គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

យើងខ្ញុំនឹងប្រឹងប្រែងបម្រើសេវាកម្មទេសចរដើម្បីឱ្យភ្ញៀវជនជាតិជប៉ុនកាន់តែយល់ដឹងនឹងចូលចិត្តកម្ពុជា!
យើងខ្ញុំនឹងប្រឹងប្រែងបម្រើសេវាកម្មទេសចរដើម្បីឱ្យភ្ញៀវជនជាតិជប៉ុនកាន់តែយល់ដឹងនឹងចូលចិត្តកម្ពុជា!
2023.05.02

វិបត្តិជំងឺកូវីដ១៩បានធ្វើឱ្យវិស័យទេសចរខេត្តសៀមរាបធ្លាក់ចុះយ៉ាងដុនដាប។ ទោះជាយ៉ាងនេះក្តី មានក្រុមហ៊ុនទេសចរមួយចំនួនកំពុងរៀបចំខ្លួនឡើងវិញ ដើម្បីត្រៀមចាំទទួលភ្ញៀវទេសចរបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩នេះបញ្ចប់។ តើមានអ្វីកើតឡើងចំពោះក្រុមហ៊ុនទេសចរជប៉ុន នៅខេត្តសៀមរាប? យើងខ្ញុំបានធ្វើបទសម្ភាសន៍អ្នកស្រី យូកូសឹកា អៃ ជាអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនទេសចរឈ្មោះថា “អរគុណធួរ” ដោយសាកសួរអំពីស្ថានភាពគ្រប់គ្រងក្រុមហ៊ុន និងបុគ្គលិកនាអំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ១៩នេះ។

 

 

 តើក្រុមហ៊ុនរបស់អ្នកស្រីមានផែនការទ្រទ្រង់ដំណើរការក្រុមហ៊ុនដូចម្តេចខ្លះក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ កន្លងទៅនេះ?

ក្រុមហ៊ុន អរគុណធួរ យើងខ្ញុំជាក្រុមហ៊ុនសម្ព័ន្ធជាមួយក្រុមហ៊ុន ភីស អីន ធួរ ជប៉ុននៅទីក្រុងតូក្យូ ហើយជាក្រុមហ៊ុនទេសចរជំនាញខាងរៀបចំដំណើរទេសចរបែបសិក្សា សម្រាប់និស្សិតជប៉ុន។ ដោយសារជំងឺកូវីដ១៩ ក្រុមហ៊ុនយើងខ្ញុំនៅបើកដំណើរការរហូតដល់ខែធ្នូ ឆ្នាំ២០២០ ដោយរក្សាចំនួនបុគ្គលិកឱ្យនៅដូចមុន ទោះក្រុមហ៊ុនមានចំនួនភ្ញៀវតិចតួច ឬសឹងតែមិនមានក្តី។ តែក្រោយមក ដោយស្ថានភាពភ្ញៀវទេសចរជប៉ុននៅតែថយចុះខ្លាំង ទើបក្រុមហ៊ុនយើងខ្ញុំសម្រេចស្នើរសុំឱ្យមគ្គុទេសក៍ទាំងអស់ធ្វើការក្រៅម៉ោងវិញ។ យើងខ្ញុំយល់ពីផលលំបាករបស់មគ្គុទេសក៍ក្នុងអំឡុងពេលដ៏លំបាកបែបនេះ ក៏ប៉ុន្តែដើម្បីរក្សាក្រុមហ៊ុនឱ្យនៅតែបន្តដំណើរការទៅមុខទៀត យើងខ្ញុំត្រូវតែធ្វើបែបនេះ ទោះវាជាជម្រើសដ៏លំបាកសម្រាប់យើងក្តី។

សម្រាប់ខ្លួនខ្ញុំផ្ទាល់វិញ ខណៈចំនួនភ្ញៀវទេសចរធ្លាក់ចុះ ខ្ញុំបានដាក់ពាក្យសុំបម្រើការងារជាគ្រូបង្រៀនភាសាជប៉ុននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលពីខែមេសា ឆ្នាំ២០២១។ បន្ទាប់ពីដំណឹងត្រូវបានជ្រើសរើសចេញនៅខែកញ្ញា ឆ្នាំដដែល ខ្ញុំបានប្តូរមកបម្រើការងារបណ្តោះអាសន្នជាគ្រូបង្រៀនភាសាជប៉ុននេះនៅរាជធានីភ្នំពេញតរហូតមកដល់បច្ចុប្បន្ននេះ។ ឥឡូវនេះ ការងារទូទៅរបស់ក្រុមហ៊ុន គឺខ្ញុំប្រគល់ជូនបុគ្គលិកម្នាក់ឈ្មោះ កញ្ញា ស៊ីដែត ដែលជាអ្នកគ្រប់គ្រងទូទៅឱ្យមើលការខុសត្រូវជំនួសខ្ញុំ។

យ៉ាងណាមិញ ចំពោះមគ្គុទេសក៍ដែលក្រុមហ៊ុនសុំឱ្យបម្រើការក្រៅម៉ោងមួយរយៈវិញ មានអ្នកខ្លះត្រឡប់ទៅស្រុកកំណើតដើម្បីជួយការងារគ្រួសារគាត់ ហើយមានខ្លះឡើងមកធ្វើការនៅក្រុមហ៊ុនបញ្ជូនពលករនៅក្រុងភ្នំពេញ និងខ្លះទៀតធ្វើជាគ្រូបង្រៀនភាសាជប៉ុនជាដើម។ ពួកយើងបានផ្តើមការងារថ្មិផ្សេងៗតាមចំណូលចិត្ត និងអ្វីដែលយើងអាចធ្វើទៅបាន។ វិបត្តិជំងឺកូវី១៩ បានធ្វើក៏មគ្គុទេសក៍មួយចំនួនចេញទៅបម្រើការងារក្រៅពីខេត្តសៀមរាប ដើម្បីរកប្រាក់ចំណូលទ្រទ្រង់គ្រួសារដូចពួកយើងដែរ។

បច្ចុប្បន្ន ជំងឺកូវីដហាក់ដូចជាស្រាកស្រាន្តច្រើនហើយ តើអ្នកស្រីមានគម្រោងបើកដំណើរការក្រុមហ៊ុនសារឡើងវិញនៅពេលណាដែរ?

តាមពិតទៅ នាពេលកន្លងមក ក្រុមហ៊ុន អរគុណធួរ យើងខ្ញុំពុំបានបិទដំណើរការទាំងស្រុងនោះទេ។ យើងបើកដំណើរការរហូត២ថ្ងៃម្តងក្នុងមួយសប្តាហ៍ ហើយមានបុគ្គលិកប្រចាំការប្រចាំផងដែរ។ ចំពោះខ្ញុំវិញ ទោះនៅបម្រើការនៅភ្នំពេញក្តី ពេលខ្លះ ខ្ញុំក៏ឆ្លៀតពេលធ្វើការឱ្យក្រុមហ៊ុនដែរ។ ពោលគឺ ក្រុមហ៊ុនយើងខ្ញុំព្យាយាមរកភ្ញៀវទេសចរជប៉ុនមកទស្សនាកម្ពុជាទោះក្នុងពេលមានវិបត្តិជំងឺកូវដី១៩ក្តី ក៏យើងអាចរកភ្ញៀវឱ្យមគ្គុទេសក៍យើងជូនបានខ្លះៗដែរ ដោយបង់ប្រាក់ជូនពួកគាត់តាមស្តង់ដារតម្លៃក្រៅម៉ោង។ សព្វថ្ងៃ ក្រុមហ៊ុនយើងចាប់ទទួលភ្ញៀវពីក្រុមហ៊ុន ភីស អីន ធួរ នៅជប៉ុនបន្តិចម្តងៗឡើងវិញហើយ។

តើក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩កន្លងទៅនេះ តើអ្នកស្រីមើលឃើញមានការប្រែប្រួលអ្វីខ្លះចំពោះអាជីព និងការរស់នៅរបស់មគ្គុទេសក៍ភាសាជប៉ុន?

តាមការណ៍ដែលខ្ញុំមើលឃើញ គឺមានអ្នកប្រកបរបរថ្មី និងចេញទៅស្វែងរកការងារថ្មីដូចជារូបខ្ញុំ ច្រើនគួរសមដែរ។ ខ្លះឡើងមកភ្នំពេញដើម្បីបម្រើការជាបុគ្គលិកក្រុមហ៊ុន ឬរោងចក្រជប៉ុន និងមានខ្លះទៀតត្រឡប់ទៅជួយការងារគ្រួសារនៅស្រុកកំណើតក៏មានដែរ។ ចំពោះក្រុមហ៊ុន អរគុណធួរ យើងខ្ញុំវិញ គឺបើកចំហរឱ្យមគ្គុទេសក៍ចេញទៅធ្វើការងារអ្វីដែលពួកគាត់ចង់ធ្វើដោយសេរី ហើយយើងហៅគាត់ឱ្យមកជូនភ្ញៀវយើងខ្លះៗនៅពេលគាត់ទំនេរអាចធ្វើបានប៉ុណ្ណោះក្នុងពេលមានជំងឺកូវីដ១៩កន្លងទៅនេះ។ យើងខ្ញុំតែងតែមានបំណងចង់ឱ្យគ្រប់អតីតមគ្គុទេសក៍របស់ក្រុមហ៊ុនយើងទាំងអស់ត្រឡប់់មកវិញ។ ក៏ប៉ុន្តែប្រសិនបើគាត់មួយចំនួនពុំអាចត្រឡប់មកវិញបានទេនោះ យើងខ្ញុំនឹងព្យាយាមរកអ្នកថ្មីជំនួសស្របទៅតាមកាលៈទេសៈខាងមុខ។ ម្យ៉ាងទៀត ខ្ញុំសង្កេតឃើញថាមគ្គុទេសក៍ច្រើនរូបបានដកស្រង់បទពិសោធន៍ថ្មីច្រើនពីវិបត្តិជំងឺកូវីដ១៩នេះ។ ដូច្នេះនៅថ្ងៃខាងមុខនេះ ក្រុមហ៊ុនយើងខ្ញុំក៏មានបំណងប្រមូលមគ្គុទេសក៍ដែលបានដកស្រង់បទពិសោធន៍ថ្មីៗទាំងនេះ មកបម្រើការក្នុងក្រុមហ៊ុនយើងខ្ញុំផងដែរ។

 

តើលោកស្រីយល់ឃើញយ៉ាងណាចំពោះវិស័យទេសចរនៅខេត្តសៀមរាបនាពេលអនាគត? (ក្រោយវិបត្តិជំងឺកូវីដ១៩ បញ្ចប់)

ក្រុមហ៊ុមយើងខ្ញុំ មានបំណងបន្តផ្តោតការយកចិត្តទុកដាក់លើការផ្តល់តម្លៃចំពោះ “ការទំនាក់ទំនងរវាងមនុស្សនិងមនុស្ស” តាមរយៈដំណើរទេសចររបស់ភ្ញៀវទេសចរជប៉ុនមកកម្ពុជាដដែលនៅថ្ងៃអនាគត។ ចំពោះការផ្តល់សេវាកម្មទេសចរជូនភ្ញៀវជប៉ុន គឺយើងនៅតែបន្តធ្វើជាធម្មតា ដូចជាការបើកវគ្គណែនាំអំពីការមកទស្សនាកម្ពុជា និងសេវាផ្តល់ព័ត៌មាននានាមុនដំណើរទេសចរមកកម្ពុជា ជូនភ្ញៀវទេសចរមកជាក្រុមធំៗ និងផ្ទាល់ខ្លួនជាដើម ដែលខ្ញុំគិតថាសេវាកម្មបែបនេះមគ្គុទេសក៍នៅខេត្តសៀមរាបនៅពុំទាន់មានលទ្ធភាពធ្វើបាននៅឡើយ។ លើលពីនេះ យើងខ្ញុំក៏មានបំណងពង្រីកបន្ថែមនូវទិសដៅទេសចរទៅកាន់តំបន់ទេសចរពេញនិយមនានាក្នុងប្រទេសកម្ពុជា មានក្រុងភ្នំពេញជាដើម ដែលស្ថិតនៅក្រៅពីខេត្តសៀមរាបផងដែរ។

 

បើនិយាយពីបទពិសោធន៍ខ្ញុំផ្ទាល់ខ្លួនវិញ ខ្ញុំនឹងបន្តរស់នៅកម្ពុជា ដើម្បីធ្វើជាអ្នកផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពរបស់កម្ពុជាទៅកាន់ភ្ញៀវទេសចរជប៉ុន។ ម្យ៉ាងទៀត តាមរយៈការងារជាគ្រូបង្រៀនភាសាជប៉ុននៅភ្នំពេញនេះ ខ្ញុំបានស្គាល់ និងមានទំនាក់ទំនងល្អជាមួយនិស្សិតខ្មែរ សិក្សានៅសាកលវិទ្យាល័យនេះផងដែរ។ ដូច្នេះនាថ្ងៃអនាគត ប្រសិនបើយើងខ្ញុំអាចបង្កើតឱ្យមានការទំនាក់ទំនងគ្នារវាងនិស្សិតខ្មែរ និងជប៉ុន គឺរិតតែប្រសើរ។

ជាដំណឹងគួបប្រសើរមួយ ដែលនៅចុងឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន អរគុណធួរ យើងខ្ញុំបានទទួលភ្ញៀវចំនួនច្រើនឡើងវិញ ហើយបានបង្វិលការងារទាំងនោះជូនអតីតមគ្គុទេសក៍យើង។ លទ្ធផលទាំងនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកយើងទាំងគ្នា ដែលពុំបានបោះបង់ចោលនូវអ្វីដែលយើងប្រឹងថែរក្សាមកជិត៣ឆ្នាំក្នុងអំឡុងវិបត្តិកូវីដ១៩នេះ។ ដូច្នេះតទៅមុខទៀត ក្រុមហ៊ុន អរគុណធួរ យើងខ្ញុំនឹងបន្តផ្តល់នូវសេវាកម្មល្អៗ ប្រើប្រាស់នូវបទពិសោធន៍ដែលទទួលបានកន្លងទៅ ដើម្បីធ្វើយ៉ាងណាជម្រុញនូវការបង្កើត និងបង្កើននូវភាតរភាពរវាងជប៉ុន និងកម្ពុជា ក៏ដូចជាការរៀនសូត្រពីគ្នា តាមរយៈកម្មវិធីដំណើរទេសចរដែលក្រុមហ៊ុនយើងខ្ញុំខិតខំរៀបចំជូន៕

 

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 56】

ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាមុននិងក្រោយវិបត្តិជំងឺកូវីដ១៩កើតឡើង!

ដើម្បីក្លាយជាមគ្គុទេសក៍ទេសចរ តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?

(ភាសាខ្មែរ) ការយល់ឃើញរបស់ប្រធានសមាគមមគ្គុទេសក៍ទេសចរភាសាជប៉ុនប្រចាំខេត្តសៀមរាប

(ភាសាខ្មែរ) វិបត្តិជំងឺកូវីដ១៩ និងស្ថានភាពអាជីពមគ្គុទេ្ទសក៍ទេសចរណ៍ខេត្តសៀមរាប

(ភាសាខ្មែរ) ការផ្តើមអាជីវកម្មថ្មីរបស់មគ្គុទេសក៍ទេសចរក្នុងវិបត្តិកូវីដ១៩

(ភាសាខ្មែរ) មគ្គុទេសក៍ទេសចរនឹងការផ្តើមប្រកបអាជីវកម្មថ្មី-របរលក់ទាអាំង

(ភាសាខ្មែរ) “វិបត្តិជំងឺកូវីដ១៩ ផ្តល់ឱ្យកាសការងារថ្មីសម្រាប់ខ្ញុំ”

(ភាសាខ្មែរ) ស្ថានភាពរបរនិងការរស់នៅថ្មីរបស់មគ្គុទេសក៍ទេសចរអំឡុងវិបត្តិកូវីដ១៩

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles