គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

តើអ្នកដឹងពីគម្រោងសាងសង់ទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប ឬទេ?
តើអ្នកដឹងពីគម្រោងសាងសង់ទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប ឬទេ?
2022.09.20

ដើម្បីប្រែក្លាយសៀមរាបជាទីក្រុង កាន់តែទំនើបនិងងាយស្រួលរស់នៅ

បច្ចុប្បន្នភាពអាជីវកម្មក្នុងក្រុងសៀមរាប

សៀមរាបជាខេត្តមានសក្តានុពលទេសចរណ៍ធំជាងគេបង្អស់មួយនៅកម្ពុជា។ ក្រោយពីរាជរដ្ឋាភិបាលបានយល់ព្រមសម្រេចដាក់ក្រុងសៀមរាបចូលជាសមាជិកនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន (ASCN) នាឆ្នាំ២០១៨ រួចមក គម្រោងសាងសង់ទីក្រុងឆ្លាតវៃក្រុងសៀមរាប បានដំណើរការជាបន្តបន្ទាប់ក្រោមការដឹកនាំផ្ទាល់របស់រដ្ឋបាលខេត្តសៀមរាប រួមសហការជាមួយទីភ្នាក់ងារ JICA ជប៉ុនលើផ្នែកបច្ចេកទេស។ ទោះជាស្ថិតនៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ក្តី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលក្រុងសៀមរាប បានចាប់ផ្តើមអនុវត្តគម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែក្នុងទីក្រុង ហើយត្រឹមតែរយ:ពេល ១៣ខែប៉ុណ្ណោះ គម្រោងនេះបានបញ្ចប់ជាស្ថាពរ និងបានកែប្រែមុខមាត់ទីក្រុងឱ្យកាន់តែមានសោភណ្ឌភាព។ តើគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែនេះ បានធ្វើឱ្យទីក្រុងសៀមរាបប្រែប្រួលមុខមាត់បែបណាខ្លះ? ទាំងប្រជាពលរដ្ឋ អ្នកប្រកបអាជីវកម្មក្នុងក្រុង រួមទាំងភាគីពាក់ព័ន្ធនានា យល់ឃើញយ៉ាងណាចំពោះការអភិវឌ្ឍនាពេលថ្មីៗកន្លងទៅនេះ?

រូបភាពផ្លូវសម្រាប់ថ្មើរជើង បង្គោលភ្លើង ផ្លូវសម្រាប់ជនពិការ និងគំនូសសញ្ញាលើដងផ្លូវជាដើម ដែលសាងសង់ឡើងក្នុងគម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែ (យោង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប)។

តើប្រិយមិត្តដឹងទេថា នៅក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩កន្លងទៅនេះ រដ្ឋបាលខេត្តសៀមរាបបានសម្រេចអនុវត្តគម្រោងសាងសង់ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធក្រុងសៀមរាប ដើម្បីជាផ្នែកមួយនៃការរៀបចំក្រុងសៀមរាបដាក់បញ្ចូលជាទីក្រុងឆ្លាតវៃ (Smart City) របស់អាស៊ាន ឬទេ? ថវិការដ្ឋចំនួនប្រមាណ ១៥០លានដុល្លារ ត្រូវបានប្រើប្រាស់ សម្រាប់ការសាងសង់ផ្លូវចំនួន ៣៨ខ្សែក្នុងក្រុងសៀមរាបបានធ្វើឱ្យក្រុងសៀមរាបទាំងមូល ប្រែមុខមាត់ថ្មី សំដៅប្រែខ្លួនទៅជាទីក្រុងឆ្លាតវៃកម្រិតអាស៊ាន ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍជាសាកលនៅក្នុងតំបន់។ ទីក្រុងឆ្លាតវៃ គឺសំដៅទីក្រុងទំនើប ដែលដំណើរការគ្រប់គ្រងដោយការប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធឌីជីថល ទំនើប ដើម្បីសម្រួលនិងលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះ ការអភិវឌ្ឍទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ធ្វើឡើងក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគទុននិងភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើងថែមទៀត។ មានអង្គភាព និងក្រុមហ៊ុនជប៉ុនកំពុងចូលរួមក្នុងកិច្ចសហការបង្កើតគម្រោងសាងសង់ទីក្រុងឆ្លាតវៃសម្រាប់ខេត្តសៀមរាប ដូច្នេះយើងខ្ញុំនឹងណែនាំពីកិច្ចសហការទាំងនោះដូចខាងក្រោម។

កិច្ចសហប្រតិបត្តិការរបស់ទីភ្នាក់ងារ JICA និងការចាប់ផ្តើមទីក្រុងឆ្លាតវៃ

ក្រៅពីទីក្រុងភ្នំពេញ និងក្រុងបាត់ដំបង ទីក្រុងសៀមរាបត្រូវបានដាក់បញ្ចូលជាសមាជិកនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន (ASCN) នៅឆ្នាំ២០១៨។ ក្រោយពីរដ្ឋបាលខេត្តសៀមរាបបានរៀបចំសំណើស្នើទៅទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅឆ្នាំ២០១៩ ដើម្បីស្នើសុំជាជំនួយកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស សម្រាប់កសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាបកម្រិតស្តង់ដាទីក្រុងឆ្លាតវៃអាស៊ាន។ ឆ្លើយតបនឹងសំណើខាងលើទីភ្នាក់ងារ JICA បានព្រមព្រាងផ្តល់នូវកិច្ចសហប្រតិបត្តិការជំនួយផ្នែកបច្ចេកទេសក្នុងការបង្កើតទីក្រុងឆ្លាតវៃសៀមរាប ដែលជាគោលដៅទេសចរដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរមកពីបណ្តាប្រទេសនានាលើសកលលោកមួយនេះ។ ក្រោយចំណាយពេលចុះសិក្សាស្រាវជ្រាវរយៈពេលជាង ១ឆ្នាំលើការសិក្សាទិន្នន័យបឋមអំពីគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងមួយនេះរួចមក នៅដើមឆ្នាំ២០២០ ក្រុមការងារទីភ្នាក់ងារ JICA បានរៀបចំជាសេចក្តី ព្រាងផែនការមេចង្អុលផ្លូវមួយជូនគណៈអភិបាលខេត្តសៀមរាបដើម្បីសិក្សាបន្ថែម។ សេចក្តីព្រាងផែនការមេចង្អុលផ្លូវនោះ ផ្តោតលើចំណុចសំខាន់ៗចំនួន ៤ គឺ៖ ការរៀបចំទេសចរណ៍ឆ្លាតវៃ (Smart Tourism) ការរៀបចំប្រព័ន្ធសន្តិសុខឆ្លាតវៃ (Smart Security) ការរៀបចំប្រព័ន្ធ ចល័តឆ្លាតវៃ (Smart Mobility) និងការរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់ឆ្លាតវៃ (Smart Waste Management)។

រូបភាពលោក Ikeda (ពីឆ្វេងទី២) កំពុងធ្វើការពន្យល់ខ្លឹមសារគម្រោងក្នុងកិច្ចប្រជុំលើកដំបូងនាខែឧសភា ឆ្នាំ២០២១។

យោងតាមលោក Ryohei Ikeda ជាអ្នកជំនាញក្នុងគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ទីភ្នាក់ងារ JICA ដែលបានមកកម្ពុជាកាលពីខែឧសភា ឆ្នាំ២០២២ ដើម្បីទទួលបន្ទុកលើ “គម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃសម្រាប់ការដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប” បានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំនៃគម្រោងខាងលើ ភាគី JICA នឹងរួមសហការជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីធ្វើឱ្យសម្រេចបាននូវផែនទីបង្ហាញផ្លូវ ពង្រឹងសមត្ថភាពគ្រប់គ្រងការអនុវត្ត និងអនុវត្តគម្រោងសាកល្បង។ និយាយជារួម “ទីក្រុងវៃឆ្លាត” គឺសំដៅលើ ការអភិវឌ្ឍក្រុងដោយប្រើបច្ចេកវិទ្យាទំនើប ពោលគឺ ផ្តោតសំខាន់លើការប្រមូល និងប្រើប្រាស់ “ទិន្នន័យ”។ ផ្អែកលើការប្រមូលទិន្នន័យ ដើម្បីធ្វើការវិភាគរកដំណោះស្រាយបញ្ហា គឺដើម្បីផ្តល់សេវាសមស្របជូនប្រជាពលរដ្ឋ និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋរីកចម្រើន។ លោក Ikeda មានប្រសាសន៍ថា៖ «នៅក្នុងគម្រោងនេះ យើងមានផែនការ ពង្រឹងសមត្ថភាពគ្រប់គ្រងទិន្នន័យតាំងពីពេលចាប់ផ្តើមដំបូង។ ក៏ប៉ុន្តែ ដោយសារនៅកម្ពុជារាល់ទិន្នន័យគឺត្រូវបានប្រមូលផ្តុំ និងគ្រប់គ្រងដោយរដ្ឋបាលថ្នាក់ជាតិ ហើយជាទូទៅនៅថ្នាក់ក្រោមជាតិមានផលលំបាកក្នុងការផ្តោះប្តូរព័ត៌មានពីស្ថាប័នមួយទៅស្ថាប័នមួយផ្សេងទៀត ដូច្នេះខ្ញុំគិតថាបញ្ហានឹងកើតឡើងនោះ គឺថាតើរដ្ឋាភិបាលអាចប្រើប្រាស់ទិន្នន័យនោះ និងចែករំលែកវាក្នុងចំណោមក្រសួង និងស្ថាប័នតាមមូលដ្ឋានបានឬទេ»។

រូបភាព “វេទិកាទិន្នន័យ” ដែលធ្វើការប្រមូលទិន្នន័យគ្រប់ប្រភេទទាក់ទងទីក្រុងឆ្លាតវៃ (ព្រាង)។

ម្យ៉ាងវិញទៀត ការផ្សព្វផ្សាយព័ត៌មានអំពីទីក្រុងឆ្លាតវៃក៏សំខាន់ផងដែរ។ ទោះបីជារាជរដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមានបំណងប្រែក្លាយ ក្រុងសៀមរាបជាទីក្រុងឆ្លាតវៃក៏ដោយ ការផ្សព្វផ្សាយដល់មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទៅឱ្យដឹងក៏សំខាន់ផងដែរ។ ការបន្តផ្សព្វផ្សាយជានិច្ចនូវ សកម្មភាពជាក់លាក់ និងការប្រែប្រួលនានាកើតឡើងក្នុង និងក្រៅប្រទេស ហើយ ASCN ទៀតសោតក៏ត្រូវបន្តធ្វើការណែនាំដល់ថ្នាក់តំបន់ និងពិភព លោកផងដែរ។ ជាពិសេស ដោយសារខេត្តសៀមរាបជាទីក្រុងទេសចរណ៍ ដូច្នេះត្រូវចាំបាច់ធ្វើការបង្ហាញដល់អ្នកវិនិយោគទុនលើវិស័យទេសចរណ៍ និងភ្ញៀវទេសចរថាពួកគាត់អាចបោះទុនធ្វើអាជីវកម្ម និងដំណើរការអាជីវកម្ម ខ្លួនប្រកបដោយទំនុកចិត្ត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ។ លោក Ikeda មានប្រសាសន៍ទៀតថា៖ «យើងអាចនិយាយបានថា ការប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជាកម្មវិធី Grab និង PassApp រួមទាំង ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច និងការប្រើប្រាស់ប្រព័ន្ធ Wi-Fi ទាំងនេះជាដើម គឺជាផ្នែកមួយនៃការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ក៏ប៉ុន្តែទីក្រុង ឆ្លាតវៃគឺសំដៅលើការប្រើប្រាស់បច្ចេកវិទ្យាទន់ និងរឹងរួមបញ្ចូលគ្នា។ នៅ ប្រទេសជប៉ុនវិញ មានគំរូទីក្រុងឆ្លាតវៃដ៏ល្បីល្បាញដូចជា៖ “Kashiwa-no-ha Smart City” (ក្នុងក្រុង Kashiwa នៃខេត្ត Chiba) និង “Smart City Kakogawa” (ក្នុងក្រុង Kakogawa នៃខេត្ត Hyogo) ដូច្នេះ យើងខ្ញុំនឹងណែ- នាំឧទាហរណ៍ជោគជ័យពីប្រទេស ជប៉ុនជូនកម្ពុជា ដែលជាផ្នែក មួយនៃគម្រោងនេះ»។ ទន្ទឹមនឹងការសិក្សាពីបញ្ហាប្រឈមរបស់ ខេត្តសៀមរាប និងផ្តល់ជាកន្លែង ដើម្បីសិក្សាអំពីគំរូទីក្រុងឆ្លាតវៃ នៅជុំវិញិភពលោក ទីភ្នាក់ងារ JICA នឹងបន្តសិក្សាស្រាវជ្រាវ និង ផ្តល់ការគាំទ្រនានា ដើម្បីសម្រេចបាននូវទីក្រុងឆ្លាតវៃដែលស័ក្តិ- សមបំផុតសម្រាប់ខេត្តសៀមរាប។ ដោយសារគម្រោងនេះទើបតែ ចាប់ផ្តើម យើងសង្ឃឹមថានាថ្ងៃ អនាគតខាងមុខ ក្រុងឆ្លាតវៃខេត្ត សៀមរាបនឹងមានការអភិវឌ្ឍជា បន្តបន្ទាប់ទៀត៕

រូបថតអនុស្សាវរីយ៍ក្រោយកិច្ចប្រជុំដើម្បីបង្កើតឯកសារនៃកិច្ចព្រមព្រាងលើគម្រងទីក្រុងឆ្លាតវៃរបស់ JICA នាខែធ្នូ ឆ្នាំ២០២១។

បន្ថែម

តើបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន (ASCN) ជាអ្វី? ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន ដែល បានធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងគោល បំណង “ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព”។ មានទីក្រុងចំនួន ២៦ នៅក្នុងតំបន់អាស៊ាន រួមទាំងប្រទេសសិង្ហបុរី ទីក្រុង ហូជីមិញ ទីក្រុងហាណូយ និងទីក្រុង Da Nang ក្នុងប្រទេស វៀតណាម និងទីក្រុង Jakarta, Banyuwangi និង Makas- sar ក្នុងប្រទេសឥណ្ឌូនេស៊ី ចូលរួមក្នុងគម្រោងនេះដើម្បីធ្វើ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បី បង្កើតឱ្យមានឱកាសបើកដំណើរការអាជីវកម្មថ្មីៗក្នុងតំបន់ តាមរយៈការចែករំលែកគំរូជោគជ័យពីទីក្រុងទាំងនោះ។

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles