គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) តើអ្នកយល់យ៉ាងណាចំពោះជនមានពិការភាពថ្លង់?
(ភាសាខ្មែរ) តើអ្នកយល់យ៉ាងណាចំពោះជនមានពិការភាពថ្លង់?
2020.07.14

ជនពិការគថ្លង់មិនមែនជាបន្ទុកនៃសង្គមនោះទេ!
ជនមានពិការភាពគថ្លង់ជួបប្រទះបញ្ហាជាច្រើន។ ពួកគាត់មានការលំបាកក្នុងការទំនាក់ទំនងទៅកាន់មនុស្សជុំវិញខ្លួន លំបាកក្នុងការរស់នៅ ជាពិសេសគឺស្ថិតក្នុងភាពឯកោពីមនុស្សទូទៅ។ ជាមួយគ្នានោះដែរ មានមនុស្សមួយចំនួនតូចរើសអើង ចំពោះជនពិការដោយមិនអោយតំលៃលើពួកគាត់។ សកម្មភាពរើសអើងទាំងនេះគឺជាទង្វើរខុសឆ្គងមួយក្នុងសង្គម។ ខាងក្រោមនេះជាការយល់ឃើញផ្សេងៗរបស់ជនជាតិខ្មែរ​ និងជនជាតិជប៉ុនអំពីជនពិការ។

ជនជាតិខ្មែរ

កញ្ញា នៅ មិជេត្តរ៉ា អាយុ ២៥ឆ្នាំ
ជាគ្រូបំប៉ន និងបង្រៀនអំណាន

ចំពោះខ្ញុំគិតថាអាណិតពួកគាត់ គ្មានការរើសអើងពួកគាត់ឡើយ ព្រោះថាមនុស្សម្នាក់ៗពុំមានអ្នកណាមួយចង់កើតមកមានរាងកាយមិនសមប្រកបនោះទេ។ បើនិយាយពីអត្តចរិកវិញ ពួកគាត់មួយចំនួនមិនសូវជានិយាយស្តីទេ ខ្លះស្រងូតស្រងាត់ ប៉ុន្តែពួកគាត់មានការតស៊ូណាស់។

លោក ផល ស៊ាងហ៊ី អាយុ ២១ឆ្នាំ
ជានិស្សិត

ជនពិការពិតជាលំបាកណាស់ក្នុងជីវិតរបស់ពួកគាត់ គាត់ពិតជាចង់ដឹងចង់ឃើញចង់ឮពីពិភពខាងក្រៅពិតៗ។ បើសិនជាគ្រួសារមានលទ្ធភាពសូម
បញ្ជូនគាត់ទៅសិក្សារៀនសូត្រនៅសាលាសម្រាប់អ្នកថ្លង់ផង។

កញ្ញា ប៉ិច គន្ធី អាយុ ២៤ឆ្នាំ
ជាគ្រូបង្រៀនភាសាខ្មែរ

ចំពោះការទំនាក់ទំនងជាមួយពួកគាត់ពេលខ្លះយើងពិបាកយល់ តែបើយើងចេះភាសាកាយវិការ (សញ្ញា) វិញគឺស្រួលយល់ ហើយចំពោះអត្តចរិកពួកគាត់ ខ្លះស្លូតតែខ្លះទៀតឆេវឆាវខ្លាំងមែនទែន។

លោក កែវ ណាង អាយុ ២៤ឆ្នាំ
ជាគ្រូបង្រៀន

ខ្ញុំមានអារម្មណ៍សប្បាយចិត្តនៅពេលនៅជាមួយជនពិការ ព្រោះពួកគាត់ជាមនុស្សស្មោះត្រង់ ហើយអ្វីដែលធ្វើអោយខ្ញុំកាន់តែចង់នៅជិតនិងជួយពួកគាត់ ព្រោះពួកគាត់លំបាក តែមានទឹកចិត្តល្អ មិនដូចមនុស្សធម្មតាខ្លះមើលចិត្តមិនធ្លុះឡើយ។

កញ្ញា វង្ស សុគន្ធិ អាយុ ២៣ឆ្នាំ
ជាគ្រូបង្រៀនសាលាឯកជន

សម្រាប់ជនពិការពួកគាត់ជាមនុស្សគួរឱ្យអាណិត ដោយយើងមិនត្រូវរើសអើងពួកគាត់ទេ ព្រោះពួកគាត់អាចមានសមត្ថភាពផ្សេងៗពីយើងមនុស្សធម្មតា ពេលខ្លះរឿងមួយដែលមនុស្សធម្មតាមិនអាចធ្វើបានតែពួកគាត់អាចធ្វើបាន។ ហើយខ្ញុំក៏ធ្លាប់រៀនជាមួយជនពិការដែរ គឺនៅពេលរៀន
គាត់តែងតែព្យាយាមខ្លាំងមែនទែន ក្នុងការបង្ហាញពីសមត្ថភាពដែលគាត់មាន ហើយអ្នកដ៏ទៃមិនអាចធ្វើបានហើយគាត់ក៏ខ្លាចរៀនចាញ់គេផងដែរ។

លោក ម៉ី លី អាយុ ២៤ឆ្នាំ
ជាបុគ្គលិកស្ថាប័នឯកជន

ខ្ញុំមិនសូវមានបញ្ហាជាមួយជនពិការទេ ហើយជាធម្មតាខ្ញុំមិនមានមិត្តភក្តិជាជនពិការដែរ តែខ្ញុំធ្លាប់បានឃើញពួកគាត់នៅតាមទូរទស្សន៍។ ខ្ញុំមានអារម្មណ៍ស្ងប់ស្ងែងចំពោះពួកគាត់ព្រោះពួកគាត់មានសមត្ថភាពពិសេស ហើយព្យាយាមធ្វើ និងខិតខំហ្វឹកហាត់នូវអ្វីដែលគាត់ត្រូវធ្វើច្រើនផងដែរ។

ជនជាតិជប៉ុន

អ្នកស្រី Akiko Kawai
ស្ថាបនិកមូនិធិ SakuraChaMeet

នៅឆ្នាំ១៩៩៨ លោក Hirotada Ototake បានបោះពុម្ពផ្សាយសៀវភៅមួយក្បាលដែលមានចំណងជើងថា “គ្មាននណាម្នាក់ល្អឥតខ្ចោះ” (No One’s Perfect) ដែលបាននាំអោយមានចលនាផ្លាស់ប្តូរចំពោះសិទ្ធជនពិការនៅក្នុងប្រទេសជប៉ុន។ សារមួយចំនួនរបស់លោក Hirotada ដែលមានបំណងបង្កើត
ឡើងនូវសង្គមមួយដ៏សុខដុម និងមានការយកចិត្តទុកដាក់ចំពោះជនពិការ ត្រូវបានផ្សាយនៅពាសពេញប្រទេសជប៉ុន។ ក្រោយមក មានតំណាងរាស្រ្តមួយចំនួនដូចជាអ្នកស្រី MichiyoYakushiji និងលោកនាយករដ្ឋមន្ត្រី Shinzo Abe ក៏បានធ្លាប់ប្រើប្រាស់ភាសាសញ្ញាក្នុងការទំនាក់ទំនងផងដែរ។ ដូច្នេះ នាងខ្ញុំយល់ឃើញថាការដែលមានតំណាងរាស្ត្រ និងអ្នកនយោបាយជាន់ខ្ពស់ប្រើប្រាស់ភាសាសញ្ញា គឺជាជំហានដំបូងមួយក្នុងការធ្វើអោយប្រសើរឡើងនូវការបង្កើតគោលនយោបាយ និងបរិយាកាសសង្គម។

លោក Usui Akihito អាយុ ២៧ឆ្នាំ
ជាបុគ្គលិកក្រុមហ៊ុន

បើនិយាយពីរឿងជនពិការវិញ ខ្ញុំប្រហែលជាពុំសូវមានចំណាប់អារម្មណ៍ច្រើនចំពោះពួកគាត់នោះទេ ព្រោះខ្ញុំចាំបានថាខ្ញុំធ្លាប់បានចូលរៀនថ្នាក់សិស្ស
ជនពិការ កាលនៅរៀនបឋមសិក្សាតែប៉ុណ្ណោះ។ ក្រោយមក ពួកគេទាំងនោះប្រហែលជាបន្តរៀនដល់ថ្នាក់មធ្យមសិក្សាសាលាបង្រៀនជំនាញឯកទេសហើយក៏មិនដឹង ព្រោះខ្ញុំបានរៀនជាមួយពួកគាត់ត្រឹមតែថ្នាក់បឋមប៉ុណ្ណោះ។ ខុសពីមុន ខ្ញុំគិតថាបច្ចុប្បន្នមានសហគមន៍ជនពិការជាច្រើនត្រូវបានបង្កើតឡើង ហើយការរើសអើងចំពោះពួកគាត់ក៏មានតិចជាងពេលមុនដែរ។

អ្នកស្រី Yumeko Kaneko
អាយុ ៣៥ឆ្នាំ​ ជាគ្រូបង្រៀន

នាងខ្ញុំគិតថា ការគាំពារជនពិការភ្នែកនិងថ្លង់នៅក្នុងប្រទេសជប៉ុនហាក់ដូចជារឿងមួយដែល “ពិសេស” ព្រោះវាជារឿងមួយដែលយើងអាចគិតថាល្អក៏
ថាបាន ហើយមិនល្អក៏ថាបាន។ រឿងល្អនោះ គឺថាជនមានពិការរភាពនៅប្រទេសជប៉ុន គឺពួកគាត់អាចទៅសិក្សានៅសាលាឯកទេសជំនាញដោយពុំបាច់
បង់ថ្លៃ ហើយអាចរកការងារបានស្រួលក្រោយពីបញ្ចប់ការសិក្សានៅទីនោះក៏ប៉ុន្តែ រឿងមិនល្អវិញនោះគឺថា ពួកគាត់ទាំងនោះពុំសូវមានឱកាសច្រើន
ក្នុងការប្រាស្រ័យទាក់ទងដូចមនុស្សធម្មតាឡើយ។ នាងខ្ញុំចង់ឃើញទាំងជនពិការ និងមនុស្សធម្មតាអាចប្រាស្រ័យទាក់ទងគ្នាបានធម្មតាស្មើគ្នា
ដោយពុំមានឧបសគ្គអ្វីមួយរារាំង។

លោក Junpei Honma អាយុ ២៧ឆ្នាំ
ជាបុគ្គលិកក្រុមហ៊ុន

បើអ្នកមានមិត្តភក្តិជាមនុស្សថ្លង់នឹងនាំឱ្យអ្នកយល់ដឹងច្រើនពីជនពិការ។ ខ្ញុំដឹងថានៅប្រទេសជប៉ុនមានការអប់រំតាំងពីមូលដ្ឋានដើម្បីអោយសិស្សដទៃបានយល់ដឹងអំពីសិស្សពិការកាន់តែច្រើន។ ហើយសិស្សថ្លង់ក៏អាចសិក្សាក្នុងថ្នាក់រៀននៅសាលាបឋមសិក្សា និងមធ្យមសិក្សាដូចសិស្សធម្មតាបានដែរ។ នៅជប៉ុនមានសាលាសម្រាប់សិស្សថ្លង់ ក៏ប៉ុន្តែក៏មានសិស្សថ្លង់ជាច្រើនមករៀននៅសាលាធម្មតាជាមួយសិស្សដទៃទៀតផងដែរ។ ខ្ញុំមានមិត្តភក្តិម្នាក់ជាមនុស្សថ្លង់ដែលបានរៀនជាមួយគ្នាតាំងពីថ្នាក់បឋម ដូច្នេះខ្ញុំអាចយល់ដឹងច្រើនពីជនពិការតាមរយៈមិត្តខ្ញុំម្នាក់នេះ។

អ្នកស្រី Akane Fujii
អាយុ ៣៨ឆ្នាំ​ ជាស្រ្តីមេផ្ទះ

នាងខ្ញុំគិតថាប្រទេសជប៉ុនមានរបបជួយទ្រទ្រង់ជនពិការនៅមានកម្រិតនៅឡើយលើផ្នែកជួយគាំពារខាងថវិកាសតិអារម្មណ៍ និងខាងកម្លាំងកាយក្នុងការមើលថែទាំពួកគេទាំងនោះ។ ជាឧទាហរណ៍ប្រសិនបើរដ្ឋាភិបាលមានរបបជួយទំនុកបម្រុងខាងថវិកាសម្រាប់គ្រួសារមានកុមារពិការក្នុងបន្ទុកដែលពុំអាចធ្វើការងារបាននោះ គឺពិតជាជួយសម្រាលបន្ទុកក្រុមគ្រួសារនោះច្រើន។ ម្យ៉ាងទៀត គួរតែមានការបង្កើតឡើងនូវទីកន្លែងសម្រាប់ជនពិការទាំងនោះ បានមកប្រាស្រ័យទាក់ទងគ្នាបានជាញឹកញាប់ ក៏ជាការល្អផងដែរ។ ព្រោះនាងខ្ញុំគិតថា តាមរយៈការផ្តោះប្តូរព័ត៌មានទាំងនោះ វានឹងមិនត្រឹមតែផ្តល់នូវព័ត៌មានដែលមានសារៈសំខាន់ដល់គ្រួសារពួកគាត់តែប៉ុណ្ណោះទេ វានឹងជួយកាត់បន្ថយនូវភាពឯកោរបស់កុមារពិការ ព្រមទាំងការនឿយហត់របស់អាណាព្យាបាលផងដែរ។

លោក Mr. Kimi Uemura

ខ្ញុំគិតថា ការមាន “ចិត្តសប្បុរស” ចំពោះជនពិការគឺជារឿងមួយដ៏សំខាន់។ បច្ចុប្បន្ន ដោយសារជម្ងឺឆ្លងកូវីដ១៩ បាននាំអោយមានការរឹតបន្តឹងសេរីភាពនៃការប្រាស្រ័យរស់នៅជាធម្មតា ដូច្នេះចំពោះស្ថានភាពនេះខ្ញុំគិតថាវាមានន័យស្រដៀងនឹងពាក្យថាពិការភាពដែរ។ គឺបានន័យថាយើងពុំអាចធ្វើនូវរឿងអ្វីៗបានជាធម្មតា។ ដូច្នេះតាមរយៈស្ថានភាពបែបនេះ ខ្ញុំគិតថាយើងទាំងអស់គ្នាអាចធ្វើការយល់ដឹងពីសារៈសំខាន់នៃទង្វើរនីមួយៗរបស់ខ្លួនចំពោះជនពិការ ដោយការស្វែងយល់អំពីរឿងដែលយើងពុំអាចធ្វើបានជាធម្មតានៅក្នុងកំឡុងពេលរិតបន្តឹងសេរីភាពដែលមានកន្លងមកនេះ។

ការបញ្ចេញមតិជារួមៈ

ការពិតទៅជនពិការសុទ្ធតែមានសមត្ថភាពដូចមនុស្សទូទៅ នេះបើតាមការសង្កេតរបស់ខ្ញុំដែលធ្លាប់មានបទពិសោធន៍ធ្វើការងារជាមួយពួកគាត់។ ចុះចំពោះអ្នកវិញ តើអ្នកគិតយ៉ាងដូចម្តេចចំពោះជនពិការគថ្លង់? ខាងលើនេះ ជាការយល់ឃើញខ្លះៗរបស់ជនជាតិខ្មែរ និងជនជាតិជប៉ុនចំពោះជនដែលមានពិការភាពគថ្លង់! បន្ទាប់ពីអ្នកអានមតិរបស់គាត់ តើអ្នកយល់ឃើញផ្ទាល់ខ្លួនបែបណាដែរ?

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 40】











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles