គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > 読み物 > 生活情報誌NyoNyum > カンボジア職業大図鑑「カーロッシー」 > “ការណែនាំការងារនៅប្រទេសកម្ពុជា”  ហាងលក់ម៉ូតូជប៉ុនដែលមានគុណភាពនិងទំនុកចិត្តខ្ពស់

“ការណែនាំការងារនៅប្រទេសកម្ពុជា”  ហាងលក់ម៉ូតូជប៉ុនដែលមានគុណភាពនិងទំនុកចិត្តខ្ពស់

មនុស្សម្នាក់ៗធ្វើការដើម្បីរកទទួលទាន។ នៅក្នុងទស្សនាវដ្តីញញឹមមានការលើកឡើងនូវស្ថានភាពរកស៊ីរបស់ជនជាតិខ្មែរមួយចំនួនមកផ្សព្វផ្សាយផងដែរ។ នៅក្នុងលេខនេះ យើងខ្ញុំបានចុះធ្វើបទសម្ភាស លោក ឡាយហួត ដែលកំពុងប្រកបអាជីវកម្មលក់ដូរម៉ូតូមួយទឹកនាំចូលមកពីប្រទេសជប៉ុន នៅទីក្រុងភ្នំពេញ។

ការរកស៊ីជាអ្វី?

ផ្ទាំងទំព័រណែនាំអំពី “ការរកស៊ី” នៅប្រទេសកម្ពុជា ជាទំព័រមួយដ៏មានប្រជាប្រិយភាពជាយូរនៅក្នុងទស្សនាវដ្តីញញឹម ស្តីពីព័ត៌មានទាក់ទងនឹងជីវភាពនៃសង្គមខ្មែរ។ តើមនុស្សធ្វើការដើម្បីអ្វី? ចម្លើយដែលងាយនោះគឺ “ធ្វើការដើម្បីរកទទួលទាន”។ យើងខ្ញុំនឹងធ្វើការណែនាំអំពី ការប្រកបអាជីវកម្មប្រចាំថ្ងៃរបស់ប្រជាជនខ្មែរមួយចំនួន ដែលខិតខំធ្វើការរកស៊ីជាមួយអាជីវកម្មរបស់ពួកគាត់មកផ្សាយជូន។

ហាងលក់ម៉ូតូជប៉ុនដែលមានគុណភាពនិងទំនុកចិត្តខ្ពស់

លោក ទីន ឡាយហួត អាយុ ៣៤ឆ្នាំ ជាពានិជ្ជករខ្មែរមួយរូបដែលធ្វើអាជីវកម្មរវាងប្រទេសជប៉ុននិងកម្ពុជា ។ លោកកំពុងប្រកបអាជីវកម្មលក់ដូរម៉ូតូមួយទឹកនៅប្រទេសកម្ពុជានាំចូលពីប្រទេសជប៉ុន។ លោកមានប្រសាសន៍ថា “លោកចង់នាំរបស់ល្អៗនិង​មានគុណភាពខ្ពស់មកប្រទេសកម្ពុជា”។ លោក ឡាយហួត បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០១៥ ហើយបច្ចុប្បន្ននេះ លោកកំពុងប្រកបអាជីវកម្មនិងរស់នៅជាមួយភរិយានិងកូនស្រីម្នាក់របស់លោកនៅក្នុងប្រទេសជប៉ុន ដោយធ្វើការចេញចូលប្រទេសកម្ពុជាជាញញឹកញាប់។

លោក ឡាយហួត មានស្រុកកំណើតនៅខេត្តកំពង់ចាម  ហើយនៅឆ្នាំ២០០៦បន្ទាប់ពីលោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ  លោកបានចូលបំរើការនៅក្រុមហ៊ុនព័ត៌មានវិទ្យានិងសណ្ឋាគារនៅប្រទេសកម្ពុជា។ នៅឆ្នាំ២០០៨ លោកក៏បានសម្រេចចិត្តទៅសិក្សានៅប្រទេសជប៉ុន។​  បន្ទាប់ពីបានបញ្ចប់ការសិក្សាភាសាជប៉ុននៅសាលាភាសាជប៉ុនរួចមក​ លោកបានបន្តការសិក្សានៅសាកលវិទ្យាល័យព័ត៌មានវិទ្យាមួយនៅទីក្រុងតូក្យូ ហើយបានបញ្ចប់ការសិក្សាដោយទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យានៅឆ្នាំ២០១៥។ នៅក្នុងកំឡុងពេលលោកបំរើការងារនៅក្នុងក្រុមហ៊ុនព័ត៌មានវិទ្យា ក្រោយបញ្ចប់ការសិក្សានៅប្រទេសជប៉ុនភ្លាម លោកបានចាប់ធ្វើការរកស៊ីអាជីវកម្មនាំចេញគ្រឿងសម្ភារៈអគ្គីសនី និងគ្រឿងម៉ាស៊ីនជាដើមទៅកាន់ប្រទេសចិននិងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយការបបួលពីមិត្តភ័ក្ររបស់លោក។ នេះជាចំនុចចាប់ផ្តើមនៃអាជីវកម្មរបស់លោក។ នៅខែវិច្ឆិកា ឆ្នាំ២០១៦ លោកបានចាប់ផ្តើមបើកដំណើរការនូវក្រុមហ៊ុនលក់ម៉ូតូមួយទឹកនាំចូលពីប្រទេសជប៉ុននេះមក។

របរនាំចូលម៉ូតូជប៉ុនដែលមានគុណភាពខ្ពស់មកប្រទេសកម្ពុជា

បន្ទាប់ពីបង្កើតក្រុមហ៊ុននៅប្រទេសជប៉ុនរួចមក លោក ឡាយហួត បានដំណើរការរៀបចំបង្កើតក្រុមហ៊ុននៅប្រទេសកម្ពុជា ដោយចែកចាយនូវម៉ូតូមួយទឹកទៅបណ្តារហាងលក់ម៉ូតូនានាក្នុងប្រទេសកម្ពុជា ហើយនៅខែឧសភា ឆ្នាំមុន លោកបាន​បើកហាងលក់ម៉ូតូក្រុមហ៊ុនរបស់លោកនៅខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហាងលក់ម៉ូតូនាំចូលពីប្រទេសជប៉ុនរបស់លោក បានចាប់ផ្តើមលក់ជូនអតិថិជនខ្មែរចាប់ពីពេលនោះមក។ លោកបានថ្លែងថា “កាលពីដំបូងហាងរបស់លោកមានភាពលំបាកខ្លះៗមួយចំនួនដូចជា ការលក់បាននៅមានចំនួនតិចតួច ឬលក់ពុំបានសូម្បីមួយគ្រឿងក្នុងមួយថ្ងៃក៏មានជាដើម ក៏ប៉ុន្តែរហូតមកដល់សព្វថ្ងៃ ហាងរបស់លោកបានដំណើរការប្រក្រតីដោយមានអតិថិជនជាច្រើនស្គាល់”។

តែទោះជាយ៉ាងនេះក្តី ដោយសារហាងរបស់លោកនៅថ្មីនៅឡើយ ការប្រគួតប្រជែងទីផ្សារនៅក្នុងប្រទេសកម្ពុជា ជាបញ្ហាប្រឈមមួយរបស់ក្រុមហ៊ុនលោក។ មានផលិតផលជប៉ុនជាច្រើនដែលប្រជាជនខ្មែរជឿជាក់លើគុណភាពនិងមានតម្រូវការខ្ពស់។ លោក ឡាយហួត បានលើកឡើងនូវពាក្យស្លោកមួយថា “ក្រុមហ៊ុននឹងនាំចូលនិងចែកចាយនូវម៉ូតូដែលមានគុណភាពខ្ពស់ ដែលឆ្លើយតបនឹងតម្រូវការនិងជំនឿទុកចិត្តរបស់អតិថិជនខ្មែរ” ។​ លោកមានបំណងពង្រីកអាជីវកម្មនេះ ដោយបង្កើនអតិថិជនតាមរយៈការពង្រឹងទំនុកចិត្តពីហាងរបស់លោក។ លោកបានប្រាប់ទៀតថា “ដើម្បីទទួលនូវជោគជ័យនាថ្ងៃអនាគត ប្រការសំខាន់គឺត្រូវចេះគិតគូរនិងរៀបចំដោះស្រាយនូវបញ្ហានានាដែលជួបប្រទះប្រចាំថ្ងៃឲ្យបានប្រសើរជាមុនសិន”។

ការធ្វើអាជីវកម្មតែងតែមានហានិភ័យដែលនឹងអាចកើតឡើងដោយប្រការអ្វីមួយ។ ជំនួញលក់ដូរម៉ូតូនាំចូលពីប្រទេសជប៉ុននេះ ទាមទារឲ្យមានការបោះទុនវិនិយោគជាទំហំទឹកប្រាក់ធំជាមុនសិន ដូច្នេះបើហាងពុំលក់បានប្រសើរនោះទេ ផលចំណេញក៏នឹងត្រូវថយចុះឬអាចនាំឲ្យខាតច្រើនបានផងដែរ។ ម្យ៉ាងវិញទៀត លោកក៏ធ្លាប់ជួបប្រទះករណីទំនិញបញ្ជានាំចូលមានបញ្ហាហើយពុំអាចនាំចូលបាន ដែលនាំអោយក្រុមហ៊ុនមានការខាតបង់ដ៏ច្រើនផងដែរ។ ដោយផ្អែកលើបទពិសោធន៍ទាំងនេះ លោកតែងតែធ្វើការដោយប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់ លើដំណើរការនានាតាំងពីការរៀបចំចាត់ចែងការទិញនៅប្រទេសជប៉ុន រហូតដល់ទំនិញបានលក់ជូនដល់ដៃអតិថិជននៅកម្ពុជា។

លោក ឡាយហួត ជឿជាក់នូវពាក្យស្លោកមួយដែលលើកឡើងថា “បរាជ័យជាប្រភពនៃភាពជោគជ័យ” ដូច្នេះសព្វថ្ងៃលោកកំពុងខិតខំប្រឹងប្រែងប្រកបអាជីវកម្មនេះដោយយកចិត្តទុកដាក់បំផុត។ បច្ចុប្បន្នក៏ដូចជាថ្ងៃអនាគត តាមរយៈបទពិសោធន៍និងវិទ្យាសាស្រ្តព័ត៌មានវិទ្យាដែលលោកមាន លោក ឡាយហួត ក៏នឹងមានបំណងបើកហាងលក់ម៉ូតូជប៉ុនអនឡាញឆាប់ៗនេះផងដែរ។

ព័ត៌មានទំនាក់ទំនងហាង

ហាងលក់ម៉ូតូរបស់ លោក ទីន ឡាយហួត

ARIGATO CAMBODIA

Tel: 011-260-226, 098-260-226

https://web.facebook.com/arigatocambodia/

 

សម្ភាសដោយ៖ UON Chanra

បកប្រែដោយ៖ NOP Visal

ដកស្រង់ពីទស្សនាវដ្តីញញឹមខ្មែរចុះផ្សាយថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩

 

Let's like it!

We will send you the latest information