គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ស្ថានភាពរបរនិងការរស់នៅថ្មីរបស់មគ្គុទេសក៍ទេសចរអំឡុងវិបត្តិកូវីដ១៩
ស្ថានភាពរបរនិងការរស់នៅថ្មីរបស់មគ្គុទេសក៍ទេសចរអំឡុងវិបត្តិកូវីដ១៩
2023.04.24

~បទសម្ភាសន៍អ្នកគ្រូ អូនី ហ៊ីហ្វូមី រស់នៅខេត្តសៀមរាបរយៈពេល២៨ឆ្នាំ អំពីការយល់ឃើញពីការប្រែប្រួលមុខរបរនិងការរស់នៅប្រចាំថ្ងៃរបស់មគ្គុទេសក៍~

អ្នកគ្រូ ហ៊ីហ្វឹមី ក៏បានលើកឡើងដែរថា មានមគ្គុទេសក៍ភាសាជប៉ុនមួយចំនួនចាប់អារម្មណ៍នឹងការងារជាកម្មសិក្សាការី និងអ្នកមើលថែមនុស្សចាស់នៅប្រទេសជប៉ុន កាលពីប៉ុន្មានឆ្នាំមុនមានវិបត្តិជំងឺកូវីដ១៩កើតឡើង។ យោងលើតម្រូវការបែបនេះ ថ្នាក់រៀនភាសាជប៉ុនរបស់អ្នកគ្រូក៏មានបង្ហាត់ភាសាជប៉ុនសម្រាប់ជំនាញទាំងពីរខាងលើផងដែរ។

 

អ្នកគ្រូ អូនី ហ៊ីហ្វឺមី ជាគ្រូបង្រៀនភាសាជប៉ុនរស់នៅខេត្តសៀមរាបតាំងពីឆ្នាំ១៩៩៤?។ មានសិស្សសិក្សាភាសាជប៉ុនជាច្រើនចេញពីថ្នាក់រៀនភាសាជប៉ុនរបស់អ្នកគ្រូ ហ្វីហ្វឹមី ក្លាយជាមគ្គុទេសក៍ទេសចរភាសាជប៉ុនបម្រើការនៅក្នុងខេត្តសៀមរាប។ យើងខ្ញុំបានសម្ភាសន៍អ្នកគ្រូ ដើម្បីស្វែងយល់ពីការយល់ឃើញរបស់អ្នកគ្រូចំពោះស្ថានភាពប្រែប្រួលលើមុខរបរ និងការរស់នៅរបស់មគ្គុទេសក៍ភាសាជប៉ុនរស់នៅខេត្តសៀមរាប ដែលអ្នកគ្រូមើលឃើញទូទៅក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ដូចតទៅ។

តើអ្នកគ្រូមើលឃើញយ៉ាងណាអំពីការប្រែប្រួលនានាកើតឡើងលើមគ្គុទេសក៍ភាសាជប៉ុនរស់នៅក្នុងខេត្តសៀមរាប នាអំឡុងវិបត្តិកូវីដ១៩ រយៈពេលជិត៣ឆ្នាំកន្លងទៅនេះ?

ជំងឺកូវីដ១៩បាននាំឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់មគ្គុទេសក៍ទេសចរផ្លាស់ប្តូរច្រើន។ មានអ្នកស្រឡាញនិងចូលចិត្តការងារសេវាកម្មជូនភ្ញៀវទេសចរបរទេសទស្សនាប្រាង្គប្រាសាទអង្គរជាច្រើន បានចាប់យកអាជីពជា មគ្គុទេសក៍ទេសចរនេះ។ ម្យ៉ាងទៀត ការងារជាមគ្គុទេសក៍ទេសចរ គឺមិនតម្រូវឱ្យបំពេញការងារប្រចាំថ្ងៃពីព្រឹកម៉ោង ៨ ដល់ម៉ោង ៥ល្ងាចនោះដូចការងារទូទៅនោះទេ។ ពេលមានភ្ញៀវ គឺពួកគាត់ត្រូវជូនភ្ញៀវទេសចរនោះទៅទស្សនាតាមកាលវិភាគដែលកំណត់នោះ ក៏ប៉ុន្តែប្រសិនបើពុំមានភ្ញៀវត្រូវជូនទេ គឺគាត់ត្រូវទំនេរ ហើយចំណាយពេលទំនេរទាំងនោះនៅជាមួយគ្រួសារជាដើម។ នេះជាទម្លាប់ទូទៅរបស់មគ្គុទេសទេសចរដែលខ្ញុំបានឃើញកន្លងមក ហើយខ្ញុំគិតថាជាទូទៅពួកគាត់បានសុំានឹងជីវភាពរស់នៅបែបនេះ។ យ៉ាងណាមិញ ជំងឺកូវីដ១៩ បានកែប្រែស្ថានភាពរស់នៅរបស់ពួកគាត់ទាំងអស់នេះ។ មគ្គុទេសក៍ជាច្រើនបានបាត់បង់ការងារ និងប្រាក់ចំណូលដោយសារវិបត្តិជំងឺកូវីដ១៩នេះ។ ពួកគាត់មួយចំនួនបានចាកចេញពីខេត្តសៀមរាប ដើម្បីទៅស្វែងរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់គ្រួសារ។ មានមួយចំនួនខ្លះទៀត បានបើកអាជីវកម្មថ្មីនៅក្នុងខេត្តជាដើម។ ការប្រកបរបរថ្មី គឺធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃទូទៅរបស់គាត់ប្រែប្រួលទាំងស្រុង។ ពោលគឺ ពួកគាត់ត្រូវក្រោកពីព្រលឹមជារៀងរាល់ថ្ងៃដើម្បីរៀបចំបើកហាង និងត្រូវត្រៀមអ្វីៗផ្សេងៗសម្រាប់ដំណើរការអាជីវកម្មរបស់គាត់។ សម្រាប់អ្នកធ្លាប់មានបទពិសោធន៍រកស៊ីរបរថ្មីទាំងនោះខ្លះៗពីមុនមក គឺពុំសូវជាមានបញ្ហាអ្វីនោះទេ តែចំពោះអ្នកពុំមានបទពិសោធន៍វិញ គឺត្រូវប្រឈមនឹងបញ្ហាចំពោះមុខជាច្រើន។ ឧទាហរណ៍ មានកូនសិស្សខ្ញុំម្នាក់បានបើកហាងអាហារថ្មី ក្នុងពេលកូវីដ គឺគាត់ត្រូវប្រឈមនឹងការចាត់ចែងជាច្រើនក្នុងការដំណើរការហាងអាហាររបស់គាត់ ដូចជាការលៃលកសាច់ និងបន្លែប្រចាំថ្ងៃ ខណៈស្ថានភាពភ្ញៀវនៅឡើងចុះពុំទៀងទាត់។ ពោលគឺ កាលណាការចាត់ចែងធ្វើឡើងពុំត្រឹមត្រូវទេនោះ ការរកផលចំណេញពីរបរថ្មីនេះ គឺពុំជោគជ័យឡើយ។ ដូច្នេះហើយ ខ្ញុំគិតថាមានមគ្គុទេសក៍ជាច្រើនមានបំណងវិលត្រឡប់ទៅចាប់យកអាជីពដើមវិញ ប្រសិនបើមានភ្ញៀវទេសចរច្រើនត្រឡប់មកវិញ។

តើអ្នកគ្រូយល់ឃើញដូចម្តេចចំពោះមគ្គុទេសក៍មួយចំនួនដែលបានសាកល្បងរបរ ឬការងារថ្មីកន្លងមកនេះ?

មានមគ្គុទេសក៍ខ្លះបានប្តូរមកធ្វើជាអ្នកបកប្រែក៏មានដែរ។ តាមពិតទៅ ការងារជាមគ្គុទេសក៍ គឺប្រើប្រាស់ភាសាជប៉ុនសម្រាប់និយាយច្រើនដើម្បីពន្យល់ភ្ញៀវទេសចរជប៉ុនអំពីកម្ពុជា។ ក៏ប៉ុន្តែ បើនិយាយពីការងារជាអ្នកបកប្រែវិញ គឺទាមទារឱ្យមានទាំងសមត្ថភាពភាសាខ្ពស់ ចំណេះដឹងទូទៅទាក់ទងនឹងវិស័យផ្សេងៗ និងការយល់ដឹងជ្រៅពីវប្បធម៌ភាសា។ ដូច្នេះខ្ញុំគិតថាមានមគ្គុទេសក៍ទេសចរភាសាជប៉ុន ដែលប្រែមកចាប់ការងារជាអ្នកបកប្រែ ដឹងពីផលលំបាកទាំងនេះ ជាពិសេស ដឹងពីកម្រិតនៃការប្រើប្រាស់ភាសាជប៉ុនរបស់ពួកគាត់។ ម្យ៉ាងទៀត បច្ចុប្បន្ន នៅពេលមានការស្នើរសុំការងារអ្វីមួយពីក្រុមហ៊ុនជប៉ុន តែងតែមានការសាកសួរអំពីកម្រិតចំណេះដឹងភាសាជប៉ុន កម្រិត N1 ឬ N2 និង N3 ជាដើម។ ដើម្បីដឹងពីកម្រិតយល់ដឹងភាសាជប៉ុនទាំងនេះ ទាមទារឱ្យមានការប្រឡង។ ដូច្នេះប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំសង្កេតឃើញថាមានមគ្គុទេសក៍ភាសាជប៉ុនមួយចំនួនបែរមកបន្តសិក្សារភាសាជប៉ុនឡើងវិញ ដើម្បីពង្រឹងសមត្ថភាពភាសាជប៉ុនរបស់គាត់ថែមទៀត។ ខ្ញុំពិតជារំភើបចិត្តណាស់ ដែលឃើញនូវស្ថានភាពខិតខំប្រឹងប្រែងរៀនភាសាជប៉ុនរបស់ពួកគាត់ដូចនេះ៕

 

ចំណាប់អារម្មណ៍របស់បងស្រី ពិសិដ្ឋ បម្រើការងារបច្ចុប្បន្ននៅប្រទេសជប៉ុន

បងស្រី ថុក ពិសិដ្ឋ (៤០ឆ្នាំ) មគ្គុទេសក៍ទេសចរនិយាយភាសាជប៉ុន

ស្រុកកំណើតខេត្តសៀមរាប មានគ្រួសារ៖ កូនស្រីម្នាក់អាយុ២០ឆ្នាំ
បទពិសោធន៍ជាមគ្គទេសក៍ទេសចរ៖ ១៨ឆ្នាំ
❤បំណងវិលត្រឡប់ទៅការងារមគ្គុទេសក៍វិញ៖ ៥០%

ល្បងការងារថ្មី

ជាបុគ្គលិកមើលថែមនុស្សចាស់នៅជប៉ុន ជាអតីតសិស្សសិក្សាភាសាជប៉ុនរបស់អ្នកគ្រូ អូនី ហីហ្វឺម៊ិ បានទៅប្រទេសជប៉ុន នៅខែវិច្ឆិការ ឆ្នាំ២០២០។ បច្ចុប្បន្ន ជាបុគ្គលិកបម្រើការងារនៅមន្ទីរមើលថែទាំមនុស្សចាស់ នៅខេត្ត Gifu ។ ការយល់ឃើញពីការងារបច្ចុប្បន្ន៖ «ទោះមានផលលំបាកជាមួយការប្រើប្រាស់ភាសាជប៉ុន និងការប្រាស្រ័យទាក់ទងការងារនៅកន្លែងការងារពីមុនមកជាច្រើនក្តី ដោយការព្យាយាម អត់ធ្មត់ច្រើនចំពោះការងារ និងរៀនសូត្រពីបញ្ហាប្រឈមប្រចាំថ្ងៃបានធ្វើឱ្យនាងខ្ញុំសុំា និងយល់ដឹងច្រើនពីការងារនេះ។ នាងខ្ញុំមានបំណងបន្តបម្រើការងារនេះបន្តទៅមុខទៀត ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារនៅស្រុកខ្មែរ។ នៅថ្ងៃអនាគត នាងខ្ញុំនឹងត្រឡប់ទៅបម្រើការងារជាអ្នកជំនាញមើលថែមនុស្សចាស់ជរានៅស្រុកកំណើតវិញប្រសិនបើមានតម្រូវការលើវិស័យនេះ។ តែបើនៅពុំទាន់មានតម្រូវការវិញនោះ ខ្ញុំអាចនឹងត្រឡប់ទៅប្រកបអាជីពជាមគ្គុទេសក៍ទេសចរវិញក៏ថាបានដែរ»៕

 

 

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 56】

ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាមុននិងក្រោយវិបត្តិជំងឺកូវីដ១៩កើតឡើង!

ដើម្បីក្លាយជាមគ្គុទេសក៍ទេសចរ តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?


https://nyonyum.net/ja/nyonyum-kh56-sp-3/
https://nyonyum.net/ja/nyonyum-kh56-sp-4/
https://nyonyum.net/ja/nyonyum-kh56-sp-5/
https://nyonyum.net/ja/nyonyum-kh56-sp-6/

(ភាសាខ្មែរ) “វិបត្តិជំងឺកូវីដ១៩ ផ្តល់ឱ្យកាសការងារថ្មីសម្រាប់ខ្ញុំ”

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles