គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) តើអ្វីដែលធ្វើឱ្យអ្នកនឹកឃើញនៅក្នុងថ្ងៃបុណ្យណូអែល? 【ខ្មែរ vs ជប៉ុន】
(ភាសាខ្មែរ) តើអ្វីដែលធ្វើឱ្យអ្នកនឹកឃើញនៅក្នុងថ្ងៃបុណ្យណូអែល? 【ខ្មែរ vs ជប៉ុន】
2019.11.26

ការឈានចូលនៃពិធីបុណ្យណូអែល នឹងបង្ហាញពីអារម្មណ៍សប្បាយរីករាយមួយបែប ដែលធ្វើអោយពួកយើងនឹកឃើញ នូវរឿងរ៉ាវចាស់ៗ បទពិសោធន៍សប្បាយរីករាយនានា កាលពីវ័យកុមារភាពជាដើម។ ទស្សនាវដ្តីញញឹមលើកនេះបានសំភាសន៍ អំពីអារម្មណ៍និងការចងចាំខ្លះៗនៅក្នុងពិធីបុណ្យណូអែល ពីសំណាក់សិស្សនិស្សិត និងអ្នកបំរើការងារមួយចំនួន ដែលមានការចងចាំផ្សេងៗជាមួយពិធីបុណ្យនេះ។

តើអ្នកមានការចងចាំអ្វីពិសេស ក្នុងបុណ្យនេះដែរឬទេ? តោះអានកំសាន្ត ពីបទពិសោធន៍របស់ពួកគាត់ទាំងអស់គ្នា!!

ជនជាតិខ្មែរ

ការប្តូរវត្ថុអនុស្សាវរីយ

ឈ្មោះ : ភោគ តុលា

ភេទ : ប្រុស

អាយុ : ៣៣ឆ្នាំ

ការងារ : គ្រូកម្រិតឧត្តម

ការលេង ដូរកាដូរគ្នា គឺរលឹកឱ្យខ្ញុំនឹកឃើញថ្ងៃ គ្រឹស្តស្មាស់។ កាលនៅក្មេងៗ ឲ្យតែដល់ពិធីបុណ្យនេះ គឺនៅតាមវិហារ យេស៊ូ តែងអនុញ្ញាតឲ្យក្មេង លេងដូរកាដូគ្នា។ ការលេងបែបនេះ គឹដូចជាការប្ដូរវត្ថុអនុស្សាវរីយគ្នាទៅវិញទៅមកអញ្ចឹង… ឲ្យតែដល់បុណ្យនេះម្តងៗ មិត្តភក្តិតែងតែបបួលលេងជាមួយជានិច្ច។ ជួនកាលលេងនៅវិហារ ជួនកាល នាំគ្នាលេងនៅផ្ទះមិត្តភក្តិក៏មាន។

ការប្តូរស្ករគ្រាប់

ឈ្មោះ : លោក ថាន់ កាណាល់

ភេទ : ប្រុស

អាយុ : ២២ឆ្នាំ

ការងារ : គ្រូបង្វឹកអំណាន

អោយតែពេលបុណ្យគ្រឹស្តស្មាស់ម្តងៗ ខ្ញុំនឹកឃើញកាលនៅវិទ្យាល័យពេលគេដូរស្ករគ្រាប់គ្នា។ ដោយសារកាលហ្នឹង មិនសូវមានលុយ មានតែទិញស្ករគ្រាប់ឱ្យគេ ហើយគេអោយសងមកយើងវិញ។ ភាគច្រើនខ្ញុំអោយគេគឺ Milkita តែបើគេឱ្យមកវិញគឺស្ករមានផ្លែអំពិល។

ការប្តូរកាដូ និងទៅញ៉ាំអ្វីជុំគ្នា

ឈ្មោះ : ឈ្មោះ អៅ ច័ន្ទសុធារៈ

ភេទ : ប្រុស

អាយុ : ១៩ឆ្នាំ

ការងារ :  និស្សិត

បុណ្យគ្រឹស្តស្មាស់ ជាបុណ្យដែលខ្ញុំចូលចិត្តជាងគេ ក្នុងចំណោមបុណ្យបរទេសផ្សេងៗនៅកម្ពុជា។ ក្នុងពេលមានបុណ្យនេះ ខ្ញុំតែងតែនឹកឃើញដល់ការដូរកាដូ និងទៅញាំអ្វីជុំគ្នាជាមួយមិត្តភក្តិ។ ជាពិសេសគឺពួកយើងតែងលេងប៉ាតម្សៅ ដើម្បីអោយបរិយាកាសកាន់តែសប្បាយរីករាយ។

ប្តូរកាដូ និងចែកស្ករគ្រាប់

ឈ្មោះ : អ៊ុន​ ​យូវនាថ

ភេទ ​: ស្រី

អាយុ : ​១៩ឆ្នាំ

ការងារ : និស្សិត

ចំពោះខ្ញុំផ្ទាល់ តាំងពីរៀននៅបឋមសិក្សា បុណ្យ​គ្រឹស្តស្មាស់ជាបុណ្យមួយដែលខ្ញុំទន្ទឹងរងចាំឱ្យឆាប់មកដល់ឆាប់ៗ។ ពីព្រោះនៅពេលមានពិធីបុណ្យម្តងៗ ខ្ញុំនិងមិត្តខ្ញុំតែងបបួលគ្នាលេងដូរកាដូ​ និងចែកស្ករគ្រាប់​ ក៏ដូចជាការសរសេរពាក្យជូនឱ្យគ្នាទៅវិញទៅមក។ បុណ្យ​គ្រឹស្តស្មាស់ជាបុណ្យដែលធ្វើឱ្យនាងខ្ញុំនឹកឃើញអនុស្សាវរីយ៍ជាច្រើនជាមួយមិត្តរួមថ្នាក់។

ការច្រៀងចម្រៀងរួមគ្នា

ឈ្មោះ : ប៉ុក លីអ័រ

ភេទ : ស្រី

អាយុ : ២០ឆ្នាំ

ការងារ : និស្សិត

ការច្រៀងចម្រៀងរួមគ្នានៅថ្ងៃបុណ្យគ្រឹស្តស្មាស់គឺជាអនុស្សាវរីយ៍ដ៏ល្អចំពោះខ្ញុំ។ វាពិតជារីករាយនិងធ្វើអោយពួកយើងចេះសហការណ៍គ្នាផងដែរ។ ខ្ញុំបានចូលរួមក្នុងកម្មវិធីនេះតាមរយ:អ្នកគ្រូជនជាតិកូរ៉េម្នាក់ ហើយខ្ញុំសង្ឃឹមថានឹងបានជួបគាត់ម្តងទៀតនៅបុណ្យគ្រឹស្តស្មាស់លើកក្រោយទៀត។

ជាថ្ងៃបុណ្យសាសនា

ឈ្មោះ : ស៊ុន គឹមសៀង

ភេទ : ស្រី

អាយុ  : ២៥ឆ្នាំ

ការងារ : ធ្វើការនៅNGO

បើនិយាយពីថ្ងៃគ្រឹស្តស្មាស់ នាងខ្ញុំនឹកឃើញថា វាជាថ្ងៃបុណ្យសាសនារបស់ប្រទេសមួយចំនួន ដែលមិនមែនជាថ្ងៃបុណ្យ ឬថ្ងៃឈប់សំរាករបស់ប្រទេសកម្ពុជាទេ។ ប៉ុន្តែដោយសារមានប្រជាជនបរទេសជាច្រើនបានប្រារព្ធវានៅប្រទេសកម្ពុជា ទើបធ្វើអោយយុវជនខ្មែរមួយចំនួនធំយល់ច្រលំវប្បធម៌មួយនេះ ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជនជាតិជប៉ុន

ថ្ងៃកំណើតនិងបុណ្យណូអែល

ឈ្មោះ : HANAMOTO Takuma

ភេទ : ប្រុស

អាយុ : ២០ឆ្នាំ

ការងារ : និស្សិត

ខ្ញុំចំណាយពេលបុណ្យណូអែលដែលជាថ្ងៃពិសសេសជាមួយក្រុមគ្រួសារ។ ថ្ងៃកំណើតរបស់ខ្ញុំ ជិតនឹងថ្ងៃ​បុណ្យណូអែល ដូច្នេះ រាល់ឆ្នាំយើងធ្វើពិធីបុណ្យណូអែល និងពិធីខួបកំណើតជាមួយគ្នា។ ទទួលទានសាច់មាន់ នំ Cake ណូអែល និងនំ Cake ខួបកំណើត ហើយចំណាយពេលវេលារីករាយជាមួយក្រុមគ្រួសារ។ មានពិធីបុណ្យណូអែលនៅឆ្នាំមួយនោះ នំ Cake មានតែមួយ ហើយពុំមានម្ហូបពិសេសឡើយ។ នៅពេលខ្ញុំបម្រុងចូលគេង ហើយបានទៅគ្រែ ក៏ឃើញកាដូដែលធ្វើអោយខ្ញុំភ្ញាក់ផ្អើលមួយ។ ខ្ញុំពិតជារីករាយណាស់។

សាន់តាក្លូស និងកាដូ

ឈ្មោះ : NAKAMURA Seishiro

ភេទ : ប្រុស

អាយុ : ២០ឆ្នាំ

ការងារ : និស្សិត

និយាយពីបុណ្យណូអែល ខ្ញុំតែងតែនឹកពីលោកតាណូអែល និងកាដូ។ កាលពីក្មេង ខ្ញុំតែងតែរីករាយដោយរង់ចាំលោកតាណូអែលដែលនឹងមកផ្ទះនៅពេលយប់ជ្រៅ។ បន្ទាប់ពីបានស្គាល់ថាលោកតាជាឪពុកខ្ញុំ កាលខ្ញុំនៅអាយុប្រហែល ១៥ ឆ្នាំ ខ្ញុំកាន់តែមានក្តីស្រលាញ់ដ៏ធំចំពោះ ស្រមោលនៃសាន់តា ដែលបានចូលមកដោយលួចលាក់នោះ។ ចាប់ពីពេលនេះទៅ ខ្ញុំចង់សងកាដូធំជាងអ្វីដែលខ្ញុំបានទទួលពីគាត់កន្លងមក (ស្នេហា?) ដល់ “លោកតាណូអែលលួចលាក់” នោះ។

កាដូ

ឈ្មោះ : WADA Ryota

ភេទ : ប្រុស

អាយុ : ២០ឆ្នាំ

ការងារ : និស្សិត

គ្រួសារខ្ញុំមានបងប្អូនន ៣ នាក់ ដូច្នេះលោកតាណូអែលបាននាំយកនូវកាដូ ៣ ជារៀងរាល់ឆ្នាំមក។ នាព្រឹកព្រលឹមនៅថ្ងៃបុណ្យណូអែល នៅពេលខ្ញុំភ្ញាក់ពីគេង ពុំឃើញបងប្អូននៅក្នុងបន្ទុប់ទេ តែបានឃើញកាដូនៅក្បែខ្នើយ ដែលធ្វើអោយខ្ញុំភ្ញាក់ផ្អើលជាខ្លាំង។ នេះគឺជាអនុស្សាវរីយ៍មួយដែលនៅចងចាំជាប់ក្នុងចិត្តខ្ញុំ។ ខ្ញុំចាំបានថា នៅថ្ងៃនោះនៅបន្ទប់ទទួលភ្ញៀវ បងប្អូងយើងទាំង ៣ នាក់ បានលេងជាមួយកាដូដែលខ្លួនបានទទួល។

ពិធីជប់លៀងបុណ្យណូអែល

ឈ្មោះ : ARATA Fumika

ភេទ : ស្រី

អាយុ : ១៩ឆ្នាំ

ការងារ : និស្សិត

ពិធីជប់លៀងនេះ មិនមែនសំរាប់តែហៅមិត្តភក្តិច្រើនហើយធ្វើការផ្លាស់ប្តូរកាដូគ្នានោះទេ។ វាគឺជាពិធីដ៏សាមញ្ញមួយ ក្នុងក្រុមគ្រួសារ ដែលទទួលទានអាហារ និងនំ Cake ព្រមទាំងភេសជ្ជ: “Chanmery” (ជាប្រភេទភេសជ្ជៈដែលគ្មានជាតិអាកុល) ប៉ុណ្ណោះ។ វាជាពេលវេលាមួយដ៏សំខាន់ ដែលយើងអាចជជែកគ្នាពីព្រឹត្តការណ៍នានា ដែលបានកើតឡើងនៅក្នុងឆ្នាំនោះ ជាមួយក្រុមគ្រួសារ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំបានចំណាយពេលវេលាជាមួយមិត្តភក្តិ តែនៅថ្ងៃបុណ្យណូអែលឆ្នាំនេះ ខ្ញុំគិតថាគួរតែនៅជាមួយក្រុមគ្រួសារវិញ។

ការតុបតែងបុណ្យណូអែល

ឈ្មោះ : HANADO Yuzuki

ភេទ : ស្រី

អាយុ : ២២ឆ្នាំ

ការងារ : និស្សិត

កាលពីនាងខ្ញុំនៅក្មេង ពិធីបុណ្យណូអែលបានចាប់ផ្តើមជាមួយនឹងការតុបតែងផ្ទះ។ ដើមឈើហ៊ឺរ៉ុបដ៏ធំត្រូវបានដាក់នៅក្នុងបន្ទប់ ហើយតុបតែងលម្អដោយឧបករណ៍ធ្វើពីផ្លែឈើឬគ្រាប់ដើមស្រល់ជាដើម។ នៅលើជញ្ជាំង យើងព្យួរកម្រងផ្កា និងស្រោមជើង។ នៅលើតុ ត្រូវតុបតែងដោយមាន់ដុតដ៏ធំ ឬម្ហូបអាហារដែលចំអិនដោយម្តាយខ្ញុំ។ នៅពេលយប់ ខ្ញុំបានដាក់នំ Cake និងទឹកដោះគោនៅច្រកចូលផ្ទះ ហើយចូលគេងដោយទន្ទឹងរងចាំព្រឹកថ្ងៃបន្ទាប់។ នេះគឺជាបុណ្យណូអែលដែលនាងខ្ញុំតែងតែធ្វើ។

ការតុបតែងភ្លើង

ឈ្មោះ : ZAIMA Yuho

ភេទ :​ ស្រី

អាយុ : ២០ឆ្នាំ

ការងារ : អ្នកបម្រើការងារក្រុមហ៊ុន

នៅទីក្រុងដែលខ្ញុំរស់នៅ មានប្រតិ្តការណ៍មួយនៅថ្ងៃបុណ្យណូអែល ដែលតុបតែងលម្អដោយចង្កៀងចម្រុះពណ៌ នៅលើដើមឈើនៅតាមផ្លូវថ្នល់ ប្រដូចនឹងដើមឈើណូអែល។ នៅពេលខ្ញុំបានឃើញ ក្រុមគ្រួសារ ឬគូស្នេហ៍បានជួបជុំគ្នានៅផ្លូវដែលលម្អស្អាតនៅពេលរាត្រី ដើម្បីទស្សនាការបំភ្លឺនោះ ខ្ញុំមានអារម្មណ៍ថា “អូ! ថ្ងៃបុណ្យណូអែលបានមកដល់ឆ្នាំនេះទៀតហើយ”។

ការបញ្ចេញមតិរួម :

អូ មើលទៅវាពិតជាគួរអោយចាប់អារម្មណ៍មែន! ការចូលរួមក្នុងពិធីបុណ្យណូអែល របស់ជនជាតិជប៉ុន និងជនជាតិខ្មែរ ថ្វីត្បិតតែមានភាពខុសគ្នា ប៉ុន្តែវាក៏បង្ហាញពីអារម្មណ៍រីករាយក្នុងថ្ងៃបុណ្យណូអែលដែរ តាមរយៈការចែកកាដូ ការជួបជុំគ្រួសារ និងសកម្មភាពនានា។ ចុះអ្នកវិញ អ្នកនឹងធ្វើអ្វី នៅថ្ងៃបុណ្យណូអែល?

សម្រាប់ពត៌មានបន្ថែម ៖

NyoNyum Khmer No.36















この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles