គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Khmer > Column > NyoNyum Khmer > ចង់ផ្គត់ផ្គង់ “ទឹកស្អាត” ដល់អ្នកទាំងអស់គ្នា【Special1】

ចង់ផ្គត់ផ្គង់ “ទឹកស្អាត” ដល់អ្នកទាំងអស់គ្នា【Special1】

ទឹកជាប្រភពនៃជីវិត។ វាតែងតែនៅក្បែរយើងជាប្រចាំ ហើយពេលខ្លះវាក៏ជាការគំរាមកំហែងផងដែរ ហើយមនុស្សបានអភិវឌ្ឍមកក៏ដោយសារទទួលបាននូវគុណបុណ្យនោះ។ ក៏ប៉ុន្តែមានគេនិយាយថា នៅលើពិភពលោក មានមនុស្សប្រមាណ ២១០០ លាននាក់ (មាន ១ នាក់ក្នុងចំណោម ៤ នាក់) ពុំទាន់មាន “ទឹកស្អាត” ប្រើបា្រស់។ នៅប្រទេសកម្ពុជា “ការទទួលបានទឹកស្អាតប្រើប្រាស់” ក៏ត្រូវបានរដ្ឋាភិ​បាលចាត់ជាបញ្ហាចម្បងបំផុតមួយផងដែរ។

នៅក្នុងគោលដៅ ១ ក្នុងចំណោមគោលដៅទាំង ១៧ នៃ “គោលដៅអភិវឌ្ឍចិរភាព (SDGs)” ដែលកំណត់ដោយអង្គការសហប្រជាជាតិបានលើកឡើងថា “នឹងផ្តល់ទឹកស្អាត និងបង្គន់អនាម័យនៅទូទាំងពិភពលោក”។ នៅក្នុង “ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍថ្នាក់ជាតិ ( National Strategic Development Plan ) ” នៃប្រទេសកម្ពុជា បានចាប់ផ្តើមការផ្តួចផ្តើមសំដៅសម្រេច SDGs ដោយលើកឡើងនូវការលើកកម្ពស់ថ្នាក់ជាតិនៃការផ្គត់ផ្គង់ទឹកស្អាត។

ការផ្តួចផ្តើមដំបូងនេះ ត្រូវបានផ្តោតអារម្មណ៍លើទឹកនៅទីក្រុងភ្នំពេញ។ ការសម្រេចបាននូវ “ទឹកស្អាតទីក្រុងភ្នំពេញ” ត្រូវបានគេហៅថា “អច្ឆរិយក្រុងភ្នំពេញ” នោះ ត្រូវបានសម្រេចគោលដៅដោយឆ្លងកាត់ការខិតខំប្រឹងប្រែងដ៏លំបាកផ្សេងៗ។ នោះជាលទ្ធផលនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធដោយជំនួយអន្តរជាតិ និងការសហប្រតិបត្តិការជាង ២០ ឆ្នាំនៃមន្ទីរទឹកស្អាតនៃក្រុង Kitakyushu ។ ជាងនេះទៅទៀត  សមិទ្ធផលនោះកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងឡាយ បំរើការទាក់ទងទៅនឹងការងារទឹកស្អាតកម្ពុជាដែលពាក់ព័ន្ធផងដែរ។​ ឯកឧត្តម ឯក សុនចាន់ ដែលជាអតីតប្រធាននៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ដែលបានបង្កើតប្រវត្តិការងារនោះបានទទួល “ពានរង្វាន់ រ៉ាមុន ម៉ាកសេយសេយ” ដែលជាពានរង្វាន់ណូបែលប្រចាំអាស៊ីនៅឆ្នាំ ២០០៦ ។ ម្យ៉ាងទៀត PPWSA ក៏ត្រូវបានជ្រើសរើសជា “ពានរង្វាន់ឧស្សាហកម្មទឹកស្អាត” ដែលជារង្វាន់ផ្តួចផ្តើមការគ្រប់គ្រងទឹកដ៏ប៉ិនប្រសប់នៅលើពិភពលោកក្នុងឆ្នាំ២០១០។

ទំនាក់ទំនងប្រវត្តិសាស្រ្តទឹកស្អាតនៅប្រទេសកម្ពុជា

ស្ថានភាពរទេះដឹកធុងទឹក

នៅឆ្នាំ១៩៩៣ ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការនៃស្តារឡើងវិញនូវការអភិវឌ្ឍ បន្ទាប់ពីបានឆ្លងកាត់សង្រ្គាមស៊ីវិលអូសបន្លាយជាយូរ។ ពេលនោះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទត្រូវបានបំផ្លាញ ហើយទឹកស្អាតដែលជាអាយុជីវិតនៃមនុស្សទូទៅក៏ទទួលការរងខូចខាតជាខ្លាំងផងដែរ។ ការផ្គត់ផ្គង់ទឹកស្អាតពីស្ថានីយចម្រោះទឹកស្អាត ភូមិព្រែក នៅទីក្រុងភ្នំពេញ មានត្រឹមតែ ៤០% ដោយ ១ ថ្ងៃផ្គត់ផ្គង់បានត្រឹមតែ ១០ ម៉ោងប៉ុណ្ណោះ ហើយបំពង់បង្ហូរទឹកក៏ចាស់រេចរិលផងដែរ។

មានទឹកល្អក់ចេញពីបំពង់បង្ហូរទឹកដែលធ្វើ​ឱ្យសំលៀកបំពាក់ឡើងពណ៌ល្អក់បន្ទាប់ពីបោកគក់ហើយ។ នៅតំបន់ដែលពុំ​មានទឹកស្អាតប្រើប្រាស់វិញ មានរទេះដឹកធុងទឹកធំៗរុញដោយក្មេងនិងមនុស្សជំទង់ដើម្បីយកមកប្រើប្រាស់។ ពួកគាត់យកទឹកដែលដឹកនោះមកចាក់បំពេញពាងទឹក ឬអាងស្តុកទឹកដែលនៅមុខផ្ទះរបស់ខ្លួន ហើយប្រើប្រាស់ទឹកនោះដោយសន្សំសំចៃ ក្នុងការបោកសំលៀកបំពាក់ លាងចានឆ្នាំង និងទុកមុជជាដើម។ ក្នុងនោះដែរ ក៏មានអ្នកខ្លះលួចភ្ជាប់បំពង់បង្ហូរទឹកពីបំពង់បង្ហូរទឹករដ្ឋមកប្រើប្រាស់ក៏មានផងដែរ។ យើងបានឃើញពីស្ថានភាពកង្វះទឹកប្រើប្រាស់ជាប្រចាំបែបនោះនៅប្រទេសកម្ពុជា។

ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពបែបនេះ រដ្ឋាភិបាលប្រទេសជប៉ុននិងបារាំង ធានាគារពិភពលោក និងធានាគារអភិវឌ្ឍអាស៊ីជាដើម បានចាប់ផ្តើមជំនួយស្តារឡើងវិញនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។ មានការចាប់ផ្តើមនូវការជួលជុលជាបន្ទាន់នូវស្ថានីយចម្រោះទឹកស្អាត ភូមិព្រែក ការដ្ឋានសំណង់កែប្រែថ្មីនៃបំពង់ទឹកស្អាត ហើយរួមជាមួយគ្នានោះ ក៏មានភាពចាំបាច់នៃការបង្កើតនូវប្រព័ន្ធគ្រប់គ្រងអាគារទាំងនោះ និងធនធានមនុស្សសម្រាប់រក្សា និងគ្រប់គ្រងផងដែរ។

រោងចក្រទឹកស្អាត ភូមិព្រែក បន្ទាប់ពីជួសជុលហើយ

តាមតម្រូវការនោះ ក្រុង Kitakyushu ដែលជាអាជ្ញាធរស្វយ័តមួយក្នុងប្រទេសជប៉ុន បានចូលរួមជួយដល់កម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩៩ មកមានការបញ្ជូនបុគ្គលិកជំនាញពីទីក្រុង Kitakyushu មកកាន់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយបានធ្វើការផ្តល់ជំនួយឯកទេសពីជប៉ុន ស្របតាម “តម្រូវការ​​​​​​​​​​​​​” ផ្ទាល់របស់ភាគីកម្ពុជា។

លោក KUBOTA Kazuya កំពុងណែនាំអ្នកឯកទេសកម្ពុជា (រូបស្តាំលើ ថតឆ្នាំ ២០០៦)

លោក KUBOTA Kazuya ជាបុគ្គលិកដំបូងគេដែលបានបញ្ញូនពីមន្ទីរទឹកស្អាតក្រុង Kitakyushu មកកាន់ប្រទេសកម្ពុជា។ បើនិយាយពីប្រទេសកម្ពុជានាពេលនោះ មានតែរូបភាពនៃស្ថានភាព “គ្រោះថ្នាក់” ដូចជា៖ សង្រ្គាម គ្រាប់មីន ជម្ងឺអេដស៍ និងអាវុធជាដើមតែប៉ុណ្ណោះ។ គាត់ជាវីរៈបុរសទឹកស្អាតម្នាក់ដែលបានមកកាន់ប្រទេសកម្ពុជា ដើម្បីជួយផ្តល់និងសាបព្រួសនូវបច្ចេកទេសក្នុងស្ថានភាពដ៏លំបាក និងគ្រោះថ្នាក់បែបនោះ។ ដោយក្តីរំភើបជាមួយនឹងភាពមោះមុតរបស់យុវជនទឹកស្អាតកម្ពុជាទាំងនោះដែលមានបំណង “ចង់ផ្តល់ទឹកស្អាតជូនដល់ប្រជាជនកម្ពុជាគ្រប់រូប” លោក Kazuya បានតស៊ូរស់នៅជាមួយនឹងជីវភាពនៅក្នុងប្រទេសកម្ពុជា ដែលមានភាសា របៀបរបបរស់នៅនិងធ្វើការ ខុសពីប្រទេសជប៉ុន។

អ្នកអាចចូលមើលលេខបន្ទាប់ ដែលនិយាយពីការណែនាំស្តីពី ការងារអ្វីខ្លះដែលក្រុង Kitakyushu បានធ្វើពិតប្រាកដនៅប្រទេសកម្ពុជា

គោលដៅអភិវឌ្ឍចិរភាព SDGs (Sustainable Development Goals)

ជាការអនុវត្តន៍បន្តនៃគោលដៅអភិវឌ្ឍសហសវត្សន៍ដែលត្រូវបានកំណត់នៅឆ្នាំ២០០១ ហើយត្រូវបានចុះផ្សាយជា “របៀបវារៈឆ្នាំ២០៣០ ដើម្បីការអភិ​​វឌ្ឍចិរភាព” ដែលត្រូវបានសម្រេចជ្រើសរើសនៅឯកិច្ចប្រជុំសហប្រជាជាតិនៅខែកញ្ញា ឆ្នាំ២០១៥។ វា​មានរចនាសម្ព័ន្ធពីគោលដៅចំនួន​ ១៧ និង ទិសដៅចំនួន ១៦៩ ដើម្បីសម្រេចបាននូវការអភិវឌ្ឍចិរភាព ដោយសច្ចាថានឹងមិនបោះបង់ចោលនូវជនណាម្នាក់ឡើយ។ SDGs មិនត្រឹមតែនៅប្រទេសកំពុងអភិវឌ្ឍប៉ុណ្ណោះទេ វាជាការផ្តួចផ្តើមសកលនៃបណ្តាប្រទេសអភិវឌ្ឍជឿនលឿន ហើយប្រទេសជប៉ុនក៏ចូលរួមយ៉ាងសកម្មនៅក្នុងការផ្តួចផ្តើមនេះផងដែរ។(ពីគេហទំព័ររបស់ក្រសួងការបរទេសជប៉ុន)

“អច្ឆរិយក្រុងភ្នំពេញ”

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) បានធ្វើឱ្យប្រសើឡើងយ៉ាងឆាប់រហ័សនូវ “កម្រិតចំណុះបរិមាណទឹកពុំបង់ប្រាក់”​ (ជាចំនួនភាគរយនៃចំណុះទឹកដែលពុំអាចប្រមូលប្រាក់ ដោយសារការលេចធ្លាយទឹកជាដើមនៅពេលចែកចាយ) នៅក្រោយការបញ្ចប់សង្រ្គាមស៊ីវិលពី ៧២% (១៩៩៣) មកត្រឹម ៨% (២០០៣) ហើយនៅខែឧសភា ឆ្នាំ២០០៥ បានធ្វើការប្រកាសថា “ទឹកដែលអាចញុំាបាន” ដោយអាចឱ្យប្រជាពលរដ្ឋពិសាទឹកស្អាតបានផ្ទាល់ចេញពីក្បាលរ៉ូប៊ីណេទឹកដែលពួកគាត់ប្រើប្រាស់។ “អច្ឆរិយនៃទីក្រុងភ្នំពេញ” ត្រូវបានកោតសរសើរដោយលទ្ធផលដ៏គួរ​ឱ្យភ្ញាក់ផ្អើលនោះ។ សមិទ្ធផលដ៏អស្ចារ្យនេះ កើតឡើងដោយការសហការនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងជំនួយបរទេសពីប្រទេសដូចជា៖ ជប៉ុននិងបារាំងជាដើម​ អស់រយៈពេលជាង ១០ ឆ្នាំ ហើយត្រូវបានបោះពុម្ពនៅក្នុងសៀវភៅផ្សព្វផ្សាយលេខ ១៣ នៃ “ប្រវត្តិសាស្រ្តនៃគម្រោង” របស់ JICA ស្តីពី “អច្ឆរិយនៃក្រុងភ្នំពេញ  កំណែទម្រង់ទឹកស្អាតនៅកម្ពុជាដែលនាំឱ្យពិភពលោកភ្ញាក់ផ្អើល”។

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No.37 លេខពិសេស】




【NyoNyum Khmer No.37】

Let's like it!

We will send you the latest information