គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Khmer > Column > NyoNyum Khmer > បទសម្ភាសន៍ពិសេស ស្វែងយល់អំពីហាងយើងខ្ញុំក្នុងអំឡុងវិបត្តិកូវីដ១៩

បទសម្ភាសន៍ពិសេស ស្វែងយល់អំពីហាងយើងខ្ញុំក្នុងអំឡុងវិបត្តិកូវីដ១៩

ក្នុងអត្ថបទពិសេសលេខនេះ យើងខ្ញុំបានសាកសួរម្ចាស់ហាង អ្នកគ្រប់គ្រង និងបុគ្គលិកហាងមួយចំនួនអំពីការគ្រប់គ្រងរបស់គាត់ នៅក្នុងអំឡុងពេលនៃជម្ងឺកូវីដ១៩នេះផងដែរ។ តើហាងនីមួយៗមានយុទ្ធសាស្រ្តគ្រប់គ្រងបែបណាខ្លះដើម្បីបន្តដំណើរការអាជីវកម្មរបស់ខ្លួន? យើងបានធ្វើបទសម្ភាសន៍អ្នកគ្រប់គ្រងហាងដ៏មានប្រជាប្រិយភាពចំនួន២រូបក្នុងតំបន់ទួលទំពូងជូនប្រិយមិត្តអ្នកអានដូចតទៅ៖

ហាង AZURE BAR AND GRILL

កញ្ញា Anastasia Bauer អ្នកគ្រប់គ្រងទូទៅ

Q: តើកញ្ញាធ្វើជាអ្នកគ្រប់គ្រងក្នុងហាងនេះរយៈពេលប៉ុន្មានឆ្នាំមកហើយ?

នាងខ្ញុំបានមកគ្រប់គ្រងហាងនេះរយៈពេលជាង១ឆ្នាំមកហើយ។

Q: តើហាងពេញនិយមសម្រាប់ភ្ញៀវបែបណាខ្លះដែរ?

ហាងយើងខ្ញុំជាហាងបែបម្ហូបអាមេរិកកាំង ក៏ប៉ុន្តែក្រៅពីភ្ញៀវជនជាតិអាមេរិកកាំងក៏មានភ្ញៀវអឺរ៉ុប អូស្រ្តាលី និងអាស៊ីផងដែរ។ ដោយសារហាងយើងខ្ញុំមានទីធ្លាធំទូលាយ មានភ្ញៀវជាច្រើនមកជាលក្ខណៈគ្រួសារ ការជួបជុំមិត្តរួមការងារ និងពិធីជប់លាង ព្រមទាំងមានអ្នកខ្លះមកតាមបែបការងារជាដើម។ អតិថិជនអាចកុម៉្មង់មុខម្ហូបបែបអាមេរិកកាំងឈ្ងុយឆ្ងាញ់ ចម្អិនដោយចុងភៅជនជាតិអាមេរិកកាំងដែលមានបទពិសោធន៍។

Q: យើងខ្ញុំឮថាភោជនីយដ្ឋានមានផ្តល់នូវកម្មវិធីបញ្ចុះតម្លៃពិសេសជារៀងរាល់ថ្ងៃផងដែរមែនទេ?

ចាស៎ ហាងយើងខ្ញុំមានផ្តល់ជូននូវកម្មវិធីបញ្ចុះតម្លៃពិសេសផ្សេងៗគ្នាជូនអតិថិជនជារៀងរាល់ថ្ងៃ។ ជាឧទាហរណ៍ជាក់ស្តែង នៅរាល់ថ្ងៃចន្ទយើងមានកម្មវិធីញុំាប័រហ្គឺរសាច់គោជប៉ុនបញ្ចុះតម្លៃពិសេស។ នៅថ្ងៃអង្គារគឺបញ្ចុះតម្លៃភីហ្សាជាពិសេស ហើយថ្ងៃពុធវិញគឺពិសេសសម្រាប់មីអុីតាលី។ ថ្ងៃព្រហស្បតិ៍មានផ្តល់ជូនកម្មវិធីបញ្ចុះតម្លៃភេសជ្ជៈពិសេសនៅក្រោយម៉ោង៧យប់។ ហើយថ្ងៃសុក្រមានសាច់គោស្តេកដែលកំពុងពេញនិយម នាំចូលពីបរទេសមានគុណភាពខ្ពស់បញ្ចុះតម្លៃ។ ចំណែកឯថ្ងៃសៅរ៍វិញ ពិសេសសម្រាប់ម្ហូបសាច់ត្រីនិងគ្រឿងក្លែម។ ម្យ៉ាងវិញទៀត នៅថ្ងៃអាទិត្យមាន (សាច់អាំង)បែបប្រទេសចាម៉ៃកា និងអយស្ទ័រស្រស់ផងដែរ។ ជាមួយគ្នានោះ យើងក៏មានពិធីផ្សេងៗប្រចាំថ្ងៃផងដែរ។ នៅថ្ងៃអង្គារមានកម្មវិធីលេងអុក និងកម្មវិធីសិល្បៈនៅថ្ងៃពុធ ព្រមទាំងមានថ្នាក់ពេលយប់បង្រៀនរាំតាំងហ្គូ គីស្សុមបា សាល់សាជាដើមផងដែរ។ ចំណែកនៅរាត្រីថ្ងៃព្រហស្បតិ៍វិញ មានកម្មវិធីលេងតន្រ្តីដោយឌីជេល្បីៗ និងមានពិធីរាំរបាំឡាទីនជុំគ្នាផងដែរ។ ចំពោះព័ត៌មានលំអិតអំពីកម្មវិធីនីមួយៗលោកអ្នកអាចចូលមើលក្នុងទំព័រហ្វេសបុកហាង AZURE BAR AND GRILL បាន។

Q: តើហាងប៉ះពាល់អ្វីខ្លះនៅក្នុងអំឡុងពេលនៃជម្ងឺឆ្លងកូវីដ១៩នេះ?

តាមពិតទៅ នាងខ្ញុំបានក្លាយជាអ្នកគ្រប់គ្រងហាងនេះ១ខែមុនពេលជម្ងឺកូវីដ១៩កើតឡើង។ ក្នុងកាលៈទេសៈបែបនេះ យើងខ្ញុំត្រូវប្រឈមនឹងការបន្តអាជីវកម្មរបស់ខ្លួន ស្របពេលដែលមានចំនួនអ្នកឆ្លងកាន់តែច្រើនឡើងក្នុងទីក្រុងភ្នំពេញ។ ដូច្នេះនាងខ្ញុំក៏បានប្រាប់ទៅបុគ្គលិកទាំងអស់គ្នាថាពួកគាត់អាចផ្អាកការងារមួយរយៈបានក្នុងអំឡុងពេលនៃការឆ្លងជម្ងឺនេះ ក៏ប៉ុន្តែដោយគិតពីការបាត់បង់នូវចំណូលរបស់ខ្លួន បុគ្គលិកនីមួយៗក៏សម្រេចសុំអោយបន្តបើកធ្វើអាជីវកម្មហាងជាធម្មតាក្នុងអំឡុងពេលដ៏ពិបាកនេះ។ យើងខ្ញុំបានចាត់វិធានការបង្ការសុវត្ថិភាពទាំងភ្ញៀវ និងបុគ្គលិក
ដោយតម្រូវអោយមានការសម្អាតអនាម័យក្នុងហាង ការលាងដៃដោយអាកុលសម្លាប់មេរោគ និងពិនិត្យកម្តៅខ្លួនយ៉ាងយកចិត្តទុកដាក់។ រួមជាមួយគ្នានេះ ហាងក៏មានទីធ្លាធំទូលាយ និងមានដំបូលអាចបើកចំហរ ដើម្បីប្តូរបរិយាកាសក្នុងហាង សម្រាប់កម្មវិធីរាំកម្សាន្តនានាផងដែរ ដូច្នេះយើងនៅអាចរក្សាបាននូវចំនួនភ្ញៀវដដែលដូចមុនជម្ងឺឆ្លងកូវីដ១៩។
លើសពីនេះទៀត យើងក៏បានចាប់ផ្តើមនូវសេវាកម្មដឹកជញ្ជូនដើម្បីកុំអោយប្រាក់ចំណូលយើងធ្លាក់ចុះ។ តាមរយៈការបំរើសេវាកម្មល្អរបស់បុគ្គលិកក្នុងហាង និងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា៖ហ្វេសបុក អិនស្តាក្រាមជាដើម ព្រមជាមួយនឹងការស្គាល់និងប្រាប់តគ្នាពីមាត់មួយទៅមាត់មួយ ហាងយើងខ្ញុំក៏បានបង្កើននូវចំនួនភ្ញៀវថ្មី២០%ថែមទៀតផងដែរ។ យ៉ាងណាមិញ មានកម្មវិធីជាច្រើនត្រូវបានផ្អាកក្រោយពេលជម្ងឺ
កូវីដ១៩ផ្ទុះឡើង។ តែផ្ទុយទៅវិញ ក្នុងកំឡុងពេលផ្អាកកម្មវិធីទាំងនោះ បានផ្តល់អោយពួកយើងនូវពេលវេលាសម្រាប់ធ្វើសេវាកម្មដឹកជញ្ជូន ដោយសហការជាមួយដៃគូក្រុមហ៊ុនដឹកជញ្ជូនធំៗក្នុងទីក្រុងភ្នំពេញ ហើយជាលទ្ធផល ហាងរបស់យើងខ្ញុំបានកើនចំណូលទោះស្ថិតនៅក្នុងស្ថានភាពកូវីដ១៩នេះក្តី។

Q: តើហាងមានគម្រោងបែបណាក្រោយពីជម្ងឺកូវីដ១៩បញ្ចប់?

បច្ចុប្បន្ន ទោះជានៅមានក្តីបារម្ភនៃជម្ងឺកូវីដ១៩នេះក្តី ហាងយើងខ្ញុំក៏សប្បាយចិត្តដូចជាហាងអាជីវកម្មដទៃផ្សេងទៀតដែរ ដោយយើងសង្កេតឃើញវត្តមានអ្នករស់នៅ ប្រកបរបររកស៊ី និងធ្វើការងារផ្សេងៗត្រឡប់មកសភាពដើមសារឡើងវិញ។ ដូច្នេះដើម្បីអោយភ្ញៀវរស់នៅក្នុងទីក្រុងភ្នំពេញ កាន់តែស្គាល់និងមកកម្សាន្តនៅហាងយើងខ្ញុំមានចំនួនកាន់តែច្រើន យើងខ្ញុំតែងតែគិត និងយកចិត្តទុកដាក់ចំពោះការបំរើសេវាកម្មរបស់ខ្លួនអោយកាន់តែប្រសើរជារៀងរាល់ថ្ងៃ។ ដូច្នេះទន្ទឹមនឹងការចាត់វិធានការបង្ការការឆ្លងជម្ងឺកូវីដ១៩នេះ យើងខ្ញុំក៏កំពុងចាប់ផ្តើមកម្មវិធីកម្សាន្តនានាឡើងវិញផងដែរ។
យើងទទួលបាននូវបទពិសោធន៍ថ្មីៗដូចជា៖ការផ្តល់នូវកម្មវិធីបញ្ចុះតម្លៃពិសេស ការបង្កើននូវគុណភាពសេវាកម្ម ការផ្សព្វផ្សាយថ្មីៗបន្ថែមតាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម នៅក្នុងកំឡុងពេលកូវីដ១៩នេះ ដូច្នេះយើងខ្ញុំសង្ឃឹមថានឹងបន្តប្រើប្រាស់នូវបទពិសោធន៍ទាំងនេះ ក្រោយជម្ងឺកូវីដ១៩នេះបញ្ចប់ និងបន្តនូវការផ្តល់ជូនអតិថិជននូវសេវាកម្មប្រកបដោយគុណភាព តាមរយៈការច្នៃប្រឌិតថ្មីៗ៕

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 41】








Let's like it!

We will send you the latest information