គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ឥទ្ធិពលភាសាអង់គ្លេសលើសំណេរភាសាខ្មែរបច្ចុប្បន្ន
(ភាសាខ្មែរ) ឥទ្ធិពលភាសាអង់គ្លេសលើសំណេរភាសាខ្មែរបច្ចុប្បន្ន
2021.05.28

ខ្ញុំបាទឈ្មោះ ឈឺន ឈន់ បច្ចុប្បន្ន ជានិស្សិតឆ្នាំទី៤ ថ្នាក់បរិញ្ញាបត្រផ្នែកភាសាវិទ្យានៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងអំឡុងពេលហាត់ការងារនៅក្នុងក្រុមហ៊ុនបោះពុម្ពផ្សាយទស្សនាវដ្តីញញឹមរយៈពេលកន្លងមកនេះ ខ្ញុំបានរៀន និងស្វែងយល់អំពីការងារថ្មីៗទាក់ទងនឹងដំណើរការចុះផ្សាយរបស់ទស្សនាវដ្តីនេះ។ នៅក្នុងការងារកំណែអក្ខរាវិរុទ្ធ និងកែអត្ថបទបកប្រែមួយចំនួននៅទីនេះ បានជួយផ្ដល់ចំណេះដឹងអំពីសំណេរអត្ថបទភាសាខ្មែរ និងបានជួយឱ្យខ្ញុំផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់ពាក្យពេចន៍ ឃ្លា និងប្រយោគភាសាខ្មែរបន្ថែមទៀត។

ឆ្លងកាត់បទពិសោធន៍ខាងលើ ខ្ញុំបាទសង្កេតឃើញថា ការប្រើប្រាស់ពាក្យពេចន៍ក្នុងរចនាសម្ព័ន្ធសំណង់ប្រយោគភាសាខ្មែរបច្ចុប្បន្ន ដែលមានដូចជាទម្រង់៖ «បានកំពុង បាននឹងកំពុង» និង «ត្រូវបាន» ជាដើម ហាក់ដូចជាពេញនិយមនៅក្នុងសំណេរភាសាខ្មែរបច្ចុប្បន្ន។ ជាទូទៅ ទម្រង់ខាងលើនេះ គេប្រើច្រើននៅក្នុងសារព័ត៌មាន និងស្ថាប័នរដ្ឋមួយចំនួនផងដែរ។

តាមការសង្កេតរបស់ខ្ញុំ ឥទ្ធិពលនៃការប្រើប្រាស់សំណង់ល្បះ ឬសំណង់ប្រយោគខាងលើនេះ ទំនងជាទទួលឥទ្ធិពលមកពីទម្រង់វេយ្យករណ៍ និងកាលមួយចំនួនរបស់ភាសាអង់គ្លេស។ ជាក់ស្តែង ទម្រង់ Present Perfect Continuous Tense គេប្រើសម្រាប់បង្ហាញពីការប្រព្រឹត្តអ្វីមួយនៅក្នុងអតីតកាល ហើយវាបន្តមកដល់បច្ចុប្បន្ន។ ឧទារណ៍៖ I have been studying at my room since the morning. ឧទាហរណ៍នេះ​ ជាទូទៅគេប្រែមកជាខ្មែរថា៖ ខ្ញុំបានកំពុង ឬបាននឹងកំពុងរៀននៅក្នុងបន្ទប់របស់ខ្ញុំតាំងតែពីព្រឹក។ នេះគឺគេចង់មានន័យថា គេរៀនតាំងតែពីព្រឹក រហូតមកដល់ពេលគេកំពុងនិយាយប្រយោគនេះ ក៏គេនៅតែបន្តរៀនដដែល។

នៅក្នុងភាសាអង់គ្លេសមានទម្រង់កាលធំៗចំនួន ១២​ ។ ទម្រង់ប្រយោគនីមួយៗ ព្រមទាំងកិរិយាស័ព្ទផងគឺមានការប្រែប្រួលទៅតាមកាលទាំងនោះ។ ជាក់ស្ដែកដូចជាទម្រង់របស់កាល Present Perfect Continuous Tense ដូចនិយាយខាងលើនេះគឺកំណត់ដោយទម្រង់៖ ប្រធាន + have/has + been + កិរិយាស័ព្ទ(ទម្រង់ ing) + កម្មបទ។ ទម្រង់កាលនេះ គឺគេប្រើសម្រាប់បញ្ជាក់ពីការធ្វើអ្វីមួយនៅក្នុងអតីតកាល ហើយសកម្មភាពនោះបន្តប្រព្រឹត្តិមកដល់បច្ចុប្បន្នកាល។​ យ៉ាងណាមិញ នៅក្នុងវេយ្យករណ៍ភាសាខ្មែរយើងវិញ គឺពុំមានការបែងចែកកាលនោះទេ ហើយក៏គ្មានទម្រង់ដែលបញ្ជាក់ពីកាលដូចភាសាអង់គ្លេសនេះដែរ គឺមានតែន័យរបស់ពាក្យតែប៉ុណ្ណោះ ដែលអាចបញ្ជាក់ពីកាល។  ដូច្នេះចំពោះឧទាហរណ៍ខាងលើនេះ ជាភាសាខ្មែរយើងអាចនិយាយបានថា៖ ខ្ញុំបានរៀននៅក្នុងបន្ទប់របស់ខ្ញុំតាំងតែពីព្រឹករហូតមក។ ពាក្យ “រហូតមក” នៅទីនេះគឺអាចបញ្ជាក់ពីអត្ថន័យនៃទម្រង់កាលរបស់ភាសាអង់គ្លេសលើកឡើងខាងលើ។

និយាយអំពីកន្សោមពាក្យ «ត្រូវបាន» វិញម្ដង។ កន្សោមពាក្យនេះក៏ពេញនិយមផងដែរ នៅក្នុងសំណង់ល្បះភាសាខ្មែរ។ តាមពិតទៅ កន្សោមពាក្យ «ត្រូវបាន» ទើបតែមានវត្តមានក្នុងរចនាសម្ព័ន្ធសំណង់ល្បះខ្មែរ នៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះទេ។ ពោលគឺទម្រង់នេះ មានវត្តមានក្នុងរចនាសម្ព័ន្ធល្បះខ្មែរនៅសម័យ អ៊ុន កាត់(១៩៩២-១៩៩៣)។ បើយើងក្រឡេកមើលទិដ្ឋភាពនៃការប្រើប្រាស់ពាក្យពេចន៍ក្នុងរចនាសម្ព័ន្ធល្បះខ្មែរ នៅក្នុងសារព័ត៌មានដូចជា ការចុះផ្សាយរបស់កាសែត នៅអំឡុងឆ្នាំ១៩៩៧០ -៧៣ យើងសង្កេតឃើញថា​មិនមានវត្តមានកន្សោមពាក្យ «ត្រូវបាន» នេះប្រើក្នុងល្បះខ្មែរទេ។ នេះបើយោងតាម បណ្ដុំអត្ថបទដកស្រង់ចំនួន ២០០ របស់បណ្ឌិត ឌុក រ៉ាស៊ី ដែលបានដកស្រង់អត្ថបទនានាពីស្ថាប័នកាសែតសង្គ្រោះជាតិ កាសែតសង្គ្រោះខ្មែរ និងកាសែតខ្មែរឯករាជ្យ។ ថ្វីដ្បិតតែការប្រៀបធៀបនេះ មានគម្លាតឆ្នាំឆ្ងាយពីបច្ចុប្បន្ននេះបន្តិចក្តី ប៉ុន្តែវាក៏ជាទឡ្ហីករណ៍មួយដែលអាចបញ្ជាក់បានថាកន្សោមពាក្យ «ត្រូវបាន» នេះ មិនមានវត្តមាននៅក្នុងសំណង់ល្បះខ្មែរពីមុនមកឡើយ។

មែនទែនទៅកន្សោមពាក្យ «ត្រូវបាន» ពុំប្រើនៅក្នុងល្បះភាសាខ្មែរក៏បាន ព្រោះយើងសង្កេតឃើញថា ​ឃ្លា ឬប្រយោគដែលប្រើកន្សោមពាក្យ «ត្រូវបាន»  នៅពេលដែលយើងដកកន្សោមពាក្យ «ត្រូវបាន» នេះចេញ ក៏នៅតែស្ដាប់ន័យបានដដែល។ ឧទារណ៍៖

  • រោងភាពយន្តខ្មែរត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ → ​​រោងភាពយន្តខ្មែរបានផ្អាកជាបណ្ដោះអាសន្ន។
  • ខណៈរោងភាពយន្ដមួយចំនួនត្រូវបានបើកជាបន្តបន្ទាប់… → ខណៈរោងភាពយន្ដមួយចំនួនបានបើកជាបន្តបន្ទាប់…

ដូច្នេះ យោងតាមឧទាហរណ៍បានលើកឡើងខាងលើ ទោះយើងមិនប្រើកន្សោមពាក្យ «ត្រូវបាន» ក៏យើងនៅតែស្ដាប់យល់ន័យបានដដែល។

ការប្រើកន្សោមពាក្យ «ត្រូវបាន» នេះ ទំនងជាមានទំនោរមកពីសំណង់ល្បះភាសាអង់គ្លេសទម្រង់ល្បះកម្ម(Passive) ។ មានអត្ថបទសារព័ត៌មានមួយចំនួន បានបកប្រែអត្ថបទពីភាសាបរទេស ជាពិសេស គឺភាសាអង់គ្លេស។ ដូច្នេះទម្រង់នៃការប្រើកន្សោមពាក្យ «ត្រូវបាន» នេះ គេនិយមប្រើសម្រាប់ទម្រង់ល្បះកម្ម (Passive) ឱ្យស្របទៅនឹងភាសាអង់គ្លេសនោះ។  ទម្រង់នេះ ជាទូទៅគេស្គាល់ថាជាទម្រង់មួយដែលប្រធានទទួលរង់អំពើពីកម្មបទ ឬកម្មបទជាអ្នកធ្វើអំពើទៅលើប្រធាន។ ឧទាហរណ៍៖ Grass is eaten by cow. ប្រែថា៖ ស្មៅត្រូវបានស៊ីដោយសត្វគោ។ → ស្មៅត្រូវស៊ីដោយសត្វគោ។

តាមពិតទៅ ក្នុងភាសាខ្មែរមិនមានបច្ចេកសព្ទសម្រាប់សងទម្រង់Passiveនេះទេ ទើបខ្មែរបង្កើតបច្ចេកសព្ទមួយដែលយើងតែងតែហៅថា «ល្បះកម្ម»ដើម្បីសងពាក្យ Passiveនេះឯង។ យោងតាមសៀវភៅសំណង់ល្បះខ្មែរ ហាក់ សុកហ៊ី ចុះផ្សាយឆ្នាំ២០១២ ដោយវិទ្យាស្ថានជាតិអប់រំ ពន្យល់ថាល្បះកម្ម គឺជាល្បះដែលប្រធានទទួលរងអំពើពីកម្មបទ ។ប៉ុន្តែគ្រប់ឧទាហរណ៍ក្នុងសៀវភៅនោះ ពុំឃើញមានប្រើកន្សោមពាក្យ «ត្រូវបាន» នោះទេ។ ម៉្យាងទៀត បើទោះបីជាការពន្យល់របស់ លោក ហាក់ សុកហ៊ី មិនបានប្រាប់ថា ល្បះកម្ម មានប្រភពមកពីណាក៏ដោយ ក៏យើងនៅតែអាចសន្និដ្ឋានបានថាល្បះកម្មនេះរងឥទ្ធិពលពីភាសាបរទេស ដ្បិតពីមុនមកពុំឃើញមានទម្រង់នេះប្រើក្នុងភាសាខ្មែរឡើយ ហើយនៅក្នុងសៀវភៅវេយ្យករណ៍ភាសាខ្មែររបស់បណ្ឌិត ឃឹន សុខ បោះពុម្ភនៅឆ្នាំ២០០៧ ដោយរាជបណ្ឌិតសភាកម្ពុជា ក៏បានពន្យល់ដែរថា នៅក្នុងភាសាខ្មែរមានតែប្រភេទល្បះប្រធានជាអ្នកធ្វើអំពើតែប៉ុណ្ណោះ។
ជារួម ចំពោះការពន្យល់បកស្រាយខាងលើ ខ្ញុំមិនបានកំណត់ថា ការប្រើប្រាស់ទម្រង់ «បានកំពុង បាននឹងកំពុង» និង «ត្រូវបាន» ជារឿងខុសនោះទេ ហើយខ្ញុំក៏គ្មានបំណង់បង្អាក់ភាសាជាតិមិនឱ្យអភិវឌ្ឍន៍នោះដែរ។ ប៉ុន្តែខ្ញុំចង់ឱ្យប្រិយមិត្តពិចារណាថា ការអភិវឌ្ឍ និងការចម្លងពីអ្នកដទៃ មកធ្វើជារបស់ថ្មីក្នុងបរិបទភាសាខ្លួនជារឿងដូចគ្នាដែរ ឬទេ?នេះគ្រាន់តែជាទឡ្ហីករណ៍តូចមួយ ក្នុងចំណោមទឡ្ហីករណ៍ផ្សេងទៀត ហើយវាក៏ជាការយល់ឃើញពីជ្រុងមួយនៃគំនិតខ្ញុំតែប៉ុណ្ណោះ។ ជាក់ស្ដែង ក្នុងវេយ្យករណ៍ភាសាខ្មែរពុំមានការបែងចែកទម្រង់កាលដូចភាសាអង់គ្លេសទេ ប៉ុន្តែមានពាក្យប្រើសម្រាប់កំណត់កាលទាំងនោះច្បាស់លាស់ រួមទាំងទម្រង់ល្បះកម្មក៏ពុំសូវឃើញគេប្រើនៅក្នុងភាសាខ្មែរសម័យមុនមកផង ដូច្នេះខ្ញុំគិតថាមិនគួរប្រើកន្សោមទាំងនេះមកជំនួយក្នុងល្បះខ្មែរឡើយ ព្រោះចៀសវៀងគេថាយើងយកគំរូតាមភាសាគេ។ និយាយឱ្យខ្លី ការនិយមសិក្សាភាសាបរទេសច្រើនជារឿងល្អ តែបើសិក្សារហូតភ្លេចពីភាសាកំណើតរបស់ខ្លួន រួមទាំងការព្រងើយកន្តើយមិនឱ្យតម្លៃលើភាសាជាតិខ្លួនផង​នោះ អាចនាំឱ្យយើងបាត់បង់នូវអត្តសញ្ញាណដើមរបស់ភាសាខ្មែរបានដោយមិនដឹងខ្លួន៕
សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 45】










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles