គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) តើនំ ឬបង្អែមអ្វីដែលអ្នកចូលចិត្តជាងគេ? 【ខ្មែរ vs ជប៉ុន】
(ភាសាខ្មែរ) តើនំ ឬបង្អែមអ្វីដែលអ្នកចូលចិត្តជាងគេ? 【ខ្មែរ vs ជប៉ុន】
2019.10.04

នៅប្រទេសកម្ពុជានិងជប៉ុន មាននំនិងបង្អែមជាច្រើនប្រភេទ។ តើក្នុងចំណោមនំ និងបង្អែមទាំងនោះ អ្នកចូលចិត្តអ្វីជាងគេ?

ក្នុងការចុះផ្សាយលើកនេះ ញញឹមខ្មែរបានសាកសួរនិស្សិតនិងអតីតនិស្សិតខ្មែរសិក្សានៅប្រទេសជប៉ុន និងជនជាតិជប៉ុនដែលខ្លះធ្លាប់មកទស្សនានិងរស់នៅប្រទេសកម្ពុជា អំពីនំនិងបង្អែមបែបជប៉ុននិងខ្មែរដែលពួកគាត់ចូលចិត្ត មកចុះផ្សាយសំរាប់ប្រិយមិត្តអានកំសាន្ត។

ឈ្មោះ  : ទីង ឡាយហ៊ត់

ភេទ​​​​​​​​     :​ ប្រុស

អាយុ    : ៣៣ឆ្នាំ

មុខរបរ  : នាយកប្រតិបត្តិក្រុមហ៊ុន

 នំ Tokyo Banana

Tokyo Banana ជានំដែលខ្ញុំចូលចិត្ត។ នំនេះមានរសជាតិផ្អែមឈ្ងុយជាប់មាត់ ហើយដោយសារវាទន់ទើបមានមនុស្សជាច្រើនគ្រប់វ័យ ទាំងកូនក្មេង មនុស្សជំទង់ និងមនុស្សចាស់ចូលចិត្តវា។ ខ្ញុំចូលចិត្តនំនេះ ព្រោះរសជាតិផ្អែមស្រទន់របស់វាផ្តល់នូវកំលាំង ហើយដោយមានបងប្អូនខ្មែរជាច្រើនចូលចិត្តវា ដូច្នេះខ្ញុំតែងតែទិញនំនេះផ្ញើរពួកគេរាល់ពេលខ្ញុំមកលេងស្រុកខ្មែរ។

ឈ្មោះ  : ហ៊ី សុខនី

ភេទ​​​​​​​​     :​ ប្រុស

អាយុ    : ៣៩ឆ្នាំ

មុខរបរ  :​​ នាយកការិយាល័យភាសាជប៉ុននៅ RULE

នំសូកូឡាតែបៃតង

ខ្ញុំចូលចិត្តនំសូកូឡាតែបៃតង (Mat Cha Green Tea Chocolate)។ ខ្ញុំចូលចិត្តញុំានំនេះ ដោយសារវាផ្សំពីតែបៃតងធម្មជាតិបែបជប៉ុន ដែលល្អចំពោះសុខភាព។ នំនេះមានទម្រង់ស្អាត ហើយនៅខាងក្នុងនំវិញ មានបង្កប់នូវស្នូលរស់ជាតិសូកូឡា លាយជាមួយនិងតែបៃតងជប៉ុន។ ជាទូទៅនំសូកូឡាតែបៃតងនេះ គេនិយមញុំាពេលជួបជុំជាមួយមិត្តភក្តិ និងទទួលភ្ញៀវមកលេងផ្ទះ ក៏ដូចជាពេលធ្វើដំណើរកំសាន្ត ដើម្បីជួយជាថាមពលដល់រាងកាយ។

ឈ្មោះ  : ឆឹម សុលីនដា

ភេទ​​​​​​​​     :​ ស្រី

អាយុ    : ២២ឆ្នាំ

មុខរបរ  :​​ និស្សិតសិក្សានៅប្រទេសជប៉ុន

ស៊ីនហ្គេនម៉ូជិ

បង្អែមជប៉ុនមួយប្រភេទដែលខ្ញុំចូលចិត្តគឺ ស៊ីនហ្គេនម៉ូជិ (Shingen-mochi)។ វាធ្វើពីម្ស៉ៅដំណើប ហើយត្រូវបានគេញ៉ាំជាមួយ ម្សៅគីណាកុ(きな粉) និង ទឹកស្ករ(黒蜜)។ រសជាតិវាស្រដៀងនឹងនំផ្លែអាយខ្មែរយើងដែរ តែខុសត្រង់ថាវាមានក្លិនឈ្ងុយម្ស៉ៅគីណាកុ។ យើងអាចទិញនំនេះនៅផ្សារទំនើបទូទៅ ក្នុងតម្លៃថោកសមរម្យ។ ខ្ញុំចូលចិត្តចំណាយពេល ៥ ទៅ ១០ នាទីញ៉ាំវាមួយៗ ជាមួយទឹកតែ។ បន្ទាប់ពីរៀនច្រើនម៉ោង ការសម្រាក ១០ នាទីញ៉ាំបង្អែមនេះ អាចជួយអោយមានកម្លាំង និងជាការលំហែរមួយដ៏ប្រសើរ។

ឈ្មោះ  : ថេត ចាន់សុធា

ភេទ​​​​​​​​     :​ ប្រុស

អាយុ    : ២៩ឆ្នាំ

មុខរបរ  :​​ និស្សិតសិក្សានៅប្រទេសជប៉ុន

នំ Garapago

ខ្ញុំចូលចិត្តនំ Garapago។ នំនេះស្រួយ ហើយមានរាងនិងរសជាតិប្រហាក់ប្រហែលនឹងនំថងនួនខ្មែរ ទើបខ្ញុំចូលចិត្តវា។ ខ្ញុំតែងតែនឹកស្រុកខ្មែរ រាល់ពេលញុំានំនេះ។

ឈ្មោះ  : យុន លីនដា

ភេទ​​​​​​​​     :​ ស្រី

អាយុ    : ២៦ឆ្នាំ

មុខរបរ  :​​ និស្សិតសិក្សានៅប្រទេសជប៉ុន

 នំសូកូឡារសជាតិស្តប៊េរី

សួស្តី! ខ្ញុំចូលចិត្តនំសូកូឡារសជាតិស្តប៊េរីរបស់ក្រុមហ៊ុនម៉េជិ។ នំសូកូឡានេះមានរសជាតិផ្អែមល្មម ហើយបង្កប់គ្រាប់ស្តប៊េរីតូចៗខាងក្នុង ធ្វើឲ្យពេលញុំាមានរសជាតិច្រុបៗ និងប្រហើរដោយក្លិនស្តប៊ែរីគួរអោយចង់ញុំា។ វាអាចជួយបន្ថែមកំលាំង និងកាត់បន្ថយភាពតានតឹងបាន ដោយគ្រាន់តែញុំា ២ ឫ៣ គ្រាប់។ ទាំងពណ៌ ក្លិន និងការរចនារបស់នំនេះ មានភាពទាក់ទាញចំពោះមនុស្សស្រីផងដែរ។ ពីខ្ញុំ Fan របស់ផលិតផលម៉េជិ!!

ឈ្មោះ  : នី ម៉ាវីណា

ភេទ​​​​​​​​     :​ ស្រី

អាយុ    : ២៤ឆ្នាំ

មុខរបរ  :​​ បុគ្គលិកក្រុមហ៊ុន

 នំ Namagashi

នំជប៉ុនដែលនាងខ្ញុំចូលចិត្តនិងចាប់អារម្មណ៍ជាងគេគឺនំ Namagashi ។ នំនេះគេញុំាំជាទូទៅនៅក្នុងពិធីញុំាំតែប្រពៃណីរបស់ជប៉ុន។ នាងខ្ញុំចូលចិត្តញុំានំនេះដោយសារ វាមានរូបរាងស្អាតប្លែកៗ និងធ្វើពីគ្រឿងផ្សំធម្មជាតិបែបជប៉ុន។ នំនេះមានរាងជាភ្ញីផ្កាខុសៗគ្នារំលេចទៅដោយពណ៍ជាច្រើន ដែលបង្ហាញពីភាពច្នៃប្រឌិតប្លែកៗដ៏ប៉ិនប្រសព្វរបស់ជនជាតិជប៉ុន។ ចំណែកឯនៅខាងក្នុងនំវិញ មានបង្កប់នូវស្នូលសណ្តែកក្រហមរស់ជាតិផ្អែមល្មម។ ជាទូទៅនំនេះ ត្រូវបានគេញុំាជាមួយតែប៉ៃតងជប៉ុន។

ជនជាតិជប៉ុន

ឈ្មោះ  : SHIMADA Misako

ភេទ​​​​​​​​     :​ ស្រី

មុខរបរ  : គ្រូបង្រៀនភាសាជប៉ុន

 នំ Taiyaki

Taiyaki ជានំមានរាងជារូបត្រី ហើយមានស្នូលប្រភេទផ្សេងៗនៅខាងក្នុង។ សព្វថ្ងៃនេះ ស្នូលធ្វើពីគ្រីម (Cream) ក៏មានគេពេញនិយមច្រើនផងដែរ។ ពេលញុំានំនេះម្តងៗ ធ្វើឲ្យខ្ញុំគិតថា គួរតែញុំាវាពីខាងក្បាលមុនឫ ពីខាងកន្ទុយមុន!!

ឈ្មោះ  : ​ អ្នកគ្រូ ONI Hifumi

ភេទ​​​​​​​​     :​ ស្រី

អាយុ    : ​៥៥ឆ្នាំ

មុខរបរ  :​​​ នាយកសាលាភាសាជប៉ុន១២៣(សៀមរាប)

 បង្អែមគ្រាប់ជី

នាងខ្ញុំចូលចិត្តបង្អែមគ្រាប់ជីរបស់ខ្មែរ។ ដោយសារវាមានលក្ខណៈដូចពងកង្កែប ដូច្នេះមានជនជាតិជប៉ុនជាច្រើនភ្ញាក់ផ្អើល និងចាប់អារម្មណ៍ចំពោះបង្អែមនេះណាស់។

ឈ្មោះ : OKANO Takashi

ភេទ​​​    : ប្រុស

អាយុ   : ៧៣ឆ្នាំ

មុខរបរ: អ្នកស្ម័គ្រចិត្តនៃសមាគមនិស្សិតខ្មែរប្រចាំប្រទេសជប៉ុន

 សង់ខ្យាល្ពៅ

នំបង្អែមខ្មែរដែលខ្ញុំចូលចិត្តគឺសង់ខ្យាល្ពៅ។ ខ្ញុំចាំបានថា ខ្ញុំបានញុំាំនំនេះលើកទីមួយកាលពី ១២ ឆ្នាំមុន នៅឯស្ថានទូតខ្មែរប្រចាំនៅប្រទេសជប៉ុន។ ខ្មុំចូលចិត្តនំនេះដោយសារ វាមានរសជាតិផ្អែមស្រាលល្មម ហើយមិនសុំាញុំា។

ឈ្មោះ  : SILWAL Yurika

ភេទ​​​​​​​​     :​ ស្រី

អាយុ    : ២៨ឆ្នាំ

មុខរបរ  : និស្សិត

 នំថងនួន

ខ្ញុំចូលចិត្តនំថងនួនខ្មែរ ព្រោះវាមានរសជាតិផ្អែមល្មម និងស្រួយឆ្ងាញ់ ហើយញុំាមិនចេះណាយ។ ទោះជាខានញុំាយូរប៉ុន្មានឆ្នាំហើយក៏ដោយ ខ្ញុំនៅតែចង់ញុំាពេលនឹកឃើញវាម្តងៗ។ វាជានំខ្មែរដែលធ្វើអោយខ្ញុំនឹកស្រម៉ៃចង់ញុំាជានិច្ច។

ឈ្មោះ  : TSUNEJI Negishi

ភេទ​​​​​​​​     :​ ប្រុស

អាយុ    : ៧០ឆ្នាំ

មុខរបរ  : ប្រធាន NGO

Pumkin Marfine

ខ្ញុំចូលចិត្តនំ Pumpkin Marfine។ វាមានរសជាតិល្ពៅ ហើយផ្អែមតិចៗដែលធ្វើអោយខ្ញុំចូលចិត្ត។ ជាពិសេស Pumpkin មានន័យថាផ្លែល្ពៅ ដែលជនជាតិជប៉ុនស្គាល់ថា ពាក្យនេះជាពាក្យកំនើតរបស់ប្រទេសកម្ពុជា។

ឈ្មោះ ​: ENDO Hideki

ភេទ : ប្រុស

អាយុ : ៤២ឆ្នាំ

ការងារ  : ជំនួញពាណិជ្ជកម្ម

 នំក្រៀបខ្មែរ

នំនេះពិសេសត្រង់ការលាយបញ្ចូលគ្នារវាងដូង និងម្សៅម៉ីឡូ ដែលមិនផ្អែមពេក ហើយជានំលក់តាមចិញ្ចើមថ្នល់ដែលឆ្ងាញ់និងមានតំលៃថោក។ មូលហេតុដែលខ្ញុំចូលចិត្តនំនេះព្រោះវាមានតម្លៃថោក លឿន ហើយឆ្ងាញ់!

ការបញ្ចេញមតិជារួម:

មានហេតុផលផ្សេងៗចំពោះចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ អ្នកខ្លះចូលចិត្តនំឬបង្អែមដែលសាមញ្ញៗ ខ្លះចូលចិត្តដោយភាពទាក់ទាញនិងភាពប្លែកពិសេសនៃនំឬបង្អែមនោះ ហើយអ្នកខ្លះទៀតចូលចិត្តដោយសារនំឬបង្អែមនោះមានការពេញនិយម។ល។ ដូច្នេះចំពោះប្រិយមិត្តអ្នកអានវិញ តើអ្នកមានហេតុផលអ្វីខ្លះ ចំពោះនំឬបង្អែមដែលអ្នកនិយាយថាអ្នកចូលចិត្តនោះដែរឬទេ?

NyoNyum Khmer No.35











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles