គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ចង្រិតខ្មែរក្នុងទីផ្សារប្រទេសជប៉ុន
(ភាសាខ្មែរ) ចង្រិតខ្មែរក្នុងទីផ្សារប្រទេសជប៉ុន
2021.01.22

ចង្រិតលីងជាអាហារសម្រន់ដ៏ពេញនិយមមួយនៅកម្ពុជា។ បច្ចុប្បន្ន ចង្រិតលីងដែលជាប្រភពប្រូតេអ៊ីនដ៏មានតម្លៃមួយដែរនោះ កំពុងទទួលបាននូវការចាប់អារម្មណ៍ខ្លាំងពីក្រៅប្រទេសផងដែរ។ យើងបានសម្ភាសយុវជនជប៉ុនម្នាក់ដែលចិញ្ចឹម និងកែច្នៃចង្រិតនៅកម្ពុជា ដើម្បីបញ្ជូនទៅលក់ក្នុងទីផ្សារប្រទេសជប៉ុន និងជុំវិញពិភពលោក។

Q: តើអាចប្រាប់យើងខ្ញុំត្រួសៗអំពីសកម្មភាពការងារបច្ចុប្បន្នរបស់ លោកបានទេ?
យើងកំពុងធ្វើការចិញ្ចឹមសត្វចង្រិត និងធ្វើការកែច្នៃជាអាហារប្រូតេអ៊ីនថ្មីមួយសម្រាប់ទីផ្សារ ដោយយកប្រទេសកម្ពុជាមូលដ្ឋាន។ នៅក្នុងប្រទេសកម្ពុជា ជាទូទៅ គេប្រើពន្លឺភ្លើងពណ៌ខៀវ ដើម្បីចាប់ចង្រិត ដែលធ្វើឡើងនៅភាគខាងជើងខេត្តសៀមរាបជាដើម ប៉ុន្តែយើងខ្ញុំពុំប្រើវិធីបែបធម្មជាតិនេះទេ គឺយើងធ្វើការចិញ្ចឹមវា។ យើងចិញ្ចឹមវាតាំងពីញាស់ពីពងដំបូង
ហើយចិញ្ចឹមរហូតដល់ធំ។ នេះជាឆ្នាំទី ២ ហើយ។ ខុសពីសត្វល្អិតដទៃ សត្វចង្រិតគឺជាប្រភេទសត្វល្អិតដែល “ញាស់ពីពង” (សត្វល្អិតមួយចំនួនញាស់ពីពងប្រែជាដង្កូវសិន)។ នេះជាមូលហេតុដែលធ្វើអោយយើងងាយស្រួលក្នុងការចិញ្ចឹមសត្វចង្រិត។
ដោយវាជាការចិញ្ចឹមតាមបែបសិប្បនិម្មិត ដូចនេះយើងត្រូវធ្វើការស្រាវជ្រាវបណ្តើ ដើម្បីធ្វើការចិញ្ចឹម។ យើងកំពុងធ្វើការចិញ្ចឹមសត្វចង្រិតរាប់រយម៉ឺនក្បាល។ តាមពិតទៅ ខ្ញុំបានសិក្សាស្រាវជ្រាវអំពីសត្វចង្រិត នៅប្រទេសជប៉ុនផងដែរ ហើយឥឡូវនេះវាជាឆ្នាំទី ៥ របស់ខ្ញុំហើយ។ ខ្ញុំក៏ធ្លាប់ចិញ្ចឹមសត្វចង្រិតនៅផ្ទះរបស់ខ្ញុំនៅទីក្រុងតូក្យូ កាលនៅជាសិស្សផងដែរ។ ប៉ុន្តែដោយសារនៅផ្ទះ ខ្ញុំអាចចិញ្ចឹមបានចំនួនមានកំណត់គឺត្រឹមតែ ១០០០ក្បាលប៉ុណ្ណោះ (សើច) ។

Q: ហេតុអ្វីបានជាលោកចាប់អារម្មណ៍នឹងសត្វចង្រិត?
កាលខ្ញុំរៀននៅមហាវិទ្យាល័យពាណិជ្ជកម្ម នៃសាកលវិទ្យាល័យវ៉ាសេដា ខ្ញុំបានចូលរួមក្នុងក្លឹបនិស្សិតមួយដែលធ្វើការពិភាក្សាអំពីបញ្ហាអន្តរជាតិមួយចំនួន (បញ្ហាបរិស្ថានភពផែនដី និងបញ្ហាក្រីក្រជាដើម) យកគម្រូតាមអង្គការសហប្រជាជាតិ។ នៅពេលនោះ ខ្ញុំបានចាប់អារម្មណ៍អំពី “សត្វល្អិត” ក្នុងអំឡុងពេលនៃការពិភាក្សាស្តីពីបញ្ហាដោះស្រាយបញ្ហាស្បៀងអាហារ ស្របពេលដែលចំនួនប្រជាជនពិភពលោកកើនឡើងថាតើយើងត្រូវដឹកជញ្ជូនស្បៀងអាហារយ៉ាងដូចម្តេចនោះ។ ក្រោយមក ខ្ញុំបានសាកល្បងញុំាសត្វល្អិតផ្សេងៗ ហើយពិនិត្យមើលថាតើវាឆ្ងាញ់ មានជីវជាតិ ឬអាចចិញ្ចឹមវាបានឬទេជាដើម។ ជាឧទាហរណ៍
ដង្កូវនាងមានរស់នៅក្នុងប្រទេសជប៉ុន ប៉ុន្តែដង្កូវនាងពុំមានរសជាតិឆ្ងាញ់ទេ។ វាមានជីវជាតិក៏ពិតមែន ប៉ុន្តែវាមិនឆ្ងាញ់សម្រាប់ញុំាទេ។
ទីបំផុត យើងបានសន្និដ្ឋានថាតំរូវការក្នុងការដាំដើមនាង មិនត្រូវបានផ្សាភ្ជាប់ទៅនឹងការអភិវឌ្ឍមួយដែលនាំអោយមាននិរន្តរភាពនោះទេ។សត្វកន្លាតក៏ងាយស្រួលក្នុងការបង្កាត់ពូជ និងចិញ្ចឹមផងដែរ ប៉ុន្តែបើគិតពីបរិស្ថាន និងអនាម័យវិញ វាមិនសមរម្យសម្រាប់មនុស្សទូទៅនោះឡើយ ហើយខ្ញុំក៏មិនអាចចិញ្ចឹមវានៅផ្ទះបានទៀត (សើច) ។ បន្ទាប់ពីពិចារណាផ្សេងៗរួចមក ខ្ញុំក៏បានរកឃើញសត្វចង្រិតនេះទៅ។ ដោយសារចង្រិតជាសត្វស៊ីចំណីអាហារផ្សេងៗមិនរើសមុខដូចជា៖ សាច់ បន្លែ/ស្មៅ និងបាយកកជាដើម។ ហើយវាក៏ងាយស្រួលខ្លាំងក្នុងការបង្កាត់ពូជដែរ។ គេអាចចិញ្ចឹមចង្រិតបានដោយកាកសំណល់សេស
សល់ពីកសិផល។ ទាំងនេះជាចំនុចវិជ្ជមានដែលខ្ញុំបានដឹង។

Q: មូលហេតុអ្វីដែលនាំអោយលោកសម្រេចចិត្តមកប្រទេសកម្ពុជា?
ខ្ញុំបានមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅឆ្នាំ២០១៨។ ខ្ញុំចង់ចិញ្ចឹមចង្រិតនៅក្នុងវាលដ៏ធំមួយ។ ត្រូវចិញ្ចឹមវាជាកម្រិតរាប់ម៉ឺនក្បាលឡើងទៅ។ ដូច្នេះខ្ញុំបានជួលផ្ទះទំនេរមួយនៅប្រទេសជប៉ុន ដើម្បីធ្វើការសាកល្បងចិញ្ចឹមវា ប៉ុន្តែដោយសារជប៉ុនមានអាកាសធាតុត្រជាក់ខ្លាំង ដូច្នេះយើងត្រូវចំណាយច្រើនលើការបំពាក់ម៉ាស៊ីនកំដៅ ព្រោះសត្វចង្រិតត្រូវការរស់នៅក្នុកន្លែងកក់ក្តៅ ហើយឃើញថាវាពុំបានផ្តល់ផលសមស្របមកវិញឡើយ។ ពេលនោះ ខ្ញុំមានបំណងចង់ទៅចិញ្ចឹមនៅខេត្ត អូគីណាវ៉ាផងដែរ តែទីបំផុត ខ្ញុំបានរកឃើញប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលសាកសមបំផុតសម្រាប់ការងារនេះ។ ទាំងបរិស្ថានរស់នៅ ការបង្កាត់ពូជគឺសាកសមបំផុត។ ម្យ៉ាងទៀត ប្រជាជននៅអាស៊ីអាគ្នេយ៍ក៏មានប្រវត្តិសាស្ត្រ និងវប្បធម៌បរិភោគសត្វល្អិតផ្សេងៗផងដែរ។ ដូច្នេះវាពិតជាសាកសមសម្រាប់ការចិញ្ចឹមជាលក្ខណៈទ្រង់ទ្រាយធំនៅទីនេះ។ ខ្ញុំក៏បានទៅប្រទេសថៃ ឡាវនិងវៀតណាមផងដែរ ប៉ុន្តែកត្តានាំអោយខ្ញុំសម្រេចចិត្តមកប្រទេសកម្ពុជាគឺដោយសារនៅទីនេះ វប្បធម៌នៃការបរិភោគសត្វចង្រិតបានចាក់ឫសជ្រៅនៅក្នុងចំណោមអ្នកទីក្រុងជាច្រើន។
នៅប្រទេសថៃ និងឡាវគឺពិបាករកកន្លែងលក់ចង្រិតនៅក្នុងទីក្រុងណាស់។ ហើយកាលនោះ ខ្ញុំបានឮថានឹងមានអង្គការ NGO អន្តរជាតិមួយដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា (DanChurchAid ទីស្នាក់ការកណ្តាលនៅប្រទេសដាណឺម៉ាក) ធ្វើគំរោងចំណីអាហារពីសត្វល្អិត ដើម្បីអភិវឌ្ឍន៍ជនបទ ដែលត្រូវគ្នានឹងចំណេះដឹងរបស់ខ្ញុំអំពីសត្វចង្រិតនេះ។ ឥឡូវ យើងខ្ញុំកំពុងបន្តធ្វើកាងាររួមគ្នាជាមួយអង្គការនេះរហូតមក។

Q: តើលោកអាចប្រាប់អំពីការងាររួមជាមួយអង្គការនេះបានទេ?
បច្ចុប្បន្ននៅក្នុងភូមិមួយក្នុងខេត្តតាកែវ មានកសិករប្រមាណ ៥០ គ្រួសារកំពុងចូលរួមជាមួយយើង។ យើងស្នើសុំឱ្យកសិករចិញ្ចឹមពងចង្រិត ហើយទិញវានៅពេលពងទាំងនោះញាស់ បន្ទាប់មកយើងចិញ្ចឹមបន្តសម្រាប់ធ្វើការកែច្នៃ។ វាជាការងារមួយសម្រាប់កសិករ ជាពិសេសស្ត្រី ដើម្បីរកប្រាក់ចំណូលបន្ថែម។ មានអ្នកធ្វើការចិញ្ចឹមបានល្អ និងអ្នកខ្លះពុំសូវបានល្អ ក៏ប៉ុន្តែជាទូទៅ ខ្ញុំសង្គេតឃើញថាកសិករដែលចិញ្ចឹមជាស្ត្រីធ្វើបានល្អច្រើន។ មានគ្រួសារកសិករតូចម្នាក់អាចចិញ្ចឹមបាន ៦០ គីឡូក្រាម
(១ គីឡូក្រាម = ប្រហែល ២០០០ ក្បាល) ក្នុងមួយគ្រួសារ។ យើងខ្ញុំទិញចង្រិតទាំងអស់ដែលពួកគាត់បានចិញ្ចឹម។ វាចំណាយពេល ៤៥ ថ្ងៃដើម្បីប្រែពីកូនចង្រិតទៅជាចង្រិតពេញវ័យ ដូច្នេះយើងឱ្យពួកគាត់ចិញ្ចឹមចង្រិតទាំងនោះជាបន្តបន្ទាប់។ ខ្ញុំធ្លាប់ទៅមើលកន្លែងចិញ្ចឹមទាំងនោះប្រហែលមួយដងក្នុងមួយខែ តែបច្ចុប្បន្ននេះ មានឈ្មួញកណ្តាលជាអ្នកចាំប្រមូលទិញ។

Q: តើអ្វីជាផលលំបាកនៅពេលបច្ចុប្បន្ននេះ?
គឺចំណុចមិនមានលក្ខណៈជាប្រព័ន្ធ។ យើងមិនទាន់បានឈានដល់ចំនុចដែលអ្នកណាក៏អាចធ្វើទៅដូចគ្នាបាននៅឡើយទេ។ ដូច្នេះការស្រាវជ្រាវបន្ថែមគឺចាំបាច់ដើម្បីធ្វើឱ្យផលិតកម្មមានលក្ខណៈស្តង់ដារ។ ឧទាហរណ៍ ដូចគ្នានឹងពូជចង្រិតដែរ ទោះបីវាជាអាហារអ្វីក៏វាអាចស៊ី បានក៏ពិតមែន តែយើងត្រូវសិក្សាស្រាវជ្រាវថាតើប្រភេទអាហារណាដែលល្អសម្រាប់ការលូតលាស់របស់ចង្រិតនោះជាងគេ ហើយបរិស្ថានប្រភេទណាដែលចង្រិតងាយស្រួលក្នុងការធំលូតលាស់ជាងជាដើម។ ចំពោះផ្នែកនេះ គេកំពុងធ្វើការស្រាវជ្រាវនៅឯសាកលវិទ្យាល័យជប៉ុន។

Q: តើទីផ្សារបច្ចុប្បន្នគឺជាកន្លែងដូចម្តេចដែរ?
នៅប្រទេសជប៉ុន បច្ចុប្បន្ន កំពុងធ្វើការកែច្នៃ ផលិត និងលក់ផលិតផលអាហារសត្វចិញ្ចឹម ដែលផលិតពីម្សៅចង្រិត។ យើងធ្វើការកែច្នៃចង្រិតកិនជាម្សៅនៅក្នុងប្រទេសកម្ពុជា ហើយនាំចេញជាផ្លូវការជាគ្រឿងផ្សំចំណីអាហារ ពីប្រទេសកម្ពុជាទៅជប៉ុន។
នៅប្រទេសជប៉ុនអាហារផលិតពីសត្វល្អិត កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយក៏មានព័ត៌មានដែលថាគេនឹងប្រើសត្វចង្រិតជាគ្រឿងផ្សំសម្រាប់មនុស្សបរិភោគ តាមរយៈការផលិតជាទឹកស៊ីអុីវចង្រិតដោយក្រុមហ៊ុនផលិតទឹកស៊ីអុីវនៅក្រុងហ៊ីតាស៊ី នៃខេត្តអ័យតាក្នុងប្រទេសជប៉ុនផងដែរ។ ដោយសារទាំងសណ្តែកសៀងនិងចង្រិត គឺមានសារធាតុប្រូតេអីុន ដូច្នេះពួកវាអាចនឹងត្រូវបានយកទៅធ្វើជាទឹកស៊ីអុីវ ហើយប្រើប្រាស់ជាគ្រឿងផ្សំ និងទឹកម៉ីសូបានផងដែរ។
យើងក៏កំពុងស្វែងរកទីផ្សារនៅកម្ពុជាផងដែរ។ ដោយសារប្រជាជនខ្មែរមានទម្លាប់បរិភោគសត្វចង្រិត ហើយវាជាអាហារពេញនិយមរួចស្រេចក្នុងទីផ្សារហើយនោះ ដូច្នេះវាអាចនឹងងាយស្រួលលក់នៅកម្ពុជាជាងនៅទីផ្សារក្នុងប្រទេសជប៉ុន។
បច្ចុប្បន្ននេះយើងក៏កំពុងផលិតអាហារសម្រន់ធ្វើពីចង្រិតផងដែរ។ យើងបានចាប់ផ្តើមសាកល្បងដាក់លក់នៅលើទំព័រហ្វេសប៊ុកក្រោមឈ្មោះថា “Angkor Cricket” ។ ចង្រិតលីងលក់តាមដងផ្លូវក៏មានរសជាតិឆ្ងាញ់ដែរ ប៉ុន្តែអាស្រ័យលើគុណភាពប្រេងឆាដែលប្រើ អាចនាំអោយសារធាតុបំប៉នធ្លាក់ចុះបានដែរ។ ដោយមានកំណើនអ្នកគិតគូពីបញ្ហាសុខភាពកើនឡើងជាពិសេសក្នុងប្រទេសកម្ពុជា យើងកំពុងកែច្នៃផលិតផលអាហារធ្វើពីចង្រិតដែលមានគុណភាពសម្រាប់អ្នកទាំងនោះ។ មាន
ជនជាតិជប៉ុនខ្លះនៅខ្លាចរូបរាងរបស់សត្វចង្រិតនៅឡើយ ប៉ុន្តែខ្ញុំសូមណែនាំនូវអាហារសម្រន់ចង្រិតដែលអាចបរិភោគជាគ្រឿងក្លែមជាមួយស្រាបានយ៉ាងឈ្ងុយឆ្ងាញ់។

Q: តើអ្វីទៅជាទស្សនវិស័យ និងបេសកកម្មទៅថ្ងៃមុខទៀតរបស់លោក?
ការចិញ្ចឹមចង្រិត គឺមិនសម្រាប់តែជាចំណីអាហារប៉ុណ្ណោះទេ តាមទស្សនៈខ្ញុំ យើងអាចបង្កើតប្រព័ន្ធអេកូឡូស៊ីថ្មីជាមួយវាបាន។ ខ្ញុំគិតថាយើងអាចបង្កើតប្រព័ន្ធអេកូឡូស៊ីថ្មី បែបសិប្បនិមិត្តតាមរយៈសត្វចង្រិត។ គឺបានន័យថា វាជាអាជីវកម្មដែលផ្លាស់ប្តូនូវ ធនធាន ការអប់រំ ការរស់នៅ រហូតដល់វប្បធម៌របស់មនុស្សបាន។
បើនិយាយពីផលប៉ះពាល់បរិស្ថានវិញ យើងអាចធ្វើការបង្កើតនូវសង្គមមួយដែលក្នុងនោះសត្វ មនុស្ស និងធនធានត្រូវបានផ្តល់អោយគ្នាទៅវិញទៅមកដោយសារសត្វចង្រិត។ ដើម្បីអោយងាយយល់ ឧទាហរណ៍ បើសិនជាយើងដាំដំឡូង នឹងបន្សល់នូវស្លឹកដំឡូងជាកាកសំណល់កសិផល បន្ទាប់ពីយកមើមដំឡូងនោះរួច។ ក៏ប៉ុន្តែយើងអាចប្រើស្លឹកដំឡូងធ្វើជាអាហារសម្រាប់សត្វចង្រិត។ ពោលគឺសត្វចង្រិតនឹងក្លាយជាកន្លែងសម្អាតកាកសំណល់បែបនោះ។ ម្យ៉ាងទៀត លាមកសត្វចង្រិតក៏អាចប្រើប្រាស់ជាជីសរីរាង្គសម្រាប់វិស័យកសិកម្មបានផងដែរ។
ទាក់ទងនឹងការកាត់បន្ថយថាមពលវិញ ឧទាហរណ៍ សាច់គោដែលមានប្រូតេអីុនសត្វដូចគ្នា ប៉ុន្តែការចិញ្ចឹមសត្វគោត្រូវការប្រើប្រាស់នូវថាមពល (ដូចជាទៅលើ៖ ចំណី ទឹក និងទីវាល) ។ បើប្រៀបធៀបទៅនឹងការចិញ្ចឹមសត្វចង្រិតវិញ វាមានការចិញ្ចឹមងាយស្រួល និងមានប្រសិទ្ធភាព ព្រមទាំងល្អចំពោះបរិស្ថានផងដែរ។ បើនិយាយពីបញ្ហាស្បៀងអាហារវិញ ខ្ញុំគិតថាវានឹងក្លាយជាវិធីសាស្រ្តថ្មីមួយសម្រាប់ដោះស្រាយបញ្ហាស្បៀងអាហារព្រោះវាជា “ស្បៀងអាហារដែលនរណាម្នាក់ក៏អាចធ្វើបាន គ្រប់ពេល និងគ្រប់ទីកន្លែង”។
វាក៏នឹងនាំឱ្យមានឥទ្ធពលលើផ្នែកសេដ្ឋកិច្ចផងដែរ។ នៅក្នុងប្រទេសថៃរដ្ឋាភិបាលកំពុងផ្សព្វផ្សាយការចិញ្ចឹមសត្វចង្រិតនៅតាមទីជនបទ ហើយក៏មានរោងចក្រនិងក្រុមហ៊ុនអាជីវកម្មចង្រិតផងដែរ។ នៅទ្វីបអឺរ៉ុបនិងសហរដ្ឋអាមេរិកវិញ មានហាងបាបំរើអាហារចម្អិនពីសត្វចង្រិត និងសូកូឡាចង្រិតជាដើម ដែលចាប់ផ្តើមដាក់លក់ និងចែកចាយនៅលើទីផ្សារ ហើយសត្វចង្រិតពីប្រទេសថៃកំពុងត្រូវបាននាំចេញជាវត្ថុធាតុដើម។ ខ្ញុំគិតថាវានឹងក្លាយជាឱកាសអាជីវកម្មដ៏ធំមួយ។
តាមរយៈគំនិតផ្តួចផ្តើមដែលយើងកំពុងធ្វើបច្ចុប្បន្នដោយយក “ការស្រាវជ្រាវនៅជប៉ុន + ផលិតកម្មនៅកម្ពុជា” នេះ យើងនឹងខិតខំប្រឹងប្រែងផលិតអោយបាននូវអាហារចង្រិតដែលមានគុណភាពទទួលស្គាល់ជាទូទៅនៅលើពិភពលោក។ នេះគឺជាក្តីសុបិន្តធំរបស់ខ្ញុំ៕

កើតនៅឆ្នាំ១៩៩៣ នៅទីក្រុងហ៊ីតាស៊ីខេត្តអ័យតា។ បញ្ចប់ការសិក្សាពីមហាវិទ្យាល័យពាណិជ្ជកម្មនៃសាកលវិទ្យាល័យវ៉ា
សេដាជំនាញវិទ្យាសាស្ត្រនិងវិស្វកម្មជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនិងវិស្វកម្មសិក្សា ៥ឆ្នាំ និងថ្នាក់បណ្ឌិត ៣ឆ្នាំ។ បង្កើតក្រុមហ៊ុន
ECOLOGGIE ក្នុងឆ្នាំ២០១៧ ។ ធ្វើការស្រាវជ្រាវលើការប្រើប្រាស់សត្វចង្រិត នៅមន្ទីរពិសោធន៍វិទ្យាសាស្ត្រជីវសាស្រ្តនៃ
សាកលវិទ្យាល័យវ៉ាសេដា។ បច្ចុប្បន្នរស់នៅក្នុងប្រទេសកម្ពុជា។ ត្រូវបានជ្រើសរើសសម្រាប់ទស្សនាវដ្តី Forbes 30 Under 30 Japan (២០១៩) និងទទួលបានពានរង្វាន់ជាច្រើនដូចជា ពានរង្វាន់រដ្ឋមន្រ្តីក្រសួងអប់រំវប្បធម៌កីឡាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឆ្នាំ២០១៦ ។ តាមរយៈក្រុមហ៊ុន ECOLOGGIE និងផ្អែកលើលទ្ធផលនៃការស្រាវជ្រាវនៅសាកលវិទ្យាល័យវ៉ាសេដា ដោយមានប្រទេសកម្ពុជាជាមូលដ្ឋានផលិតកម្ម បច្ចុប្បន្នកំពុងធ្វើការកែច្នៃ ផលិត និងដាក់លក់នូវចំណីអាហារផលិតពីសត្វចង្រិត។ បានទទួលពានរង្វាន់ជាច្រើនដូចជាពានរង្វាន់ខ្ពស់បំផុតនៅក្នុងការប្រកួតប្រជែងអាជីវកម្ម 「Tokyo Startup Gateway」 (ឆ្នាំ ២០១៦) ឧបត្ថម្ភដោយរដ្ឋាភិបាលទីក្រុងតូក្យូជាដើម។

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 43】









この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

Sorry, no posts matched your criteria.

Recommend Articles