គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានជុំវិញទីក្រុងភ្នំពេញ
គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានជុំវិញទីក្រុងភ្នំពេញ
2023.09.22

ការអភិវឌ្ឍន៍ហេដ្ឋារចនាផ្សេងៗរបស់រដ្ឋ ដូចជាការបំពាក់នូវប្រព័ន្ធទឹកភ្លើងគ្រប់គ្រាន់នៅតាមតំបន់ជាយក្រុងភ្នំពេញ បាននាំឱ្យមានការអភិវឌ្ឍន៍គម្រោងសាងសង់បុរីលំនៅដ្ឋានផ្សេងៗ ច្រើនលំដាប់រីកសុះសាយជុំវិញទីក្រុងភ្នំពេញ។

ស្ថានភាពពលរដ្ឋរស់នៅក្នុង បុរី ប៉េង ហួត ផ្លូវ៥៩៨

ការលើកក្រសួងសំខាន់ៗមួយចំនួនទៅកាន់តំបន់ជាយក្រុង បាននាំឱ្យមានការអភិវឌ្ឍនៃបុរីលំនៅដ្ឋានច្រើននៅក្នុងតំបន់ក្បែរខាងនោះ។ បុគ្គលិកទស្សនាវដ្តីញញឹមខ្មែរ បានសម្ភាសពលរដ្ឋរស់នៅក្នុង បុរី ប៉េងហួត វិថី ជាសុផារ៉ា ឬផ្លូវ៥៩៨ អំពីការប្រែប្រួលកើតឡើងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះដូចខាងក្រោម។

វិថី សុផារ៉ា លាតសន្ធឹងពីផ្លូវរង្វង់មូលក្រុងកំាកូ ឆ្ពោះទៅភាគខាងជើងនៃរាជធានីភ្នំពេញ។ សព្វ​ថ្ងៃ​នេះ វាជាផ្លូវ​សំខាន់មួយខ្សែភ្ជាប់ទីក្រុងភ្នំពេញទៅប៉ែកខាងជើង។ បច្បុប្បន្ន ស្ថាបន​របស់​រដ្ឋាភិបាលមាន​ដូច​ជា​ស្នងការនគរបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនកំពុងមានវត្តមាននៅលើវិថីនេះ។ លើសពីនេះ បុរី និង​ផ្សារ​ទំនើបក៏​កំពុង​ចាប់​ផ្តើម​សាង​សង់ជាហូរហែរ​​នៅ​លើ​មហាវិថី​សុផារ៉ានេះដែរ។ បងស្រី យូ សុខឡេង ​(៤០ឆ្នាំ) បានផ្តល់បទសម្ភាសអំពីការរស់នៅក្នុងបុរី ប៉េងហួត លើវិថី ជាសុផារ៉ា នេះ។

“ខ្ញុំ​មិន​សោកស្តាយ​​ដែល​ទិញ​ផ្ទះនៅបុរី​នេះ​ទេ! ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ជ្រើសរើស​កន្លែង​នេះសម្រាប់ជាទីរស់នៅ!”

យើងខ្ញុំបានឮថាបងស្រី បានប្តូរមករស់នៅក្នុងបុរី ប៉េងហួត ប្រមាណជា ១០ឆ្នាំមុន។ តើស្ថានភាពតំបន់បុរីនៅពេលនោះ យ៉ាងម៉េចដែរ?

  • គ្រួសារបងបានមកទិញផ្ទះនៅបុរី ប៉េងហួតនេះខណៈបុរីកំពុងចាប់ផ្តើមសាងសង់ដំបូង ក្នុងតម្លៃប្រមាណ 200,000 ដុល្លារ ដោយមានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីឪពុកម្តាយរបស់បងខ្លះដែលរស់នៅក្រុងព្រះសីហនុ។ នៅ​ពេល​នោះ តំបន់​នេះគឺ​ដូចជាទីជនបទអ៊ីចឹង គឺ​មាន​ដី​ទំនេរ​ច្រើនណាស់​។

ពេលនោះ ហេតុអ្វី​បាន​ជា​អ្នក​សម្រេច​ចិត្ត​ទិញ​ផ្ទះនៅបុរីក្នុង​តំបន់​នេះ?

  • បន្ទាប់ពីស្វាមីបងផ្ទេរមកបម្រើការនៅភ្នំពេញ យើងទាំងអស់គ្នាក៏ចាប់ផ្តើមចង់មករស់នៅភ្នំពេញចាប់ពីពេលនោះមក។ នៅ​ពេល​នោះ ​ផ្ទះ​វីឡា​ភ្លោះ​នៅ​បុរីនេះ​មានតម្លៃកំពុង​សាងសង់ត្រឹមតែប្រមាណ ​២០​ម៉ឺន​ដុល្លារប៉ុណ្ណោះ ហើយយើងដឹងថាគម្រោងបុរីនេះ គឺមានគុណភាពល្អលើសគេ ហើយតម្លៃពេលនោះក៏សមល្មមសម្រាប់គ្រួសារបងដែរ ទើបយើងសម្រេចទិញនៅទីនេះតែម្តងទៅ។

នៅខាងមុខបុរី ឥឡូវនេះមានវិថីជាសុផារ៉ា ដែលមានការសាងសង់បុរីលំនៅដ្ឋានថ្មីៗផ្សេងៗ និងមានផ្សារទំនើប ស្ថានីយ៍ប្រេងឥន្ធនៈធំៗ និងហាងកាហ្វេជាដើម។ តើស្ថានភាពទាំងនេះបានផ្លាស់ប្តូរនៅពេលណាដែរ?

  • ប្រសិនបើបងចាំមិនខុសទេ ប្រមាណបួន ឬប្រាំឆ្នាំមុន កន្លែងផ្សេងៗដែលឃើញមានបច្ចុប្បន្នដូចជាភោជនីយដ្ឋាន កន្លែងកម្សាន្ត និងផ្សារទំនើប ជីពម៉ុង បានចាប់ផ្តើមបើកដំណើរការ ហើយវាធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋក្នុងបុរីកាន់តែងាយស្រួល និងទំនើបជាងមុនច្រើន។

ចំពោះសុវត្ថិភាពវិញយ៉ាងម៉េចដែរ?

  • បុរី មានសន្តិសុខយាមទ្វារ២៤ម៉ោងក្នុងមួយថ្ងៃ ដោយយើងគ្រាន់តែបង់ប្រាក់ថ្លៃសន្តិសុខប្រមាណ ២៥ ដុល្លារក្នុងមួយខែក្នុងមួយផ្ទះ។ តាំងពីមករស់នៅទីនេះ បង​​មិន​ដែល​ឮ​​មាន​ការ​ខូច​ខាតផ្ទះសម្បែង ឬ​​ចោរកម្មកើតមានឡើងក្នុងបុរីនេះទេ។

តើកូនៗរបស់បងស្រីទៅសាលារៀនដោយរបៀបណាដែរ?

  • អ្នក​រស់​នៅ​បុរី​ភាគ​ច្រើន​មាន​ឡាន​ផ្ទាល់​ខ្លួន។ ប្តីរបស់បងស្រី និងបងមានឡានផ្ទាល់ខ្លួនម្នាក់មួយ ដូច្នេះពេលយើងចេញទៅធ្វើការនៅកណ្តាលក្រុងម្តងៗ យើងទម្លាក់កូនៗតាមផ្លូវរាល់ព្រឹក។  ពេលចេញពីធ្វើការ ប្ដីបង ឬបងផ្ទាល់ណាត់គ្នាយកកូនមកផ្ទះវិញ ឬឱ្យកូនជិះមកជាមួយអ្នកជិតខាងរស់នៅក្នុងបុរីជាមួយគ្នា។ ​

តើបងមានផលលំបាកអ្វីផ្សេងទៀតទេ?

  • ពុំមានអ្វីលំបាកជាពិសេសទេ។ កន្លែងធ្វើការរបស់បងៗស្ថិតនៅម្តុំកណ្តាលក្រុង ប៉ុន្តែបងអាចធ្វើដំណើរពីបុរីបានដោយចំណាយពេលប្រហែលជាងកន្លះម៉ោងតាមឡានផ្ទាល់ខ្លួន។ យ៉ាងណាមិញ ប្រសិនបើយើងធ្វើដំណើរទៅម្តុំព្រះបរមរាជវាំងពីទីនេះ ហាក់មានអារម្មណ៍ថាវានៅឆ្ងាយបន្តិច។ ប៉ុន្តែសម្រាប់ពួកយើង ជីវិតនៅទីនេះពិតជាល្អណាស់។ ក្នុងបុរីនេះ យើងមិនដែលរងផលប៉ះពាល់ដោយទឹកជំនន់ពីមុនមកទេ ហើយក៏កម្រនឹងមានការដាច់ចរន្តអគ្គិសនីក្នុងបុរីដែរ។ ម្យ៉ាងទៀត នៅក្បែរខាងមានអ្នករស់នៅស្គាល់គ្នាពីមុន និងល្អៗជាច្រើនផងដែរ ធ្វើឱ្យការរស់នៅនិងការប្រាស្រ័យរាប់អានគ្នាល្អ និងរីករាយ៕

ស្ថានភាពសាងសង់បុរីលំនៅដ្ឋានក្នុងក្រុងភ្នំពេញ

គិតត្រឹមមួយទស្សវត្សរ៍ចុងក្រោយនេះ ទីក្រុងភ្នំពេញហាក់មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់លើការពង្រីកសេវាកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹកភ្លើងជាដើមទៅកាន់តំបន់ជាយក្រុង។ មិនត្រឹមតែប៉ុណ្ណោះ នៅតាមតំបន់ជាយក្រុង គេសង្កេតឃើញមានសំណង់ បុរីលំនៅដ្ឋានកំពុងត្រូវបានសាងសង់ និងសាងសង់រួចជាច្រើនផងដែរ។ សំណង់បុរីផ្ទះល្វែង និងលំនៅដ្ឋាន កំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន។

ទីផ្សារបុរីកំពុងតែរីកចម្រើន និងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន ជាពិសេសនៅជាយទីក្រុងភ្នំពេញ។ បុរីមានន័យថាគឺជាបណ្តុំនៃលំនៅដ្ឋានជាសហគមន៍ស្ថិតនៅក្បែរតំបន់អភិវឌ្ឍន៍។ បុរីក៏សម្តៅលើសហគមន៍មានផ្ទះលំនៅដ្ឋានប្រណីតទាន់សម័យ មានស្តង់ដាររស់នៅត្រឹមត្រូវ ឬខ្ពស់ផងដែរ។ ជាទូទៅ បុរីមានទម្រង់ជាបណ្តុំផ្ទះវីឡា ផ្ទះល្វែង ផ្ទះអាជីវកម្ម ពេលខ្លះក៏មានសំណង់ខុនដូក្នុងនោះដែរ។ គម្រោងអភិវឌ្ឍន៍បុរីតែងតែមានរចនាដោយហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ ប្រព័ន្ធទឹកភ្លើងគ្រប់គ្រាន់ និងមានសេវាកម្មផ្សេងៗដូចជា ការការពារសុវត្ថិភាព២៤ម៉ោង ការរៀបចំទុកដាក់សំរាមជាដើម។ ការមានសួនលំហែក្នុងបុរី និងទីធ្លាធំទូលាយក៏ជាចំណុចទាក់ទាញសម្រាប់អ្នកមានបំណងរស់នៅក្នុងបុរីផងដែរ។

គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗចំនួន ១ ៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥ អគារ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីសម្ពោធជាផ្លូវការនៃផ្សារទំនើប ព្រីនស៍ថាមស៍សឃ្វែរ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

តម្រូវការលំនៅដ្ឋានចាំបាច់សម្រាប់ការរីកចម្រើនរបស់ប្រទេសកម្ពុជាបច្ចុប្បន្នបាននាំឱ្យមានការកើនឡើងនូវការអភិវឌ្ឍន៏គម្រោងបុរីថ្មីៗជាច្រើន។ បើយោងតាមក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា កម្ពុជាត្រូវការអគារលំនៅដ្ឋានប្រមាណ ១០ ០០០ខ្នងក្នុងមួយឆ្នាំៗ ហើយតម្រូវការលំនៅដ្ឋានសរុបប្រមាណ១,០០០,០០០ខ្នង នឹងចាំបាច់រហូតដល់ឆ្នាំ២០៣៥។ បច្ចុប្បន្ន ការផ្សព្វផ្សាយអំពីគម្រោងសាងសង់ និងលក់បុរីផ្ទះរស់នៅសម្រាប់ប្រជាពលរដ្ឋមានកម្រិតរស់នៅមធ្យម និងខ្ពស់គ្រប់លំដាប់ថ្នាក់ ត្រូវបានធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយនានាមានដូចជា៖ ប៉ុស្តិ៍ទូរទស្សន៍ វិទ្យុ ការសែត ទស្សនាវដ្តី និងបណ្តាញសង្គមយ៉ាងព្រោងព្រាត ដើម្បីទាក់ទាញការចាប់អារម្មណ៏របស់អតិថិជនជាមួយនឹងការបញ្ចុះតម្លៃពិសេសតាមទម្រង់ផ្សេងៗ។ ក្នុងនោះគេក៏ឃើញមានផ្ទាំងប៉ាដាធំៗផ្សាយពាណិជ្ជកម្មពីគម្រោងអភិវឌ្ឍន៏បុរីថ្មីៗត្រូវបានដាក់ផ្សាយក្នុងមហាវិថីសំខាន់ៗទាំងក្នុង និងនៅតាមតំបន់អភិវឌ្ឍន៍នៅជាយទីក្រុងភ្នំពេញ។

យោងតាមរបាយការណ៍ប្រចាំឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមហ៊ុន Knight Frank Cambodia បានឱ្យដឹងថាគម្រោងលំនៅដ្ឋានមានខ្ពស់ជាងគេស្ថិតក្នុងខណ្ឌសែនសុខ (ចំណែកទីផ្សារ២៣%) ខណៈខណ្ឌដង្កោឈលំដាប់បន្ទាប់(១៧%) និង ឫស្សីកែវ(១២%)។

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles