ជំនួយសម្រាប់អ្នកទាំងអស់គ្នា “ការណែនាំត្រួសៗអំពីជំនួយ ODA ជប៉ុននៅកម្ពុជា”
គិតត្រឹមរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនេះ បានជម្រុញឱ្យប្រទេសកម្ពុជាចេញពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៦ មក។ ក៏ប៉ុន្តែដោយសារនៅមានរចនាសម្ព័ន្ធសេដ្ឋកិច្ចទន់ខ្សោយនៅឡើយ គួបផ្សំនឹងបញ្ហាវិសមភាពនៃភាពក្រីក្រផងនោះ ទើបបណ្តាលឱ្យកម្ពុជាជួបប្រទះនូវបញ្ហាថ្មីៗជាច្រើន ស្របពេលនឹងការរីកចម្រើននេះផងដែរ។
ដើម្បីក្លាយខ្លួនជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅមុនឆ្នាំ២០៣០ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ (NSDP) និងគោលនយោបាយអភិវឌ្ឍ ឧស្សាហកម្ម (IDP) ” ជាដើម ដើម្បីទ្រទ្រង់ និងធ្វើឱ្យការអភិវឌ្ឍមានចីរភាព។
ក្រោយបញ្ចប់សង្រ្គាមស៊ីវិលនាដើមទសវត្សរ៍ឆ្នាំ១៩៩០មក ប្រទេសជប៉ុនបានចាប់ផ្តើមផ្តល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួនមកកាន់ប្រទេសកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ន ដើម្បីរួមចំណែកកសាងសន្តិភាពសម្រាប់កម្ពុជា រួមទាំងជួយដោះស្រាយរាល់បញ្ហាអភិវឌ្ឍន៍នានាដែលកំពុងប្រឈម។
ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រ NSDP និង IDP របស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ជំនួយអភិវឌ្ឍផ្លូវការជប៉ុន មានមូលដ្ឋានពង្រឹងសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា ឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍសេដ្ឋកិច្ចថ្មីរបស់ខ្លួននៅមុនឆ្នាំ២០៣០។
យើងខ្ញុំនឹងបង្ហាញត្រួសៗអំពីជំនួយអភិវឌ្ឍន៍ជប៉ុន នៅកម្ពុជានាពេលថ្មីៗ នៅក្នុងការបោះពុម្ពផ្សាយអត្ថបទពិសេសលេខនេះ។
ជំនួយសម្រាប់អ្នកទាំងអស់គ្នា
មានមនុស្សជាច្រើនបានស្គាល់ជំនួយ «ODA» របស់ជប៉ុន ដែលតែងតែផ្ដល់មកកាន់ប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។ មែនទែនទៅជំនួយនេះ មានក្របខណ្ឌសម្រាប់ផ្តល់ឱ្យប្រជាជនដែលរស់នៅតាមតំបន់ផងដែរ។ ជំនួយនោះគឺមានឈ្មោះថា “ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ(ជំនួយគូសាណូណិ)” ដែលមានគោលបំណងផ្តល់ជំនួយក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋានជនបទនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដោយផ្អែកលើទស្សនៈមួយឃ្លាថា៖ “សន្តិសុខសង្គមសម្រាប់មនុស្សជាតិ” ដែលបានកំណត់ដោយអង្គការសហប្រជាជាតិ តាមរយៈការផ្តល់ថវិកាចាំបាច់សម្រាប់គម្រោងខ្នាតតូចទាំងឡាយណា ដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាជនរស់នៅក្នុងតំបន់។ ជំនួយនេះ ផ្តល់ដល់អាជ្ញាធរមូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នសុខាភិបាល សាលារៀន អង្គការមិនស្វែងរកប្រាក់កំរៃនានា។ បើគិតចាប់ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០២០ មានជំនួយចំនួន ៦៥០ បានផ្តល់ឱ្យប្រទេសកម្ពុជា។ នាពេលថ្មីៗកន្លងទៅនេះ បុគ្គលិកទស្សនាវដ្តីញញឹមយើងខ្ញុំបានចុះទៅតំបន់ដែលនៅឆ្ងាយពីរាជធានីភ្នំពេញ ដើម្បីរាយការណ៍អំពីស្ថានភាពជំនួយរបស់ជប៉ុនមួយចំនួនលើការអភិវឌ្ឍនៅតាមតំបន់ទាំងនោះ។
ឃុំមេម៉ង់ស្ថិតនៅស្រុកកែវស្រីម៉ា ខេត្តមណ្ឌលគីរី ហើយជាតំបន់ភ្នំ ដែលមានចម្ងាយប្រមាណ ៤០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ អ្នកស្រុកភាគច្រើនជាជនជាតិភាគតិចព្នង ដែលមានភាសា និងសាសនាពិសេសផ្ទាល់ខ្លួន។ ទីនោះ ជាតំបន់ដាច់ស្រយាលមួយ ដែលមានផ្លូវពិបាកធ្វើដំណើរចេញពីក្រុងសែនមនោរម្យ និងជាតំបន់មួយដែលបានបន្សល់ទុក ហើយប្រជាជនភាគច្រើនរស់នៅទីនោះរកប្រាក់ចំណូលបានមកពីការដាំស្រូវ និងការងាររកជ័រឈើជាដើម។
មណ្ឌលសុខភាពមេម៉ង់ បានបង្កើតឡើងនៅឃុំមេម៉ង់ ក្នុងឆ្នាំ១៩៨៦ ដែលមានគ្របដណ្តប់ជុំវិញភូមិចំនួន ១២ ដោយមានចម្ងាយប្រហែល ៤៥ គីឡូម៉ែត្រពីទីប្រជុំជននៃក្រុងមណ្ឌលគីរី ដែលមានមន្ទីរពេទ្យរដ្ឋ ប៉ុន្តែស្ថានភាពផ្លូវទៅកាន់មណ្ឌលសុខភាពខាងលើគឺមានភាពលំបាកខ្លាំង ហើយធ្វើឱ្យរាល់ការស្នើសុំរថយន្តសង្គ្រោះបន្ទាន់ម្ដងៗមានការយឺតយ៉ាវ។ ស្ថិតនៅក្នុងស្ថានភាពបែបនេះ មណ្ឌលសុខភាពមេម៉ង់បានក្លាយជាទីកន្លែង សម្រាប់ឱ្យអ្នកស្រុកអាចមកទទួលសេវាកម្មព្យាបាលជាប្រចាំថ្ងៃ។
រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលសុខភាពមេម៉ង់បានផ្តល់សេវាសុខភាពមូលដ្ឋានមួយចំនួនដែលមានដូចជា៖ ការពិនិត្យជំងឺ និងព្យាបាលទូទៅ ការចាក់វ៉ាក់សាំង ការសម្រាលកូន ការត្រួតពិនិត្យផ្ទៃពោះមុននិងក្រោយពេលសម្រាលកូន ព្រមទាំងការងាររដ្ឋបាលជាដើម នៅក្នុងអាគារធំតែមួយ។ ជាទូទៅ ការសម្រាលកូន និងការមើលថែទាំមាតាក្នុងអំឡុងពេលសម្រាលកូន គួរតែត្រូវធ្វើឡើងនៅក្នុងបន្ទប់ដាច់ដោយឡែកមួយពីគេ ដើម្បីបង្ការពីហានិភ័យនៃការឆ្លងមេរោគ ចំពោះស្ត្រីមានផ្ទៃពោះ និងទារកទើបកើត។ យ៉ាងណាមិញ ដោយសារកង្វះបន្ទប់មន្ទីរពេទ្យ ការព្យាបាលជំងឺនានា បានធ្វើឡើងនៅក្នុងបន្ទប់សម្រាលកូនតែមួយ ដូច្នេះវាចាំបាច់ឱ្យមានការកែលម្អជាបន្ទាន់។
នៅខែធ្នូ ឆ្នាំ២០១៩ ដើម្បីកែលម្អបរិស្ថានព្យាបាលមួយដែលសមស្រប និងលើកកម្ពស់គុណភាពសេវាវេជ្ជសាស្រ្តសាធារណៈ រដ្ឋាភិបាលនៃប្រទេសជប៉ុនបានផ្តល់ជំនួយដើម្បីសាងសង់អាគារថ្មីមួយខ្នងឡើងវិញ ដែលមាន ៨ បន្ទប់ ដូចជា៖ បន្ទប់សម្រាលកូន បន្ទប់រង់ចាំមុនពេលសម្រាលនិងក្រោយពេលសម្រាលកូន ផ្ទះបាយ បង្គន់អនាម័យចំនួន២ និងបន្ទប់ងូតទឹក ព្រមទាំងកន្លែងរង់ចាំទូទៅ។
គិតត្រឹមខែមករា ឆ្នាំ២០២១ នេះ មានបុគ្គលិកសរុបចំនួន ៨នាក់ ដោយក្នុងនោះមានឆ្មប់ ៥នាក់។ យោងតាមនាយិកាមជ្ឈមណ្ឌលគឺ លោកស្រី ថាច ស៊ីថាត បានប្រាប់ឱ្យដឹងថា៖ “មានស្ត្រីរស់នៅក្នុងតំបន់នោះបានសម្រាលកូននៅផ្ទះ មុនពេលមានជំនួយពីជប៉ុននេះកើតឡើង។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ចំនួនមនុស្សដែលសម្រាលកូននៅមណ្ឌលសុខភាពបានកើនឡើង បន្ទាប់ពីអាគារសម្រាលកូន និងមណ្ឌលសុខភាពថ្មីបានសាងសង់រួចរាល់”។ កាលពីមុនមានករណីស្លាប់ពេលឆ្លងទន្លេ និងមានការឆ្លងរោគជាច្រើនក្រោយពេលឆ្លងទន្លេរួច ប៉ុន្តែបើគិតត្រឹមរយៈពេលមួយឆ្នាំចុងក្រោយនេះ គេពុំឃើញមានករណីបែបនេះកើតឡើងទៀតឡើយ។
បុគ្គលិកមជ្ឈមណ្ឌលសុខភាពមេម៉ង់ អ្នកស្រី ចន្ថា សុណា គឺជាឆ្មបជនជាតិព្នងម្នាក់។ នាងបាននិយាយថា៖ “បងប្អូនជនជាតិព្នងមានទម្លាប់តាមដាន និងមើលថែការសម្រាលកូនជាលក្ខណៈក្រុមគ្រួសារទាំងមូល ហើយមានមនុស្សជាច្រើនសម្រាលកូននៅផ្ទះ។ បើតាមទំនៀមទម្លាប់ប្រពៃណីមួយរបស់ជនជាតិព្នង ដើម្បីការពារវិញ្ញាណអាក្រក់កុំឱ្យឋិតនៅក្នុងទារកទើបនឹងកើត គេត្រូវឱ្យស្រ្តីមានផ្ទៃពោះផឹកសុរាមុនពេលសម្រាលកូនបន្ដិច ព្រមទាំងសែនមាន់ទាំងមូល និងធ្វើពិធីតាមជំនឿសាសនារបស់ពួកគាត់”។
បច្ចុប្បន្ន ក្នុងមួយឆ្នាំៗមានទារកប្រមាណ ១០០នាក់ កើតនៅមណ្ឌលសុខភាពនេះ។ អ្នកស្រី សុណា បានមានប្រសាសន៍ថា៖ “មានចំនួនជនជាតិព្នងមកសម្រាលកូននៅមណ្ឌលសុខភាពបានកើនឡើង បន្ទាប់ពីមានការសាងសង់អាគារសម្រាលកូន និងមណ្ឌលសុខភាពនេះរួចមក។ ដោយមានជំនួយពីប្រទេសជប៉ុន យើងខ្ញុំមានលទ្ធភាពជួយដល់ការសម្រាលកូននៅក្នុងបន្ទប់មួយដាច់ដោយឡែកខុសពីមុន ធ្វើឱ្យមានលទ្ធភាពផ្តល់ការព្យាបាលដល់អ្នកជំងឺនៅក្នុងបរិយាកាសវេជ្ជសាស្ត្រមួយដែលសមស្របផងដែរ។ ជំនួយនេះហាក់ដូចជាបាននាំមកនូវការផ្លាស់ប្តូរដ៏ធំមួយចំពោះការយល់ឃើញរបស់អ្នកស្រុកក្នុងមូលដ្ឋាននេះ ដែលភាគច្រើនពួគគាត់គឺជាជនជាតិភាគតិច”។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 45】
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ជំនួយលើការសិក្សាស្រាវជ្រាវសម្រាប់អនាគតរួម
2021.06.05 Special Topics
日本とカンボジアを繋ぐ雑誌「NyoNyum Khmer」が生まれ変わりました!
2018.03.12 Special Topics
【山葵(わさび) Wasabi Japanese grill & bar】3月1日より、待望の新メニュー開始!
2018.02.28 NewsSpecial Topics
【今年も開催!】カンボジアフェスティバル 2018 出店者募集のお知らせ
2018.02.27 イベントNews日本国内イベントSpecial Topics
2月22~25日に日本カンボジア 絆フェスティバルが開催
2018.02.17 イベントSpecial Topics
東京外国語大学のオープンアカデミーでクメール語教室!
2018.02.07 イベントNewsSpecial Topics
Leopalace21が手がけたプノンペンの「GRANFERTE Phnom Penh」がグランドオープン!
2018.02.01 NewsSpecial Topics
1月28日にピース・イン・ツアーがカンボジア交流会を開催
2018.01.24 NewsSpecial Topics
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics