គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

តើអ្នកចូលចិត្តទស្សនាទូរទស្សន៍តាមកញ្ចក់ទូរទស្សន៍ ឬតាមទូរសព្ទស្មាតហ្វូន?
តើអ្នកចូលចិត្តទស្សនាទូរទស្សន៍តាមកញ្ចក់ទូរទស្សន៍ ឬតាមទូរសព្ទស្មាតហ្វូន?
2023.02.01

ដោយសារមានចំនួនអ្នកនិយមប្រើបណ្តាញសង្គមលើប្រព័ន្ធអ៊ីនធឺណិតកើនឡើងច្រើនលើសលប់នាពេលបច្ចុប្បន្ន បានធ្វើឱ្យចំនួនអ្នកទស្សនាកម្មវិធីទូរទស្សន៍តាមកញ្ចក់ទូរទស្សន៍នៅតាមផ្ទះមានចំនួនថយចុះគួរឱ្យកត់សម្គាល់។ យើងសង្កេតឃើញថា វប្បធម៌នៃការទស្សនាកម្មវិធីទូរទស្សន៍ជាគ្រួសារ ត្រូវបានបាត់បង់បន្តិចម្តងៗក្រោមវត្តមាននៃការរីកចម្រើនលើវិស័យបច្ចេកវិទ្យា និងការនិយមប្រើប្រាស់ទូរសព្ទដៃស្មាតហ្វូនភ្ជាប់អ៊ីនធឺណិត។

កញ្ញា សោភា លីណា (២១ឆ្នាំ) អ្នកសារព័ត៌មាន រស់នៅរាជធានីភ្នំពេញ

«បច្ចុប្បន្ន គ្រួសារនាងខ្ញុំពុំសូវមានអ្នកបើកទូរទស្សន៍មើលដូចមុនទេ ទាំងនាងខ្ញុំនិងពួកគាត់ភាគច្រើនបានងាកមកមើលទូរសព្ទច្រើនជាង។ សម្រាប់នាងខ្ញុំ គឺសឹងតែមិនដែលនឹកឃើញទៅបើកទូរទស្សន៍មើលទេ គឺមើលតែតាមទូរសព្ទព្រោះវាងាយស្រួលនិងអាចរើសកម្មវិធីខ្លួនចូលចិត្តមើលពេលណាក៏បាន។ ខ្ញុំឃើញថាកម្មវិធីចាក់ផ្សាយ ក្នុងទូរទស្សន៍ភាគច្រើនក៏មាននៅលើទូរសព្ទ ដូចគ្នាដែរ។ ទាក់ទងនឹងស្ថានភាពមើល ទូរទស្សន៍របស់អ្នករស់នៅក្បែរៗកន្លែង នាងខ្ញុំរស់នៅវិញ នាងខ្ញុំសង្កេតឃើញ ថា នៅមានអ្នកមើលខ្លះៗដែរ ដោយភាគច្រើនពួកគាត់ជាមនុស្សចាស់ ចូលចិត្តមើលព័ត៌មាន រឿងភាគ និងកីឡាប្រដាល់ជាដើម។ យ៉ាង ណាមិញ ក្មេងតូចៗក៏ចូលចិត្តមើលតុក្កតាក្នុងទូរទស្សន៍ដែរ»។

 

លោក ហេរ វាសនា (៣៧ឆ្នាំ) មន្រ្តីរាជការ រស់នៅក្រុងសៀមរាប

លោក វាសនា ខានមើលទូរទស្សន៍ប្រមាណ ៦ ទៅ ៧ឆ្នាំមកហើយ ព្រោះគិតថាកម្មវិធីផ្សាយសំខាន់ៗរបស់ប៉ុស្តិ៍ទូរទស្សន៍ ត្រូវបានគេយកមកផ្សាយលើឆាណែលហ្វេសប៊ុក និងយូធូបរបស់ប៉ុស្តិ៍ទូរទស្សន៍ទាំងនោះ។ ម្យ៉ាងទៀត លោកមានកម្មវិធីអ៊ែប PPCTV សម្រាប់មើលប៉ុស្តិ៍ទូរទស្សន៍លើទូរសព្ទដៃដោយពុំគិតថ្លៃ។ លោក វាសនា៖ «ទាំងខ្ញុំរួមទាំងគ្រួសារខ្ញុំ និងអ្នករស់នៅជិតខាងផងដែរ ខ្ញុំសង្កេតឃើញថាពួកគាត់លែងសូវមើលទូរទស្សន៍នៅតាមផ្ទះ ហើយ គឺភាគច្រើនបំផុតមើលតែតាមទូរសព្ទស្មាតហ្វូនរៀងៗខ្លួន វិញម្តង។ សម្រាប់តាមដាន កម្មវិធីព័ត៌មាន គេនិយមស្តាប់តែ វិទ្យុ និងការផ្សាយតាមឆាណែល ហ្វេសប៊ុករបស់ប៉ុស្តិ៍ទូរទស្សន៍ ដែលគេចូលចិត្តទេ។ ម្យ៉ាងទៀត ឥឡូវគេនិយមប្រើទូរទស្សន៍ស្មាត ធីវីវិញ ដើម្បីមើលកម្មវិធីផ្សាយ ផ្សេងៗចេញពីទូរសព្ទដៃមើល ជុំគ្នានៅផ្ទះ ព្រោះវាមានកម្មវិធីមើលច្រើនភ្ជាប់នឹងអ៊ីនធឺណិត»។

 

លោក ណុប វិសិទ្ធ (៤៣ឆ្នាំ) វេជ្ជបណ្ឌិត រស់នៅខេត្តសៀមរាប

«ខ្ញុំខានមើលទូរទស្សន៍រយៈពេលជាង ២ឆ្នាំមកហើយ។ កាលពីមុនធ្លាប់ភ្ជាប់បណ្តាញទូរទស្សន៍ខ្សែកាបដើម្បីទស្សនាដែរ តែដោយសារមានកម្មវិធីចាក់ផ្សាយដដែលៗ មិនសូវមានអ្វីថ្មីទើបប្តូរមកទិញអង់តែន DTV ដើម្បីតំឡើងមើលវិញម្តងព្រោះមិនបាច់ចាំបង់ថ្លៃសេវាខ្សែកាបប្រចាំខែ។ យ៉ាងណាមិញ ព្រោះប៉ុស្តិ៍មើលតាម DTV បច្ចុប្បន្ន ពុំសូវមានកម្មវិធីទស្សនាថ្មី និងមិនសូវល្អមើល ធ្វើឱ្យក្មេងៗបែរមកចាប់អារម្មណ៍នឹងការមើលកម្មវិធីលើបណ្តាញសង្គមច្រើន ជាងមើលប៉ុស្តិ៍ទូរទស្សន៍នៅផ្ទះវិញ។ ដោយសារក្មេងៗមានទូរសព្ទស្មាតហ្វូន ដូច្នេះពួកគេមើលកម្មវិធីនានាតាមហ្វេសប៊ុក និងយូធូបច្រើន ហើយឥឡូវលែងមើលទូរទស្សន៍ហើយ ជាពិសេស ប្រមាណជាង២ឆ្នាំទៅនេះ»។

 

លោក គុយ តុលា (៣៦ឆ្នាំ) វិស្វករក្រុមហ៊ុនសាងសង់ផ្លូវថ្នល់ បម្រើការនៅខេត្តបាត់ដំបង
link

«តាំងពីខ្ញុំត្រឡប់ពីប្រទេសជប៉ុនមករស់នៅស្រុកខ្មែរវិញកាលពី៤ឆ្នាំមុន ខ្ញុំពុំដែលមើលប៉ុស្តិ៍ទូរទស្សន៍ខ្មែរតាមកញ្ចក់ទូរទស្សន៍ទេ។ ម្តងកាល ខ្ញុំមើលតែកម្មវិធីកំប្លែងគេចែករំលែកតាម ហ្វេសប៊ុកប៉ុណ្ណោះ។ ជាទូទៅ ខ្ញុំមើលតែកម្មវិធីផ្សាយព័ត៌មានជាភាសាជប៉ុន តាមឆាណែល យូធូប និងហ្វេសប៊ុក រួមទាំងកម្មវិធីអប់រំបង្កើនចំណេះដឹងផ្សាយលើយូធូបប៉ុណ្ណោះ។ កម្មវិធីផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍ខ្មែរ និយាយតាមត្រង់ គឺខ្ញុំកម្រមើលណាស់»។

 

កញ្ញា ស៊ុយ សុម៉ានុត (២៣ឆ្នាំ) អាជីវករលក់ដូរ រស់នៅខេត្តកំពង់ចាម

«ចប្ចុប្បន្ន គេមិនសូវចាប់អារម្មណ៍មើលទូរទស្សន៍ទេ ព្រោះគេចូលចិត្តមើលទូរសព្ទជាង។ ពីមុនដូចយើងដឹងអ៊ីចឹង កាលពីមិន ទាន់មានទូរសព្ទទំនើបដូចឥឡូវ គឺមានតែទូរទស្សន៍ទេដែលគេអាច មើលព័ត៌មានឬមើលរឿងភាគបាន។ តែជាក់ស្ដែង ឥឡូវនេះវិញ ទូរទស្សន៍សឹងតែទុកចោលហើយគ្មានអ្នកមើលទេ សូម្បីតែមនុស្ស ចាស់ក៏មានទូរសព្ទទំនើបប្រើដែរ ដូច្នេះបានអីមើលទូរទស្សន៍ទៀត! ណាមួយឥឡូវទំនើបណាស់ បើគេចង់មើលទូរទស្សន៍ក៏ អាចមើលក្នុងទូរសព្ទបាន ដូចគ្នា។ ខ្ញុំសង្កេតឃើញថា បច្ចុប្បន្នអ្នករស់នៅក្បែរៗខ្ញុំ គេមិនសូវមើលទូរទស្សន៍ ទេ ដូចនិយាយពីខាងដើមអ៊ីចឹង ទូរសព្ទមានកម្មវិធី កម្សាន្តច្រើនសម្បូរបែបចង់ មើលអីក៏បាន ហើយងាយ ស្រួលទៀត»។

 

លោក សេង ណារិទ្ធ (២៦ឆ្នាំ) បុគ្គលិកក្រុមហ៊ុន រស់នៅក្រុងសៀមរាប

«ខ្ញុំខានមើលទូរទស្សន៍តាំងពី អំឡុងឆ្នាំ២០១៥ បន្ទាប់ពីចូលសាកលវិទ្យាល័យ ព្រោះត្រូវចំណាយពេលច្រើនលើការសិក្សា ស្រាវជ្រាវនៅសាលា និងការងារក្រៅម៉ោង។ ជាទូទៅ ខ្ញុំតាមដាន មើលការផ្សាយរបស់ក្រុមហ៊ុន ហង្សមាស ក្នុងកម្មវិធីប្រឡងចម្រៀងល្បីៗដូចជា “Cambodia Idol” ឬ “The Voice Kids Cambodia” ជាដើម តែប៉ុណ្ណោះ ហើយមើលតែតាមទូរសព្ទដៃទៀត។ យ៉ាងណាមិញ សម្រាប់អ្នកផ្ទះខ្ញុំវិញ ជាពិសេស ប្អូនស្រី និងឳពុកម្តាយខ្ញុំ គឺពួកគាត់នៅតែមើលប៉ុស្តិ៍ទូរទស្សន៍ភាគច្រើននៅឡើយ គឺមើលកម្មវិធីកម្សាន្តដូចជា៖ កំប្លែង ការប្រឡងចម្រៀង និងរឿងភាគជាដើម។ ពួកគាត់មើលភាគច្រើននៅម៉ោងពេលបាយល្ងាច និងមុនចូលគេងជារៀងរាល់ថ្ងៃ»។ លោក ណារិទ្ធ ក៏បានលើកឡើងទៀតថា ដើម្បីអប់រំចិត្ត និងទទួលបានចំណេះដឹងសកលបន្ថែម លោកតែងតែទស្សនាកម្មវិធីអប់រំខ្លីៗលើឆាណែលហ្វេសប៊ុក ដែលពេញនិយមរបស់លោកគ្រូ គូ សុភាព និងកម្មវិធី “Nas Daily” ជាដើមផងដែរ។

 

បងស្រី ឈឹម សេរី ( ៤២ឆ្នាំ) អាជីវករ រស់នៅស្រុកពពេល ខេត្តសៀមរាប

«ខ្ញុំមើលប៉ុស្តិ៍ទូរទស្សន៍ជារៀងរាលថ្ងៃ។ ប៉ុស្តិ៍ដែលតែងតែបើកមើលមានប៉ុស្តិ៍ My TV, CTN និង PNN។ ហើយម្តងម្កាលក៏មានប៉ុស្តិ៍ TV5 ផងដែរ។ ក្នុងចំណោមប៉ុស្តិ៍ទាំងនោះ ខ្ញុំចូលចិត្តតាមដានរឿងភាគខ្មែរ និងថៃរបស់ប៉ុស្តិ៍ PNN ចន្លោះម៉ោង ៧ ទៅ ៩ ល្ងាចជាងគេ ព្រោះគេចាក់រឿងល្អមើលច្រើន។ ប៉ុស្តិ៍ផ្សេងៗ បើកចោលដើម្បីមើលកម្មវិធីកំប្លែង ប្រដាល់ ឬចម្រៀងប៉ុណ្ណោះ»។ បងស្រី សេរី បានតម្លើងអង់តែង DTV តម្លៃ ៩០ដុល្លាដើម្បីមើលប៉ុស្តិ៍ទូរទស្សន៍ទាំងនោះ ហើយក៏សង្កេតឃើញថានៅក្នុងភូមិរបស់ខ្លួន មានអ្នកតាមដានមើលប៉ុស្តិ៍ទូរទស្សន៍នៅតាមផ្ទះ នៅមានចំនួនច្រើននៅឡើយទេ។

 

កម្មវិធីទស្សនាប៉ុស្តិ៍ទូរទស្សន៍កំពុងផ្សាយផ្ទាល់ គេអាចទាញយកអ៊ែប PPCTV និង One Tv Plus ដោយពុំគិតថ្លៃដើម្បីទស្សនា កម្មវិធីផ្សាយបន្តផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍ ពេញនិយមទាំងក្នុងនិងក្រៅស្រុក។

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 54】

ស្ថានភាពគាំទ្រការផ្សាយ សោតទស្សន៍នៅកម្ពុជា

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

ក្រុមហ៊ុន ហង្សមាស

កម្មវិធី The Voice Kids Cambodia

ក្រុមហ៊ុនទូរទស្សន៍ពេញនិយមដទៃ

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer