គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) តើក្រុង Kitakyushu បានធ្វើអ្វីខ្លះ?【Special2】
(ភាសាខ្មែរ) តើក្រុង Kitakyushu បានធ្វើអ្វីខ្លះ?【Special2】
2020.01.18

ប្រទេសកម្ពុជា និងប្រទេសជប៉ុន ព្រួតដៃសហការជាមួយគ្នា គឺយូរណាស់មកហើយ។ ដូចជាការងារទឹកស្អាត នេះអញ្ចឹង ប្រទេសទាំងពីរបានខិតខំប្រឹងប្រែងធ្វើការងារនេះយ៉ាងខ្លាំងដើម្បីអ្នកទាំងអស់គ្នា។

អត្ថបទដំបូងបានណែនាំស្តីអំពីស្ថានភាពទឹកនៅទីក្រុងភ្នំពេញបន្ទាប់ពីសង្រ្គាមស៊ីវិលបានបញ្ចប់នៅក្នុងទសវត្សឆ្នាំ១៩៩០ និងស្ថានភាពក្រុង Kitakyushu បានធ្វើឡើងដោយក្តីរំភើបនឹងបំណងប្រាថ្នានៃយុវជនទឹកស្អាតកម្ពុជាក្នុងការ “ផ្គតផ្គង់ទឹកស្អាតសម្រាប់អ្នករាល់គ្នា”។

នេះជាអត្ថបទទី២ បន្ទាប់ពីលេខ ១ យើងនឹងប្រាប់អ្នកពីអ្វីដែល Kitakyushu បានធ្វើ!

“ធនធានមនុស្ស” ដែលបានបង្កើតអច្ឆរិយទីក្រុងភ្នំពេញ
(ដំណាក់កាលទី ១ ៖ ២០០៣ – ២០០៦)

លោក TAKAYAMA Issei ដឹកនាំកម្មសិក្សានៅក្រុង Kitakyushu (រូបទី​ ២ ពីឆ្វេង)

ក្រុង Kitakyushu បានផ្តល់ដំបូងនោះ គឺការផ្ទេរបច្ចេកវិទ្យានៃ “តំបន់ចែកចាយទឹក” និង “ប្រព័ន្ធគ្រប់គ្រងការចែកចាយទឹក” ដែលត្រូវបាននាំមកដោយក្រុង Kitakyushu ជាវិធីសាស្រ្តគ្រប់គ្រងការថែរក្សានៃប្រព័ន្ធបំពង់ចែកចាយទឹក។ ដោយធ្វើការបែងចែកជា ៤១ តំបន់ ចំពោះប្រព័ន្ធបំពង់ចែកចាយទឹកក្នុងក្រុងភ្នំពេញដែលមានប្រវែងសរុបប្រមាណ ១៣០០ គីឡូម៉ែត្រ ដែលមានការតំឡើងនូវនាឡិកាវាស់ចំណុះលំហូរ និងនាឡិកាវាស់សម្ពាធទឹកតាមតំបន់នីមួយៗ ហើយធ្វើការបញ្ជូនទិន្នន័យត្រូវបានវាស់ និងកត់ត្រារាល់ ១ នាទីម្តង ទៅកាន់ប្រព័ន្ធតេលេម៉ែត្រ និងឧបករណ៍ត្រួតពិនិត្យកណ្តាលដែលប្រើខ្សែរទូរសព្ទ។ ប្រព័ន្ធនេះសម្រាប់វាស់ចំណុះទឹកខ្ជះខ្ជាយ (ទឹកធ្លាយជាដើម) ហើយធ្វើការសម្រេចនូវការគ្រប់គ្រងនិងថែរក្សានូវអាគារចែកចាយទឹកដែលមានប្រសិទ្ធភាព ដោយការអនុវត្តន៍នូវការត្រួតពិនិត្យទឹកខ្ជះខ្ជាយ (ធ្លាយ/លេច) តាមតំបន់ដែលមានតួលេខមិនល្អ។

តារាងបង្ហាញពីចំណុះលំហូរទឹកចែកចាយ ដែលបង្ហាញនៅឯបន្ទប់ត្រួតពិនិត្យកណ្តាលនៃ PPWSA

ដោយមានការវាយតម្លៃខ្ពង់ពីលទ្វផលនោះ នៅខែតុលា ឆ្នាំ២០០៣ គម្រោងសហប្រតិបត្តិការបច្ចេកទេស JICA ត្រូវបានចាប់ផ្តើមដោយការណែនាំរបស់មន្ទីរទឹកស្អាតនៃក្រុង Kitakyushu។ មានការផ្តួចផ្តើមនូវការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បំរើការនៅ PPWSA ក្នុងគោលបំណងកាត់បន្ថយនៃការខ្ជះខ្ជាយបរិមាណទឹក (ការលេចធ្លាយ និងលួចទឹក) ការផ្គត់ផ្គង់ទឹកទៀតទាត់ ការដំណើរការនៃស្ថានីយចម្រុះទឹកស្អាតដ៏ត្រឹមត្រូវ ការធ្វើឱ្យប្រសើរឡើងនូវគុណភាពទឹក និងការគ្រប់គ្រងថែរក្សាដ៏ត្រឹមត្រូវនៃសម្ភារៈអគ្គីសនី និងម៉ាស៊ីន។ លើសពីនេះ ក៏មានការធ្វើឱ្យមានការរីកចំរើននៃបច្ចេកវិទ្យានៃបុគ្គលិកទឹកស្អាតនៅកម្ពុជា រួមជាមួយ OJT និងកម្មសិក្សាបច្ចេកទេសនៅប្រទេសជប៉ុនផងដែរ។ ការបង្កើតអាគារ និងសាងសង់ស្ថានីយចម្រុះទឹកស្អាត គឺជាសកម្មភាពដែលទាមទារការអត់ធ្មត់ និងពេលវេលាយូរ ក៏ប៉ុន្តែបើពុំមានការបណ្តុះបណ្តាលធនធានមនុស្សត្រឹមត្រូវនោះទេ ទោះជាសាងសង់អាគារនិងសម្ភារៈក៏ដោយក៏ពុំមានន័យនោះទេ។ ដោយយល់ឃើញនូវភាពចាំបាច់បែបនេះ ក្រុង Kitakyushu បានចាប់ផ្តើមនូវការបណ្តុះបណ្តាលនោះឡើងមក។

លោក KIYAMA Satoshi ដឹកនាំការគ្រប់គ្រងនិងថែរក្សាសម្ភារៈអគ្គីសនី (ឆ្នាំ២០០៤)
លោក KAGATA Katsutoshi ដឹកនាំពីការគ្រប់គ្រងនិងថែរក្សាម៉ាស៊ីនបូមទឹក (រូបឆ្វេង ឆ្នាំ២០០៥)

ជាលទ្ធផល ក្រុងសម្រេចបាននូវគោលដៅនីមួយៗទាំងនោះបន្តិចម្តងៗ ហើយនៅប្រទេសជប៉ុនក៏ដោយ បើកម្រិតចំណុះទឹកខ្ជះខ្ជាយ ត្រូវបានថយចុះមកក្រោម ៨% នោះ នឹងត្រូវបានគេចាត់ទុកថាជាអង្គភាពសាជីវកម្មដ៏ល្អបំផុតមួយ។ បើប្រៀបធៀបនឹងឆ្នាំ១៩៩៣ មានតួលេខដែលបង្ហាញពីសមិទ្ធផលទាំងនោះ។

ជាពិសេសចំនុចត្រូវយកចិត្តទុកដាក់នោះគឺសមិទ្ធផលនៃស្ថេរភាពនៃការគ្រប់គ្រងរបស់ PPWSA។ ដោយសារមានអត្រានៃតម្លៃបង់ប្រាក់ប្រើប្រាស់ទឹកស្អាតថ្លៃ ទើបចាប់ពីឆ្នាំ២០០១ មកទោះបីជាគ្មានការតម្លើងថ្លៃទឹកស្អាតក្តី ក៏ការគ្រប់គ្រងមានស្ថេរភាព ហើយ PPWSA បានសម្រេចនូវគោលបំណងដែលបានលើកឡើងអំពី “ការផ្គត់ផ្គង់ទឹកស្អាតដល់ស្រទាប់ប្រជាពលរដ្ឋក្រីក្រ”។ តាមរយៈការផ្តល់នូវបំពង់ផ្គត់ផ្គង់ទឹកស្អាតដោយឥតសំណងទៅកាន់តំបន់ក្រីក្រជាដើម បានជួយបរិច្ចាគយ៉ាងធំធេងដល់វិធានការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

នេះជាមោទនភាពរបស់បុគ្គលិកនៃ PPWSA។ អតីតប្រធាន PPWSA ឯកឧត្តម ឯក​ សុនចាន់ បានព្យាយាមកែប្រែការយល់ឃើញ និងបង្កើនសីលធម៌របស់បុគ្គលិក។ ការប្រកាសនៅមុខបុគ្គលិកគ្រប់គ្នានូវការតាំងចិត្ត ដែលមានការកំណត់នូវគោលបំណងរួមរបស់ស្ថាប័ន ហើយតម្លើងប្រាក់ខែប្រសិនបើសម្រេចបានគោលដៅ ដោយការសន្សំនូវសមិទ្ធផលជាក់លាក់នោះ បានធ្វើឱ្យបុគ្គលិកអង្គភាពទឹកស្អាតមានការខិតខំប្រឹងប្រែងចំពោះការងារពួកគេ។ ជំនួយពុំអាចមានប្រសិទ្ធភាពបានទេ ប្រសិនបើភាគីនៃប្រទេសជួយធ្វើតែឯងនោះ។ ដូច្នេះលទ្ធផលអាចសម្រេចទៅបាន លុះត្រាតែមានការខិតខំប្រឹងប្រែងធ្វើការងាររួមគ្នានៃអ្នកម្ចាស់ស្រុក។

ការពង្រីកទឹកស្អាតទៅកាន់តំបន់ជាមួយ PPWSA

(ដំណាក់កាលទី​ ២ ៖ ២០០៧ – ២០១២)

គម្រោងដែលមានសមិទ្ធផលធំមួយនៅទីក្រុងភ្នំពេញ ជាជំហានបន្ទាប់ នឹងឆ្ពោះទៅកាន់ទីជនបទ។ មានក្រុងចំនួន ៨  ដែលមានមន្ទីរផ្គត់ផ្គង់ទឹកស្អាតនៃរដ្ឋាករទឹកដែលមានស្ថានភាពផ្គត់ផ្គង់ទឹកលំបាក ដូច្នេះចាប់ពីខែឧសភា ឆ្នាំ២០០៧ មក ក្រុមការងារបានដំណើរការគម្រោងផ្គត់ផ្គង់ទឹកស្អាតដោយធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងបណ្តុះបណ្តាលធនធានមនុស្សស្របគ្នា។ ចំពោះគម្រោងនេះ ត្រូវបានធ្វើឡើងជាមួយនឹងសកម្មភាពដែលដឹកនាំបច្ចេកវិទ្យានៅមន្ទីរទឹកស្អាតតំបន់ ដោយបុគ្គលិកនៃមន្ទីរទឹកស្អាត និងកខ្វក់នៃក្រុង Kitakyushu និងបុគ្គលិកនៃ PPWSA ដែលមានបទពិសោធន៍ពីគម្រោងមុន។

ទឹកស្អាតនៅក្រុងនីមួយៗមានស្ថានភាពខុសៗគ្នា។ បើមើលពីប្រភពទឹកតែមួយក្តី មានក្រុងដែលមានប្រភពទឹកជាប្រភេទទឹកក្រោមដី ក្រុងដែលមានប្រភពទឹកជាទឹកទន្លេ និងក្រុងដែលមានផលវិបាកជាមួយប្រភពទឹកនៅតាមតំបន់មាត់សមុទ្រជាដើម។ ពោលគឺ វិធីសាស្រ្តដោះស្រាយទឹកស្អាតតាមតំបន់នីមួយៗ ការច្នៃហេដ្ឋារចនាសម្ព័ន្ធ និងវិធីសាស្រ្តគ្រប់គ្រងមានការខុសគ្នា។ យើងធ្វើការផ្ទាល់នឹងក្រុងនីមួយៗនោះបណ្តើរ សិក្សានូវស្ថានភាពទាំងនោះបណ្តើរ ហើយមានអ្នកជំនាញខាងចម្រោះទឹកស្អាត អគ្គីសនី ម៉ាស៊ីន និងគូរប្លង់ពីក្រុង Kitakyushu និងសហគ្រាសឯកទេសជប៉ុននានា ព្រមទាំងពីតំបន់ស្វយ័តជាច្រើនត្រូវបានបញ្ជូនមកផងដែរ។

លោក HIROWATARI Hiroshi ដឹកនាំការងារដាក់បំពង់បង្ហូរទឹក (រូបស្តាំ ឆ្នាំ២០១០)

លោក KIYAMA Satoshi ​ជាប្រធានក្រុមគម្រោងពីមុន​ បានធ្វើដំណើរជាញឹកញាប់ទៅកាន់ក្រុងទាំង ៨ ក្នុងកំឡុងពេលអាណត្តិការងាររបស់លោក ហើយលោកបានក្តាប់នូវលក្ខណៈពិសេស និងស្ថានភាពនៃតំបន់ បានស្នើសុំគ្រប់មន្ទីរគ្រប់គ្រងទឹកស្អាត និងកខ្វក់នៃក្រុង Kitakyushu ដោយធ្វើការប្រជុំពិភាក្សាយ៉ាងល្អិតល្អន់ជាច្រើនលើកជាមួយ JICA និងក្រសួងការងារ និងសុខមាលភាពសង្គមជប៉ុន ហើយបានបញ្ចូលសហគ្រាសជប៉ុននៅក្នងនោះ។

ជាលទ្ធផល ក្រុមការងារបានកាត់បន្ថយបាននូវទឹកខ្ជះខ្ជាយ និងការចែកចាយទឹក ២៤ ម៉ោងនៅទាំង ៨ ខេត្តដែលជាគោលដៅរបស់គម្រោង ហើយអាចផ្គត់ផ្គង់ទឹកដែលមានកម្រិតគុណភាពស្តង់ដារថ្នាក់ជាតិ។

ឆ្ពោះទៅរកការងារគ្រប់គ្រងទឹកស្អាតដែលមានសុវត្ថិភាព

(ដំណាក់កាលទី ៣ ៖២០១២-២០១៨)

លោក KAWASAKI ដឹកនាំការកំណត់ផែនការគ្រប់គ្រង និងហិរញ្ញវត្ថុ (រូបឆ្វេង ឆ្នាំ២០១៣)

បន្ទាប់ពីគម្រោងនៃដំណាក់កាលទី ២ ដែលមានទិសដៅធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ដើម្បីអាចគ្រប់គ្រងដោយស្វ័យភាពបាន មានការសម្រេចពង្រីកគម្រោងបណ្តុះបណ្តាលធនធានមនុស្ស។ ចំពោះគម្រោងដំណាក់កាលទី ៣ ដែលចាប់ផ្តើមឡើងនាខែវិច្ឆិកា ឆ្នាំ២០១២ នេះបានអនុវត្តកម្មសិក្សានៅ OJT និងក្រុង Kitakyushu ចំពោះក្រសួងរ៉ែ និងថាមពល ( ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ) ដែលជាស្ថាប័នត្រួតពិនិត្យ ជាមួយមន្ទីរធនធានទឹកនៅក្រុងទាំង ៨ ប្រចាំតំបន់។ ដើម្បីបង្កើនសមត្ថភាពផ្នែកគ្រប់គ្រងការងារទឹកស្អាតគ្រប់ផ្នែក មានការកំណត់ផែនការគ្រប់គ្រង និងហិរញ្ញវត្ថុ គណនេយ្យសហគ្រាស ការគ្រប់គ្រងព័ត៌មានអតិថិជន ការគ្រប់គ្រងព័ត៌មានទ្រព្យសម្បត្តិ ការបង្កើតឡើងវិញ និងផែនការគ្រប់គ្រងថែរក្សាការដំណើរការនៃហេដ្ឋារចនាសម្ព័ន្ធ ការឆ្លើយតប និងតម្រូវការរបស់អ្នករស់នៅ ការងារស្វែងយល់ពីប្រជាពលរដ្ឋ ការងាររក្សាប្រភពទឹកស្អាត និងផែនការបណ្តុះបណ្តាលធនធានមនុស្សជាដើម។ ហើយមានបញ្ចូលវត្ថុបំណងជាច្រើនយ៉ាងលំអិត ដើម្បីឆ្ពោះទៅកាន់ការគ្រប់គ្រងដ៏រឹងមាំ ដែលមានប្រព័ន្ធប្រាក់ចំណេញឯករាជ្យផងដែរ។

គម្រោងដំណាក់កាលទី ៣ មានលោក KAWASAKI Takayuki ជាប្រធានក្រុមដំបូង បានរំលឹករឿងពីអតីតកាលដូច្នេះថា៖ ““កាលពីដំបូងមានបញ្ហាជាច្រើនដូចជា៖ ថវិកាគ្រប់គ្រងក៏ពុំគ្រប់គ្រាន់ ហើយមានប្រព័ន្ធប្រមូលប្រាក់ដែលពុំស្មោះត្រង់ និងមានថវិកាខាតចំនួន ៧ ក្រុងក្នងចំណោមក្រុងទាំង ៨ ជាដើម។ ទោះជាយ៉ាងនោះក្តី ខ្ញុំនៅចាំបានថា មានការរាយការណ៍ពីមន្ទីរទឹកស្អាតនីមួយៗថា “ពុំមានបញ្ហាទេ” ដែលធ្វើឱ្យខ្ញុំភ្ជាក់ផ្អើលជាខ្លាំង។ ជាបឋម យើងត្រូវតែកែការយល់ឃើញខុសទាំងនោះ ហើយត្រូវតែបង្កើតជារួមនូវច្បាប់ និងប្រព័ន្ធដែល “អាចមើលឃើញ” ដោយបានពិនិត្យពីទិសដៅ និងធ្វើការពិភាក្សាជាច្រើនដងនៅក្នុងគម្រោង””។

លក្ខណៈពិសេសនៃគម្រោងនេះគឺ ការត្រួតពិនិត្យជាទៀតទាត់ដោយប្រើសញ្ញាដែលខុសពីស្តង់ដារ ដើម្បីធ្វើការវាយតម្លៃសមត្ថភាពនៃក្រុងទាំង ៨។ តាមរយៈកាត្រួតពិនិត្យនោះ យើងអាចធ្វើការពិភាក្សាអំពីវិធានការដែលមានដូចជា៖ ថាតើផ្នែកអ្វីដែលមន្ទីរទឹកស្អាតនីមួយៗខ្វះខាត មូលហេតុអ្វីនៃការខ្វះខាតនោះ ហើយប្រការដែលចាំបាច់នោះជា ថវិកា  ឬការខិតខំប្រឹងប្រែង ឬធនធានមនុស្សជាដើម។ល។

ម្យ៉ាងវិញទៀត ឯកឧត្តម ឯក សុនចាន់ ដែលជាអតីតលេខាធិការនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអនុវត្តសកម្មភាព “ចុះតាមខេត្ត” ដោយធ្វើដំណើរត្រួតពិនិត្យស្ថានីយទឹកស្អាតតាមតំបន់ដោយខ្លួនឯង ដោយពុំពឹងផ្អែកអ្នកជំនាញជប៉ុន។ ពេលនោះវាបានធ្វើឱ្យបុគ្គលិកនៃមន្ទីរទឹកស្អាតទាំងអស់ ដែលនៅក្រោមលេខាធិការនៅតាមតំបន់​មានការខ្នះខ្នែង។ នៅតាមបណ្តារមន្ទីរទឹកស្អាតវិញ បន្ទាប់ពីបានពិនិត្យពីស្ថានភាពមូលដ្ឋានក្បោះក្បាយហើយ មានការធ្វើកម្មវិធីសិក្សា។ មានការបំភ្លឺពីវិធីសាស្រ្តកែប្រែបញ្ហា និងបានបង្កើតការតាមដានគម្រោងបន្ថែមទៀត។

ជាលទ្ធផលនៃការខិតខំប្រឹងប្រែង ថវិកាប្រចាំឆ្នាំ២០១៥ មន្ទីរទឹកស្អាតទាំង ៨ ទទួលបាននូវថវិកាចំណេញ។ មន្ទីរទឹកស្អាតបានបន្សល់នូវប្រាក់ចំណេញ​តាមរយៈការកែប្រែការគ្រប់គ្រង ហើយបានឈានដល់ការសម្រេចបាននូវជំហានទីមួយនៃការគ្រប់គ្រងទឹកស្អាតដែលមានចិរភាពថែមទៀត ដោយការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មថែមទៀត តាមរយៈការវិនិយោគសារជាថ្មី។​

ក្រោយមក គម្រោងនេះត្រូវបានបន្តដោយលោក HIROWATARI Hiroshi ហើយមន្ទីទឹកស្អាតប្រចាំតំបន់ដែលត្រូវគោលដៅ ត្រូវបានពង្រីកពី ៨ ក្រុងមកចំនួន ១៣ ក្រុង។ មន្រ្តីជំនាញទាំងនោះបានធ្វើដំណើរគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពគ្រប់គ្រងនិងបច្ចេកវិទ្យាទាំងនោះ។

បុគ្គលិកនៃក្រុងនីមួយៗដែលមានការលើកទឹកចិត្តក្នុងកម្មសិក្សាគិតថា៖ “ត្រូវតែដេញតាមឱ្យទាន់ PPWSA” ។ ពិតណាស់ មានរឿងជាច្រើនត្រូវធ្វើ ហើយវាពុំមែនជារឿងងាយស្រួលនោះឡើយ ក៏ប៉ន្តែដើម្បីសម្រេចបាននូវពាក្យស្លោកដែលលើកឡើងថា៖ “Water for All=ទឹកដើម្បីអ្នកទាំងអស់គ្នា” និង “ដើម្បីសម្រេចបាន ១០០% នៃកំរិតអ្នកអាចប្រើប្រាស់ទឹកស្អាតដែលមានសុវត្ថិភាពនៅតាមក្រុងរហូតដល់ឆ្នាំ ២០២៥” ដែលកំណត់ជាផែនការអភិវឌ្ឍយុទ្ធសាស្រ្តថ្នាក់ជាតិរបស់រដ្ឋាភិបាលកម្ពុជា ទោះបីជាគម្រោងបានបញ្ចប់នៅឆ្នាំ២០១៨ ហើយក៏ដោយក៏កិច្ចខិតខំប្រឹងប្រែងនោះនៅតែបន្ត។

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No.37 លេខពិសេស】
【NyoNyum Khmer No.37】

 

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles