គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ក្រុមហ៊ុន ហង្សមាស
ក្រុមហ៊ុន ហង្សមាស
2023.02.01

ក្រុមហ៊ុន ហង្សមាស ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ១៩៩០ ជាក្រុមហ៊ុនដំបូងគេទទួលសិទ្ធិចែកចាយផ្តាច់មុខរឿងភាគមកពីទីក្រុងហុងកុង និងប្រទេសសឹង្ហបុរី ផ្សាយជាភាសាខ្មែរ ទទួលការពេញនិយមខ្លាំងនៅកម្ពុជារហូតមក។ ក្រៅពីនោះ ក្រុមហ៊ុនហង្សមាស ក៏ល្បីល្បាញជាមួយនឹង ការផលិតវីដេអូរឿងភាគខ្មែរ ចម្រៀង ខារ៉ាអូខេ និងកម្មវិធីសិល្បៈនានាក្នុងស្រុកផងដែរ។ នៅដើមឆ្នាំ២០១២ ស្ថានីយ៍ទូរទស្សន៍ “ហង្សមាស HDTV” ចេញផ្សាយផ្តោតចម្បងលើកម្មវិធីសិល្បៈកម្សាន្ត ខណៈកម្មវិធីព័ត៌មានពេលព្រឹក និងព័ត៌មានសង្គមក៏មានប្រជាប្រិយខ្ពស់ផងដែរ។ ដោយទទួលបានការគាំទ្រខ្លាំងត្រឹមរយៈពេលដ៏ខ្លី ក្រុមហ៊ុន ហង្សមាស បន្តបើកផ្សាយទូរទស្សន៍ “រស្មីហង្សមាស HDTV” ក្នុងឆ្នាំ២០១៤។
បច្ចុប្បន្ន ទូរទស្សន៍ហង្សមាស HDTV និង រស្មីហង្សមាស HDTV ជាស្ថានីយ៍ផ្សាយ ដែលមានសន្ទុះគាំទ្រខ្លាំងពីមហាជនទូទៅគ្រប់មជ្ឈដ្ឋាន។ វត្តមានរបស់តារាចម្រៀងល្បីៗដូចជា៖ អ្នកស្រី ឱក សុគន្ធកញ្ញា លោក ណុប ប៉ាយ៉ារិទ្ធ អ្នកស្រី ពេជ្រ សោភា លោក ឆន សុវណ្ណរាជ អ្នកស្រី សុគន្ធ នីសា ជាដើមធ្វើឱ្យក្រុមហ៊ុននេះកាន់តែល្បីល្បាញ ជាពិសេស ជាមួយកម្មវិធី Cambodian Idol និងកម្មវិធី The Voice Kids Cambodia ។

កម្មវិធី Cambodian Idol

រាល់ថ្ងៃអាទិត្យពីម៉ោង៩ដល់១០យប់

Cambodian Idol ជាកម្មវីធីប្រឡងចម្រៀងចាក់ផ្សាយជាផ្លូវការដំបូងនៅខែកក្កដា ឆ្នាំ២០១៥ លើកញ្ចក់ទូរទស្សហង្សមាស HDTV។ មកទល់បច្ចុប្បន្ន កម្មវិធីនេះបានប្រព្រឹត្តិទៅ៤រដូវកាល ដោយរដូវកាលទីមួយ ជ័យលេភីលេខ១បានទៅលើបេក្ខជន នី រតនា ខណៈរដូវកាលទី២ ដំណើរការក្នុងឆ្នាំ២០១៦ ម្ចាស់ជ័យលាភីលេខ១ គឺបេក្ខនារីឈ្មោះ ចន្ទ ម៉ានិច្ច។ ដោយឡែក នៅរដូវកាលទី៣ កម្មវិធីនេះបានចាប់ផ្ដើមប្រកួតវគ្គជម្រុះដំបូងនៅដើមឆ្នាំ២០១៨ ដោយជ័យលាភីលេខ១បានទៅលើបេក្ខជន គ្រី ថៃពៅ និងរដូវកាលទី៤ ទើបតែបានបញ្ចប់ទៅថ្មីៗនេះ ដែលក្នុងវគ្គជម្រុះផ្តាច់ព្រ័តក្នុងចំណោមបេក្ខជនទាំង៤រូប បានធ្វើឱ្យចំនួនអ្នកតាមដានទស្សនាកម្មវិធីផ្សាយបន្តផ្ទាល់ផ្ទុះកំណើនច្រើនជាង 754K ដោយក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចូលរួមខមិនលើកទឹកចិត្តបេក្ខជនប្រឡងផងដែរ។ ជ័យលាភីលេខ១ សម្រាប់កម្មវិធី Cambodian Idol ឆ្នាំ២០២២ គឺបានទៅលើបេក្ខជន លឹម តិចម៉េង។

ជ័យលាភីលេខ១ សម្រាប់កម្មវិធី Cambodian Idol ឆ្នាំ២០២២ ទទួលបានប្រាក់រង្វាន់ ១០០លានរៀល (25,000USD) និងត្រូវបានទទួលយកជាតារាចម្រៀងអាជីពប្រចាំក្រុមហ៊ុនផលិតកម្មរស្មីហង្សមាស។

ចំណាប់អារម្មណ៍អ្នកនិយមចូលចិត្តកម្មវិធី Cambodian Idol

កញ្ញា អាន ស្រីណុច (២២ឆ្នាំ) បុគ្គលិកក្រុមហ៊ុន រស់នៅរាជធានីភ្នំពេញ

«នាងខ្ញុំបានស្គាល់កម្មវិធីនេះក្នុងឆ្នាំ២០១៩។ កម្មវិធីនេះ បើនិយាយក្នុងបរិបទស្រុកយើងវិញ គឺថ្មី ហើយប្លែក បូករួមទាំងការរៀបចំឆាកយ៉ាងល្អឯកទៀតផងនោះ ធ្វើឱ្យនាងខ្ញុំមានអារម្មណ៍ស្រស់ស្រាយ និងសប្បាយចិត្តពេលទៅទស្សនាផ្ទាល់ម្ដងៗ។ នាងខ្ញុំផ្ទាល់ ចាប់អារម្មណ៍ពិសេសត្រង់ចំណុចវគ្គ performance live show ដ្បិតមើលទៅមានការប្រកួតប្រជែងខ្លាំង ដោយបេក្ខជននីមួយៗព្យាយាមដុសខាត់ និងបង្ហាញសមត្ថភាព ដើម្បីទទួលបានការចាប់អារម្មណ៍ពីមហាជន សម្រាប់ជាប់ទៅវគ្គបន្ទាប់»។ ក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ដែលទើបចប់នៅចុងខែសីហាថ្មីៗនេះ កញ្ញា ស្រីណុច បានប្រាប់ពីបេក្ខជនដែលខ្លួនចូលចិត្តជាងគេនោះគឺ លោក លឹម តិចម៉េង។ កញ្ញាយល់ឃើញថា លោក លឹម តិចម៉េង ជាបេក្ខជនមានការខិតខំប្រឹងប្រែងខ្លាំង ចេះកំប្លែង មានចរិករួសរាយរាក់ទាក់ និងច្រៀងពីរោះជាងគេ។ កញ្ញា ស្រីណុច ក៏សង្កេតឃើញដែរថា សន្ទុះនៃការនិយមទស្សនាកម្មវិធី Cambodian Idol រដូវកាលទី៤ មានកំណើនច្រើនជាងរដូវកាលមុនៗ ហើយអ្នកដែលចូលចិត្តតាមដានកម្មវិធីនេះគឺមានគ្រប់វ័យ។

  
កញ្ញា អ៊ុន យូវនាថ (២២ឆ្នាំ) គ្រូបង្រៀន រស់នៅរាជធានីភ្នំពេញ

កញ្ញា យូវនាថ បានតាមដានកម្មវិធី Cambodian Idol ចាប់តាំងពីទូរទស្សន៍ហង្សមាសចាក់ផ្សាយកម្មវិធីនេះរដូវកាលទី១ មក។ ជានិច្ចកាល កញ្ញាតែងតែតាមដានទស្សនាកម្មវិធីនេះ តាមរយៈការចាក់ផ្សាយបន្តផ្ទាល់ដោយមិនដែលអខានឡើយ ពោលគឺកញ្ញាតែងតែទស្សនាគ្រប់រដូវកាល និងគ្រប់សប្ដាហ៍។ កញ្ញា យូវនាថ៖ «ជាការពិតណាស់ នាងខ្ញុំចាប់អារម្មណ៍សឹងតែគ្រប់ចំណុចរបស់កម្មវិធីនេះ ទាំងការរៀបចំតុបតែង ទាំងពិធីករ ក៏ដូចជាឈុតឆាកវិញ្ញាសា បូករួមទាំងគណៈកម្មការវាយតម្លៃដែលសុទ្ធតែជាតារាល្បីៗប្រចាំប្រទេសផងនោះ បានធ្វើឱ្យរូបនាងខ្ញុំពិតជាចាប់អារម្មណ៍កម្មវិធីនេះយ៉ាងខ្លាំង ហើយសម្រាប់រដូវកាលនេះ នាងខ្ញុំសង្កេតឃើញថាមានបេក្ខជនជាច្រើនដែលមានសមត្ថភាពខ្ពស់»។ កញ្ញា យូវនាថ ក៏បានលើកឡើងដែរថាកម្មវិធី Cambodian Idol នេះអាចធ្វើឱ្យអារម្មណ៍របស់មហាជនពុះកញ្រ្ជោលផ្ទុះសំណើចផង និងស្រក់ទឹកភ្នែកផងដែរ។ កញ្ញា៖ «និយាយឱ្យខ្លី ពេលបេក្ខជននីមួយៗបកស្រាយចម្រៀងនៅលើឆាកម្តងៗធ្វើឱ្យមហាជន ក៏ដូចជាទស្សនិកជនទស្សនាផ្ទាល់ សប្បាយ និងរំភើបជាខ្លាំង។ ប៉ុន្តែកំឡុងពេលប្រកាស់លទ្ធផលវិញ កម្មវិធីធ្វើឱ្យទស្សនិកជនបែរជាមានអារម្មណ៍ភ័យព្រួយទៅវិញ ព្រោះពួកគាត់បារម្ភខ្លាចបេក្ខជនដែលពួកគាត់គាំទ្រមិនអាចឆ្លងផុតទៅវគ្គបន្ទាប់»។Text

  
កញ្ញា ជូ ស្រីនាង (២២ឆ្នាំ) គ្រូបង្រៀន រស់នៅក្នុងរាជធានីភ្នំពេញ

កញ្ញបានស្គាល់កម្មវិធី Cambodian Idol នេះតាំងពីខ្លួននៅវិទ្យាល័យ ដោយកញ្ញាធ្លាប់មានមិត្តភក្តិចូលរួមប្រឡងក្នុងកម្មវិធីនេះ។ ក្រោយមក កញ្ញាក៏បានតាមកម្មវិធីនេះជារៀងរាល់រដូវកាល និងរាល់សប្ដាហ៍។ កញ្ញា ស្រីនាង បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនចំពោះកម្មវិធីយ៉ាងដូច្នេះថា៖ «វាជាកម្មវិធីមួយដ៏អស្ចារ្យ ដ្បិតរាល់ពេលបានទស្សនាកម្មវិធីនេះ ធ្វើឱ្យនាងខ្ញុំមានអារម្មណ៍រំភើប។ ទាំងការរៀបចំ ទាំងសមត្ថភាពបេក្ខជន ចូលរួមប្រឡងពីមួយឆ្នាំទៅមួយឆ្នាំ នាងខ្ញុំមើលឃើញថាកាន់តែមានការរីកចម្រើន»។ កញ្ញា ស្រីនាង ក៏ជាអ្នកគាំទ្របេក្ខជន លឹម តិចម៉េច ម្នាក់ផងដែរ។ កញ្ញា៖ «គាត់ជាបុគ្គលមួយរូបដែលខ្ញុំគោរពស្រឡាញ់ ព្រោះខ្ញុំមើលទៅគាត់ជាមនុស្សរួសរាយរាក់ទាក់ មានប្រជាប្រិយ ចេះដាក់ខ្លួន អ្វីកាន់តែពិសេសលើនេះទៀតនោះគឺ គាត់ច្រៀងពីរោះហើយចេះលេងហ្គីតាទៀត ចំណុចទាំងនេះហើយ ដែលអាចធ្វើឱ្យគាត់ក្លាយជា Idol របស់ខ្ញុំដោយមិនដឹងខ្លួន»។

  
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 54】

ស្ថានភាពគាំទ្រការផ្សាយ សោតទស្សន៍នៅកម្ពុជា

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles