គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Khmer > Life > Report from Japan > សូមស្វែងរកការប្រលងអាហារូបករណ៍ដើម្បីបន្តការសិក្សានៅជប៉ុន

សូមស្វែងរកការប្រលងអាហារូបករណ៍ដើម្បីបន្តការសិក្សានៅជប៉ុន

អ្នកស្រី ផល នីវៀរ៉ា អាយុ ២៩ ឆ្នាំ ជាមន្រ្តីរាជការនៃសាលាខេត្តកំពង់ឆ្នាំង និងជានិស្សិតកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី ២ ផ្នែកគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យម៉ីជី (Meiji) ដែលស្ថិតនៅចំកណ្តាលទីក្រុងតូក្យូប្រទេសជប៉ុន ក្រោមរបបអាហារូបករណ៍ជំនួយពីរដ្ឋាភិបាលជប៉ុនឈ្មោះថា The Project for Human Resource DevelopmentScholarship by Japanese Grant Aid (JDS)។ អ្នកស្រីបានប្រាប់ទស្សនាវដ្តីញញឹមខ្មែរ អំពីការប្រលងយកអាហាររូបករណ៍ JDS នេះ និងជីវភាពជានិស្សិតស្រាវជ្រាវកំពុងរស់នៅទីក្រុងតូក្យូដូចតទៅ។

  • ដំណើរការដាក់ពាក្យសុំអាហារូបកណ៍ JDS សិក្សានៅប្រទេសជប៉ុន

ជាបឋមបេក្ខជនត្រូវបំពេញពាក្យសុំអាហារូបករណ៍ឱ្យបានត្រឹមត្រូវ ហើយដាក់ពាក្យនៅ JICE JDS Project Office Cambodia។ អាហារូបករណ៍នេះ គឺតែងតែធ្វើការផ្សព្វផ្សាយនិងទទួលពាក្យចាប់ពីដើមខែសីហា រហូតដល់សប្តាហ៍ទីមួយនៃខែតុលាជារៀងរាល់ឆ្នាំ តាមរយៈវេបសាយ https://jdsscholarship.org/country/cambodia/ ឬអាចទៅកាន់ការិយាល័យរបស់ JICE JDS Project Office Cambodia ដោយផ្ទាល់។ ក្រោយមកនឹងមានការជូនដំណឹងអោយបេក្ខជនមកធ្វើតេស្តភាសាអង់គ្លេស និងគណិតវិទ្យា (ការធ្វើតេស្តមុខវិជ្ជាគណិតវិទ្យាគឺមានតាមសាលាមួយចំនួនដែលតម្រូវអោយធ្វើតែប៉ុណ្ណោះ)។ បន្ទាប់ពីធ្វើតេស្តភាសាអង់គ្លេស និងគណិតវិទ្យាជាប់ រាល់សំណុំឯកសាររបស់បេក្ខជន ត្រូវបានផ្ញើទៅកាន់សាកលវិទ្យាល័យប្រទេសជប៉ុន ដើម្បីធ្វើការសម្រិតសម្រាំងដោយផ្តោតលើគម្រោងស្រាវជ្រាវ (research proposal)ដែលបេក្ខជនបានដាក់ភ្ជាប់ជាមួយការដាក់ពាក្យស្នើសុំ។បន្ទាប់មក នឹងមានការណាត់ជួបបេក្ខជនដែលបានជាប់វគ្គដំបូង (basic check) ដើម្បីធ្វើតេស្តសុខភាពនៅមន្ទីរពេទ្យដែលបានរៀបចំដោយខាងអាហារូបករណ៍។ ពេលជាប់វគ្គពិនិត្យសុខភាពហើយ បេក្ខជនត្រូវបានណាត់អោយមកធ្វើការសម្ភាសន៍ (technical interview) ដោយផ្ទាល់ពីសំណាក់សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យជប៉ុន ដើម្បីធ្វើការសិក្សាស្វែងយល់ស៊ីជម្រៅលើគម្រោងស្រាវជ្រាវរបស់បេក្ខជន។ បន្ទាប់ពីជាប់ក្នុងវគ្គនេះរួចមក បេក្ខជនត្រូវឆ្លងកាត់ការសម្ភាសន៍កម្រិតយល់ដឹងទូទៅ (comprehensive interview) ជាមួយគណៈកម្មាធិការអាហារូបករណ៍។ ជាចុងក្រោយ នឹងមានការជូនដំណឹងដល់បេក្ខជនដែលបានជាប់ជាស្ថាពរ ដើម្បីត្រៀមទៅសិក្សានៅប្រទេសជប៉ុន។

  • លក្ខណៈពិសេសរបស់សាកលវិទ្យាល័យ Meiji សម្រាប់និស្សិតស្រាវជ្រាវថ្នាក់អនុបណ្ឌិត

និស្សិតស្រាវជ្រាវអាចជ្រើសរើសមុខវិជ្ជាសិក្សារហូតដល់ ២០ មុខវិជ្ជាស្មើនឹង ៤០ ក្រេឌីត ឬអាចច្រើនជាងនេះពីក្នុងកម្មវិធីសិក្សា។ មុខវិជ្ជាដែលនាងខ្ញុំជ្រើសរើសគឺភាគច្រើនទាក់ទងនឹងការស្រាវជ្រាវផ្ទាល់ខ្លួន ដោយផ្តោតលើវិស័យរដ្ឋ។ ទន្ទឹមនឹងការសិក្សាស្រាវជ្រាវក្នុងថ្នាក់ ក៏មានការចុះធ្វើកម្មសិក្សានៅស្ថាប័នរដ្ឋរបស់ជប៉ុន និងទៅកាន់តំបន់មួយចំនួន ដើម្បីស្វែងយល់ពីវប្បធម៌និងការរស់នៅរបស់ជនជាតិជប៉ុនអោយបានកាន់តែស៊ីជម្រៅ។ លើសពីនេះទៀត មានការបង្រៀនថ្នាក់ពិសេស (special lectures) ដោយមន្រ្តីរាជការជាន់ខ្ពស់រដ្ឋាភិបាលសាស្រ្តាចារ្យនិងមន្រ្តីរាជការពីបរទេសដែលមានបទពិសោធន៍ដើម្បីធ្វើអោយនិស្សិតស្វែងយល់បានកាន់តែទូលំទូលាយលើមុខជំនាញដែលពាក់ព័ន្ធ។ នៅក្នុងកម្មវិធីសិក្សាក៏មានថ្នាក់ភាសាជប៉ុន សម្រាប់និស្សិតស្រាវជ្រាវជាជនបរទេស សិក្សាស្វែងយល់អំពីវប្បធម៌ ការរស់នៅ និងការប្រាស្រ័យទាក់ទងផ្សេងៗ ក៏ដូចជាធ្វើការផ្លាស់ប្តូរនិងចែករំលែកនូវបទពិសោធន៏របស់ខ្លួនជាមួយសហគមន៍ជប៉ុន។ ជាមួយគ្នានេះ សាកលវិទ្យាល័យមានបំពាក់បរិក្ខាទំនើបៗ និងមានបន្ទប់សម្រាប់និស្សិតសិក្សាយ៉ាងងាយស្រួលស្អាត និងមានផាសុកភាពផងដែរ។

ជាមួយសិស្សប្អូនខ្មែរនៅ Showakinen Park

  • ចំនុចប្រឈមមួយចំនួនចំពោះការសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យជប៉ុន

ការសិក្សានៅក្នុងឆ្នាំទីមួយមានភាពលំបាកបន្តិច ព្រោះនាងខ្ញុំត្រូវជ្រើសរើសមុខវិជ្ជាសិក្សាច្រើន ដើម្បីទុកពេលអោយគ្រប់គ្រាន់នៅឆ្នាំទីពីរ សម្រាប់សរសេរនិក្ខេបបទស្រាវជ្រាវរបស់ខ្លួន។ ចំពោះថ្នាក់នីមួយៗ គឺតម្រូវអោយមានការធ្វើបទបង្ហាញទាក់ទងនឹងមេរៀនយ៉ាងតិចបំផុតមួយដង និងតម្រូវអោយមានការចូលរួមផ្តល់មតិយោបល់នៅក្នុងថ្នាក់ស្ទើរតែគ្រប់ពេល។ ដូច្នេះ នាងខ្ញុំត្រូវធ្វើការអានជាច្រើនមុនពេលថ្នាក់ចាប់ផ្តើមជារៀងរាល់ថ្ងៃដើម្បីធ្វើការស្វែងយល់ពីគំនិតខ្លះៗសម្រាប់វិភាគ និងចែករំលែកនៅក្នុងថ្នាក់។ នៅចុងបញ្ចប់នៃថ្នាក់នីមួយៗ និស្សិតត្រូវសរសេររបាយការណ៍មួយឆ្លើយតបនឹងសំណួរដែលសាស្រា្តចារ្យបានដាក់អោយ។

  • ការប្រាស្រ័យទាក់ទងជាមួយនិស្សិតស្រាវជ្រាវដទៃទៀត

ពួកយើងមានទំនាក់ទំនងល្អជាមួយនិស្សិតដទៃ។ យើងខ្ញុំចូលចិត្តពិភាក្សាគ្នារាល់ពេលទំនេរពីថ្នាក់រៀន អំពីបញ្ហាផ្សេងៗទៀតផងដែរ។ នាងខ្ញុំក៏ធ្លាប់បានរៀនថ្នាក់ខ្លះជាមួយនិស្សិតជប៉ុនដែរឃើញថាពួកគាត់សុទ្ធតែមានចំណេះដឹងជ្រៅជ្រះ មានការវិភាគល្អ (critical thinking) ក៏ប៉ុន្តែពួកគាត់នៅមានភាពអៀនប្រៀនបន្តិចចំពោះនិស្សិតបរទេស។

  • ការរស់នៅក្នុងប្រទេសជប៉ុន

ចំពោះការរស់នៅសព្វថ្ងៃវិញគឺពុំមានបញ្ហាអ្វីឡើយ ហើយមានសុវត្ថិភាពណាស់។ ការធ្វើដំណើរនៅតូក្យូគឺងាយស្រួល និងមានសុវត្ថិភាពទោះជានៅពេលយប់ក៏ដោយ។ បរិស្ថាននៅជុំវិញខ្លួនគឺស្អាតគ្រប់ពេល ហើយម្ហូបអាហារគឺមានអនាម័យ ងាយស្រួលក្នុងការរកទិញនិងចម្អិន។ បន្ទប់ទឹកមានស្ទើរតែគ្រប់ទីកន្លែងនិងមានអនាម័យស្អាតត្រឹមត្រូវ។ ចំពោះមន្រ្តីរាជការដែលធ្វើការនៅសាលាក្រុងវិញគឺមានភាពរួសរាយរាក់ទាក់ និងជួយសម្របសម្រួលដល់ជនបរទេសបានច្រើន ទាំងបញ្ហាការស្នាក់នៅនិងការចោលសម្រាមជាដើម។ ចំណែកប្រជាជនជប៉ុនវិញ ខ្ញុំគិតថាអ្នករស់នៅទីក្រុងតូក្យូ ពួកគាត់មិនសូវជារួសរាយរាក់ទាក់ជាមួយជនបរទេសទេ (not so friendly) ប៉ុន្តែអ្នកដែលរស់នៅជាយទីក្រុងឬតាមខេត្តផ្សេងៗវិញ ពិសេសមនុស្សចាស់ៗគឺរួសរាយរាក់ទាក់ណាស់។ ខ្ញុំសង្កេតឃើញថាជនជាតិជប៉ុនឧស្សាហ៍ព្យាយាម ធ្វើការប្រកបដោយភាពផ្ចិតផ្ចង់ និងយកចិត្តទុកដាក់ខ្ពស់បំផុត គិតចាប់តាំងពីអ្នកបោសសម្អាតឡើងទៅ។ ខ្ញុំធ្លាប់បានទៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ប៉ុន្តែប្រទេសជប៉ុនគឺជាប្រទេសមួយ ដែលគួរអោយចង់រស់នៅជាទីបំផុតបន្ទាប់ពីកម្ពុជា។ នាងខ្ញុំពិតជាស្រលាញ់ប្រទេសនេះខ្លាំងណាស់។

  • គោលបំណងនៅថ្ងៃអនាគតនិងពាក្យពេជន៍ផ្តាំផ្ញើដល់និស្សិតខ្មែរ

នាងខ្ញុំសង្ឃឹមថាការស្រាវជ្រាវរបស់នាងខ្ញុំ អាចផ្តល់ជាការចែករំលែកមួយសម្រាប់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដើម្បីស្វែងយល់បន្ថែមនិងជ្រើសរើសឥរិយាបទដ៏ត្រឹមត្រូវ សម្រាប់ដឹកនាំមន្រ្តីរាជការអោយបំពេញការងារបានពេញលេញនិងអស់ពីសមត្ថភាពក្នុងគោលបំណងកាត់បន្ថយការទិតៀនចំពោះបុគ្គលិករដ្ឋពីសំណាក់ប្រជាពលរដ្ឋ។ ជាពិសេស នាងខ្ញុំសង្ឃឹមថា ការស្រាវជ្រាវនេះអាចជាការរួមចំណែកមួយ សម្រាប់ជួយបន្ថែមនូវគុណភាពក្នុងការផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរ។ ជាចុងបញ្ចប់ នាងខ្ញុំសំណូមពរអោយបងប្អូនសិស្សនិស្សិតយើងនៅប្រទេសកម្ពុជាទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រ និងអានសៀវភៅអោយបានច្រើន។ និស្សិតខ្មែរគួរតែព្យាយាមសាកល្បងស្វែងរកអាហារូបករណ៏ ហើយធ្វើតេស្តសមត្ថភាពរបស់ខ្លួនដើម្បីចាប់យកឱកាសមកសិក្សានៅប្រទេសជប៉ុន ឬនៅប្រទេសរីកចំរើនដ៏ទៃទៀត ក្នុងការអភិវឌ្ឍចំណេះដឹងបន្ថែម និងធ្វើអោយខ្លួនមើលឃើញពិភពលោកបានកាន់តែទូលំទូលាយ និងបង្កើតទំនាក់ទំនងច្រើន ព្រមទាំងមានការស្រលាញ់ជាតិខ្លួនកាន់តែខ្លាំង៕

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 39】










Let's like it!

We will send you the latest information