កញ្ញា ម៉ុន ហ៊ុយលីន
ដោយមានចំណូលចិត្តលើការតុបតែងរៀបចំ និងការបង្កើតអ្វីថ្មីៗតាំងពីកុមារភាព និងដោយមានការណែនាំពីក្រុមគ្រួសារ ជាពិសេសពីឳពុករបស់ខ្លួនដែលជាអ្នកផ្ដល់សេវាកម្មសាងសង់សំណង់មួយរូប កញ្ញា ម៉ុន ហ៊ុយលីន (២៦ឆ្នាំ) បានសម្រេចចិត្តជ្រើសរើសយកជំនាញស្ថាបត្យកម្ម សិក្សានៅសាកលវិទ្យាល័យន័រតុននាឆ្នាំ២០១៥។ ទន្ទឹមនឹងការសិក្សាជំនាញស្ថាបត្យកម្ម កញ្ញា ហ៊ុយលីន ក៏ជាអតីតនិស្សិតសិក្សាជំនាញអក្សរសាស្រ្តជប៉ុននៅវិទ្យាស្ថានភាសាបរទេស (IFL) មួយរូបផងដែរ។
ដោយមើលឃើញថា ជំនាញស្ថាបត្យកម្មភាគច្រើនជាការងារសម្រាប់បុរស កញ្ញា ហ៊ុយលីន ថ្លែងប្រាប់យើងអំពីការសម្រេចចិត្តជ្រើសរើសយកមុខជំនាញនេះ ដោយលើកឡើងពីការរិះគន់មួយចំនួនមកលើរូបខ្លួនដែលចាប់យកផ្នែកស្ថាបត្យកម្មនេះ។ កញ្ញា ហ៊ុយលីន៖ «នៅពេលនាងខ្ញុំរៀនជំនាញនេះ មានអ្នកជិតខាង និងសាច់ញាតិបងប្អូនមួយចំនួននិយាយថា ខ្លួនជាមនុស្សស្រីមិនសមរៀនជំនាញនេះទេ ព្រោះវាជាការងារហត់ឆាប់ចាស់ ហើយយើងជាស្រីអុីចឹង នៅក្នុងការដ្ឋានគេមិនសូវយកចិត្តទុកដាក់ស្ដាប់ដូចមនុស្សប្រុសទេ»។ ប៉ុន្តែដោយមានការលើកទឹកចិត្តពីឪពុកខ្លួន បានជម្រុញឱ្យកញ្ញាចូលសិក្សាផ្នែកស្ថាបត្យកម្មនេះដល់ចប់ដោយរលូនតាំងពីឆ្នាំសិក្សាដំបូងមក។ ជាទូទៅ ជំនាញស្ថាបត្យកម្មនេះ គឺនៅមានចំនួននិស្សិតស្រីចូលសិក្សាតិចតួចនៅឡើយ បើប្រៀបធៀបនឹងជំនាញដទៃ។ កញ្ញាបានលើកឡើងពីមូលហេតុដូច្នេះថា៖ «ជំនាញនេះខ្សត់មនុស្សស្រីរៀនណាស់ ព្រោះវាត្រូវការអនុវត្តច្រើន និងទាមទារកម្លាំងធ្វើផ្ទាល់នៅការដ្ឋានច្រើន ដែលអាចធ្វើឱ្យខ្ញុំងាយនឹងឈឺ ឬត្រូវចូលពេទ្យជាដើម។ ជាពិសេស ជំនាញនេះគឺទាមទារនូវភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រផងដែរ»។
នៅក្នុងអំឡុងពេលសិក្សានៅសាកលវិទ្យាល័យ កញ្ញា ហ៊ុយលីន បានចូលរួមហ្វឹកហាត់ការងារជាមួយសាស្រ្តាចារ្យដឹកនាំសរសេរនិក្ខេបបទរបស់ខ្លួនរយៈពេល១ឆ្នាំ។ នៅក្នុងអំឡុងពេលនោះ កញ្ញា បានធ្វើការងារជាច្រើនផ្ដោតសំខាន់ទៅលើការងារសំណង់ក្នុងទីក្រុងពាក់ព័ន្ធនឹងរដ្ឋដូចជា ការសាងសង់ស្ពានថ្មើរជើងក្នុងទីក្រុងជាដើម។ ក្រោយពីបញ្ចប់ការសិក្សា កញ្ញា ហ៊ុយលីន បានចូលបម្រើការឱ្យ ក្រុមហ៊ុនឪពុករបស់ខ្លួនក្នុងផ្នែកទទួលដេញថ្លៃ និងម៉ៅការសំណង់រឹងដូចជា សាងសង់អគារផ្ទះ ឬរោងចក្រជាដើម។ ក្រៅពីធ្វើការនោះ កញ្ញា ហ៊ុយលីន ក៏បានបង្កើតក្រុមការងារតូចមួយមានឈ្មោះថា A.S Architect ដែលមានសមាជិក៤នាក់ជាមិត្តភក្ដិសិក្សាជំនាន់ ជាមួយគ្នា។ A.S Architect គឺជាក្រុមការងារបង្កើតឡើងដើម្បីប្រឹក្សាពីការតុបតែងលម្អផ្នែកខាងក្នុងអគារសម្រាប់អតិថិជនខ្មែរក្នុងស្រុក។ ទាក់ទងនឹងការងាររបស់ A.S Architect នេះ កញ្ញាបានថ្លែងពីសមិទ្ធិផលនៃក្រុមការងារនេះយ៉ាងដូច្នេះថា៖ «ការងារទីមួយ ដែល A.S Architect ទទួលបានគឺការងារឌីហ្សាញប្លង់ទាក់ទងនឹងផ្ទះលម្ហែនៅខាងកៀនស្វាយ ហើយការងារមួយទៀតគឺយើងឌីហ្សាញទៅលើផ្ទះរបស់អង្គការមួយសម្រាប់ផ្ដល់ជាកន្លែងស្នាក់នៅទៅដល់ក្មេងៗជនក្រីក្រ និងនិស្សិតមកពីបណ្ដាខេត្ត។ ស្នាដៃនេះ ពិតជាបានជម្រុញ និងសបញ្ជាក់ឱ្យនាងខ្ញុំយល់កាន់តែច្បាស់ពីតម្លៃនៃស្ថាបត្យកម្ម និងការចូលរួមអភិវឌ្ឍសង្គម តាមរយៈការផ្តល់នូវការរចនាល្អស័ក្តិសមសម្រាប់អ្នករស់នៅ»។
បើនិយាយពីបញ្ហាដែលកញ្ញា ហ៊ុយលីន បានជួបប្រទេះនៅកន្លែងការងារវិញគឺនៅមានច្រើនគួរសមដែរ។ កញ្ញាសង្កេតឃើញថា ជាទូទៅនៅកន្លែងការដ្ឋានសាងសង់ផ្ទាល់ គឺស្រ្តីនៅមានការរើសអើងចំពោះការងារផ្ទាល់មួយចំនួននៅទីនោះ។ កញ្ញា៖ «ពេលខ្លះត្រូវទៅជួបភ្ញៀវ ដើម្បីពិភាក្សាការងារ គេមិនសូវចង់ឱ្យរូបនាងខ្ញុំចេញទៅជួបភ្ញៀវទេ ដោយយល់ថានាងខ្ញុំជាក្មេងស្រីអុីចឹងប្រហែលធ្វើការងារមិនសូវល្អដូចគេមនុស្សប្រុសទេ ហើយជាងនៅការដ្ឋានមួយចំនួនមិនសូវអនុញ្ញាតិឱ្យនាងខ្ញុំធ្វើការងារដូចគេទេ ព្រោះពេលខ្លះគឺត្រូវឡើងទៅជាន់ខ្ពស់ៗដោយពួកគាត់គិតថា ស្រីអុីចឹងគឺឆាប់ហត់ណាស់មិនបាច់ឡើងក៏បានជាដើម»។ តែទោះជាយ៉ាងនេះក្តី នៅពេលកញ្ញាជម្នះធ្វើនូវអ្វីដែលជាបម្រាមមកលើខ្លួនដែលបានជួបប្រទេះទាំងនោះឃើញថា កញ្ញាអាចធ្វើការងារទាំងនោះបានដូចមនុស្សប្រុសដែរ។
នៅឆ្នាំ២០១៧ កញ្ញា លីន ធ្លាប់ទៅសិក្សានៅប្រទេសជប៉ុន រយៈពេល១ឆ្នាំតាមរយៈកម្មវិធីផ្លាស់ប្តូរការសិក្សាមួយ ក្នុងអំឡុងពេលសិក្សានៅមហាវិទ្យាល័យអប់រំភាសាជប៉ុន។ ដោយបានឃើញពីទំនើបកម្មនៃផ្នែកស្ថាបត្យកម្មរបស់ទីក្រុងតូក្យូផ្ទាល់ភ្នែកកញ្ញាបានចាប់អារម្មណ៍ជាពិសេសទៅលើការរចនាប្លង់របស់សួនឧទ្យាននៅប្រទេសជប៉ុន។ កញ្ញាក៏មានបំណងទៅបន្តការសិក្សាជំនាញ ផ្នែកស្ថាបត្យកម្មនៅប្រទេសជប៉ុននៅថ្ងៃអនាគតផងដែរ ប្រសិនបើ មានឱកាសខណៈបច្ចុប្បន្នកញ្ញាកំពុងផ្តោតទៅលើជំនាញគ្រប់គ្រងជាមុន តាមរយៈការងារក្នុងក្រុមហ៊ុនសាងសង់របស់ឪពុកខ្លួន និងក្រុមការងារ A.S Architect ដែលខ្លួនបានបង្កើតឡើង។
កញ្ញា ហ៊ុយលីន យល់ថាជំនាញស្ថាបត្យកម្ម គឺមានសារៈប្រយោជន៍ខ្លាំងក្នុងការចូលរួមអភិវឌ្ឍសង្គមកម្ពុជា។ កញ្ញា ចាប់អារម្មណ៍ខ្លាំងលើការរៀបចំសួនឧទ្យាននៅតាមទីក្រុងនានានៅក្នុងប្រទេសជប៉ុន។ «នាងខ្ញុំសង្កេតឃើញថានៅប្រទេសជប៉ុន គេរៀបចំទីក្រុងបានល្អ ទាំងផ្លូវរថភ្លើង ជាពិសេសសួនច្បារមើលទៅគួរឱ្យចាប់អារម្មណ៍ និងមានផាសុកភាព។ ចំណុចនេះធ្វើឱ្យនាងខ្ញុំស្រមៃទៅដល់ការរៀបចំក្នុងស្រុកខ្មែរយើង ដោយការរៀបចំប្លង់សួនច្បារ ឱ្យមានគំនិតច្នៃប្រឌិតទំនើបដូចនៅប្រទេសជប៉ុន ដោយធ្វើឱ្យសួនច្បារ ឬឧទ្យាននីមួយៗក្លាយជាកន្លែងស័ក្តិសមបំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់រូបមកសម្រាកលម្ហែអារម្មណ៍ពីការងារ ឬនៅពេលទំនេរជាដើម»។
គួរបញ្ជាក់ដែរថា នៅក្នុងអំឡុងឆ្នាំសិក្សាទី៤ នៅសាកលវិទ្យាល័យន័រតុន កញ្ញា ហ៊ុយលីន និងក្រុមរបស់ខ្លួនធ្លាប់ទទួលបានជ័យលាភីលេខ១ក្នុងការប្រកួតធ្វើស្តង់អាហារ (Street Food) នៅខេត្តកែបដែលបង្កើតឡើងដោយក្រសួងទេសចរណ៍ លើស្នាដៃដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការរៀបចំស្តង់អាហារបែបខ្មែរ សម្រាប់ទីក្រុងជាប់មាត់សមុទ្រ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែចង់មកកម្សាន្តនៅសមុទ្រកម្ពុជា។ ដោយផ្អែកលើបទពិសោធន៍បែបនេះបានធ្វើឱ្យកញ្ញាយល់កាន់តែច្បាស់ថែមទៀតពីតម្លៃផ្នែកជំនាញស្ថាបត្យកម្ម នៅក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។ កញ្ញាក៏យល់ឃើញដែរថាក្រុមស្ថាបត្យករវ័យក្មេងបច្ចុប្បន្ននឹងនាំមកនូវការរីកចម្រើនផ្នែកទំនើបកម្មខាងស្ថាបត្យកម្មកម្ពុជាសព្វថ្ងៃ។ «នាងខ្ញុំសង្កេតឃើញថាមានក្រុមនិស្សិតមួយចំនួន សហការគ្នាជា ក្រុមការងារតូចៗ តួយ៉ាងមានក្រុម A.S Architect របស់នាងខ្ញុំផងដែរ គឺពួកយើងខិតខំធ្វើការរចនាម៉ូតបែបខ្មែរសម័យទំនើប ឱ្យត្រូវនឹងតម្រូវការទីផ្សារ និងស្របតាមការរីកចម្រើននៅប្រទេសជិតខាង ដែលតួយ៉ាងដូចជាហាងកាហ្វេ Brown និងហាងកាហ្វេមួយចំនួន ក្នុងទីក្រុងភ្នំពេញសព្វថ្ងៃ គឺសុទ្ធតែជាស្នាដៃរបស់និស្សិតខ្មែរយើងជាអ្នកចេញម៉ូត»។
កញ្ញា ហ៊ុយលីន យល់ថាការពុះពារ និងបន្តនូវក្តីសុបិនរបស់ខ្លួនទោះបីជាក្នុងកាលៈទេសៈលំបាកបែបណាក្តី គឺជារឿងសំខាន់សម្រាប់ស្រ្តីនៅក្នុងអាជីពការងារ។ កញ្ញាក៏យល់ឃើញដែរថា សង្គមខ្មែរសព្វថ្ងៃកំពុងបើកទូលាយច្រើនសម្រាប់ស្រ្តីនៅក្នុងការងារទូទៅ ដូច្នេះកញ្ញាលើកទឹកចិត្តឱ្យស្រ្តីដទៃកុំបោះបង់ចោលនូវក្តីសុបិនរបស់ខ្លួន។ កញ្ញា ហ៊ុយលីន៖ «សព្វថ្ងៃ កូនស្រីហាក់ទទួលបានឱកាស និងសិទ្ធសេរីភាពក្នុងការរៀនសូត្រ និងចូលរួមក្នុងការងារសង្គមបានច្រើនជាងមុន ហើយនាងខ្ញុំសង្កេតឃើញថាឳពុកម្ដាយ ជាពិសេសអ្នករស់នៅទីក្រុង គឺមានការយល់ដឹងច្រើនជាងមុនចំពោះកូនស្រីរបស់គាត់។ ដូច្នេះ ក្នុងនាមនាងខ្ញុំជាស្ត្រីមួយរូបនាងខ្ញុំសូមលើកទឹកចិត្តដល់ស្ត្រីគ្រប់គ្នាទោះជាយើងស្ថិតក្នុងបរិបទរើសអើង ឬទទួលគំនាបណាមួយក៏ដោយ សូមកុំបោះបង់ក្ដីស្រមៃរបស់ខ្លួនឱ្យសោះ ហើយត្រូវបន្តក្ដីស្រមៃនិងការគិតបែបវិជ្ជមាន ដើម្បីបង្ហាញនូវស្នាដៃ និងភាពជោគជ័យរបស់យើងទៅកាន់សង្គមថា មនុស្សស្រីក៏អាចធ្វើបានដូចបុរសដែរ»៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 51】
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer