធាតុបុរាណវិទ្យានៅក្រោមដីដោយមិនត្រូវការជីកដី។ បន្ទាប់មក នៅឆ្នាំ២០១៩ ខ្ញុំបានចូលរួមជាមួយអាជ្ញាធរជាតិអប្សរាដែលជាស្ថាប័នរដ្ឋទទួលបន្ទុកអភិរក្ស និងគ្រប់គ្រងប្រាសាទបុរាណ ហើយបានចូលរួមក្នុងការគ្រប់គ្រងគម្រោងជួសជុលប្រាសាទទាំងមូលដោយប្រើប្រាស់នូវចំណេះដឹងដែលបានធ្វើផ្ទាល់កន្លងមក។»

លោក ម៉ៅ សុខនី មន្រ្តីឯកទេសស្ថាបត្យកម្ម ៖ «មានចំណេះជាច្រើនដែលអាចរៀនបានតែនៅនឹងកន្លែងអនុវត្តន៍ផ្ទាល់ប៉ុណ្ណោះ ហើយតាមរយៈការធ្វើការជាមួយអ្នកជំនាញក្នុងស្រុក និងបរទេសខ្ញុំបានរៀនបច្ចេកទេសផ្សេងៗពីពួកគាត់ ដូច្នេះការប្រើប្រាស់និងអនុវត្តបច្ចេកទេសទាំងនោះឱ្យសមស្របដោយខ្លួនឯងគឺជារឿងសំខាន់។ ខ្ញុំក៏បានចូលរួមជាស្នូលក្នុងការជួសជុលឡើងវិញនៃស្ពានហាលប្រាសាទបន្ទាយឆ្មារផងដែរ ដោយយកចំណេះដឹងដែលបានរៀនសូត្រពីការងារជួសជុលគ្រឹះ និងរក្សាជញ្ជាំងនៃស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្តទៅអនុវត្ត។»

Q: គេត្រូវការពេលវេលាច្រើនដើម្បីបណ្តុះបណ្តាលធនធានមនុស្សទាក់ទងនឹងការងារជួសជុលប្រាសាទ។ នៅប្រទេស
កម្ពុជាមានប្រាសាទបុរាណជាច្រើន តើអាជ្ញាធរជាតិអប្សរាមានធនធានមនុស្សគ្រប់គ្រាន់សម្រាប់ឆ្លើយតបដែរឬទេ?

លោក គឹម សុធិន អគ្គនាយករង ៖ «ការពិតទៅ ការរក្សានូវធនធានមនុស្សគឺស្ថិតនៅក្នុងស្ថានភាពលំបាក។ ដូចដែលខ្ញុំបានលើកឡើងខាងលើការអភិវឌ្ឍធនធានមនុស្សត្រូវការពេលវេលាច្រើនណាស់។ នៅក្នុងវិស័យស្ថាបត្យកម្ម បច្ចុប្បន្ន កម្ពុជាកំពុងប្រឈមមុខនឹងការកើនឡើងយ៉ាងខ្លាំងខាងផ្នែកសំណង់ ដែលមិនធ្លាប់មានពីមុនមក នេះជារឿងល្អសម្រាប់ប្រទេសកម្ពុជាទាំងមូល ប៉ុន្តែវិស្វករវ័យក្មេងតិចតួចណាស់ដែលព្យាយាមចូលរួមក្នុងគម្រោងកិច្ចការបុរាណវិទ្យា។ ម្យ៉ាងវិញទៀត គម្រោងជួសជុលប្រាសាទក្នុងតំបន់អង្គរ ក្រៅពីស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្តនៅមានច្រើនផ្សេងទៀត ប៉ុន្តែវិស្វករសំណង់ផ្នែករចនាសម្ព័ន្ធនៅក្នុងអាជ្ញាធរជាតិអប្សរាមាន តិចតួចណាស់ ។ក្នុងករណីចាំបាច់បំផុត យើងជួលវិស្វករជំនាញផ្សេងៗមកដើម្បីបំពេញតម្រូវការ។ នៅក្នុងស្ថានភាពខ្វះខាតធនធានមនុស្សដូចនេះ ការបញ្ជូនអ្នកជំនាញមកពីបរទេស និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានស្រាប់គឺជាគម្រោងមួយដ៏សំខាន់បំផុត។ ក្នុងមួយឆ្នាំម្តង មជ្ឈមណ្ឌលអាស៊ីនៃសាកលវិទ្យាល័យសូហ្វីយ៉ា បានផ្ដល់ឱកាសទទួលអ្នកជំនាញខ្មែរទៅបណ្តុះបណ្តាលនៅប្រទេសជប៉ុន ដែលនេះជាគម្រោងដ៏ប្រពៃលើក
ទឹកចិត្តយើងខ្ញុំយ៉ាងខ្លាំង។»

Q: តើបច្ចេកវិទ្យាអ្វីដែលលោកចង់រៀនជាពិសេសពីប្រទេសជប៉ុន?

លោក អន សុភាព មន្រ្តីជំនាញផ្នែកបុរាណវិទ្យា ៖ «ខ្ញុំចង់រៀនអំពីចំណេះដឹងកម្រិតខ្ពស់នៃវិធីសាស្រ្តអភិរក្សប្រាសាទពីប្រទេសជប៉ុន។ ម្យ៉ាងវិញទៀត ទោះបីជាសព្វថ្ងៃនេះចំនួនភ្ញៀវទេសចរមានការថយចុះដោយសារមេរោគកូរ៉ូណាក៏ពិតមែនហើយ កាលពីមុន ចំនួនភ្ញៀវទេសចរមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំរហូត។ ពេលមានភ្ញៀវទេសចរច្រើន រួមនិងកន្លែងទស្សនាស្ថិតនៅក្បែរការដ្ឋានដូចនេះ (តាមទ្រឹស្តី) ហានិភ័យនៃគ្រោះថ្នាក់នឹងកើនឡើងខ្ពស់ទៅតាមនោះដែរ។ ទន្ទឹមនឹងការធានាសុវត្ថិភាពភ្ញៀវទេសចរជាអាទិភាព យើងត្រូវស្វែងគិតអំពីវិធីអភិរក្សប្រាសាទដោយសុវត្ថិភាពដែរ។ ដូច្នេះទើបក្រោយពីការពិភាក្សាម្តងហើយម្តងទៀតជាមួយភាគីពាក់ព័ន្ធ ចាប់ពីខែឧសភា ឆ្នាំ២០១៧មក ផ្លូវឆ្លងស្ពានហាលខាងលិចនៃប្រាសាទ
អង្គរវត្តបានត្រូវបិទ ដោយសាងសង់ផ្លូវវាងបណ្តោះអាសន្ន (=ស្ពានអណ្តែតទឹក) ជាជំនួសវិញ ។ ចំណេះដឹងអំពីរបៀបគ្រប់គ្រងសុវត្ថិភាពនៅក្នុងដំណើរការនីមួយៗនៅការដ្ឋានពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់។ ខ្ញុំចង់រៀនវិធីអនុវត្តន៍ទាំងនេះពីប្រទេសជប៉ុន។»

លោក គឹម សុធិន អគ្គនាយករង ៖ «ខ្ញុំយល់ថា អាជ្ញាធរជាតិអប្សរា ត្រូវតែរៀនអំពីការគ្រប់គ្រងគម្រោងអោយបានច្បាស់លាស់។ គម្រោងជួសជុលប្រាសាទ ត្រូវតែមានទាំងការស្រាវជ្រាវ និងការសាងសង់។ ជាពិសេស ការស្រាវជ្រាវជាមុនមានលក្ខណៈស្មុគស្មាញច្រើន ហើយចំណាយពេលយូរជាងការគ្រោងទុកផងដែរ។ យ៉ាងណាមិញ ដោយសារយើងប្រើប្រាស់ថវិកាជាតិ យើងត្រូវទទួលខុសត្រូវចំពោះការប្រើប្រាស់ថវិកានេះ។ ខ្ញុំចង់សិក្សាអំពីវិធីសាស្រ្តល្អៗក្នុងការគ្រប់គ្រងមូលនិធិ និងវិធីធ្វើបទបង្ហាញអំពីគម្រោងជាដើម។»

Q: គម្រោងជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត មានរយៈពេលយូរ។ តើត្រូវចំណាយពេលទៅលើរឿងអ្វីខ្លះដែរ?

លោក អន សុភាព មន្រ្តីជំនាញផ្នែកបុរាណវិទ្យា ៖ «ផ្លូវស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្តមានប្រវែងសរុប ២០០ម៉ែត្រ ប៉ុន្តែមួយចំហៀងផ្នែកខាងស្តាំដែលមើលចំពីមុខត្រូវបានបារាំង (សាលាបារាំងចុងបូព៌ា) ជួសជុលនៅទសវត្សឆ្នាំ១៩៦០។ ឥឡូវយើងខ្ញុំកំពុងជួសជុលមួយចំហៀងផ្នែកខាងឆ្វេងឡើងវិញ។ ផ្នែកខាងឆ្វេងចាប់ពីចំណុចកណ្ដាលរហូតដល់ចំណុចបញ្ចប់ (ខាងកើត) ដែលមានប្រវែង១០០ម៉ែត្រ យើងបានជួសជុលឡើងវិញរួចរាល់នៅឆ្នាំ២០០៧ដោយចំណាយអស់រយៈពេលប្រមាណ ១០ ឆ្នាំ។ សព្វថ្ងៃនេះ យើងខ្ញុំកំពុងជួសជុលសំណល់១០០មែត្រទៀត ចាប់ពីច្រកចូល(ខាងលិច) ទៅដល់ចំណុចកណ្តាល។ ការចំណាយពេលយូរដើម្បីជួសជុលនេះ ព្រោះយើងខ្ញុំយកចិត្តទុកដាក់ឱ្យតម្លៃទៅលើភាពដើម (Authenticity) របស់ប្រាសាទ។ ទស្សនៈយើងខ្ញុំ គឺចង់បានការជួសជុលស្តារឡើងវិញមួយ ដែលប្រើបច្ចេកទេស និងវត្ថុធាតុដើមដែលបានប្រើនៅសម័យបុរាណ។ ការស្រាជ្រាវបឋម ថាតើបច្ចេកទេសនិងសម្ភារៈបុរាណប្រើប្រាស់នៅសម័យកាលនោះជាអ្វី? ថាតើរបៀបរៀបចំ រួមទាំងវិធីអនុវត្តការសាងសង់មានលក្ខណៈយ៉ាងណា? ទាំងនេះត្រូវការពេលវេលាច្រើន។ ក្នុងអំឡុងពេលនៃការងារជួសជុលឡើងវិញ យើងខ្ញុំក៏បានរកឃើញភ័ស្តុតាងដែលបង្ហាញថាមានការជួសជុលម្តងរួចមកហើយនាអតីតកាល។ សម្រាប់ការងារជួសជុលឡើងវិញសព្វថ្ងៃនេះ
យើងខ្ញុំបានសំរេចចិត្តជ្រើសរើសបច្ចេកវិទ្យាទំនើបសម្រាប់ជួយពង្រឹងផ្នែកខ្លះៗតែប៉ុណ្ណោះ ដោយយើងខ្ញុំមិនចង់អោយមានការបាត់បង់ប្រវត្តិសាស្រ្តទាំងស្រុងដែលមានពីអតីតកាលមកឡើយ។»

Q: តើបច្ចេកវិទ្យាទំនើបត្រូវបានទទួលយកមកអនុវត្តយ៉ាងដូចម្តេច?

«ដើម្បីរក្សាភាពដើមនៃសំណង់ យើងខ្ញុំថែរក្សាជញ្ជាំងស្ពានដដែលដោយមិនរុះរើទេ ប៉ុន្តែដោយត្រូវធ្វើការកែច្នៃដើម្បីចៀសវាងការដួលរលំយើងខ្ញុំបានចាក់ជញ្ជាំងប៉េតុងសណ្ឋានអក្សរ L នៅផ្នែកខាងក្នុងដើម្បីពង្រឹងជញ្ជាំងស្ពាន។ បច្ចេកទេសចាក់ជញ្ជាំងបេតុងសណ្ឋានអក្សរ L ដែលត្រូវបានប្រើនៅក្នុងគម្រោងនេះ បានប្រសូតចេញឡើងពីការប្ដូរយោបល់គ្នាពិចារណាយ៉ាងល្អិតល្អន់រវាងអ្នកជំនាញជប៉ុននិងអ្នកជំនាញអាជ្ញាធរជាតិអប្សរា ទៅលើលក្ខខណ្ឌផ្សេងៗ បន្ទាប់មកបានពិភាក្សាម្តងហើយម្តងទៀតជាមួយអ្នកជំនាញនៃអង្គការយូណេស្កូ រហូតទទួលបានការយល់ព្រមពីសន្និសីទអន្តរជាតិស្ដីពីអង្គរ។ ក្នុងអំឡុងពេលជួសជុល អ្នកជំនាញជប៉ុនជាច្រើនដែលមានបទពិសោធន៍ខ្ពស់ បានមកពិនិត្យការដ្ឋានផ្ទាល់ជាច្រើនដងដើម្បីជួយជ្រោមជ្រែងដល់អ្នកជំនាញអាជ្ញាធរជាតិអប្សរា។ នៅពេលកើតមានបញ្ហាដែលមិនអាចដោះស្រាយបានម្ដងៗ អ្នកជំនាញជប៉ុនរមែងស្នើ
ដំណោះស្រាយណាមួយ ហើយពេលខ្លះអ្នកទទួលបន្ទុកនៃអាជ្ញាធរជាតិអប្សរាបានស្នើតបនូវជម្រើសមួយផ្សេងវិញដោយថា “មានវិធីសាស្រ្តបែបនេះអនុវត្តនៅក្នុងប្រទេសកម្ពុជា” ហើយត្រូវបានភាគីទាំងពីរទទួលយក ដែលជាលទ្ធផល គឺទទួលបានជោគជ័យផងដែរ។»

Q: នេះពិតជាការផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមកជាក់ស្តែងមែន! និយាយអញ្ចឹង ការធ្វើការជាមួយជនជាតិជប៉ុនគឺមាន
ន័យថា លោកបានប្រឈមមុខនឹងវប្បធម៌ខុសប្លែកផ្សេងមួយ តើមានចំនុចពិបាកអ្វីខ្លះ? ហើយតើលោកទទួលបានអ្វីខ្លះ?

លោក អន សុភាព មន្ត្រីជំនាញផ្នែកបុរាណវិទ្យា ៖ «ដោយសារមានលោកគ្រូជាច្រើននៅសាកលវិទ្យាល័យសូហ្វីយ៉ា បំរើការក្នុងគម្រោងនេះធ្លាប់ស្នាក់នៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ ដូច្នេះពួកគាត់មានការយល់ដឹងច្រើនអំពីវប្បធម៌និងជនជាតិកម្ពុជា ធ្វើឱ្យខ្ញុំយល់ឃើញថានេះជាកត្តាមួយបង្កភាពងាយស្រួលក្នុងការទាក់ទងគ្នា។ ដូច្នេះខ្ញុំមិនមានបញ្ហាអ្វីជាមួយវប្បធម៌ខុសគ្នានោះទេ។ ចំពោះអ្វីដែលខ្ញុំបានទទួលនោះគឺ ការដែលជនជាតិជប៉ុនតែងតែរៀបចំការប្រជុំពិគ្រោះគ្នាជាមួយភាគីពាក់ព័ន្ធជានិច្ច មុនពេលធ្វើអ្វីមួយ។ នៅក្នុងអង្គប្រជុំត្រូវមានការសម្រេចច្បាស់លាស់អំពីអ្វីដែលត្រូវធ្វើ ហើយត្រូវអនុវត្តទៅតាមអ្វីដែលបានសម្រេចនោះ។ ដូច្នេះខ្ញុំមានអារម្មណ៍ថា ទោះបីជាក្នុងរយៈពេលខ្លីក្ដី ការងារអាចប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពបាន។ វិធីធ្វើការនេះ ជាគំរូដ៏ល្អប្រសើរណាស់។»

Q: ក្នុងស្ថានភាពពិបាកក្នុងការរក្សានូវធនធានមនុស្ស ភារកិច្ចនិងបញ្ហានានាដែលបុគ្គលិកម្នាក់ៗជួបប្រទះមានទំហំធំ
និងពិបាក ដូច្នេះតើលោកគិតដូចម្តេចខ្លះក្នុងការចាត់ចែងការងារទាំងនេះ?

លោក គឹម សុធិន អគ្គនាយករង ៖ «នៅក្នុងការងារ ខ្ញុំរមែងគិតថា ប្រាសាទអង្គរវត្តនិងប្រាសាទដទៃទៀតគឺជាមរតក ដែលបុព្វបុរសយើងបានកសាងទុកមក ដូច្នេះខ្ញុំមិនអាចទ្រាំមើលបណ្ដោយឱ្យមរតកនេះបាត់បង់ទៅវិញបាននោះទេ។ លើសពីនេះទៅទៀត បច្ចេកទេសស្ថាបត្យកម្មបុរាណផ្សេងៗដូចជា វិធីសាស្ត្រ​ ផ្គុំថ្មប្រើប្រាស់នៅប្រាសាទអង្គរវត្តជាដើម បានទាក់ទាញអ្នកស្រាវជ្រាវទូទាំងពិភពលោក មានបារាំងជាអាទិ។ ជនជាតិខ្មែរបានប្រាស្រ័យទាក់ទងជាមួយប្រទេសឥណ្ឌូណេស៊ីតាំងពីសម័យអង្គរ ហើយនៅដើមពាក់កណ្តាលសតវត្សទី ២០ ក៏មានប្រវត្តិសាស្ត្រដែលថាមានជនជាតិបារាំងបានសិក្សាបច្ចេកទេសជួសជុលប្រាសាទប្រាំបាណាន យកមកអនុវត្តនៅប្រាសាទខ្លះក្នុងតំបន់អង្គរផងដែរ។ អ្នកជំនាញខាងបុរាណវិទ្យាជាច្រើនមកពីអាស៊ីអាគ្នេយ៍ដូចជា ថៃ និងវៀតណាមជាដើម ក៏បានមកទស្សនាអង្គរ ហើយបានបង្កើតឡើងនូវឱកាសសិក្សាពីគ្នាទៅវិញទៅមក។
នេះជាមោទនភាពមួយសម្រាប់យើងខ្ញុំ ដូច្នេះយើងខ្ញុំនឹងបន្តថែរក្សាមរតកទាំងនេះទៅថ្ងៃមុខទៀត»៕
សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 43】









この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles