គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

កិច្ចសម្ភាសន៍លោក YAMAMOTO ស្ថាបនិកទីលានបើកបរយានយន្ត “YAMAMOTO Circuit Cambodia” ក្នុងខេត្តកំពង់ស្ពឺ
កិច្ចសម្ភាសន៍លោក YAMAMOTO ស្ថាបនិកទីលានបើកបរយានយន្ត “YAMAMOTO Circuit Cambodia” ក្នុងខេត្តកំពង់ស្ពឺ
2022.01.21

តើអ្នកដឹងទេថាមានទីលានបើកបរយានយន្តនៅកម្ពុជា ដែរឬទេ?ទីលានបើកបរយានយន្តនេះ ត្រូវបានសាងសង់ឡើងនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ដែលស្ថិតនៅភាគពាយ័ព្យនៃរាជធានីភ្នំពេញ។ ជនជាតិជប៉ុនដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យកីឡាយានយន្ត និងធ្លាប់ជាអតីតកីឡាករបើកបរយានយន្ត សម្រាប់ការប្រកួតពានរង្វាន់នៅប្រទេសជប៉ុន គឺលោក YAMAMOTO បានមកចូលរួមបោះទុនវិនិយោគនៅក្នុងការបង្កើតទីលានបើកបរនេះឡើង។ ទីលានបើកបរយានយន្ត “YAMAMOTO Circuit Cambodia” ត្រូវបានបើកដំណើរការសាកល្បងនៅខែឧសភា ឆ្នាំ២០២១។ វាមានទីតាំងស្ថិតនៅលើផ្ទៃដីដ៏ធំល្វឹងល្វើយនៅក្បែរជើងភ្នំនៃចំការកសិទេសចរណ៍របស់ ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី។ ចាប់តាំងពីបើកដំណើរការនៅដើមឆ្នាំ២០២១ មក លោក YAMAMOTO ខ្លួនគាត់ផ្ទាល់ បានមករស់នៅ និងគ្រប់គ្រង ផ្ទាល់នៅទីលាននេះ ជាមួយបុគ្គលិកខ្មែរ។ តើលោក YAMAMOTO យល់ឃើញយ៉ាងណាខ្លះក្នុងការបងើ្កតឡើងនូវទីលានបើកបរយានយន្តដ៏ធំដំបូងគេនៅកម្ពុជានេះ?
បុគ្គលិក ទស្សនាវដ្តីញញឹម បានសាកសួរលោក YAMAMOTO អំពីការបង្កើតទីលានបើកបរ និងវិស័យកីឡាយានយន្ត (Motorsport) នៅកម្ពុជាដូចតទៅ៖

១. តើមូលហេតុអ្វីនាំឱ្យលោកសម្រេចចិត្តមកបង្កើតទីលានបើកបរយានយន្តនេះ?

តាមពិតទៅ ខ្ញុំហាក់ដូចជាមាននិស្ស័យជាមួយប្រទេសកម្ពុជា។ ជីតារបស់ខ្ញុំគឺជាជាងចម្លាក់ថ្មម្នាក់ ហើយឪពុករបស់ខ្ញុំបានស្នងនូវការងារនេះ និងបានពង្រីកជំនាញនេះនៅក្នុងសិប្បកម្មចម្លាក់ថ្ម។ ក្រោយមកទៀតឪពុកខ្ញុំត្រូវបានចាត់តាំងជាតំណាងពីរដ្ឋាភិបាលជប៉ុនឱ្យមកទទួលបន្ទុកផ្នែកជួសជុលប្រាសាទ សម្រាប់ក្រុមអភិរក្សប្រាសាទអង្គរ “JSA” ដែលធ្វើឡើងដោយជំនួយពីរដ្ឋាភិបាលជប៉ុន។ តាមរយៈការងាររបស់ឪពុកខ្ញុំដែលជាអ្នកបង្រៀនបច្ចេកទេសទាក់ទងនឹងការជួសជុល និងអភិរក្សប្រាសាទអង្គរ ខ្ញុំក៏បានមកទស្សនាប្រទេសកម្ពុជាញឹកញាប់រហូតមក។
នៅពេលខ្ញុំឈានដល់វ័យ ៦០ឆ្នាំ ខ្ញុំមានបំណងប្រើប្រាស់នូវសមត្ថភាពរបស់ខ្លួនដែលមាន ដើម្បីធ្វើអ្វីមួយបន្សល់ទុកសម្រាប់ប្រទេសនេះ។បន្ទាប់ពីខ្ញុំបានជួប ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី ក្រោមការណែនាំពីមិត្តភក្តិខ្មែររបស់ខ្ញុំ ទើបធ្វើឱ្យខ្ញុំសម្រេចចិត្តសាងសង់កន្លែងលេងកីឡាមួយនេះឡើង។ ដោយសារខ្ញុំជាកីឡាករបើកបរយានយន្តនៅប្រទេសជប៉ុន ខ្ញុំគិតថាខ្ញុំអាចប្រើប្រាស់បទពិសោធន៍ និងចំណេះដឹងនេះ រួមនឹងទុនវិនិយោគផ្ទាល់ខ្លួនរបស់ខ្ញុំ ដើម្បីបង្កើតទីលានបើកបរយានយន្តនេះឡើង ក្រោមកិច្ចសហការជាមួយ ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី។

២. បើប្រៀបធៀបទៅនឹងកីឡាផ្សេងទៀត កីឡាយានយន្តនេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយមានមនុស្សតិចតួចណាស់ដែលចង់លេងកីឡានេះ។ ហេតុអ្វីបានជាអ្នកសម្រេចចិត្តនាំយកកីឡានេះមកប្រទេសកម្ពុជា?
ជាការពិតណាស់ កីឡាយានយន្តមិនទាន់ពេញនិយមនៅកម្ពុជាទេ។ ទោះជាយ៉ាងណាក៏ដោយ សហព័ន្ធកីឡាយានយន្តកម្ពុជា គឺត្រូវបានបង្កើតឡើងប្រហែល ៥ឆ្នាំមុន ហើយកម្ពុជាក៏បានក្លាយជាសមាជិកនៃការប្រកួតជាលក្ខណៈអន្តរជាតិផងដែរ។ ដូច្នេះ ដើម្បីឱ្យកម្ពុជាអាចបញ្ជូនកីឡាកររបស់ខ្លួន ទៅកាន់ទីលានបើកបរកម្រិតពិភពលោកបាននាពេលខាងមុខ ចាំបាច់ត្រូវបណ្តុះបណ្តាលកីឡាករបើកបរយានយន្តនេះពីដំណាក់កាលដំបូងបំផុតសិន ពោលគឺ ត្រូវបំពាក់បំប៉នពួកគេឱ្យមានសមត្ថភាពត្រឹមត្រូវ។ ទីលានបើកបរនេះ ត្រូវបានដំណើរការដោយផ្អែក
តាមស្តង់ដារកំណត់ដោយ FIA (សហព័ន្ធយានយន្តអន្តរជាតិ)។

ខ្ញុំមានបំណងចង់ផ្សព្វផ្សាយពីភាពទាក់ទាញ និងសក្តានុពលនៃកីឡាយានយន្តនៅក្នុងប្រទេសកម្ពុជា តាមរយៈទីលានបើកបរនេះ។ ខ្ញុំមានបទពិសោធន៍ប្រមាណ ៤០ឆ្នាំ នៅក្នុងវិស័យកីឡានេះ។ ដូច្នេះ ខ្ញុំចង់ផ្ទេរនូវចំណេះដឹង និងបច្ចេកទេសទាក់ទងនឹងកីឡាយានយន្ត ព្រមទាំងចំណេះដឹងនៃការគ្រប់គ្រងទីលានបើកបរនេះជាដើម ជូនទៅកាន់ប្រជាជនកម្ពុជា។ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាកីឡាយានយន្ត គឺជាកីឡាដែលមានគ្រោះថ្នាក់មួយ។ ដូច្នេះ អ្នកដែលចូលប្រឡូកក្នុងវិស័យកីឡានេះ គឺជាអ្នកដែលយល់ច្បាស់ពីច្បាប់ ប្រកាន់ខ្ជាប់នូវច្បាប់ទម្លាប់ទាំងនោះមុនពេល និងនៅពេលបើកបរនៅលើទីលាន។

៣. តើលោកពុំមានផលលំបាកចំពោះការគ្រប់គ្រងនៅទីនេះទាក់ ទងនឹងបញ្ហាបច្ចេកទេស ទេឬ?
វានឹងលំបាកសម្រាប់ខ្ញុំ ប្រសិនបើគ្មានបុគ្គលិកខ្មែរដែលអាចយល់ និងមានចំណេះដឹងពីកីឡានេះ ក៏ដូចជាទីលានបើកបរនេះ ហើយចេះភាសាជប៉ុនបានច្បាស់នោះទេ។ លោក ស៊ុន ចំរើន គឺជាបុគ្គលសំខាន់សម្រាប់រូបខ្ញុំ។ លោកជាអ្នកចាត់ការទូទៅនៅទីនេះ និងជាអ្នកបណ្តុះបណ្តាល និងណែនាំបុគ្គលិក ព្រមទាំងអ្នកមកកម្សាន្តនៅទីនេះ ឱ្យយល់ពីច្បាប់ និងវិធានការសុវត្ថិភាពជាដើម។ គាត់អាចនិយាយភាសាជប៉ុនបានយ៉ាងល្អ ហើយគាត់ធ្លាប់បានចូលរួមទស្សនាផ្ទាល់ ក្នុងនាមជាសមាជិកនៃក្រុមរបស់ខ្ញុំ នៅក្នុងការប្រកួតអន្តរជាតិចម្ងាយ ១០០០km ដែលបានធ្វើឡើងនៅទីលានបើកបរ Suzuka Circuit ក្នុងឆ្នាំ២០០៣នៅប្រទេសជប៉ុន។

៤. ទីលានបើកបរយានយន្តលំដាប់នេះគឺមានវត្តមានដំបូងគេនៅកម្ពុជា។ តើលោកគិតថាវិស័យនេះនឹងមានលទ្ធភាពរីកចម្រើននៅកម្ពុជាទេ?
ខ្ញុំគិតថាមានប្រជាជនកម្ពុជាជាច្រើនដែលចាប់អារម្មណ៍លើកីឡាយានយន្ត។ យ៉ាងណាមិញ ដោយសារកីឡាយានយន្តគឺមានបីប្រភេទដូចជា៖
ប្រភេទឡាន ម៉ូតូ និងហ្គោខាត ប៉ុន្តែ ខ្ញុំមិនដឹងថា ប្រជាជនខ្មែរចាប់អារម្មណ៍មួយណាច្បាស់នោះទេ។ ក្តីស្រមៃរបស់ខ្ញុំគឺចង់ឃើញកម្ពុជាមានក្រុមកីឡាយានយន្តរបស់ខ្លួន នាពេលអនាគត ហើយមានកីឡាករកម្ពុជា កាន់ទង់ជាតិកម្ពុជា មានវត្តមានចូលរួមប្រកួតនៅប្រទេសជប៉ុន។ ដោយសារខ្ញុំជាអតីតកីឡាករនៃកីឡាយានយន្តនេះ និងធ្លាប់ធ្វើជាអ្នកអត្ថាធិប្បាយកីឡាយានយន្តនៅទីលាន Suzuka Circuit រយៈពេលប្រហែល ៣០ឆ្នាំផងនោះ ដូច្នេះខ្ញុំស្គាល់មនុស្សជាច្រើនដែលបំរើការទាក់ទងនឹងកីឡាយានយន្តនេះ។ នៅថ្ងៃអនាគត ខ្ញុំគិតថា ខ្ញុំអាចធ្វើការ
អញ្ជើញអ្នកជំនាញពាក់ព័ន្ធនានាមកពីប្រទេសជប៉ុន ដើម្បីមកណែនាំកីឡាករកម្ពុជានៅក្នុងប្រទេសកម្ពុជាបាន។

៥. យើងខ្ញុំសង្ឃឹមថាកម្ពុជានឹងមានកីឡាករសម្រាប់កីឡាយានយន្តនេះនាថ្ងៃអនាគត តាមរយៈទីលានបើកបររបស់លោក។
ជាធម្មតា វាត្រូវការពេលច្រើនឆ្នាំដើម្បីធ្វើឱ្យកីឡាមួយ ទទួលបានជោគជ័យនៅលើឆាកអន្តរជាតិ។ ទៅថ្ងៃអនាគត វាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជាក្នុងការបង្កើតក្រុមជម្រើសជាតិរបស់ខ្លួន តាមរយៈសហព័ន្ធកីឡាយានយន្តរបស់ខ្លួន ហើយដកស្រង់បទពិសោធន៍របស់ខ្លួននៅលើឆាកអន្តរជាតិ។ ដើម្បីបញ្ជូនកីឡាករប្រទេសរបស់ខ្លួនម្នាក់ឡើងលើឆាកប្រកួតលំដាប់អន្តរជាតិបាន យ៉ាងហោចណាស់កម្ពុជាត្រូវការកីឡាករយ៉ាងតិចចំនួន ១០នាក់ជាមុន។ លើសពីនេះទៀត ការអប់រំបណ្តុះបណ្តាលកីឡាករតាំងពីវ័យក្មេង តាមរយៈការសង្កេតមើលពីទេព
កោសល្យរបស់កុមារ ឬកូនៗរបស់លោកអ្នកក៏ជារឿងសំខាន់ផងដែរ។ សម្រាប់ការជោគជ័យនីមួយៗ គឺតែងតែមានការគាំទ្រពីអ្នកដែលរស់នៅជុំវិញ ដែលមិនអាចខ្វះបានឡើយ។ ម្យ៉ាងទៀត ដើម្បីបណ្តុះបណ្តាលកីឡាករលំដាប់អន្តរជាតិបាន យើងក៏មិនត្រូវភ្លេចពីយន្តការនៃការជួយគាំទ្រវិស័យនេះទេ។ ទោះបីកម្ពុជា មិនមានវប្បធម៌នៃកីឡាយានយន្តក្តីប្រសិនបើយន្តការជួយគាំទ្រកីឡានេះត្រូវបានបង្កើតឡើងត្រឹមត្រូវនោះនាពេលអនាគត កម្ពុជានឹងអាចលើកទង់ជាតិរបស់ប្រទេសខ្លួននៅលើឆាកអន្តរជាតិបានជាក់ជាមិនខាន៕

លោក សុន ចំរើន អ្នកចាត់ការទូទៅ នៅទីលានបើកបរ
យានយន្ត “YAMAMOTO Circuit Cambodia”

 

 

លោក សុន ចំរើន អាវពណ៌ផ្ទៃមេឃ នៅឆ្វេងដៃ

“ខ្ញុំរីករាយណាស់ដែលបានបំរើការងារនៅទីនេះ។ ទីនេះ គឺជាទីលានបើកបរយានយន្តស្តង់ដារដំបូងគេបង្អស់របស់កម្ពុជា ហើយខ្ញុំគិតថាមានប្រជាជនខ្មែរយើងជាច្រើននៅពុំទាន់ស្គាល់កីឡាយានយន្តនេះ។ តាមរយៈទីលានបើកបរនេះ ខ្ញុំចង់ផ្សព្វផ្សាយពីកីឡានេះនៅកម្ពុជាយើង និងថែមទាំងមានបំណងចង់ឱ្យបងប្អូនប្រជាជនខ្មែរយើង យល់ដឹងពីច្បាប់ទម្លាប់នៃការបើកបរកម្រិតស្តង់ដារបានត្រឹមត្រូវ និងធ្វើការយល់ដឹងពីសុវត្ថិភាពនៃការបើកបរយានយន្ត។ ដោយសារលោក Yamamoto ជាអតីតកីឡាករយានយន្តជប៉ុន ដែលមានចំណេះដឹង និងបទពិសោធន៍ច្រើនក្នុងកីឡានេះ ហើយគាត់ធ្វើការគ្រប់គ្រងផ្ទាល់នៅទីនេះ ដូច្នេះខ្ញុំបានរៀនសូត្រច្រើនពីការងារផ្សេងៗពីគាត់។ ខ្ញុំចង់ឃើញកម្ពុជាយើងមានកីឡាករយានយន្តរបស់ខ្លួន ហើយប្រជាជនខ្មែរខ្លួនឯងច្រើនចាប់អារម្មណ៍នឹងកីឡានេះ ព្រោះសម្រាប់កីឡានេះគឺយើងដើរយឺតជាងប្រទេសជិតខាងដូចជា៖ ប្រទេសថៃ និងវៀតណាមច្រើននៅឡើយ៕”
សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 48】







この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer