គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

“អត្តចរិកល្អ ភាពស្មោះត្រង់ និងភាពហ្មត់ចត់ចំពោះការងារ ជាចំណុចសំខាន់ក្នុងការប្រកបការងារជាមួយជនជាតិជប៉ុន”
“អត្តចរិកល្អ ភាពស្មោះត្រង់ និងភាពហ្មត់ចត់ចំពោះការងារ  ជាចំណុចសំខាន់ក្នុងការប្រកបការងារជាមួយជនជាតិជប៉ុន”
2022.06.13

កញ្ញា ជ្រា ណៃស៊ីម (២៦ឆ្នាំ) ជាអតីតនិស្សិតសិក្សានៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នៃវិទ្យាស្ថានភាសាបរទេស (IFL) ដេប៉ាតឺម៉ង់ភាសាជប៉ុន ផ្នែកអប់រំ សម្រាប់ឆ្នាំសិក្សា២០១៣ ដល់ឆ្នាំ២០១៨។ អំឡុងពេលសិក្សា ជំនាញនេះ នៅក្នុងឆ្នាំ២០១៦ កញ្ញាបានជាប់អាហារូបករណ៍មួយក្នុង កម្មវិធីផ្លាស់ប្តូរការសិក្សា (exchange program) សម្រាប់និស្សិតដែលមាន GPA ខ្ពស់ ទៅសិក្សានៅសាកលវិទ្យាល័យ Nihon Wellness Sports University រយៈពេល ១ឆ្នាំ ដើម្បីស្វែងយល់ពីបទពិសោធន៍រៀនសូត្រ និងវប្បធម៌រស់នៅរបស់ប្រទេសជប៉ុន។ អាហារូបករណ៍នោះបានផ្ដល់ សម្រាប់តែថ្លៃសិក្សាប៉ុណ្ណោះ ខណៈដែលថ្លៃចំណាយផ្សេងៗមិនត្រូវបានរាប់បញ្ចូលឡើយ។ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តជប៉ុននៅរាជធានីភ្នំពេញ កញ្ញាបានសម្រេចចិត្តទៅធ្វើការនៅប្រទេសជប៉ុនភ្លាម តាមរយៈក្រុមហ៊ុនផលិត និងលក់គ្រឿងបន្លាស់រថយន្ត ឈ្មោះ MARUEMU INC. នៅទីក្រុងតូក្យូ។ ក្រុមហ៊ុននេះ ក៏មានសាខាមួយកន្លែងនៅរាជធានីភ្នំពេញ និងប្រទេសម៉ាឡេស៊ីផងដែរ។ បច្ចុប្បន្ន កញ្ញាគឺជាជំនួយការ និងជាអ្នកសម្របសម្រួលផ្នែកលក់មួយរូបនៅក្នុងក្រុមហ៊ុននេះ។

មូលហេតុមកធ្វើការនៅជប៉ុន

មូលហេតុដែលនាំឱ្យនាងខ្ញុំសម្រេចចិត្តមកធ្វើការនៅជប៉ុនជាមួយក្រុមហ៊ុននេះ គឺដោយសារអំឡុងពេលសិក្សាឆ្នាំទី៤នៅសាកលវិទ្យាល័យ នាងខ្ញុំធ្លាប់បានធ្វើការងារក្រៅម៉ោងជាអ្នកបកប្រែឱ្យថៅកែក្រុមហ៊ុនផលិត និងលក់គ្រឿងបន្លាស់រថយន្ត ឈ្មោះ MARUEMU INC. នេះ នៅពេលដែលគាត់មកស្រុកខ្មែរម្ដងៗ។ ដោយឃើញពីភាពប៉ិនប្រសប់ទេព្យកោសល្យ និងមានទំនាក់ទំនងល្អជាមួយអ្នកនៅជុំវិញខ្លួន ទើបធ្វើឱ្យថៅកែចង់បានរូបនាងខ្ញុំយកទៅធ្វើការនៅជប៉ុន ប៉ុន្ដែពេលនោះនាងខ្ញុំ បានបដិសេធសំណើរបស់គាត់ចំនួន ២ដងឯណោះ ដោយហេតុថាខ្លួន ឯងមិនមានជំនាញលើវិស័យនេះ(កិច្ចការងារទីផ្សារ) ខណៈពេលដែល នាងខ្ញុំគិតថាផ្នែកអប់រំនោះទេ ដែលស័ក្ដិសមសម្រាប់ខ្លួនឯង ដ្បិតខ្លួនកំពុងរៀននៅផ្នែកនេះស្រាប់ ហើយពិសេសចង់ធ្វើការនៅស្រុកខ្មែរយើង សិនផង។ ប៉ុន្តែក្រោយមកដោយនាងខ្ញុំមើលឃើញថាលោកថៅកែជា មនុស្សស្មោះត្រង់ និងមានទឹកចិត្តល្អ ព្រមទាំងបានពន្យល់អំពីការងារ ដែលនឹងត្រូវរ៉ាប់រង់នៅពេលដែលត្រូវធ្វើការនៅប្រទេសជប៉ុនបានត្រឹមត្រូវរួចមក នាងខ្ញុំក៏មានចំណាប់អារម្មណ៍ចំពោះការងារនោះ ហើយក៏សម្រេចចិត្តយល់ព្រមមកធ្វើការងារនៅប្រទេសជប៉ុន បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តជប៉ុនភ្លាម។

ដំណើរកម្សាន្តទៅទស្សនាភ្នំហ្វូជី នាខែកុម្ភះ ឆ្នាំ២០២០

ស្ថានភាពការងារនៅជប៉ុន

ពេលចូលធ្វើការងារដំបូង នាងខ្ញុំមានផលលំបាកមួយចំនួនដូចជា៖ ការមិនមានចំណេះដឹងទាក់ទងនឹងវិស័យនេះមិនទាន់ស្គាល់អំពីផលិត ផលរបស់ក្រុមហ៊ុន និងការដែលភាសាជប៉ុននៅមានកម្រិតនៅឡើយ។ ដំបូងឡើយ គឺនាងខ្ញុំមិនបានធ្វើការងារនេះភ្លាមទេ គឺត្រូវចាប់ផ្ដើមរៀនពីចំណុចសូន្យមកសិន។ ការងារដំបូងរបស់នាងខ្ញុំពេលនោះមានដូចជា៖ ការរៀបចំកាលវិភាគបេសកកម្មការងារទៅក្រៅប្រទេស ការចេញទៅ តាមបណ្ដាប្រទេសផ្សេងៗ ដើម្បីផ្សព្វផ្សាយផលិតផល និងជួបភ្ញៀវជាដើម (ដោយធ្វើជាអ្នកបកប្រែឱ្យថៅកែជាដើម)។ មែនទែនទៅ នាងខ្ញុំជាមនុស្សដែលចូលចិត្តការទំនាក់ទំនង ការពន្យល់ណែនាំ និងដើរហើរ ទៅក្រៅប្រទេសច្រើន ដូច្នេះ វាបានក្លាយជាចំណូលចិត្តរបស់នាងខ្ញុំនៅពេលបានមកធ្វើការនៅទីនេះ។ មកទល់ពេលនេះ ការងារចម្បងរបស់ នាងខ្ញុំ គឺជាជំនួយការរបស់ថៅកែ និងអ្នកសម្របសម្រួលផ្នែកលក់។ ផលលំបាកជាមួយការងារសម្រាប់រូបនាងខ្ញុំនោះ គឺការមិនទាន់ស្គាល់ អស់ពីគ្រឿងបន្លាស់រថយន្តដែលមាននៅក្នុងក្រុមហ៊ុន។ ដូច្នេះ ទោះបច្ចុប្បន្ននេះក្តីនៅពេលទទួលទូរស័ទ្ទពីអតិថិជនសាកសួរពីបច្ចេកទេស ទាក់ទងនឹងគ្រឿងបន្លាស់របស់យានយន្ត ឬព័ត៌មានស៊ីជម្រៅដែលខ្លួន នៅមិនទាន់ដឹងនាងខ្ញុំអាចរកជំនួយពីរាមច្បងជាបុគ្គលិកជប៉ុនធ្វើការជាមួយគ្នាឱ្យជួយឆ្លើយតបជំនួស។ ទោះពេលខ្លះខំប្រឹងស្រាវជ្រាវបន្ថែម ក៏នៅមានកន្លែងពិបាកស្វែងយល់ច្រើននៅឡើយ ដោយសារតែនៅមាន កិច្ចការដែលត្រូវរៀនជាច្រើន។ ប៉ុន្តែនាងខ្ញុំបាននិងកំពុងខិតខំរៀនពីវាបន្តិចម្តងៗ។

ជីវិតរស់នៅក្នុងប្រទេសជប៉ុន

កាលពីពេលមករៀនក្នុងនាមជានិស្សិតផ្លាស់ប្ដូររយៈពេលមួយឆ្នាំកន្លងមកនេះនាងខ្ញុំមិនមានផលលំបាកអ្វីនោះទេ ទាំងការសិក្សា ការរស់នៅ និងការហូបចុក ព្រោះកាលនោះបានមកជប៉ុនដោយរស់នៅជុំគ្នាជាមួយ និស្សិតខ្មែរដ៏ទៃទៀតចំនួន ៣នាក់។ ជួនកាលមានពេលអផ្សុកខ្លះៗដែរ ជាពិសេសពេលមានបញ្ហាអ្វីមួយ នាងខ្ញុំអាចពិភ្សា និងនិយាយគ្នាលេង ពីនេះពីនោះជាមួយមិត្តភក្តិ ដើម្បីបំបាត់ភាពតានតឹង។ ផ្ទុយមកវិញ នៅពេលត្រឡប់មកធ្វើការនៅជប៉ុនលើកនេះកាលពី៣ឆ្នាំមុន គឺនាងខ្ញុំរស់នៅម្នាក់ឯង និងត្រូវមានទំនួលខុសត្រូវច្រើនលើខ្លួនឯង។ ហើយ នៅកន្លែងការងារវិញ គឺនាងខ្ញុំជាជនបទេសម្នាក់ឯងគត់។ តែយ៉ាងនេះ ក្តីអ្វីទាំងនេះមិនមែនជាបញ្ហាទេ ប៉ុន្ដែ គ្រាន់តែមានអារម្មណ៍ថាខ្លួនឯង ហាក់ដូចជាឯកាពេលខ្លះ ព្រោះនៅពេលជួបបញ្ហាមិនមានអ្នកពិភាក្សា ជាមួយ និងនៅថ្ងៃសម្រាកត្រូវនៅផ្ទះម្នាក់ឯងជាដើម។ ដោយឡែកនៅកន្លែងការងារវិញ គឺមានការចុះសម្រុងគ្នាល្អ និងមិនមានអ្វីចោទជាបញ្ហាទេ ថៅកែនិងមិត្តរួមការងារសុទ្ធតែជាមនុស្សល្អៗ។

ពិធីបញ្ចប់វគ្គសិក្សាខ្លីនៅប្រទេសជប៉ុនរយៈពេល១ឆ្នាំ នាខែសីហា ឆ្នាំ២០១៧

ចំណុចចូលចិត្តប្រទេសជប៉ុន និងជនជាតិជប៉ុន

ទីមួយ គឺសុវត្ថិភាព។ ដូចដែលយើងភាគច្រើនបានដឹង ជប៉ុនជាប្រទេស ដែលមានសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពខ្ពស់ណាស់។ នៅទីនេះ នាងខ្ញុំអាចដើរតែម្នាក់ឯងបានទោះទៅទីណា ឬទោះបីជានៅពេលយប់ក៏ដោយ។ ទីពីរ មធ្យោបាយធ្វើដំណើរសាធារណៈមានភាពងាយស្រួល។ ទោះជាត្រូវទៅ ឬចង់ទៅទីណាក៏ដោយ គឺយើងអាចធ្វើដំណើរតាមមធ្យោបាយ សាធារណៈមានដូចជារថភ្លើង ឬឡានក្រុងជាដើម បានពីគ្រប់ទីកន្លែង ដោយចំណាយពេលតិច និងតម្លៃសមរម្យ ជាពិសេសការចេញដំណើរទៀងទាត់ម៉ោង និងមានសុវត្ថិភាពខ្ពស់។ ទីបីនោះ គឺភាពស្អាតបាត។ គ្រប់ទីប្រជុំជន និងកន្លែកសាធារណៈនានា គឺស្អាតរៀបរយ និងមានអនាម័យ (បន្ទប់ទឹកសាធារណៈជាដើម)។ ជាពិសេស អាហារមានរសជាតិឆ្ងាញ់ មិនប៉ះពាល់ដល់សុខភាព និងមានផលិតផលប្រើប្រាស់សម្បូរបែប។ ទាក់ទងនឹងជនជាតិជប៉ុនវិញ ចំណុចដែលនាងខ្ញុំចូលចិត្តនោះ គឺភាពស្មោះត្រង់។ ជនជាតិជប៉ុនរស់នៅមិនចង់បានរបស់អ្នកដ៏ទៃឡើយ នៅទីនេះខ្ញុំពុំមានអ្វីបារម្ភ កង្វល់ពីបញ្ហាបាត់របស់ ឬអំពើឆក់ប្លន់អ្វីឡើយ គឺមានអារម្មណ៍កក់ក្ដៅពេលធ្វើដំណើរ។ ប្រជាជនជប៉ុន រស់នៅស្អាត មានអនាម័យ ចេះគិតគូរដល់អ្នកដ៏ទៃ។ មួយវិញទៀត ជនជាតិជនច្បាស់លាស់ ម៉ត់ចត់ និងសកម្មចំពោះ ការាងារ។ ខ្ញុំពិតជាចូលចិត្តខ្លាំងនូវចំណុចដែលពួកគាត់ធ្វើការអស់ពីចិត្ត រៀបរយ និងមិនធ្វើឱ្យរួចតែពីដៃ។

យ៉ាងណាមិញ បើនិយាយពីចំណុចនាងខ្ញុំមិនចូលចិត្តវិញ គឺការណ៍ ដែលជនជាតិជប៉ុនគាត់មានទម្លាប់និយាយមិនឱ្យចំៗ។ ពោលគឺ ពួកគាត់មិនចូលចិត្តនិយាយអ្វីត្រង់ៗនោះទេ។ គាត់ចូលចិត្តតែនិយាយបង្វៀង។ នៅពេលសួរគាត់ថា ខុស ឬ ត្រូវ? គាត់បែជាឆ្លើយដោយនិយាយពី ហេតុផលដែលគាត់យល់ឃើញទៅវិញ ដោយពុំឆ្លើយខុស ឬត្រូវឱ្យចំៗនោះទេ។ នេះជាអ្វីដែលនាងខ្ញុំមិនសូវចូលចិត្ត និងពិបាកស្វែងយល់អំពីគំនិតពួកគាត់។ រីឯនៅកន្លែងការងារវិញ នាងខ្ញុំមិនចូលចិត្តត្រង់ចំណុចប្រកាន់ក្បួនអនុវត្តិការងារដដែលៗ មិនផ្លាស់ប្ដូររបៀបធ្វើថ្មីជាដើម។ ពេលខ្លះ នាងខ្ញុំគិតថា ឱ្យតែចេញលទ្ធផលដូចគ្នា គួរធ្វើតាមវិធីណាក៏បាន មិនចាំបាច់ធ្វើតាមវិធីដដែលៗនោះទេ តែពួកគាត់ភាគច្រើនបំផុតនឹង មិនគាំទ្រគំនិតនាងខ្ញុំឡើយ។ ប៉ុន្ដែ ក្រោយពីបានបម្រើការងារជាមួយ ពួកគាត់យូរមក នាងខ្ញុំយល់ថា អ្វីដែលពួកគាត់មានរបៀបធ្វើការងារ ទាំងអស់នោះ គឺសុទ្ធតែជាចំណុចល្អរបស់ពួកគាត់ ព្រោះរបៀបធ្វើការទាំងនោះ គឺធ្វើឡើងដោយផ្អែកលើបទពិសោធន៍ និងក្បួនច្បាប់ច្បាស់លាស់។ ដោយសារតែងតែគោរពតាមក្បួនច្បាប់បែបនេះហើយ ទើបពួកគាត់មិនសូវបង្កើតកំហុសការងារ។

ញុំាអាហារជុំគ្នាជាមួយមិត្តរួមការងារនៅប្រទេសហ្វីលីពីន នាខែកក្កដា ឆ្នាំ២០១៩

គម្រោងនៅថ្ងៃអនាគត

នៅថ្ងៃអនាគតនាងខ្ញុំមិនមានគម្រោងរស់នៅប្រទេសជប៉ុនរហូតនោះទេ។ ដោយសារបច្ចុប្បន្ន នាងខ្ញុំកំពុងធ្វើការនៅក្រុមហ៊ុនចែកចាយគ្រឿង បន្លាស់យានយន្តដែលទិញចូល និងលក់ចេញបែបនេះ ដូច្នេះ នាងខ្ញុំចង់រៀន និងស្វែងយល់ ព្រមទាំងចង់ដកស្រង់បទពិសោធន៍ពីផ្នែកនេះ ឱ្យចេះច្រើនសិន ទាំងការទិញចូល និងលក់ចេញជាដើម។ បន្ទាប់ពីនោះ នាងខ្ញុំមានបំណងចង់យកបទពិសោធន៍ទាំងនោះមកអនុវត្តិនៅស្រុកខ្មែរ តាមរយៈការនាំទំនិញទាក់ទងនឹងគ្រឿងបន្លាស់យានយន្តពីជប៉ុនមក លក់នៅស្រុកខ្មែរយើងជាដើម។

ការផ្ដាំផ្ញើ

សម្រាប់និស្សិតដែលជាសិស្សប្អូន ប្រសិនបើអ្នកមានបំណងចង់មកធ្វើការងារនៅប្រទេសជប៉ុន អ្វីដែលនាងខ្ញុំគិតថាសំខាន់នោះ គឺមិនចាំបាច់ទាល់តែអ្នកមានសមត្ថភាពរួចហើយ ឬក៏ពូកែការងារនោះស្រាប់ហើយនោះទេ។ ដូចដែលនាងខ្ញុំបានលើកឡើងខាងលើអុីចឹង នាងខ្ញុំមិនមែនជាអ្នករៀនផ្នែកខាងជំនួញទេ ប៉ុន្ដែហេតុអ្វីបានជាគេជ្រើសរើសយកនាងខ្ញុំ? នោះគឺព្រោះតែអត្តចរិត ភាពស្មោះត្រង់ និងការឱ្យតម្លៃការងារ ព្រមទាំងភាពហ្ម៉ត់ចត់ចំពោះការងាររបស់នាងខ្ញុំ។ ប្រសិនបើ យើងឱ្យតម្លៃ ធ្វើការដោយរៀបរយ និងព្យាយាមធ្វើការងារឱ្យអស់ពីចិត្ត នោះ នាងខ្ញុំជឿជាក់ថាអ្នករាល់គ្នានឹងអាចធ្វើបានដូចៗគ្នា ព្រោះការងារ ជាអ្នកបង្រៀនយើង។ ដោយសារការងាររបស់នាងខ្ញុំ គឺការជួបមនុស្ស ខាងក្រៅច្រើន ដូច្នេះទឹកមុខញញឹម ភាពរួសរាយរាក់ទាក់ និងការចេះយកចិត្តទុកដាក់ជាមួយអ្នកធ្វើការនៅជុំវិញខ្លួន ក៏ជាចំណុចសំខាន់ត្រូវ ពិចារណាផងដែរ៕

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 51】










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles