គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

មតិទូទៅរបស់ពលរដ្ឋរស់នៅក្នុងបុរីលំនៅដ្ឋានជុំវិញក្រុងភ្នំពេញ
មតិទូទៅរបស់ពលរដ្ឋរស់នៅក្នុងបុរីលំនៅដ្ឋានជុំវិញក្រុងភ្នំពេញ
2023.09.25

តើបុរីលំនៅដ្ឋានមានភាពទាក់ទាញដូចម្តេចខ្លះ?

ប៉េងហួត ត្រូវបានគេស្គាល់ជាទូទៅថាជាក្រុមហ៊ុនសាងសង់បុរីលំនៅដ្ឋានលំដាប់ធំដំបូងគេ ដែលទទួលបានការពេញនិយមច្រើនពីពលរដ្ឋ។ លំនៅដ្ឋានសាងសង់ក្នុងបុរី ប៉េង ហួត ត្រូវបានសាងសង់ឡើងសម្រាប់ពលរដ្ឋទូទៅដែលមានចំណូលខ្ពស់ និងមធ្យម។ ក្រៅពីបុរី ប៉េង ហួត ក៏មានសំណង់បុរីលំនៅដ្ឋានសាងសង់ឡើងសម្រាប់ពលរដ្ឋមានចំណូលមធ្យម និងក្រោមមធ្យមផ្សេងៗដទៃទៀតផងដែរ។ យើងខ្ញុំបានសាកសួរពលរដ្ឋរស់នៅក្នុងបុរីទាំងនោះអំពីស្ថានភាពរស់នៅដូចខាងក្រោម។

ឈ្មោះ៖ លោកយាយ សុខ សំណាង (៦៦ឆ្នាំ) ស្រុកកំណើត៖ ខេត្តកំពង់ចាម មុខរបរ៖ ស្រ្តីមេផ្ទះ ឈ្មោះបុរី៖ ប៉េងហួត បឹងស្នោររយៈពេលរស់នៅ៖ ៦ឆ្នាំ

 
«ក្រុមគ្រួសារនាងខ្ញុំពិតជាពេញចិត្តនឹងការរស់នៅក្នុងបុរីនេះ!»
 

លោកយាយ សំណាង បានប្រាប់ពីមូលហេតុប្ដូរលំនៅដ្ឋានមករស់នៅរាជធានីភ្នំពេញដូច្នេះថា៖ «ដោយសារកូននិងចៅរបស់យាយត្រូវមកបំពេញការងារ និងមកសិក្សានៅភ្នំពេញនេះ ទើបឆ្នាំ២០០៨ យាយសម្រេចចិត្តផ្លាស់មករស់នៅភ្នំពេញតែម្តងទៅ។ ដំបូងឡើយ យាយនិងក្រុមគ្រួសារបានជួលផ្ទះល្វែងនៅម្តុំខណ្ឌមានជ័យដើម្បីរស់នៅ ទើបតែ៦ឆ្នាំមុន យាយបានលក់ផ្ទះចាស់នៅឯខេត្តកំពង់ចាម ហើយសម្រេចចិត្តទិញផ្ទះថ្មីនៅបុរីប៉េងហួតបឹងស្នោរនេះ។

 

ចំពោះស្ថានភាពនៃការទិញផ្ទះបុរី ប៉េងហួត លោយយាយបានមានប្រសាសន៍ដូច្នេះ។ «កាលពីទិញផ្ទះនេះដំបូង យាយបានបង់មុនចំនួន ៧០% និងនៅសល់ ៣០%ទៀតត្រូវបង់រំលោះប្រចាំខែ។»

 

យ៉ាងណាមិញ សព្វថ្ងៃលោកយាយ សំណាង មានកូនចំនួន៣នាក់ មិនស្ថិតក្នុងបន្ទុកគ្រួសារទេ ដ្បិតពួកគាត់មានគ្រួសារនិងមានការងារធ្វើទាំងអស់គ្នា។ ឆ្លងកាត់បទពិសោធន៍រស់នៅក្នុងបុរីរយៈពេលជាង៦ឆ្នាំមកនេះ លោកយាយបានប្រៀបធៀបពីការរស់នៅផ្ទះចាស់និងបុរីយ៉ាងដូច្នេះថា៖ «យាយនិងក្រុមគ្រួសារបានមករស់នៅក្នុងបុរីនេះយ៉ាងកក់ក្ដៅបំផុតព្រោះ វាមានបរិយាកាសល្អ និងមានសុវត្ថភាព មិនបារម្ភភ័យដូចកាលនៅផ្ទះល្វែងចាស់នោះទេ។» ត្រង់ចំណុចនេះលោកយាយបានបញ្ជាក់ថា កាលពីនៅផ្ទះល្វែងចាស់គឺមានសភាពអ៊ូអរ និងតែងតែបាត់បង់របស់របរជាញឹកញាប់ ព្រោះទីតាំងនោះស្ថិតនៅតំបន់ផ្សារ។ ងាកមកក្នុងបុរីវិញគឺមានរបៀបរស់នៅបែបស្តង់ដារ មានសណ្ដាប់ធ្នាប់ មានសន្តិសុខគ្រប់ទិសទី ការទុកដាក់សំរាមមានរបៀប ពោលនៅក្នុងបុរីគឺមានអ្វីៗដែលជាតម្រូវការរបស់មនុស្សរស់នៅប្រចាំថ្ងៃដូចជា៖ សួនកម្សាន្តសម្រាប់កុមារ ទីធ្លាហាត់ប្រាណ ក្លិបហាត់កីឡា តូបលក់អ៊ីវ៉ាន់សព្វបែបយ៉ាង (ស្ថិតនៅផ្ទះអាជីវកម្ម) ជាពិសេសក៏មានផ្សារទំនើបផងដែរ។

 

លោកយាយក៏បានលើកឡើងពីការអភិវឌ្ឍថ្មីៗ ដែលបានផ្ដល់នូវភាពងាយស្រួលក្នុងការស់នៅប្រចាំថ្ងៃច្រើនជាងកាលពី៦ឆ្នាំមុន។ លើសពីនេះទៀត ការទៅមកសាលារបស់ចៅៗលោកយាយ ក៏មិនមានអ្វីចោទជាបញ្ហាដែរ ដ្បិតសាលាអន្តរជាតិល្បីៗក៏បានពង្រីកសាខាមកនៅក្បែរកន្លែងលោកយាយរស់នៅបច្ចុប្បនេះផងដែរ។

ឈ្មោះ៖ ឡូ ចន្ទសុម៉ាលី (៥១ឆ្នាំ) ស្រុកកំណើត៖ ខេត្តព្រៃវែង មុខរបរ៖ អ្នកបោះពុម្ភសំបុត្រអាពាហ៍ពិពាហ៍ ឈ្មោះបុរី៖ ប៉េងហួត បឹងស្នោររយៈពេលរស់នៅ៖ ៣ឆ្នាំ

 
«ការផ្លាស់មករស់នៅក្នុងបុរីនាំឱ្យអាជីវកម្មនិងជីវភាពរស់នៅខ្ញុំប្រសើរជាងមុន!»
 

អ៊ំស្រី ឡូ ចន្ទសុម៉ាលី ធ្លាប់មានលំនៅឋានផ្ទាល់ខ្លួនស្ថិតក្នុងផ្សារអូឫស្សីរាជធានីភ្នំ។ ដោយផ្ទះរបស់អ៊ំស្រីមិនអាចប្រកបរបរលក់ដូរបាន ទើបអ៊ំស្រីបានសម្រេចចិត្តមកជួលផ្ទះអាជីវកម្មក្នុងបុរីប៉េងហួតបឹងស្នោរកាលពី៣ឆ្នាំមុន។ អ៊ំស្រីបានលើកឡើងថា៖ «នាងខ្ញុំមានផ្ទះនៅផ្សារអូឫស្សីដែរ ប៉ុន្តែមិនអាចរកស៊ីបានព្រោះផ្ទះនោះនៅជាន់ទីបី។ អ៊ីចឹងហើយ ទើបខ្ញុំជួលហាងក្បែរៗនោះ ដើម្បីបើកកន្លែងបោះពុម្ភរបស់នាងខ្ញុំ។ ប៉ុន្តែ ព្រោះជំងឺកូវីដ១៩រាតត្បាត ធ្វើឱ្យរបរនេះមិនសូវកាក់កប បូករួមទាំងតម្លៃជួលហាងកាន់តែឡើងថ្លៃបន្ថែមទៀត នាងខ្ញុំក៏សម្រេចចិត្តលក់ផ្ទះចាស់មកជួលនៅបុរីនេះតែម្តងទៅ»។

 

គួររំឭកថា អ៊ំស្រីមកបើកកន្លែងបោះពុម្ភសំបុត្រអាពាហ៍ពិពាហ៍ និងលក់ទឹកអំពៅ ម្ជូរគ្រប់មុខ និងអីវ៉ាន់គ្រឿងទេសផ្សេងៗក្នុងបុរីប៉េងហួតបឹងស្នោរនេះ ដោយជួលផ្ទះសម្រាប់ធ្វើអាជីវកម្មតម្លៃ៨០០ដុល្លាក្នុងមួយខែ។ អំស្រីបានសង្កេតឃើញថា តំបន់នេះក្នុងបុរី ប៉េងហួត បឹងស្នោរ មានសក្ដានុពលសម្រាប់ការប្រកបរបរចិញ្ចឹមជីវិតបាន។ លើសពីនេះ ការរស់នៅក្នុងបុរីនេះក៏មានផាសុកភាព និងសុវត្ថិភាពខ្ពស់ផងដែរ។

Text

ឈ្មោះ៖ ហៃ បាលីន  (៣១ឆ្នាំ) ស្រុកកំណើត៖ ភ្នំពេញ មុខរបរ៖ អ្នកគ្រប់គ្រងគម្រោង ឈ្មោះបុរី៖ ប៉េងហួត បឹងស្នោរ រយៈពេលរស់នៅ៖ ៦ឆ្នាំ

 
«ការដូរមករស់នៅក្នុងបុរីបានផ្តល់នូវឱកាសធ្វើអាជីវកម្មថ្មីសម្រាប់គ្រួសារខ្ញុំ!»
 

លោក បាលីន ជាអ្នករស់នៅក្រុងភ្នំពេញតាំងពីដើមមក។  បច្ចុប្បន្ន លោក បាលីន បានសម្រេចចិត្តជម្លៀសខ្លួនពីគ្រួសារដែលរស់នៅម្តុំកណ្តាលទីក្រុងភ្នំពេញមកកាន់តំបន់ជាយក្រុងវិញម្តង។ លោកបានប្រាប់ពីមូលហេតុធ្វើឱ្យរូបលោកសម្រេចចិត្តចាកចេញពីទីក្រុងភ្នំពេញមករស់នៅជាយក្រុងកាលពីឆ្នាំ២០១៧ដូច្នេះ។ «ព្រោះខ្ញុំមិនសូវចូលចិត្តសភាពអ៊ូអរក្នុងទីក្រុង ទើបខ្ញុំសម្រេចចិត្តមករស់នៅក្នុងបុរីនេះ។»​ លោកបានបន្តថា៖ «សម្រាប់អ្នកខ្លះគិតការរស់នៅក្នុងទីក្រុងមានភាពសម្បុរបែប តែសម្រាប់ខ្ញុំវិញ ចរាចរណ៍ណែនតាន់តាបពេកតែងតែធ្វើឱ្យខ្ញុំមិនសូវមានអារម្មណ៍ល្អជាមួយជីវភាពកណ្តាលទីក្រុងទេ។ ប៉ុន្តែក្នុងបុរីប៉េងហួតបឹងស្នោរនេះ មានកម្រិតជីវភាពចាប់ពីមធ្យមឡើងទៅដូច្នេះវប្បធម៌នៃការរស់គឺល្អ និងមានសុវត្ថិភាពខ្ពស់ជាងកណ្តាលក្រុង។»

 

ខណៈតំបន់ច្បារអំពៅកំពុងមានការអភិវឌ្ឍខ្លាំង លោក បាលីន បានឱ្យដឹងថា៖ «ចំពោះការរស់នៅបច្ចុប្បន្នបើធៀបនឹងការរស់កាលខ្ញុំមករស់នៅទីនេះដំបូងៗ ដូចមិនមានអ្វីប្រែប្រួសខ្លាំងគួរឱ្យកត់សម្គាល់ឡើយ ដ្បិតមានគ្រប់យ៉ាងទាំងស្ថាបនអប់រំ វិស័យសុខាភិបាលសាធារណៈ និងប្រព័ន្ធសន្តិសុខជាដើម។ បើទោះបីការចាយវាយប្រចាំថ្ងៃមានការប្រែប្រួលបន្តិចក្ដី ប៉ុន្តែមិនមែនជារឿងចម្លែកនោះទេ ព្រោះសង្គមរីកចម្រើនទំនិញផ្សេងៗអាចឡើងថ្លៃជាងមុនបន្តិចបន្តួចជារឿងធម្មតា»។

 

ក្រឡេកមកមើលអាជីវកម្មរបស់ លោក វិញ ​ហាងកាហ្វេបែបលក្ខណៈគ្រួសារដែលរៀបចំនៅមុខផ្ទះលោកនេះ ទើបតែបើកដំណើរមិនទាន់បានមួយឆ្នាំទេ។ គោលបំណងនៃការបើកហាងកាហ្វេនេះទៀតសោត លោកបានរៀបរាប់ថា « ការបើកហាងកាហ្វេនេះ ហេតុផលមកពី ខ្ញុំមានទីធ្លាមុខផ្ទះល្មមអាចបើកបាន ហើយខ្ញុំមានប្អូនស្រីម្នាក់ដែលទើបរៀនចប់តែគាត់មិនទាន់ច្បាស់ខ្លួនឯងថានឹងធ្វើអ្វី ដូច្នេះខ្ញុំក៏បបួលមកនៅជាមួយដើម្បីបានជាគ្នា និងឱ្យគាត់កាន់កាប់អាជីវកម្មនេះ ដើម្បីរៀនសូត្រ ក៏ដូចជាដុសខាត់សមត្ថភាពរបស់គាត់ជាមួយរបរកាហ្វេដែលអាចឱ្យគាត់ប្រកបរបរហ្នឹងទៅថ្ងៃអនាគតបាន»។ ជាក់ស្ដែងអតិថិជនប្រហែល៨០%ជាអ្នករស់នៅក្នុងបុរីនេះ និងប្រហែល២០%មកពីខាងក្រៅ។

ឈ្មោះ៖ នូ វិច្ឆកា (២៣ឆ្នាំ) ស្រុកកំណើត៖ ព្រៃវែង មុខរបរ៖ អ្នកគ្រប់គ្រងការ៉ាសសាំង ឈ្មោះបុរី៖ បុរី អូឌឹមរយៈពេលរស់នៅ៖ ៣ឆ្នាំ

 
«ការរស់នៅក្នុងបុរីជាក្តីស្រម៉ៃរបស់គ្រួសារខ្ញុំ!»
 

លោក នូ វិច្ឆកា បានផ្លាស់ប្តូរលំនៅឋានមករស់នៅភ្នំពេញជាអចិន្ត្រៃយ៍អំឡុងឆ្នាំ២០១៥។ លោកបានមករស់នៅទីក្រុងភ្នំពេញក្នុងគោលបំណងធ្វើការរកប្រាក់ដើម្បីចិញ្ចឹមជីវិត និងស្វែងរកអនាគត តែពេលនោះ លោកមករស់នៅទីនេះតែម្នាក់ឯងប៉ុណ្ណោះដោយជួលបន្ទប់ស្នាក់នៅជាមួយមិត្តភក្ដិ ព្រោះគ្រួសាររបស់លោកមិនទាន់ឡើងមកភ្នំពេញដោយសារជាប់រកស៊ីនៅស្រុកកំណើត។ លុះប្រមាណជិត៤ឆ្នាំក្រោយ ម្ដាយឪពុករបស់លោកបានសម្រេចចិត្តមកប្រកបរបរនៅទីក្រុងភ្នំពេញជាមួយលោកដែរ ដោយឪពុករបស់លោកជាជាងម៉ៅការសំណង់ ម្ដាយជាអ្នកលក់ខោអាវក្នុងផ្សារមួយកន្លែង។

 

ដោយហេតុថាគ្រួសារលោកមករស់នៅភ្នំពេញទាំងអស់ដូច្នេះគ្រួសារលោកបានជួលផ្ទះល្វែងមួយកន្លែងនៅឈូកវ៉ាបី ក្រោយរស់នៅក្នុងផ្ទះល្វែងបានប្រហែលមួយឆ្នាំ ឪពុកម្ដាយរបស់លោកគិតថាការរស់ផ្ទះជួលបែបនេះហាក់ខ្ជះខ្ជាយលុយច្រើនពេកទើបសម្រេចចិត្តទិញផ្ទះក្នុងបុរីអូឌឹមនេះ។ លោក វិច្ឆិកា៖ «ចំពោះការទិញផ្ទះមួយនេះ ពួកខ្ញុំមិនបានគិតថា ក្នុងក្រុង ឬជាយក្រុងឡើង ដ្បិតពួកយើងផ្ដោតសំខាន់លើថវិកា ព្រោះថវិការបស់គ្រួសារខ្ញុំមានកម្រិត ហើយក៏មិនចង់ជំពាក់គេដែរ។ ជាក់ស្ដែង ការរស់នៅក្នុងទីក្រុងក៏មិនប្រាកដថាសប្បាយគ្រប់ពេល ហើយការរស់នៅតំបន់ជាយក្រុងដូចគ្រួសារខ្ញុំក៏មិនប្រាដកថាលំបាកដែរ។ សម្រាប់ខ្ញុំផ្ទាស់ ការសម្រេចចិត្តទិញបុរីនេះ ខ្ញុំគ្មានការសោកស្ដាយអ្វីនោះទេ ព្រោះខ្ញុំពេញចិត្តអ្វីដែលគម្រោងនេះមាន ទាំងបរិយាកាស ទាំងទេសភាព សេវាកម្ម ប្រព័ន្ធសុវត្ថិភាព ទីធ្លាសមល្មម និងការរស់នៅមានស្តង់ដារផាសុកភាព ខ្ញុំគិតថាវាសមថ្លៃដែលពួកខ្ញុំចំណាយទិញបុរីនេះ»។

link

ឈ្មោះ៖ ពៅ ពុន្ធវទ្ធី (២៩ឆ្នាំ) ស្រុកកំណើត៖ តាកែវ មុខរបរ៖ គិលានុបដ្ឋាក ឈ្មោះបុរី៖ បុរី បែកចាន រយៈពេលរស់នៅ៖ ២ឆ្នាំ

 
«បុរីលំនៅដ្ឋាននៅជាយក្រុងក៏ប្រសើរមិនចាញ់ទីក្រុងឡើយ!»
 

លោក ពៅ ពុន្ធវទ្ធី បានមកបន្តការសិក្សានៅរាជធានីភ្នំពេញកាលពីឆ្នាំ២០១៤ ដោយអំឡុងពេលសិក្សាលោកបានជួលបន្ទប់ស្នាក់នៅ មុនពេលលោកនិងក្រុមគ្រួសារសម្រេចទិញបុរីនៅខណ្ឌចោមចៅកាលពីឆ្នាំ២០២១កន្លងទៅ។ មូលហេតុដែលលោកសម្រេចចិត្តទិញបុរី គឺដោយសារចង់មានផ្ទះផ្ទាល់ខ្លួននៅរាជធានីភ្នំពេញ និងផ្លាស់ប្ដូររបៀបរស់នៅថ្មី ស្របពេលដែលលោកនិងគ្រួសារសុទ្ធតែត្រូវបំពេញការងារនៅទីក្រុង។ លោកបញ្ជាក់ថា «មនុស្សបច្ចុប្បន្នមានការនិយមទិញផ្ទះបុរី ហើយភាគច្រើនទាំងរូបលោកផ្ទាល់មានទំនោរទិញបង់រំលោះនៅតំបន់ជាយៗក្រុង ដ្បិតវាមានតម្លៃសមរម្យសមស្របនឹងជីវភាពរបស់ពួកគាត់។ របៀបរស់នៅថ្មីដែលលោកលើកឡើងមកនេះ គឺចង់មានន័យថាការរស់នៅបែបទាន់សម័យ មានសុវត្ថិភាព និងរបៀបរៀបរយ។»

 

ការមករស់នៅក្នុងបុរីរយៈជាង២ឆ្នាំមកនេះ លោកសង្កេតឃើញថា មានសុវត្ថិភាពល្អ ផ្ទះជិតខាងរស់នៅចេះគោរពសិទ្ធគ្នា បរិវេញជុំវិញមានសណ្ដាប់ធ្នាប់ល្អ ធ្វើឱ្យការរស់នៅប្រកបដោយផាសុកភាព។ បើនិយាយពីភាពខុសគ្នាកាលពីស្នាក់នៅបន្ទប់ជួលគឺត្រង់បញ្ហាគ្មានសុវត្ថិភាព និងបរិយាកាសរស់មិនសូវល្អមានសភាពអ៊ូអរជាដើម។ យ៉ាងណាមិញលោកក៏បានឡើងពីការដែលមកទិញបុរីនៅជាយក្រុងផងដែរថា លោកមានបញ្ហាធ្វើដំណើរទៅកន្លែងធ្វើការងារ ដោយសារវានៅឆ្ងាយពីតំបន់ដែលលោកស្នាក់នៅ និងតែងតែជួបបញ្ហាកកស្ទះនៅតាមដងផ្លូវនៅខណ្ឌចោមចៅជាញឹកញាប់។ បញ្ហាទាំងនេះលោកបញ្ជាក់ថា វាជារឿងធម្មតាទៅហើយសម្រាប់ការរស់នៅរាជធានីភ្នំពេញក្នុងការធ្វើដំណើរ ដោយសារមនុស្សបច្ចុប្បន្នកំពុងវិវត្តន៍ខ្លួនមកទីក្រុង ជាពិសេសនៅតាមតំបន់ជាយៗក្រុងគឺសម្បូរណាស់ ស្របពេលដែលតំបន់ទាំងនោះបានក្លាយជាទីកន្លែងសម្រាប់ទាក់ចិត្តប្រជាពលរដ្ឋជាមួយនឹងការរីកសាយភាយរបស់បុរី ផ្សារទំនើបមិនចាញ់នៅកណ្ដាលក្រុងឡើយ។ ទន្ទឹមនឹងការរស់នៅសុខស្រួលវាក៏តម្រូវឱ្យមនុស្សចំណាយស្ទើរតែទាំងស្រុងទាំងលើថ្លៃសន្តិសុខ និងការសំរាមជាដើម ប៉ុន្តែចំណុចនេះលោកមិនបានរាប់ជាបន្ទុកឡើយ ដ្បិតចង់ឱ្យមានភាពសុខសាន្ត និងការរស់នៅមានផាសុកភាពទាំងគ្នា។

ឈ្មោះ៖ យ៉ូន វឌ្ឍនៈ (២៤ឆ្នាំ) ស្រុកកំណើត៖ កំពង់ចាម មុខរបរ៖ គិលានុបដ្ឋាក ឈ្មោះបុរី៖ បុរី បែកចាន រយៈពេលរស់នៅ៖ ២ឆ្នាំ

 
«ក្តីស្រម៉ៃក្លាយជាកាពិតជាមួយការមានការងារត្រូវជំនាញនិងផ្ទះនៅជាយក្រុងភ្នំពេញ!»
 

លោក យ៉ូន វឌ្ឍនៈ បានមករស់នៅទីក្រុងភ្នំពេញដើម្បីបន្តការរៀនសូត្រ ដោយបច្ចុប្បន្ន លោករស់នៅផ្ទះមួយកន្លែងដែលមានឈ្មោះថាបុរីឡេងណាវ៉ាត់ត្រា ស្ថិតនៅភូមិអន្លង់ស្វែង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបានរំឭកពីអតីតកាលនៃការរស់ក្នុងបន្ទប់ជួលថា៖ «កាលខ្ញុំឡើងមករៀននៅភ្នំពេញដំបូងៗ ខ្ញុំមិនមានលទ្ធភាពក្នុងការជួលបន្ទប់សមរម្យទេ ខ្ញុំត្រូវរកបន្ទប់ណាដែលមានតម្លៃត្រឹមតែ៣០ ឬ៤០ដុល្លារប៉ុណ្ណោះ ដើម្បីស្នាក់នៅ។ ខ្ញុំចាំបានថាបន្ទប់ជួលដំបូងរបស់ខ្ញុំស្ថិននៅសំណង់១២ ទីនោះ ដ្បិតថាតម្លៃបន្ទប់រាងធូរថ្លៃបន្តិចក្ដី ប៉ុន្តែមិនពិបាករស់នៅ ឬមានសំឡេងធុងបាសមករំខានដល់ការរៀនសូត្ររបស់ខ្ញុំដូចតំបន់ផ្សេងឡើយ។ សម្រាប់តម្លៃអីវ៉ាន់ទូទៅក៏សមរម្យដូចកន្លែងទូទៅដែរ អ្វីដែលកាន់តែពិសេសទៀតនោះ គឺជាដែលបណ្ដុំដោយនិស្សិត ដូច្នេះការរស់នៅរបស់ពួកយើងហាក់មានសុវត្ថិភាព និងមិនមានការរំខាន»។

លោក វឌ្ឍនៈ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគិលានុបដ្ឋាក ខណៈរូបលោកបានប្រឡងជាប់ក្របខណ្ធរដ្ឋតាមក្ដីស្រមៃរបស់ម៉ាក់ប៉ាលោកផងនោះ គ្រួសារលោកក៏បានទិញផ្ទះមួយជាការដូរលើកទឹកចិត្តដល់រូបលោក។ លោក វឌ្ឍនៈ៖ «តាមពិតទៅក្រោយរៀនចប់ភ្លាម ប៉ាម៉ាក់ខ្ញុំបានទិញផ្ទះជាការដូរសម្រាប់ខ្ញុំ ដោយរកឃើញគម្រោងបុរីនេះ ដែលមានសមភាពជាមួយនឹងចំណូលនិងជីវភាពរបស់គ្រួសារខ្ញុំ។ ការមានលំនៅដ្ឋាននេះជាក្ដីសុខមួយរបស់ខ្ញុំ!»។

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles