«ដោយមានការជម្រុញទឹកចិត្តពីលោកឪពុករបស់ខ្ញុំ ខ្ញុំមានបំណងប្រាថ្នាថាចង់ទៅសិក្សាទៅបរទេសតាំងតែនៅតូចមកម្ល៉េះ ជាពិសេសនៅប្រទេសរីកចម្រើនជឿនលឿន។ ខ្ញុំជឿថាមានតែការអប់រំទេទើបអាចឱ្យខ្ញុំគេចផុតពីអនក្ខរកម្ម និងភាពក្រីក្រ ហើយក៏អាចឱ្យខ្ញុំមានលទ្ធភាពជួយដល់គ្រួសារ និងសង្គមជាតិទាំងមូល ព្រោះថានៅក្នុងសង្គមជាតិនីមួយៗ ពលរដ្ឋម្នាក់ៗគឺដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសង្គម ដូចនឹងពំនោលបុរាណខ្មែរលើកឡើងថា “ទំពាំងស្នងឬស្សី” និង “យុវជនគឺជាសរសេរស្តម្ភនៃប្រទេសជាតិ”។» ដោយយល់ឃើញបែបនេះ និងដើម្បីឱ្យខ្លួនក្លាយទៅជាឬស្សីល្អ លោក អ៊ុក សុវណ្ណារ៉ា បានខិតខំប្រឹងរៀន ក្រេបជញ្ជក់ចំណេះដឹង សិក្សាស្រាវជ្រាវ និងស្វែងរកឱកាសចូលរៀននៅសាលាល្អៗ ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួន។
លោក អ៊ុក សុវណ្ណារ៉ា (អាយុ ៣០ ឆ្នាំ) បានបញ្ចប់ការសិក្សានិងទទួលបរិញ្ញាបត្រអប់រំ (Bachelor of Education) ពីវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh) នៅឆ្នាំ ២០១៣ និងសញ្ញាបត្រថ្នាក់វិស្វករជំនាញធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ (Engineer’s degree in Water Resource and Rural Infrastructure) ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Institute of Technology of Cambodia) ឆ្នាំ ២០១៤។ លោកត្រូវបានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជ្រើសរើសឱ្យចូលរួមកម្មវិធី World Youth Meeting នៅសាកលវិទ្យាល័យ Nihon Fukushi University នារដូវក្តៅ និងម្តងទៀតក្នុងកម្មវិធី The Youth-Exchange Project with Asia-Oceania and North America (Kizuna (bond) Project) នារដូវរងារក្នុងឆ្នាំ ២០១២ ដែលនោះគឺជំហានដំបូងនៃការបើកចំហជើងមេឃសម្រាប់រូបលោកចំពោះក្តីសុបិនទៅបន្តការសិក្សានៅក្រៅប្រទេស។ បន្ទាប់ពីដំណើរទស្សនកិច្ចសិក្សារយៈពេលខ្លីទៅប្រទេសជប៉ុនពីរដងរួចមក លោកបានដាក់ពាក្យស្នើសុំនិងទទួលបានអាហារូបករណ៍ ទៅសិក្សានិងសរសសេរនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់វិស្វករនៅសហរដ្ឋអាមេរិក និងបានមកប្រទេសជប៉ុនសម្រាប់សិក្សាថ្នាក់ក្រោយឧត្តមសិក្សា (ថ្នាក់ស្រាវជ្រាវ អនុបណ្ឌិត និងថ្នាក់បណ្ឌិត) កាលពី៦ឆ្នាំមុន។ «តាមរយៈអាហារូបករណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិច (U.S Department of State) ខ្ញុំបានទៅសិក្សាជំនាញវិស្វកម្មបរិស្ថាននៅដឺប៉ាតឺម៉ង់វិស្វកម្មសំណង់ស៊ីវិល និងបរិស្ថាន នៃសាកលវិទ្យាល័យផ្លរីដាហ្គសខស (Florida Gulf Coast University) សហរដ្ឋអាមេរិកនៅឆ្នាំ ២០១៣–២០១៤ ហើយមួយឆ្នាំបន្ទាប់មកតាមរយៈអាហារូបករណ៍របស់ក្រសួងអប់រំជប៉ុន (MEXT) ខ្ញុំបានមកសិក្សានៅដឺប៉ាតឺម៉ង់សំណង់ស៊ីវិល និងបរិស្ថាន នៃវិទ្យស្ថានបច្ចេកវិទ្យាតូក្យូ (Tokyo Institute of Technology) ជានិស្សិតថ្នាក់ស្រាវជ្រាវ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចាប់តាំងពីឆ្នាំ២០១៥មក។»
សព្វថ្ងៃនេះ លោក សុវណ្ណារ៉ា កំពុងសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យាតូក្យូ នៃប្រទេសជប៉ុន លើប្រធានបទទាក់ទងទៅនឹងបរិស្ថានទឹក (Water Environment) នៃបឹងទន្លេសាប ដែលជាគម្រោងសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា ដោយគម្រោងនេះទទួលបានការឧបត្ថមផ្នែកហិរញ្ញវត្ថុពីភ្នាក់ងារបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជប៉ុន (Japan Science and Technology Agency; JST) និងភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុន (Japan International Cooperation Agency) ហៅកាត់ថាចៃកា (JICA)។ ដោយមើលឃើញថា វិស័យអប់រំនៅក្នុងប្រទេសជប៉ុនត្រូវបានទទួលស្គាល់ថាបានផ្ដល់ការអប់រំប្រកបទៅដោយគុណភាពដល់សិស្ស-និស្សិត ហើយសាកលវិទ្យាល័យជប៉ុនមួយចំនួនបានឈរក្នុងតារាងសាកលវិទ្យាល័យលំដាប់ពិភពលោកផងនោះ ទើបជម្រុញឱ្យលោកជ្រើសរើសប្រទេសជប៉ុនសម្រាប់បន្តសិក្សាស្រាវជ្រាវថ្នាក់ក្រោយឧត្តមសិក្សារបស់ខ្លួន។ លោក សុវណ្ណារ៉ា បានលើកឡើងដូច្នេះថា៖ «លក្ខណៈពិសេសនៃការសិក្សាមុខវិជ្ជាវិទ្យាសាស្រ្តកម្រិតក្រោយឧត្តមសិក្សានៅប្រទេសជប៉ុនគឺ នៅទីនេះមានមន្ទីរពិសោធន៍ (experimental lab) សម្រាប់និស្សិតធ្វើការពិសោធគ្រប់គ្រាន់ ហើយទំនើបៗ។ សាកលវិទ្យាល័យក៏មានបន្ទប់ស្រាវជ្រាវរួម (research lab) សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតធ្វើការសិក្សាស្រាវជ្រាវ (ក្រៅពីម៉ោងសិក្សាក្នុងថ្នាក់ ឬម៉ោងពិសោធន៍)។ ការសិក្សាស្រាវជ្រាវនេះ មានគ្រូដឹកនាំបង្គោលមួយរូប (supervisor) ចាំជួយប្រឹក្សាយោបល់ ផ្តល់អនុសាសន៍ (comments or feedback) ជាប្រចាំ (ឧ. ប្រជុំជាក្រុមមួយសប្តាហ៍ ឬពីរសប្តាហ៍ម្តង) និងមានការលើកទឹកចិត្តឱ្យនិស្សិតធ្វើបទបង្ហាញលទ្ធផលនៃការស្រាវជ្រាវ និងពិសោធន៍របស់ខ្លួន នៅតាមសន្និសិទវិទ្យាសាស្ត្រថ្នាក់ជាតិ និងអន្តរជាតិ (local or international conference) ឬបោះពុម្ពផ្សាយលទ្ធផលស្រាវជ្រាវទាំងនោះនៅក្នុងព្រឹត្តប័ត្រស្រាវជ្រាវវិទ្យាសាស្រ្តថ្នាក់ជាតិ និងអន្តរជាតិ (local or international peer-reviewed journal) ផងដែរ។ តាមរយៈគម្រោងស្រាវជ្រាវនេះ ពួកយើងបាននិងកំពុងរៀបចំបោះពុម្ពផ្សាយអត្ថបទវិទ្យាសាស្រ្ត ក៏ដូចជាសៀវភៅបច្ចេកទេស (Technical book) និងសៀវភៅផ្តល់អនុសាសន៍គោលនយោបាយ (Policy Recommendation book) ដែលមិនត្រឹមតែផ្តល់សារប្រយោន៍ដល់សហគមន៍វិទ្យសាស្ត្រ (scientific community) ប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកក្នុងវិស័យសា្រវជ្រាវ និងអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជាផងដែរ ជាពិសេសទៅលើផ្នែកសំខាន់ៗមួយចំនួនរួមមាន៖ សេដ្ឋកិច្ច-សង្គម (socioeconomics), អ៊ីដ្រូឌីណាមិក (hydrodynamics), គីមីសាស្ត្រទឹក (water chemistry), មីក្រូជីវសាស្ត្រ (microbiology), អេកូឡូស៊ី (ecology), អនាម័យ(sanitation) និង ការគ្រប់គ្រង និងអភិបាលកិច្ច (governance and management practices)ជាដើម។»
ប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍឆាប់រហ័សដោយអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ ៧ភាគរយក្នុងរយៈពេលជាងពីរទស្សវត្ស៍មកនេះ។ ដូច្នេះតម្រូវការធនធានមនុស្ស ជាពិសេសផ្នែកវិទ្យសាស្ត្រ និងការស្រាវជ្រាវដើម្បីអភិវឌ្ឍជាតិគឺពុំអាចខ្វះបានឡើយ។ លោក សុវណ្ណារ៉ា បានលើកឡើងពីសារៈសំខាន់នៃការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ក្នុងការចូលរួមអភិវឌ្ឍនៅកម្ពុជាដូចនេះថា៖ «ដើម្បីធ្វើឱ្យការអភិវឌ្ឍមួយមានចីរភាពបានលុះត្រាតែការអភិវឌ្ឍនោះធ្វើឡើងដោយមានការស្រាវជ្រាវ និងវិភាគទុកជាមុនឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ដោយពុំមើលរំលងនូវការថែរក្សាបរិស្ថានធម្មជាតិ សេដ្ឋកិច្ច និងសង្គមបាននោះទេ។ ជាតួយ៉ាង បណ្តាប្រទេសអភិវឌ្ឍជឿនលឿននានា តែងតែយកចិត្តទុកដាក់ជាខ្លាំងទៅលើការសិក្សាស្រាវជ្រាវវិទ្យសាស្ត្រ។ ដូច្នេះការធ្វើគោលនយោបាយអភិវឌ្ឍថ្នាក់ជាតិក្តី និងថ្នាក់តំបន់ក្តី គឺចាំបាច់ត្រូវមានការស្រាវជ្រាវបែបវិទ្យាសាស្រ្តជាគោល (Evidence-based policy)។ ដូចនេះហើយទើបវិទ្យាស្ថានស្រាវជ្រាវនៅទីនេះ ឱ្យតម្លៃខ្លាំងលើការបោះពុម្ពផ្សាយនូវព្រឹត្តប័ត្រស្រាវជ្រាវវិទ្យាសាស្រ្ត ដើម្បីជាជំនួយនិងចូលរួមក្នុងការអភិវឌ្ឍនានាទាំងក្នុង និងក្រៅប្រទេសជប៉ុន ដែលក្នុងនោះមានប្រទេសកម្ពុជាផងដែរ។»
មានបញ្ហាប្រឈមមួយចំនួនដែលនិស្សិតបរទេសគ្រប់រូបត្រូវចេះសម្របសម្រួល និងដោះស្រាយដោយខ្លួនឯង។ «ជាធម្មតាទេ យើងត្រូវឃ្លាតឆ្ងាយពីគ្រួសារ ត្រូវសម្របខ្លួនក្នុងបរិបទនៃការរស់នៅក្នុងសង្គម វប្បធម៌ និងប្រពៃណីថ្មីមួយ និងត្រូវប្រើភាសាទំនាក់ទំនងដែលមិនមែនជារបស់ប្រទេសដើមកំណើតយើង។ ប៉ុន្តែកត្តាទាំងនេះ មិនមែនជាឧបសគ្គធំដុំនោះទេ ព្រោះថាយើងអាចរៀនសម្របខ្លួនទៅនឹងបរិស្ថានរស់នៅថ្មីនោះបន្តិចម្តងៗបាន។» បើនិយាយពីតុល្យភាពរវាងការសិក្សា និងជីវិតប្រចាំថ្ងៃវិញ ការចេះបែងចែកពេលវេលា សម្រាប់ខ្លួន និងក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិក៏ជារឿងមួយសំខាន់ផងដែរ។ លោក សុវណ្ណារ៉ា៖ «ចំពោះរូបខ្ញុំ ក្រៅពីការសិក្សាស្រាវជ្រាវ ខ្ញុំតែងចំណាយពេលវេលាចុងសប្តាហ៍ជួបជុំមិត្តភក្តិជនជាតិខ្មែរ ញុំាកាហ្វេ ធ្វើម្ហូប ជជែកកំសាន្ត ឬក៏ដើរកំសាន្តតាមតំបន់ទេសចរណ៍នានាក្នុងប្រទេសជប៉ុន។ ក្រៅពីនេះ ខ្ញុំក៏ចូលរួមការងារស្ម័គ្រចិត្ត និងចូលរួមកម្មវិធីស្នាក់នៅជាមួយគ្រួសារជនជាតិជប៉ុនផងដែរ ដើម្បីយល់កាន់តែច្បាស់ពីការរស់នៅរបស់ជនជាតិជប៉ុន។ ដូច្នេះការកំសាន្តទាំងនេះ បានជួយឱ្យខ្ញុំងាកចេញពីការមមារញឹកជាមួយនឹងការសិក្សា ដើម្បីបន្ធូរអារម្មណ៍ និងសិក្សាពីអ្វីដែលថ្មី។»
ឆ្លងកាត់តាមបទពិសោធន៍រស់នៅ និងសិក្សានៅក្នុងប្រទេសជប៉ុនអស់រយៈពេលជាង ៦ឆ្នាំកន្លងមកនេះ លោក សុវណ្ណារ៉ា បានសង្កេតឃើញថា ប្រជាជនជប៉ុនមានភាពហ្មត់ចត់ក្នុងការងារ មានទំនួលខុសត្រូវខ្ពស់ និងធ្វើការងារអស់ពីកំលាំងកាយចិត្ត ដោយមិនងាយចុះចាញ់នឹងឧបសគ្គ។ វប្បធម៌សមូលហភាព (ការចេះសហការណ៍គ្នាឱ្យបានល្អ) និងការគោរពច្បាប់ និងវិន័យទាំងអស់នេះគឺជាអ្វីដែលខ្មែរយើងគួររៀនតាមពីប្រទេសជប៉ុន។ លោក សុវណ្ណារ៉ា សង្ឃឹមថាបទពិសោធន៍ទាំងនេះនឹងជួយជំរុញទឹកចិត្ត សិស្ស-និស្សិតខ្មែរឱ្យស្រលាញ់មុខវិជ្ជាវិទ្យាសាស្ត្រ និងការស្រាវជ្រាវឱ្យបានកាន់តែច្រើន ហើយលទ្ធផលស្រាវជ្រាវខាងលើនឹងអាច ចូលរួមចំណែកក្នុងការធានានិរន្តរភាពនៃការអភិវឌ្ឍរបស់ប្រទេសយើង។
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 46】
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer