គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) មធ្យោបាយធ្វើដំណើរ​នៅជប៉ុន 【ដំណើរកំសាន្តរបស់ផល្លី】
(ភាសាខ្មែរ) មធ្យោបាយធ្វើដំណើរ​នៅជប៉ុន 【ដំណើរកំសាន្តរបស់ផល្លី】
2019.11.29

យន្តហោះ

ថ្ងៃទី០១ ខែឧសភា ខ្ញុំនិងក្រុមការងារ ២ នាក់ទៀតដែលជាជនជាតិជប៉ុន បានចេញដំណើរទៅប្រទេសជប៉ុន ដើម្បីចូលរួមកម្មវីធីបុណ្យកម្ពុជា (Cambodia Festival) នៅទីក្រុងតូក្យូប្រទេសជប៉ុន។  នេះជាការធ្វើដំណើរលើកទី៣របស់ខ្ញុំដោយជើងយន្តហោះ។ នៅម៉ោងប្រមាណ ៧ យប់ ពួកយើងបានចេញដំណើរពីភ្នំពេញទៅកាន់ប្រទេសជប៉ុន ហើយយើងត្រូវចុះចតនៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី និងឈប់រយៈពេល ២ ម៉ោងដើម្បីប្តូរជើងយន្តហោះ ប៉ុន្តែការហោះហើរត្រូវបានបន្តពន្យាពេលរហូតដល់ទៅ ៧ ម៉ោងនិង ៣០ នាទី។ នៅម៉ោង ១១ និង ៣០ នាទីយប់មានរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines មកទទួលពួកយើងទៅស្នាក់នៅសណ្ឋាគារមួយដែលទៅដោយចំណាយរយៈពេល ៣០ នាទីពីព្រលានយន្តហោះ។

លុះម៉ោង ៤ ទៀបភ្លឺ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines បានមកដឹកពួកយើងទៅព្រលានយន្តហោះ  ដើម្បីប្តូរជើងយន្តហោះនៅម៉ោង ៦ ព្រឹក។ រយៈពេល ៦ ម៉ោង យើងបានមកដល់ព្រលានយន្តហោះណារីតានៃប្រទេសជប៉ុន នៅម៉ោង ២ និង ៣០ នាទី។

ទៅដល់ដំបូងខ្ញុំគិតថាប្រទេសជប៉ុនគឺវាគួរអោយចង់ទៅកំសាន្តណាស់ ព្រោះវាមានការអភិវឌ្ឍស្ទើរគ្រប់វិស័យ ទាំងផ្នែកបច្ចេកវិទ្យាទំនើប បរិស្ថានជុំវិញ ផ្លូវថ្នល់ សំណង់អាគារ និងរចនាបថ វិស័យទេសចរណ៏ធម្មជាតិ  និងវិស័យទេសចរណ៏ទំនើប។

រថភ្លើង

នៅប្រទេសជប៉ុនមានមធ្យោបាយធ្វើដំណើរច្រើនណាស់ ថែមទាំងទំនើបទៀតផង។ ការធ្វើដំណើរតាមរថភ្លើងគឺពេញនិយមជាងគេ ព្រោះវារហ័ស ចំណាយថវិការតិច ហើយពិសេសជាងនេះ វាមានពេលវេលាមួយកំណត់យ៉ាងទៀងទាត់ជារៀងរាល់ថ្ងៃ បើទោះជាមនុស្សច្រើនយ៉ាងណាក៏មិនបារម្មណ៍ខ្លាចមានការយឺតយ៉ាវ ក្នុងការធ្វើដំណើរនោះឡើយ។ រថភ្លើងនៅប្រទេសជប៉ុនមានច្រើនប្រភេទនិងទំនើប ហើយក៏មានល្បឿនលឿនទៀតផង។

នៅក្នុងរថភ្លើងខ្ញុំឃើញជនជាតិជប៉ុនភាគច្រើនចូលចិត្តចុចទូរស័ព្ទ ខ្លះទៀតអានសៀវភៅ និងខ្លះទៀតក៏គេង។ បើពួកគេមិនស្គាល់គ្នាទេ គឺគេកម្រនឹងនិយាយរកគ្នាណាស់ វាខុសគ្នាពីស្រុកខ្មែរយើងដែលធ្វើដំណើរទៅទីណាបើសិនជាអង្គុយជិតគ្នាប្រាកដជានិយាយសួរគ្នាផ្សេងៗ ទោះបីជាមិនធ្លាប់ស្គាល់គ្នាពីមុនក៏ដោយ។ ម្យ៉ាងទៀត អ្វីដែលខ្ញុំរឹតតែឆ្ងល់ទៀតនោះគឺថា អ្នកដំណើរខ្លះគេងក្នុងរថភ្លើងត្រឹមតែរយៈពេលតែ ៥ នាទីឬ ១០ នាទីប៉ុណ្ណោះ ដល់ចំណតចុះឬក៏ផ្លាស់ប្តូរទៅចំណតផ្សេងទៀតបែបនោះ តើគាត់គេងលក់យ៉ាងម៉េចទៅ? ខ្ញុំមិនដឹងថានេះជាទំលាប់ឬក៏មកពីគាត់ហត់នឿយខ្លាំងពេកនោះទេ។

កាលជិះរថភ្លើងដំបូងឡើយខ្ញុំមានអារម្មណ៏ថាដូចជាវិលមុខណាស់ ព្រោះវាលឿន មនុស្សក៏ច្រើនពេលខ្លះឈរ និងពេលខ្លះអាចបានអង្គុយ ហើយនិងមានចំណតច្រើនត្រូវផ្លាស់ប្តូរ ក៏ប៉ុន្តែពេលដែលធ្វើដំណើរស្ទើររាល់ថ្ងៃធ្វើអោយខ្ញុំចូលចិត្តការធ្វើដំណើរតាមរថភ្លើងទៅវិញ ព្រោះវាលឿន ងាយស្រួលក្នុងការធ្វើដំណើរ ចំណេញពេលវេលា និងមិនមានការស្ទះចរាចរណ៍ឡើយ។

ការធ្វើដំណើរដើរ

ប្រជាជនជប៉ុនចូលចិត្តការធ្វើដំណើរដោយថ្មើរជើងណាស់ បន្ទាប់ពីពួកគាត់ធ្វើដំណើរតាមរថភ្លើងមកពីតំបន់ឆ្ងាយៗពីទីក្រុងតូក្យូ។ ប្រជាជនជប៉ុនគោរពច្បាប់ និងច្បាប់ចរាចរណ៍ណាស់។ នៅតាមដងផ្លូវការចតយានជំនិះនិងការធ្វើដំណើរ គឺមានសណ្តាប់ធ្នាប់ វានាំអោយការធ្វើដំណើរមានភាពងាយស្រួលមិនភ័យ រឺបារម្ភអំពីការធ្វើដំណើរ ជាពិសេសការធ្វើដំណើរមានសុវត្ថិភាពទាំងការឆ្លងផ្លូវនិងការធ្វើដំណើរពេលយប់។ ដំបូងឡើយខ្ញុំគិតថាប្រទេសជប៉ុនជាប្រទេសដែលធូរធារមានយានជំនិះច្រើន ហើយថែមទាំងមានប្រជាជនច្រើនទៀត ដែលនឹងនាំឱ្យមានការស្ទះចរាចរណ៍។ តែផ្ទុយទៅវិញ វាស្ទើរតែមិនមានការស្ទះចរាចរណ៍ជាលក្ខណៈញឹកញាប់ឬក៏យូរដូចនៅស្រុកខ្មែរនោះទេ គឺដោយសារតែពួកគាត់ចូលចិត្តដើរជាជាងការជិះរថយន្ត ឬក៏ម៉ូតូ។   ប្រជាជនជប៉ុនអាចធ្វើដំណើរដោយថ្មើរជើងច្រើន និងយូរក៏ដោយសារតែប្រទេសនេះមានអាកាសធាតុត្រជាក់ ផ្លូវស្អាត បរិស្ថានជុំវិញក៏ល្អ ដែលនាំឱ្យពួកគាត់ចូលចិត្តដើរ។

កាលវិភាគ

អត្ថបទដែលបានចេញផ្សាយលើកនេះគឺមាននៅក្នុងទស្សនាវដ្តី ញញឹមខ្មែរ លេខ ២២ ដែលចែកជូនអាន ដោយឥតគិតថ្លៃ!!!

សម្រាប់ពត៌មានបន្ថែម ៖

NyoNyum Khmer No.22


この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles