គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ពិភពនំជប៉ុន (នំសម្រន់ប្រចាំថ្ងៃ) 【Special】
(ភាសាខ្មែរ) ពិភពនំជប៉ុន  (នំសម្រន់ប្រចាំថ្ងៃ)    【Special】
2019.09.21

នំជប៉ុនដែលគេនិយមចូលចិត្តប្រចាំថ្ងៃមាននំប្រភេទផ្អែមនិងប្រៃ ដូចជា ៖

នំពុម្ពរូបត្រីស្នូលសណ្តែកផ្អែម たい焼き Taiyaki

ជានំពិសេសដែលមានរាងជារូបត្រីគល់រាំងជប៉ុនហៅថាត្រី Tai ។ នំនេះគេដុតដោយបន្ទះដែកពីរបន្ទដែលមានរាងជារូបត្រីគល់រាំង ហើយចាក់ម្សៅនំធ្វើពីអង្ករស្រូវសាលីនិងមានស្នូលខាងក្នុង។ គេនិយាយថា កាលពីជាង១០០ឆ្នាំមុន នំនេះត្រូវបានគេធ្វើឡើង ដំបូងជានំបន្ទះដែកដុតមានរាងផ្សេងៗ តែដោយនៅប្រទេសជប៉ុនត្រីគល់រាំងត្រូវបានគេជឿថា ជាត្រីនាំសំណាងល្អដល់មនុស្សគ្រប់គ្នា ទើបនំរូបត្រីនេះត្រូវបានគេធ្វើឡើងរហូតមកដល់បច្ចុប្បន្ន។ សព្វថ្ងៃមានហាងជំនាញលក់នំនេះជាច្រើនកន្លែង ហើយក៏មានតូបលក់នំនេះនៅមុខផ្សារទំនើប និងនៅក្នុងពិធីបុណ្យនានាផងដែរ។ ថ្មីៗនេះ មិនត្រឹមតែនំស្នូលសណ្តែកប៉ុណ្ណោះទេ មានស្នូលរសជាតិផ្សេងដូចជា ស្នូលសូកូឡា និង Custard cream ជាដើមផងដែរ។

នំចង្កាក់​ម្សៅអង្ករ 串団子 Kushi-dango

 

ជានំដែលងាយញុំាមួយប្រភេទក្នុងចំណោមនំជប៉ុនផ្សេងៗដែលធ្វើដោយម្សៅអង្ករមូលៗដោតជាចង្កាក់។ នំម្សៅអង្ករមូលៗដោតជាចង្កាក់ដែលមានរសជាតិប្រៃផ្អែមគេហៅថា“Mitarashi” ហើយមានច្រើនប្រភេទនិងរសជាតិសំបូរបែបផ្សេងៗទៀតដូចជា ប្រភេទមានស្នូលសណ្តែកផ្អែមលាបពីលើ ប្រភេទលាយជាមួយស្លឹក Yomogi និងប្រភេទដុតដោយលាបទឹកស៊ីអុីវជាដើម។ គេនិយាយថានំនេះ មានប្រភពតាំងពីសម័យកាលបុរាណឈ្មោះថាសម័យ Jomon មកម្លេះ ហើយនំនេះក៏ត្រូវបានគេគូសនៅក្នុងគំនូរចម្លាក់ឈើបែបជប៉ុនកាលពីប៉ុន្មានរយឆ្នាំមុនមកម្លេះ ជានំដែលជនជាតិជប៉ុននិយមចូលចិត្តតាំងពីបុរាណកាល។

នំ​ប្រៃអង្ករដំ​ណើប おかき Okaki

ជានំដែលធ្វើដោយដុតឬអាំងដោយបុកម្សៅនំធ្វើពីអង្ករដំណើប។ មានរសជាតិទឹកស៊ីអ៊ីវ និងអំបិលច្រើនដូចនំ Senbei ដែរ។ ម្យ៉ាងទៀតក៏មានប្រភេទរសជាតិដែលបានមកពីការលាយគ្រឿងពី សារាយសមុទ្រ និងបង្គាផងដែរ។ នំបន្ទះតូចៗគេហៅថា  “Arare” ហើយនៅថ្ងៃបុណ្យបួងសួងការធំលូតលាស់នៃក្មេងស្រីដែលគេហៅថា  “Momo-no-sekku” នេះ គេមានទំលាប់ញ៉ាំនិងហៅនំនេះថា “Hina-arare”។

នំ​ប្រៃអង្ករ 煎餅 Senbei

 

​ជានំដុតពីអង្ករស្អិតជាបន្ទះសំប៉ែតៗ។ មានរសជាតិទឹកស៊ីអ៊ីវនិងរសជាតិអំបិលជាដើម។ ជានំញ៉ាំសម្រន់បុរាណមួយរបស់ជប៉ុន ដែលគេចូលចិត្តញ៉ាំនៅផ្ទះជាមួយតែ ហើយមានលក់ជាកញ្ចប់ៗនៅផ្សារទំនើបជាដើមផងដែរ។

ស្ករគ្រាប់​ប្រ​ពៃណីជប៉ុន 金太郎飴 Kintaro-ame

ជាស្ករគ្រាប់ប្រពៃណីបែបជប៉ុនដែលធ្វើឡើងកាលពីប៉ុន្មានរយឆ្នាំមុន។ មានឈ្មោះដែលគេស្គាល់ជាទូទៅថា “Kumi-ame” ហើយគេធ្វើជារូបផ្សេងៗ ដោយយកស្ករដែលមានសភាពនៅទន់ស្អិតមានពណ៌ផ្សេងៗត្រួតលើគ្នា។ ជាដំបូងគេធ្វើជាបំពង់ធំដែលមានទំហំ៣ឬ៤សង់ទីមែត្រ ហើយបន្ទាប់ពីទាញវាឲ្យវែងៗរួចមក គេកាត់វាជាទំហំដែលងាយញុំា។ ធ្វើដូច្នេះ ដូចជាមានអ្វីពិសេស គឺឃើញមានរូបដូចគ្នា ទោះបីជាគេកាត់វាប៉ុន្មានដងហើយក៏ដោយ។ ស្ករគ្រាប់នេះមានរូបតុកក្តាឈ្មោះថា “Kintaro” ដែលមាននៅក្នុងរឿងព្រេងបុរាណជប៉ុន ហើយរូបស្ករគ្រាប់នេះបានល្បីទូទាំងប្រទេសជប៉ុន ក៏ប៉ុន្តែបច្ចុប្បន្នស្ករគ្រាប់នេះត្រូវបានគេធ្វើជារូបផ្សេងៗដូចជា ផ្កា សត្វ និងអក្សរជាដើម។

NyoNyum Khmer No.35







この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles