គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

អង្គការគាំពារសត្វចិញ្ចឹមអនាថា និងងាយរងគ្រោះ PPAWS
អង្គការគាំពារសត្វចិញ្ចឹមអនាថា និងងាយរងគ្រោះ PPAWS
2022.06.09

“PPAWS” (Phnom Penh Animal Welfare Society) ជាអង្គការជួយសង្គ្រោះសត្វចិញ្ចឹមគ្មានទីពឹង និងពិការភាព ដែលត្រូវគេបោះបង់ចោល ដោយភាគច្រើននៃសត្វទាំងនោះគឺជាសត្វឆ្កែ និងឆ្មា។ ជាមធ្យម មានសត្វឆ្កែ និងឆ្មាអនាថាចំនួនប្រហែលជាង ២០០០ក្បាល ត្រូវបានសង្រ្គោះដោយអង្គការ “PPAWS” នេះជារៀងរាល់ឆ្នាំ។ សត្វអនាថាដែលត្រូវបានយកមកសង្រ្គោះនៅទីនេះ គឺមកពីគ្រប់ទិសទីទាំងនៅក្នុងក្រុង និងពីតាមបណ្តាខេត្ត ហើយត្រូវបានថែទាំ និងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យសត្វជំនាញរបស់អង្គការ។

តើអង្គការ “PPAWS” បង្កើតឡើងដំបូង នៅឆ្នាំណា?

តាមពិតទៅ សកម្មភាពគាំពារសត្វអនាថារបស់ អង្គការ គឺចាប់ផ្តើមឡើងនៅឆ្នាំ២០១២ ធ្វើឡើង ដោយស្ថាបនិកនៃអង្គការនេះ ដែលដំបូងឡើយ គាត់ជាគ្រូបង្រៀនជនជាតិអង់គ្លេសម្នាក់ ដែល មានចិត្តស្រឡាញ់និងអាណិតសត្វឆ្កែ និងឆ្មា ដែល រងគ្រោះគ្មានទីជម្រក ដោយព្យាយាមប្រមូលយក សត្វអនាថាទាំងនោះមកព្យាបាលថែទាំឡើងវិញ។ ក្រោយមក ដោយសារចំនួនសត្វអនាថាដែល ប្រមូលបានមកពីតាមទីសាធារណៈចេះតែកើន ឡើង បានធ្វើឱ្យការថែទាំហាក់មានបន្ទុកសម្រាប់ គាត់ ព្រោះត្រូវចំណាយថ្លៃព្យាបាលសត្វដែល មានបញ្ហានៅគ្លីនិកខាងក្រៅ។ ដោយមើលឃើញ ពីបញ្ហាបែបនេះ គាត់ចាប់ផ្ដើមបង្កើតអង្គការមួយ នេះឡើង ក្នុងគោលបំណងស្វែងរក និងជួយ សង្គ្រោះសត្វឆ្កែ និងឆ្មាអនាថានៅកម្ពុជា។ ដោយ ឃើញពីសកម្មភាពគាំពារនេះទទួលបានជោគ ជ័យច្រើន “PPAWS” ត្រូវបានទទួលស្គាល់ជា អង្គការគាំពារសត្វអនាថាស្របច្បាប់មួយនៅកម្ពុជា។

តើអង្គការមានទទួលបានជំនួយហិរញ្ញវត្ថុមកពីកន្លែងណាដែរ ឬទេ?

ជំនួយដែលធំជាងគេបំផុត គឺយើងទទួលបានមកពីសេវាកម្មគ្លីនិករបស់អង្គការ ព្រោះមានភ្ញៀវទូទៅបានស្គាល់ និងបានយកសត្វចិញ្ចឹមរបស់គាត់មកព្យាបាលនៅទីនេះ។ រាល់ផលចំណេញ ដែលទទួលបានទាំងអស់ គឺយើងយកមកប្រើ ប្រាស់នៅក្នុងអង្គការ។ ក្រៅពីនេះទៀត យើង មានជំនួយមកពីក្រៅប្រទេសដែលជាភាគីដៃគូ សហការរបស់អង្គការនេះ។

តាមរយៈសកម្មភាពគាំពារដែលបានធ្វើឡើង កន្លងមកជាច្រើនឆ្នាំមកនេះ តើអង្គការសង្កេត ឃើញវប្បធម៌សត្វចិញ្ចឹមរបស់ជនជាតិខ្មែរយើង មានការប្រែប្រួលបែបណាខ្លះ នៅប៉ុន្មានឆ្នាំចុង ក្រោយនេះ?

យើងសង្កេតឃើញថាមានការប្រែប្រួលច្រើន។ កាលពីមុន នៅពេលអង្គការយើងបានចុះទៅជួយ ចាក់វ៉ាក់សាំងសត្វចិញ្ចឹមនៅតាមសហគមន៍ ដើម្បី បង្ការពីជំងឺផ្សេងៗដោយឥតគិតថ្លៃនាពេលនោះ មាន អ្នកភូមិច្រើនមិនចូលរួម ព្រោះពួកគាត់ព្រួយបារម្ភ និងមិនទុកចិត្តលើក្រុមការងារយើង ទោះបី ជាយើងព្យាយាមពន្យល់គាត់ ហើយថែមទាំងមាន លិខិតស្នាមចេញពីពេទ្យសត្វយ៉ាងណាក៏ដោយ ព្រោះពួកគាត់គិតថាវាមិនសំខាន់។ មួយវិញទៀត សូម្បីតែព្រះសង្ឃក៏ដូចគ្នាដែរ ដោយរាល់ពេល ដែលយើងចុះទៅចាក់វ៉ាក់សាំង និងក្រៀវសត្វ ឆ្កែឆ្មាអនាថានៅក្នុងវត្តម្តងៗ គឺព្រះអង្គមិនចូលរួម ដាច់ខាត ព្រោះលោកគិតថាវាជាកាប្រឆាំងនឹង ព្រះពុទ្ធសាសនា។ ប៉ុន្ដែ ក្រោយមកពីមួយឆ្នាំទៅ មួយឆ្នាំ ដោយមានចំនួនអ្នកយកសត្វមកព្រលែង នៅវត្តកើនឡើងច្រើន នឹងបានយល់ឃើញពីផល លំបាករបស់សត្វដែលមានបញ្ហាជំងឺ និងការបន្ត ពូជកើនឡើងជាលំដាប់ដូច្នោះ ព្រះសង្ឃក៏បាន អនុញ្ញាតឱ្យពួកយើងធ្វើការវះកាត់ (ក្រៀវ) និង ចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងៗ ជាពិសេសវ៉ាក់- សាំងការពារជំងឺឆ្កែឆ្កួត។ ប្រជាជនក៏ដូចគ្នាដែរ ឥឡូវពួកគាត់មានការចូលរួមច្រើនទាក់ទងនឹង ការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត និងបានយល់ ដឹងពីការក្រៀវសត្វជាដើម ព្រោះពួកគាត់ចាប់ផ្ដើម គិតចង់ឱ្យសត្វរបស់ពួកគាត់រស់នៅជាមួយគាត់ រយៈពេលយូរ ដោយប្ដូរពីការចិញ្ចឹមទុកជាសត្វ យាមផ្ទះ បែរមកជាសត្វនៃក្ដីស្រឡាញ់ និងចាត់ ទុកសត្វទាំងនោះដូចជាសមាជិកគ្រួសារខ្លួនវិញ ក៏មានច្រើនដែរ។

 

តើសត្វចិញ្ចឹមនៅក្នុងលក្ខខណ្ឌបែបណា ដែលអង្គការជួយសង្រ្គោះជាញឹកញាប់?

ជាទូទៅ យើងមិនត្រឹមតែជួយសត្វអនាថា ប៉ុណ្ណោះទេ គឺយើងជួយទាំងសត្វចិញ្ចឹមដែលមានម្ចាស់ត្រឹមត្រូវ ប្រសិនបើម្ចាស់មិនមានលទ្ធភាព ក្នុងការព្យាបាល។ យ៉ាងណាមិញ សត្វអនាថា ដែលពួកយើងបានជួយសង្គ្រោះនៅទីនេះ គឺជា សត្វមានអាការៈមិនប្រក្រតី មានជំងឺ ដែលត្រូវ បានគេបោះបង់ចោល ហើយត្រូវបានប្រជាពល រដ្ឋចាប់នាំយកមកទីនេះ។ ពេលខ្លះ ប្រជាពលរដ្ឋ បានទំនាក់ទំនងមកកាន់ពួកយើង ហើយយើង ចុះទៅដល់់ទីតាំងនោះផ្ទាល់ ដើម្បីពិនិត្យមើល ថាបើសត្វនោះពិតជាមានបញ្ហា និងមិនមានម្ចាស់ ទេនោះ យើងនឹងចាប់វាយកមកព្យាបាលនៅ គ្លីនិករបស់អង្គការ។ បន្ទាប់ពីព្យាបាលរួចរាល់ ហើយសត្វទាំងនោះបានជាសះស្បើយឡើងវិញ យើងចិញ្ចឹមពួកវាទុកនៅក្នុងអង្គការ និងណែនាំ ម្ចាស់ថ្មីដល់ពួកវា។

តើមានលក្ខខណ្ឌសម្រាប់យកសត្វពីទីនេះទៅចិញ្ចឹមបន្តដែរ ឬទេ?

ការកំណត់លក្ខខណ្ឌ គឺជាប្រការសំខាន់បំផុត សម្រាប់អង្គការ មុនពេលផ្ដល់សត្វទៅឱ្យអ្នកចង់ បានយកទៅចិញ្ចឹមបន្ត ព្រោះពួកយើងខ្លាចពួក គាត់យកសត្វទៅធ្វើបាប យកទៅលក់ដួរ ឬ បរិភោគជាដើម។ ដូច្នេះ មុននឹងឱ្យសត្វទៅនរណា ម្នាក់ យើងមានលក្ខខណ្ឌ និងកម្រងសំណួរ សម្រាប់ធ្វើការសាក់សួរនិងស្វែងយល់ពីពួកគាត់។ បន្ទាប់មក ប្រសិនបើគាត់ជាប់ ហើយអាចទទួល បានសត្វពីទីនេះទៅចិញ្ចឹម យើងនឹងបន្តតាមដាន ទៅមុខទៀតដូចជា៖ ការចុះទៅទីតាំងចិញ្ចឹមថ្មី ផ្ទាល់រយៈពេល ២សប្ដាហ៍ក្រោយ ដើម្បីតាម ដានពីការមើលថែសត្វនោះ។ មួយវិញទៀត អ្នក ដែលស្នើសុំត្រូវប្រាកដថាខ្លួនមានទីលំនៅច្បាស់ លាស់ មានទីធ្លាធំទូលាយ និងមិនតូចចង្អៀត។ ក្នុងករណីសត្វដែលយកទៅឈឺ គឺពួកយើង ព្យាបាលជូនដោយមិនគិតថ្លៃព្យាបាលឡើយ។ ប៉ុន្តែ ប្រសិនបើក្នុងករណីម្ចាស់សត្វមិនសូវយក ចិត្តទុកដាក់ និងថែទាំមិនបានល្អទេ ពួកយើងនឹង ដកហូតសត្វនោះមកវិញ ដោយមិនអនុញ្ញាតឱ្យ ពួកគាត់ជាលើកទី២ឡើយ។

តើអង្គការនេះ មានបេសសកម្មអ្វីខ្លះជាមួយវត្ត និងនៅតាមសហគមន៍?

ជាទូទៅ អង្គការយើងធ្វើការជាមួយនឹងវត្តអារាម ដោយមានបេសកម្មម្តងក្នុងមួយសប្ដាហ៍ សម្រាប់ នៅក្នុងទីក្រុងភ្នំពេញ ក្នុងគោលបំណងលុបបំបាត់ ជំងឺឆ្កែឆ្កួត ចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត ពន្យា កំណើត និងព្យាបាលសត្វដែលមានជំងឺផ្សេងៗ ជាដើម។ សម្រាប់តាមខេត្តវិញ យើងមានបេស- កម្មម្តងក្នុងមួយខែ។ ក្នុងមួយខេត្តយើងអាចជួយ បាន បី ឬបួនវត្តតែប៉ុណ្ណោះ ដ្បិតវាជាបេសកម្ម រយៈពេលខ្លី ពោលគឺមានរយៈពេល ៥ ថ្ងៃតែ ប៉ុណ្ណោះ។ ដោយឡែក ទាក់ទងនឹងសាលារៀន ពួកយើងមិនទាន់ធ្វើអ្វីសោះឡើយ ហើយវាជា ចំណុចសំខាន់ដែលពួកយើងកំពុងគិតផងដែរ។ យ៉ាងណាមិញ តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយសាលាឯកជនមួយចំនួននៅក្នុងទីក្រុងភ្នំ ពេញនេះ អង្គការយើងក៏បានទទួលសិស្សានុ សិស្សឱ្យមកធ្វើការសិក្សាស្វែងយល់ពីការងារ គាំពារ និងថែរក្សាសត្វចិញ្ចឹមនៅទីនេះផ្ទាល់ផង ដែរ។ មួយវិញទៀត ចំពោះការអប់រំដើម្បីឱ្យ ប្រជាជនតាមមូលដ្ឋានបានយល់ដឹងអំពីទំនួល ខុសត្រូវនៃការចិញ្ចឹម សត្វឆ្កែ និងឆ្មាវិញ គឺពួកយើងធ្វើការអប់រំតាមរយៈការផ្សព្វផ្សាយជាខិតប័ណ្ណអប់រំតូចៗចែកជូនពួកគាត់៕

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 51】








この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles