គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Khmer > Column > NyoNyum Khmer > ការផ្តល់ជំនួយដើម្បីអនាគតជនពិការ

ការផ្តល់ជំនួយដើម្បីអនាគតជនពិការ

អេពិកអាត (Epic Arts) ជាអង្គការ NGO ក្រៅរដ្ឋាភិបាលមួយ ដែលមានទីតាំងនៅក្នុងខេត្តកំពត បង្កើតឡើងក្នុងគោលបំណងជួយដល់ផ្នែកពិការភាពនៅកម្ពុជា តាមរយៈការប្រើប្រាស់សិល្បៈធ្វើជាឧបករណ៍ក្នុងការតស៊ូមតិ លើកកម្ពស់ការយល់ដឹង និងធ្វើអោយមានការផ្លាស់ប្ដូរផ្នត់គំនិតអវិជ្ជមានលើពិការភាពរបស់ជនពិការ។ ដើម្បីអោយជនដែលមានពិការភាពមានលទ្ធភាព បង្កើនទំនុកចិត្ត លើកទឹកចិត្តអោយមានក្តីសង្ឃឹម យល់ដឹងអំពីសិទ្ធិរបស់
គាត់ កសាងសមត្ថភាពផ្ទាល់ខ្លួន និងមានលទ្ធភាពក្លាយជាសិល្បករអាជីព បើពួគគាត់មានទេពកោសល្យ និងចំណង់ចំណូលចិត្តចូលរួមសម្តែងក្នុងវិស័យសិល្បៈ អង្គការមានបើកបង្រៀនថ្នាក់ជំនាញសិល្បៈបែបរបាំសហសម័យ ការសម្ដែងរឿង គំនូរចក្ខុទស្សន៍ និងបំណិនជីវិតខ្លីៗ។ ក្រៅពីនេះ ក៏មានថ្នាក់អប់រំពិសេសសម្រាប់បណ្ដុះបណ្ដាលការរៀនលេខ អក្សរ និងជំនាញជីវិតដល់កុមាររួមជាមួយកុមារនិងជនខ្សោយសតិបញ្ញាផងដែរ។


សម្រាប់វគ្គបណ្តុះបណ្តាលសិល្បៈមានរយៈពេល ២ឆ្នាំ ហើយបានចាប់ផ្តើមដំបូងនៅឆ្នាំ២០០៧។ អង្គការមានទទួលជនដែលមានពិការភាពរាងកាយ ប្រើរទេះរុញ និងថ្លង់ អាយុចាប់ពី ១៨ឆ្នាំ ដល់ ៣៥ឆ្នាំ ហើយរហូតមកដល់បច្ចុប្បន្ន បានបណ្តុះបណ្តាលសិល្បករប្រមាណ ៦០នាក់។ ដោយសារប្រទេសកម្ពុជានៅមានតម្រូវការទីផ្សារការងារខាងសិល្បៈចង្អៀតនៅឡើយ ដូច្នេះបន្ទាប់ពីសិស្សបានរៀនចប់ អង្គការពុំបានផ្តល់ការងារអោយគាត់ជាសិល្បករទាំងអស់គ្រប់គ្នាបាននៅឡើយទេ។ អង្គការបានផ្តល់ការងារជូនសិស្សដែលរៀនចប់ចំនួន ៦៥% តាមរយៈកម្មវិធីអប់រំពិសេស និងកម្មវិធីអាជីវកម្មសង្គម ហើយក្នុងនោះមាន ២០% ពួកគាត់បានទទួលការងារនៅស្ថាប័នផ្សេងទៀត។ សិល្បករអាជីពប្រចាំអង្គការអេពិកអាតមានចំនួន ១៤នាក់ (ក្នុងនោះសិល្បករថ្លង់ចំនួន ៥នាក់) ហើយមាន ១៥% ទៀត ពួកគាត់បង្កើតអាជីវកម្មផ្ទាល់ខ្លូន បន្តការសិក្សា ឬត្រឡប់ទៅស្រុកកំណើតជាមួយក្រុមគ្រួសារវិញ។ ដោយអង្គការពុំមានកម្មវិធីអប់រំភាសាសញ្ញា ដូច្នេះមនុស្សគថ្លង់ដែលមានបំណងចូលរួមក្នុងវគ្គបណ្តុះបណ្តាលនៅក្នុងអង្គការអេពិកអាត ត្រូវទទួលការអប់រំភាសាសញ្ញា នៅសាលាគ្រួសារថ្មី ឬអង្គការ DDP ជាមុន។ លោក អ៊ូ ប៊ុនថេង ប្រធានផ្នែកប្រតិបត្តិនៅក្នុងអង្គការអេពិកអាត បានមានប្រសាសន៍ថា៖ “នៅក្នុងអង្គការនេះក៏មានការបង្ហាត់បង្រៀនដោយគ្រូបរទេស ជនជាតិអង់គ្លេស និងអូស្រ្តាលីជាដើមផងដែរ។

ហើយសិស្សចូលរួមវគ្គបណ្តុះបណ្តាល ត្រូវបានជ្រើសរើសដោយការប្រកាសតាមរយៈវិទ្យុផ្សាយនៅក្នុងខេត្តកំពត។ សិស្សដែលត្រូវលក្ខខណ្ឌរបស់អង្គការ គឺទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃ”។ យ៉ាងណាមិញ សិស្សដែលមកពីបណ្តាខេត្តដទៃគឺត្រូវបានទទួលការផ្គត់ផ្គង់អាហារនិងកន្លែងស្នាក់នៅពីខាងអង្គការអេពិកអាតផងដែរ។ “ហើយក្នុងករណីគ្រូបង្ហាត់ជាជនបរទេស អង្គការនឹងមានអ្នកបកប្រែនិងជំនួយការជាជនជាតិខ្មែរម្នាក់សម្រាប់ជួយ”។ លោក ប៊ុនថេន ក៏បានបង្ហាញពីសេចក្តីត្រេកអររបស់លោកចំពោះសិស្សដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលទាំងនោះដូចនេះថា៖ “មានសិស្សជាច្រើនបានខិតខំព្យាយាម និងប្រឹងប្រែង ដោយបានប្រើប្រាស់នូវលទ្ធភាពពីពិការរភាពរបស់ពួកគេ សម្តែងសិល្បៈបានយ៉ាងល្អ”។


ម្យ៉ាងទៀត សម្រាប់ថ្នាក់អប់រំពិសេសមានចំនួនសិស្សសរុបក្នុងកម្មវីធីទាំងមូល ១៩០នាក់ ដែលក្នុងនោះមានសិស្សចំនួន ១៦០នាក់ បានដាក់បញ្ចូលសមាហរកម្មក្នុងសាលារដ្ឋ ឬបន្តការសិក្សានៅតាមស្ថាបន័ផ្សេងទៀត និងមានកុមារខ្សោយសតិបញ្ញាចំនួនប្រមាណ ៣០នាក់ មកសិក្សាជារៀងរាល់ថ្ងៃចន្ទ័ដល់ ថ្ងៃព្រហស្បតិ៍ ជាមួយនឹងគ្រូជនជាតិខ្មែរ ៤នាក់។ នៅប្រទេសកម្ពុជា នៅមានការរើសអើងខ្លះៗចំពោះជនពិការរាងកាយ និងជនខ្សោយបញ្ញានៅឡើយ។ ដោយយល់ឃើញថា៖ “មនុស្សគ្រប់រូបមានសិទ្ធទទួលបាននូវជំនួយសម្រាប់ការរស់នៅថ្លៃថ្នូរដូចមនុស្សដទៃ” អង្គការអេពិកអាត ក្រៅពីការធ្វើ
សកម្មភាពបណ្តុះបណ្តាល ដើម្បីបំបាត់នូវការរើសអើងលើជនដែលមានពិការភាព មានការចូលរួមយ៉ាងសកម្មក្នុងវិស័យសិល្បៈនិងវប្បធម៌ ដោយមានការសម្តែងសមត្ថភាពសម្រាប់ថ្នាក់ក្រោម ថ្នាក់ជាតិ និងអន្តរជាតិ ហើយចុះតាមសហគមន៍ដើម្បីធ្វើការសម្ដែងរឿង និងរបាំផ្សេងៗ ក្នុងន័យលើកកម្ពស់ការយល់ដឹងពីពិការភាព សិទ្ធិស្រ្តី ការរំលោភបំពានកុមារ និងគ្រោះថ្នាក់ចរាចរជាដើមផងដែរ។
សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 40】











Let's like it!

We will send you the latest information