គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Khmer > Column > NyoNyum Khmer > តើនិយោជកយល់ឃើញបែបណាចំពោះ របបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នេះ?

តើនិយោជកយល់ឃើញបែបណាចំពោះ របបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នេះ?

បេឡាជាតិរបបសន្តិសុខសង្គមត្រូវបានបង្កើតឡើងសម្រាប់កម្មករ និងមន្ត្រីរាជការបំរើការងារនៅក្រោមច្បាប់ការងារកម្ពុជា។ សហគ្រាសមានតួនាទីចុះឈ្មោះសមាជិករបស់ខ្លួនចូលជាសមាជិកនៃ ប.ស.ស. តាមការណែនាំរបស់ក្រសួងការងារ។ យើងបានសាកសួរ អ្នកស្រី សេក មុំ ដែលជាតំណាងនៃក្រុមហ៊ុនបណ្តុះបណ្តាលធនធានមនុស្ស អាយ អាយ អេស ខមភេនី អិលធីឌី នៅទីក្រុងភ្នំពេញ អំពីស្ថានភាពជាក់ស្តែងនៃការប្រើប្រាស់ប័ណ្ណ ប.ស.ស. ។

Q: តើក្រុមហ៊ុន អាយអាយអេស គឺជាក្រុមហ៊ុនអ្វី? ហើយក្រុមហ៊ុនបានចុះឈ្មោះនិយោជិករបស់ខ្លួនជាសមាជិកនៃបេឡាជាតិសន្តិសុខសង្គមពីពេលណាមក? តើក្រុមហ៊ុនគិតយ៉ាងណាចំពោះរបបធានារ៉ាប់រងសង្គមមួយនេះ?

អាយអាយអេស គឺជាក្រុមហ៊ុនបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ដើម្បីបញ្ជូនពលករកម្ពុជាទៅបំរើការងារនៅក្រៅប្រទេស ដែលមានដូចជា៖ ជប៉ុន និងកូរ៉េខាងត្បូងជាដើម។ ចាប់តាំងពីឆ្នាំដែលរដ្ឋាភិបាលបានដាក់ចេញនិងអនុវត្តប្រព័ន្ធបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សម្រាប់ក្រុមហ៊ុនឯកជន(នៅឆ្នាំ ២០១៧?)មក ក្រុមហ៊ុនរបស់យើងខ្ញុំបានចុះបញ្ជីនិយោជិករបស់ខ្លួនជាសមាជិកភាពរបស់ ប.ស.ស. តាំងពីពេលនោះមក។ នៅពេលនោះមាននិយោជិកប្រហែល ២០ នាក់បានចុះឈ្មោះ។ ក្រុមហ៊ុនទទួលបន្ទុកចំណាយក្នុងការចុះឈ្មោះសម្រាប់ ប.ស.ស. ប៉ុន្តែយើងខ្ញុំមិនគិតថាវាជាបន្ទុកធ្ងន់ពេកសម្រាប់ក្រុមហ៊ុននោះទេ ហើយបើក្រឡេកមើលខ្លឹមសារនៃប្រព័ន្ធធានានេះវិញ ឃើញថាវាមានសារៈសំខាន់ណាសសម្រាប់និយោជិក ដូច្នេះយើងខ្ញុំបានគាំទ្រប្រព័ន្ធនេះតាំងពីដំបូងមក។

Q: តើក្រុមហ៊ុនមានឮការរិះគន់ណាមួយពីនិយោជិកដែលបានចុះបញ្ជីទាក់ទងនឹងសេវាកម្មដែលផ្តល់ដោយប្រព័ន្ធនេះទេ?

និយាយពីបញ្ហានៃការប្រើប្រាស់ ប.ស.ស. មិនមានបញ្ហាធំដុំអ្វីទេ។ មកទល់ពេលនេះគឺយើងខ្ញុំមានឮខ្លះៗពីការរើសអើងថា ពេលទៅមន្ទីរពេទ្យ ចំពោះអ្នកជម្ងឺកាន់កាត ប.ស.ស. មិនសូវត្រូវបានគេយកចិត្តទុកដាក់ ដូចអ្នកជំងឺបង់ប្រាក់ធម្មតា។ ទោះជាយ៉ាងណាក៏ដោយនោះគឺជារឿងមួយដែលខ្ញុំបានឮយូរដែរមកហើយ ហើយចាប់តាំងពី ប.ស.ស. បើកអោយមានការចូលរួមសួរសំណួរ និងធ្វើការរិះគន់កែលម្អ នាពេលថ្មីៗនេះ ការរើសអើងនៅក្នុងមន្ទីរពេទ្យចំពោះអ្នកប្រើប្រាស់កាត ប.ស.ស. ក៏ពុំសូវមានដែរ។ ក្នុងចំណោមបុគ្គលិកក្រុមហ៊ុន អាយអាយអេស មានអ្នកមានផ្ទៃពោះនិងបានសំរាលកូនដែរ។ គាត់បាននិយាយថា គាត់បានទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ និងសេវាព្យាបាលមុនពេលសម្រាល និងក្រោយពេលសម្រាលកូនពី ប.ស.ស. ។ ក្រៅពីនេះខ្ញុំមិនធ្លាប់ឮអំពីបញ្ហាអ្វីដែលធ្ងន់ធ្ងរជាងអ្វីដែលខ្ញុំធ្លាប់បានទាំងនេះទេ។

Q: តើ ប.ស.ស. នេះមានគុណសម្បត្តិអ្វីខ្លះសម្រាប់ក្រុមហ៊ុន?

ខ្ញុំគិតថាវាពិតជាល្អណាស់ដែលមានប្រព័ន្ធ ប.ស.ស. នេះ។ មុននឹង ប.ស.ស. នេះត្រូវបានង្កើតឡើង មានករណីខ្លះដែលក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ និងបង់ប្រាក់លើបញ្ហាសុខភាពបុគ្គលិក។ ទោះយ៉ាងណា ប្រព័ន្ធនេះល្អសម្រាប់ក្រុមហ៊ុន ពីព្រោះនិយោជិកអាចទៅមន្ទីរពេទ្យប្រកបដោយក្តីសុខ ដោយមានការធានារាល់សេវាកម្មព្យាបាលដែលមានបញ្ជាក់នៅក្នុងប្រព័ន្ធធានារ៉ាប់រងសុខភាពនិងប្រព័ន្ធធានារ៉ាប់រងគ្រោះថ្នាក់ការងារ ដែលមាននៅក្នុង ប.ស.ស. ។
លើសពីនេះទៅទៀត មណ្ឌលព្យាបាលឯកជន (គ្លីនិក) ដែលជាសមាជិកនៃ ប.ស.ស. មានច្រើននៅក្បែរក្រុមហ៊ុនផងដែរ ដែលធ្វើឱ្យបុគ្គលិកកាន់តែងាយស្រួលក្នុងការទៅមកផងដែរ។

និយាយអីញ្ចឹង និយោជិកហាក់ដូចជាចូលចិត្តទៅមន្ទីរពេទ្យរដ្ឋជាងមណ្ឌលព្យាបាលឯកជនពេលពួកគេឈឺ។ បច្ចុប្បន្ននេះសេវាកម្មនិងឱសថនៃមណ្ឌលព្យាបាលឯកជន ដែលជាដៃគូររបស់ ប.ស.ស.កំពុងត្រូវបានកែលម្អរច្រើន ប៉ុន្តែនៅតែមានមនុស្សជាច្រើនដែលទុកចិត្តមន្ទីរពេទ្យរដ្ឋ។

Q: តើមានអ្វីដែលខ្វះខាតនៅក្នុងប្រព័ន្ធ ប.ស.ស. នេះ ដែលអ្នកមើលឃើញពីភាគីខាងក្រុមហ៊ុន ឬមានអ្វីដែលអ្នកចង់ស្នើសុំពីប្រព័ន្ធនេះទេ?

ចាប់តាំងពីប្រព័ន្ធនេះត្រូវបានអនុវត្តមក ឃើញថាវានៅមានរយៈពេលខ្លីនៅឡើយ ដូច្នេះក្រៅពីស្នើសុំឱ្យរដ្ឋាភិបាលធ្វើអ្វីមួយ យើងខ្ញុំគិតថាគួរតែខិតខំធ្វើការពង្រឹង ឬកែលម្អសេវាកម្មនីមួយៗដែលមានហើយជារឿងចាំបាច់។ ជាពិសេស តាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាងខ្ញុំបានជួប ឃើញថាការប្រើប្រាស់ថ្នាំដែលមានប្រសិទ្ធភាពក្នុងព្យាបាលអ្នកជម្ងឺ គឺនៅមានកម្រិតនៅឡើយ ដូច្នេះនាងខ្ញុំផ្ទាល់ខ្លួនចង់ឃើញការព្យាបាលដោយប្រើប្រាស់ថ្នាំដែលមានគុណភាពអោយបានត្រឹមត្រូវពីខាងមន្ទីរពេទ្យ រួមទាំងការបំបាត់នូវការរើសអើងដែលមានកន្លង។ បេឡាជាតិសន្តិសុខសង្គមនេះគឺជាប្រព័ន្ធធានារ៉ាប់រងសំខាន់មិនត្រឹមតែសម្រាប់សុខភាពរបស់និយោជិកប៉ុណ្ណោះទេប៉ុន្តែវាក៏សំខាន់សម្រាប់ក្រុមហ៊ុនផងដែរ ដូច្នេះយើងខ្ញុំចង់ឃើញរបបនេះមានការរីកចំរើន និងជឿទុកចិត្តច្រើនទៀត ក៏ដូចជាផ្តល់នូវផលប្រយោជន៍ច្រើនពីអ្នកប្រើប្រាស់ ដែលជានិយោជិកទៅថ្ងៃអនាគត។
យើងខ្ញុំសង្ឃឹមថាអគ្គនាយកដ្ឋានបេឡាជាតិសន្តិសុខសង្គមនឹងខិតខំធ្វើការងារនេះឱ្យអស់ពីសមត្ថភាពរបស់ខ្លួន៕

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 42】

Let's like it!

We will send you the latest information