គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > Khmer > Column > NyoNyum Khmer > សិល្បកររបាំជប៉ុនរស់នៅកម្ពុជា (អ្នកស្រី Koyama Ryoko)【Special4】

សិល្បកររបាំជប៉ុនរស់នៅកម្ពុជា (អ្នកស្រី Koyama Ryoko)【Special4】

បច្ចុប្បន្នមានជនជាតិជប៉ុនជាច្រើនបានមករស់នៅក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើជំនួញ បំរើការងារនៅតាមបណ្តារក្រុមហ៊ុន និងអង្គការនានា។ នៅក្នុងនោះក៏មានសិល្ប់ករដែលជាអ្នករាំរបាំផងដែរ។ ពួកគាត់មកក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ ពីវប្បធម៌ជប៉ុនអោយជនជាតិខ្មែរបានដឹង និងបានទស្សនានូវទស្សនីយភាពដែលមានភាពខុសប្លែក ពីសិល្បៈខ្មែរ។ ទស្សនាវដ្តីញញឹមខ្មែរនឹងធ្វើការណែនាំនូវសិល្បកររបាំជប៉ុន ២រូប ដែលកំពុងរស់នៅ និងធ្វើការសម្តែងពីរបាំប្រពៃណីជប៉ុននៅកម្ពុជាជូនប្រិយមិត្តអ្នកអានដូចតទៅ។

សិល្បករជប៉ុនសម្តែងរបាំនៅកម្ពុជា

ការសម្តែងរបាំសហម័យជប៉ុន Izanai នៅប្រទេសកម្ពុជា

អ្នកស្រី KOYAMA Ryoko

អ្នកស្រី KOYAMA Ryoko ជាសិល្បកររបាំសហសម័យជប៉ុនម្នាក់ដែលកំពុងរស់នៅប្រទេសកម្ពុជា រយៈពេលជាង ៧ ឆ្នាំមកហើយ។ អ្នកស្រីមកកម្ពុជាជាលើកដំបូងនៅឆ្នាំ ២០១៣  អ្នកស្រីបានចាប់អារម្មណ៍ចំពោះការរស់នៅទីនេះយ៉ាងខ្លាំង ទើបបន្តិចក្រោយមកអ្នកស្រីបានសម្រេចចិត្តមករស់នៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាអ្នករបាំ Yosakoi ដែលអ្នកស្រីបានរៀនកាលពី ១៣ ឆ្នាំមុននៅប្រទេសជប៉ុន អ្នកស្រីបានរាំរបាំនេះជាទម្រង់សហសម័យជប៉ុនដែលមានឈ្មោះថា Izanai នៅក្នុងកម្មវិធីបើកសម្ភោធហាងការហ្វេមួយក្នុងទីក្រុងភ្នំពេញកាលពី ៣ ឆ្នាំមុន ដែលវាជាការសំដែងលើកដំបូងបំផុតក្នុងប្រទេសកម្ពុជា។ ដោយមានការចាប់អារម្មណ៍ពីសំណាក់អ្នកទស្សនាជនជាតិខ្មែរនិងជនជាតិជប៉ុន ក្រោយមកអ្នកស្រីត្រូវបានគេហៅសម្តែងនៅក្នុងពិធីផ្សេងៗដូចជា កម្មវិធីសម្តែងនៅភោជនីយដ្ឋានអាហារជប៉ុន ក៏ដូចជានៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន(CJCC) ជាដើម។ អ្នកស្រីក៏ជាអ្នកបង្ហាត់របាំ Izanai នៅក្នុងកម្មវិធី Kizuna Festival នៅ CJCC ផងដែរ។

អ្នកស្រី KOYAMA Ryoko

 តើអ្វីទៅជារបាំសហសម័យ Izanai ?

របាំ Izanai ជាទម្រង់របាំសហសម័យដែលបានក្លាយមកពីរបាំ Yosakoi ជប៉ុន ដែលបង្ហាញពីភាពក្លៀវក្លារបស់ជនជាតិជប៉ុន តាមរយៈក្បាច់រាំ បទភ្លេង សម្លៀកបំពាក់ និងការផាត់មុខបែបជប៉ុន ជាពិសេសការបញ្ចេញនូវថាមពលនៃរបាំនេះ។ របាំ Yosakoi ជារបាំបែបប្រជាប្រិយជប៉ុនដែលមានដើមកំណើតមកពីខេត្ត Ko­chi ស្ថិតនៅបែកខាងលិចនៃប្រទេសជប៉ុន។ ដោយសារតែរបាំ Izanai នេះជាទម្រង់របាំសហសម័យ ដូច្នេះគេអាចកែច្នៃទម្រង់របាំនេះឱ្យស្របតាមភ្លេង សម្លៀកបំពាក់ និងការតុបតែងដើម្បីឱ្យត្រូវនឹងតម្រូវការនៃស្ថានភាពនៃពិធីដែលត្រូវសម្តែងនីមួយៗនោះ។ ជាទូទៅរបាំនេះបង្ហាញពីភាពស្វាហាប់និងក្លៀវក្លាដែលខុសប្លែកពីរបាំជប៉ុនផ្សេងៗមួយចំនួន។

របាំ Izanai នេះ មានក្បាច់រាំស្វាហាប់ ដែលមានការរួមបញ្ចូលគ្នារវាងចលនារបាំប្រពៃណីជប៉ុន ជាមួយភ្លេងតន្ត្រីបែបបុរាណនិងទំនើប។ ចំណែកឯសម្លៀកបំពាក់នៃរបាំនេះវិញ គេអាចផ្លាស់ប្តូរវាអោយមានភាពខុសប្លែកគ្នា ដោយរក្សាធាតុដើមនៃសម្លៀកបំពាក់ប្រពៃណីជប៉ុន។ ទោះជាយ៉ាងណា អាវ Happi និង Yukata គឺជាសំលៀកបំពាក់លេចធ្លោបំផុតសំរាប់របាំ Yosakoi និង Izanai ក៏ប៉ុន្តែមានអ្នកខ្លះជ្រើសរើសសម្លៀកបំពាក់ដែលផ្អែកលើការតុបតែងបែបប្រពៃណីនិងការពេញនិយមបែបជនជាតិដែលគេនិយមផងដែរ។

ការសម្តែងរបាំ Izanai

ទោះជាមានភាពលំបាកខ្លះៗនៅក្នុងការរៀបចំនូវសម្ភារៈនៅក្នុងការសម្តែងក្តី នៅថ្ងៃអនាគត អ្នកស្រី KOYAMA Ryoko ចង់ឃើញជនជាតិខ្មែរមានការភ្ញាក់ផ្អើលនឹងការសម្តែងរបាំជប៉ុនរបស់គាត់។ អ្នកស្រីក៏ចង់អោយមានជនជាតិខ្មែរចូលរាំកំសាន្តជាមួយគាត់តាមរយៈកម្មវិធីផ្សេងៗ ហើយគាត់ក៏មានគោលបំណងធ្វើការសម្តែងនៅតាមបណ្តារខេត្តនានានៅក្នុងប្រទេសកម្ពុជាផងដែរ។ អ្នកស្រីតែងតែរីករាយនឹងចូលរួមសម្តែងរបាំជប៉ុននៅកម្ពុជា ដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈរបាំជប៉ុនសម្រាប់ប្រជាជនកម្ពុជាទស្សនាកម្សាន្ត៕

សម្រាប់ពត៌មានបន្ថែម ៖

 

【NyoNyum Khmer No.38】










Let's like it!

We will send you the latest information