គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

វីគិរីរម្យ ផាញ រីសត (vKirirom Pine Resort)
វីគិរីរម្យ ផាញ រីសត (vKirirom Pine Resort)
2022.01.22

វីគិរីរម្យ ផាញ រីសត ជារមណីយដ្ឋានទេសចរណ៍ឯកជនមួយកន្លែងមានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិព្រះសុរាម្រិត
កុសុមៈគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយធ្វើដំណើរតាមបណ្តាយផ្លូវជាតិលេខ ៤ ចម្ងាយប្រមាណ ១១៥
គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ដោយបង្កើតក្នុងអំឡុងឆ្នាំ២០១៤ ដែលស្ថិតក្នុងការសម្បទានរវាងរដ្ឋាភិបាលកម្ពុជា
និងវិនិយោគិនជប៉ុនរយៈពេល៥០ឆ្នាំ រមណីយដ្ឋានទេសចរណ៍ឯកជន វីគិរីរម្យ ផាញ រីសត នេះ មានផ្ទៃដី ៩ ហិកតា បង្កើតឡើងក្នុងគោលបំណងអភិរក្សព្រៃឈើប្រមាណជិតមួយម៉ឺនហិកតា ឱ្យមានសុវត្ថិភាពរួចផុតពីការប៉ុនប៉ងបំផ្លាញដោយចេតនា តាមរយៈការទាក់ទាញប្រជាជនក្នុងស្រុកឱ្យមកទស្សនាកម្សាន្តនៅទីនេះ។ ការទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឱ្យមកទស្សនាកម្សាន្តបែបធម្មជាតិដូចនេះ ត្រូវបានគេមើលឃើញថា នឹងធ្វើឱ្យខ្មែរម្ចាស់ស្រុកស្គាល់ និងយល់ពីតម្លៃធនធានធម្មជាតិរបស់ខ្លួនកាន់តែច្បាស់ ហើយនឹងនាំឱ្យមានការចូលរួមការពារសម្បតិ្ដធនធានធម្មជាតិទាំងនោះឱ្យបានគង់វង្សយូរអង្វែងដោយប្រជាជនខ្មែរខ្លួនឯងផ្ទាល់។

កិច្ចសម្ភាសន៍លោក ឡាយ សារា អ្នកគ្រប់គ្រងទូទៅ
នៅរមណីយដ្ឋាន វីគិរីរម្យ ផាញ រីសត 

១. តើវីគិរីរម្យជារមណីដ្ឋានបែបណា?
វីគីរីរម្យជារមណីដ្ឋានកែច្នៃបែបធម្មជាតិដែលសាងសង់ឡើងដើម្បីបំពេញតម្រូវការកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់សម្រាកលំហែកាយជាលក្ខណៈធម្មជាតិក្នុងឧទ្យានជាតិគីរីរម្យ ដែលមានផ្ទះ បន្ទប់ស្នាក់នៅ និងសកម្មភាពកម្សាន្តជាច្រើន។

២. តើភ្ញៀវប្រភេទណាខ្លះដែលនិយមមកលេងកម្សាន្តនៅរមណីយដ្ឋានវីគិរីរម្យ?
ឆ្លងកាត់តាមបទពិសោធន៍កន្លងមកខ្ញុំសង្កេតឃើញថា រមណីយដ្ឋានវីគីរីរម្យមានការនិយមគាំទ្រច្រើនពីសំណាក់ភ្ញៀវក្នុងស្រុកដែលមកលេងកម្សាន្តជាលក្ខណៈក្រុមគ្រួសារ និងជាលក្ខណៈក្រុមហ៊ុនហើយក៏មានភ្ញៀវជាជនជាតិបរទេសខ្លះផងដែរ។ ការមកកម្សាន្តជាលក្ខណៈក្រុមហ៊ុនទៀតសោត ភាគច្រើនពួកគាត់មកជួបជុំគ្នា
លម្ហែកាយនឹងបរិយាកាសខ្យល់បរិសុទ្ធរបស់ដើមស្រល់ ក៏ដូចជាការជប់លៀងនាពេលរាត្រីជាមួយការអាំងសាច់ជាដើម (គិតចាប់ពីមុនស្ថានភាពកូវីដ)។

៣. ចំពោះក្រុមយុវជន និងនិស្សិតវិញ តើមានការពេញនិយមមកកម្សាន្តនៅទីនេះដែរ ឬទេ?

រមណីយដ្ឋានរបស់ពួកយើងក៏មានការនិយមគាំទ្រមកលេងកម្សាន្តពីសំណាក់ក្រុមយុវជន និងនិស្សិតខ្លាំងផងដែរ។ ពួកគាត់ភាគច្រើនមកជាលក្ខណៈក្រុមៗ ដ្បិតចូលចិត្តការកម្សាន្តបែបផ្សងព្រេងដើរ ព្រៃភ្នំ និងបោះតង់ ព្រោះវាមានតម្លៃធូរថ្លៃជាងបន្ទប់ច្រើន ហើយអាចកម្សាន្តរីករាយបានដូចគ្នា។ ក្រៅពីការជួលសេវាកម្មស្នាក់នៅ
និងសកម្មភាពកម្សាន្តរបស់ក្រុមហ៊ុន យើងខ្ញុំក៏បើកទទួលភ្ញៀវចូលមកទស្សនាកម្សាន្តទូទៅជាសាធារណៈផងដែរ។

៤.តើស្ថានភាពភ្ញៀវមកកម្សាន្តក្នុងអំឡុងពេលនៃជំងឺឆ្លងកូវីដ-១៩ នេះវិញយ៉ាងម៉េចដែរ?
ក្នុងកាលៈទេសៈកូវីដកន្លងមក ខាងក្រុមហ៊ុនមិនបានបើកទទួលឱ្យចូលកម្សាន្តជាលក្ខណៈក្រុមហ៊ុន ឬគ្រួសារនោះទេ ព្រោះដើម្បីបញ្ចៀសការប្រមូលផ្ដុំមនុស្សច្រើន ស្របពេលដែលរមណីយដ្ឋានរបស់យើងបានគោរពនូវសេចក្ដីប្រកាស ក៏ដូចជាប្រកាន់ភ្ជាប់អំពីវិធានការផ្សេងៗរបស់ក្រសួងសុខាភិបាលជានិច្ច។ ផ្ទុយមកវិញ មួយរយៈចុងក្រោយនេះស្ថានភាពកូវីដហាក់រៀងថមថយ ហើយស្របពេលដែលរាជរដ្ឋាភិបាលបានប្រកាសឱ្យបើកដំណើរការស្ទើរគ្រប់វិស័យឡើងវិញ យើងខ្ញុំបានបើកទទួលភ្ញៀវទេសចរដែលមានបំណងមកទស្សនាកម្សាន្តជាលក្ខណៈគ្រួសារ និងក្រុមហ៊ុនដែលមានសមាជិកមិនលើសពីចំនួន ១៥នាក់។

៥. តើរមណីយដ្ឋានកម្សាន្តនេះមានបម្រើសេវាកម្មផ្នែកស្នាក់នៅយ៉ាងណាខ្លះ?
យើងខ្ញុំមានបម្រើសេវាកម្មតម្រូវទៅតាមអតិថិជនតាមរយៈការកក់ជាកញ្ចប់ផ្សេងៗ។ ឧ. ប្រសិនបើពួកគាត់មកជាលក្ខណៈគ្រួសារយើងខ្ញុំនឹងរៀបចំទទួលពួកគាត់ជាកញ្ចប់ស្នាក់នៅដែលមានជាអាហារ សកម្មភាពកម្សាន្តទាំងថ្ងៃ ទាំងយប់រួមបញ្ចូលជាស្រេច។ ម្យ៉ាងទៀត ភ្ញៀវក៏អាចជួលតែកន្លែងស្នាក់នៅ ហើយអាចយកអាហារមកញុំាដោយខ្លួនឯងបានផងដែរ។

៦.តើមានភ្ញៀវប្រភេទណាដែលនិយមមកកម្សាន្តនៅទីនេះ?
រមណីយដ្ឋានយើងខ្ញុំសាងសង់ឡើងដោយផ្ដោតសំខាន់លើភ្ញៀវជាតិជាចម្បង ហើយក្នុងនោះក៏យើងស្វាគមន៍ភ្ញៀវទេសចរបរទេសផងដែរ។ រាល់តម្លៃសេវាកម្មរបស់ខាងយើងខ្ញុំ គឺតម្រូវទៅតាមជីវៈភាពរបស់ប្រជាជនក្នុងស្រុក ពោលគឺក្រុមហ៊ុនយើងខ្ញុំចង់ឃើញវត្តមានរបស់ប្រជាជនខ្មែរជាច្រើនមកសម្រាកកម្សាន្ត និងទទួលយកបទពិសោធន៍ថ្មីៗពីរមណីយដ្ឋានយើងខ្ញុំ។

៧. ជាចុងបញ្ចប់ តើលោកមានពាក្យពេចន៍អ្វីចង់ផ្ដាំផ្ញើទៅកាន់អ្នកអានរបស់យើង?
យើងខ្ញុំសូមថ្លែងអំណរគុណដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្ត និងស្វែងយល់ពីវិសាលភាពនៅរមណីយដ្ឋានវីគីរីរម្យនាពេលកន្លងមក។ សូមជម្រាបដែរថា រមណីយដ្ឋាននេះត្រូវបានផ្ដួចផ្ដើមអភិវឌ្ឍន៍ឡើងដោយភាគីជប៉ុន និងខ្មែរ នៅលើទឹកដីកម្ពុជាយើង ដើម្បីឱ្យស្គាល់ពីវប្បធម៌កម្សាន្តរបស់ជនជាតិខ្មែរយើង៕

ការស្នាក់នៅ និងសកម្មភាពកម្សាន្តនៅរមណីយដ្ឋាន វីគិរីរម្យ ផាញ រីសត

វីគិរីរម្យ ផាញ រីសត ជាតំបន់ទេសចរណ៍ធម្មជាតិបែបទំនើប ដែលមានអាកាសធាតុអំណោយផលគ្រប់រដូវ។ ក្នុងតំបន់ទេសចរណ៍មួយនេះ មិនត្រឹមតែមានទេសភាពស្រស់បំព្រងនោះទេ និងមានកន្លែងស្នាក់អាស្រ័យស្អាតៗ
ជាច្រើនប្រភេទទៀតផង ដែលមានដូចជាផ្ទះវីឡាប្រណិត ផ្ទះលូ ផ្ទះរចនាបែបខ្មែរ តង់ធម្មតា និងតង់ទំនើប ដោយមានតាមតម្រូវការ និងចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរ ដែលចង់មកសម្រាកលម្ហែកាយ រំសាយភាពតានតឹងនៅទីនេះ។ ក្រៅពីការស្នាក់នៅ ក៏មានសកម្មភាពកម្សាន្តដូចជា៖ ការបាញ់ព្រួញ ជិះខ្សែរ៉ត ជិះសេះ ឡើងជញ្ជាំង សេវាកម្មជិះម៉ូតូយន្ត ជិះកង់កម្សាន្តជាក្រុម និងការទស្សនាថ្ងៃលិចជាដើម ផងដែរ។

នៅចុងសប្តាហ៍ និងថ្ងៃបុណ្យឈប់សម្រាកនានា មានក្រុមយុវវ័យទៅដើរកម្សាន្ត ដើម្បីលម្ហែរអារម្មណ៍បន្ធូរភាពតានតឹងពីការងារ នៅក្នុងព្រៃធម្មជាតិក្នុងរមណីយដ្ឋានវីគិរីរម្យ និងវត្តមានភ្ញៀវបរទេសជាលក្ខណៈក្រុមគ្រួសារជួលកន្លែងស្នាក់នៅ និងធ្វើសកម្មភាពកម្សាន្តខាងក្រៅដូចជាជិះកង់ ឡើងជញ្ជាំង និងជិះខ្សែរ៉ត ជាដើមផងដែរ។

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 48】







この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer