គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05

ពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ បានទាក់ទាញអ្នកទស្សនាជាច្រើនពីបណ្តាខេត្តនានាមកទីក្រុងភ្នំពេញ ដើម្បីមកទស្សនាពិធីបុណ្យអុំទូក បណ្តែតប្រទីប និងទស្សនាការបាញ់កាំជ្រួចនៅមុខព្រះបរមរាជវាំងជាដើម។ បុគ្គលិកទស្សនាវដ្តី ញញឹមខ្មែរ បានចុះទៅសាកសួរទស្សនិកជនដែលបានចូលរួមទស្សនាផ្ទាល់នូវការប្រណាំងទូក អណ្តែតបណ្តែតប្រទីប និងការបាញ់កាំជ្រួចនៅមុខព្រះបរមរាជវាំង អ្នកលក់ដូរតាមដងផ្លូវ និងក្រុមការងារអ្នកប្រមូលសំរាមជាដើម ដើម្បីចង់ដឹងពីចំណាប់អារម្មណ៍របស់ពួកគាត់ចំពោះការរៀបចំពិធីបុណ្យអុំទូកឆ្នាំ២០២៣។

មកភ្នំពេញទាំងគ្រួសារដើម្បីគាំទ្រក្រុមប្រណាំងទូកពីស្រុកភូមិខ្លួន!

លោក ហូល នី (៥៧ឆ្នាំ)

មកពីខេត្តកំពង់ធំ។ «សម្រាប់​បុណ្យ​អុំទូកនេះ ខ្ញុំ​បាន​ស្នាក់​នៅ​ផ្ទះជួល​របស់​កូនស្រី​ខ្ញុំ​ពីរ​នាក់ ដែល​ធ្វើ​ការ​នៅ​ភ្នំពេញ។ នេះជាលើកទីមួយហើយដែលខ្ញុំបានមកទស្សនាការប្រណាំងទូកផ្ទាល់បែបនេះ។» លោកពូ នី ធ្លាប់បានចូលរួមជាកីឡាករប្រណាំងទូកកាលពីមុន។ ដោយលើកនេះ កូនប្រុសទាំងពីររបស់គាត់បានចូលរួមជាកីឡាករអុំទូកសម្រាប់ខេត្តកំពង់ធំ ដូច្នេះហើយក្រុមគ្រួសាររបស់លោកពូ បានធ្វើដំណើរមកភ្នំពេញដើម្បីលើកទឹកចិត្តកូនរបស់ពួកគាត់។ «កូនប្រុសពីរនាក់របស់ខ្ញុំជាកីឡាករអុំឱ្យក្រុមទូកដែលមានឈ្មោះថា គោកធ្លោកតេជោសែនជ័យ ទើបយើងខំមកជួយគាំទ្រដល់ទីនេះ ហើយយើងបានឈ្នះការប្រណាំងទាំងពីរកាលពីម្សិលមិញ និងថ្ងៃនេះ។ យើងរំពឹងថាប្រណាំងថ្ងៃចុងក្រោយនឹងឈ្នះទៀត។» ទូក​ង​វែងដែលលោកពូ នី គាំទ្រ​ជាប្រភេទទូក​ចំណុះ ៧០នាក់ ហើយ​ត្រូវ​ ​បាន​ឧបត្ថម្ភ​ដោយ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍គឺ លោក ថោង ខុន។ បន្ទាប់​ពី​បាន​ទស្សនា​ការ​ប្រណាំង​ទូក​ កាល​ពី​ម្សិល​មិញ និង​ល្ងាច​នេះ លោកពូ នី និងក្រុម​គ្រួសារ​​បាន​រីករាយ​នឹង​ការ​មើល​ការ​បណ្តែត​នៅ​ពេល​រាត្រីផងដែរ។

លោក ឈួន ចុង (៥៨ឆ្នាំ)

មក​ពី​ខេត្ត​ព្រៃវែង ​តែងតែ​នាំ​ក្រុម​គ្រួសារ​មក​ទីក្រុង​ភ្នំពេញ​ដើម្បីទស្សនាពិធី​បុណ្យ​អុំទូក។ ឆ្នាំនេះ រូបលោក រួមទាំងកូនៗ និងចៅៗបានមកទស្សនាការប្រណាំងទូកនៅទីលានមុខព្រះបរមរាជវាំង។ ពួកគាត់​ស្នាក់​នៅ​ជាមួយ​កូន​ដែល​ធ្វើ​ការ​នៅ​ភ្នំពេញ និងត្រឡប់ទៅស្រុកកំណើតវិញបន្ទាប់ពីពិធីបុណ្យទាំង៣ថ្ងៃបញ្ចប់។ ទាក់ទិននឹងពិធីបុណ្យអុំទូកឆ្នាំនេះ លោកពូ ចុង បាននិយាយថា​ «ឆ្នាំនេះ មានទូកមួយក្រុមចំណុះ៧០នាក់មកពីភូមិខ្ញុំ មកចូលរួមជាលើកដំបូង ទើបខ្ញុំមកមើលដល់ភ្នំពេញនេះ។ ម្សិលមិញយើងឈ្នះទាំង២ការប្រណាំង ហើយថ្ងៃនេះយើងឈ្នះទៀត។ ដូច្នេះ​ខ្ញុំ​ទន្ទឹង​រង់ចាំ​ថ្ងៃប្រកួតថ្ងៃ​ស្អែកទៀត!»។ លោកពូ ចុង ដែលចូលចិត្តទស្សនាការប្រណាំងទូកង ការបណ្តែតប្រទីប និងបាញ់កាំជ្រួច ពេលរាត្រីមុខព្រះបរមរាជវាំង បានសរសើរថាគ្មានបញ្ហាស្ទះចរាចរណ៍អ្វីធំដំទេ ហើយការត្រៀមរៀបចំព្រឹត្តិការណ៍គឺប្រសើរជាងមុនច្រើន។

នាំគ្រួសារមកលេងបុណ្យអុំទូក!

លោក គឹម សំណាង (៤១ ឆ្នាំ)

មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ហើយ​មក​រស់​នៅ​រាជធានី​ភ្នំពេញ ១០ ឆ្នាំ​ហើយ។ នៅ​ព្រឹក​ថ្ងៃ​ទី​បី​នៃ​បុណ្យ​អុំទូក លោកបាននាំ​​​កូន​និងប្រពន្ធមកថតរូប​នៅ​ទីលាន​ខាង​មុខ​ព្រះបរមរាជវាំង។ លោក សំណាង ​បាន​ឆ្លៀត​ឱកាសនៃថ្ងៃសម្រាក​បុណ្យ​អុំទូក ​នាំ​កូន​និង​ប្រពន្ធ​ពី​ជនបទ​មកលេង​ភ្នំពេញ​រយៈពេល​បី​ថ្ងៃ។ លោក សំណាង បាននិយាយថាពិធីបុណ្យឆ្នាំនេះត្រូវបានរៀបចំបានល្អជាងឆ្នាំមុន ហើយមានកន្លែងកម្សាន្តជាច្រើនទៀត។ «មានស្ពានបេតុងថ្មីឆ្លងទៅកោះនរៀ ដូច្នេះខ្ញុំយល់ថាការកកស្ទះចរាចរណ៍មិនអាក្រក់ដូចលើកមុនទេ។ មុខព្រះបរមរាជវាំងមានមនុស្សកកស្ទះ ប៉ុន្តែមិនមានការកកស្ទះចរាចរពេលមកនោះទេ ព្រោះមានការបិតផ្លូវសម្រាប់អ្នកដើរត្រឹមត្រូវ។ ម្យ៉ាងទៀត ពេលយប់ ខ្ញុំអាចរីករាយនឹងពិធីបុណ្យ ដោយមើលការបណ្តែតប្រទីបនៅមុខព្រះបរមរាជវាំង រួចដើរលេងតាមមាត់ទន្លេនៅកោះនរៀដែលគេទើបបានរៀបចំថ្មី។»

 

លោក កាន់ សុភា (២៨ឆ្នាំ)

មកពីខេត្តព្រៃវែងជាមួយកូនប្រុសអាយុ ៣ឆ្នាំ។ លោកបាននាំកូនក្មួយដើរកម្សាន្តនៅទីលានមុខព្រះបរមរាជវាំង។ លោក សុភា ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អុំទូក​នេះ​ជា​លើក​ដំបូង​ប្រាប់​យើង​ពី​ភាព​រីករាយរបស់លោកដូច្នេះថា៖ «ខ្ញុំមកជាមួយសាច់ញាតិជាច្រើននាក់ទៀតដើម្បីមកមើលពិធីបុណ្យអុំទូកឆ្នាំនេះ។ ពេលរសៀល និងពេលល្ងាច ពួកយើងបានទស្សនាការប្រណាំងទូកង និងបណ្តែតប្រទីប និងកាំជ្រួច និងបានទស្សនាការប្រគុំតន្ត្រីនៅទីលានមុខវត្តបុទមវតីផងដែរ។

 

 

ផាក ឈុនលី (២០ឆ្នាំ)

បានផ្លាស់មកធ្វើការនៅទីក្រុងភ្នំពេញកាលពីប៉ុន្មានឆ្នាំមុន។ កញ្ញាកំពុងបម្រើការងាររនៅភោជនីយដ្ឋានមួយកន្លែងនៅមាត់ទន្លេ។ កញ្ញាបាននាំប្អូនស្រីអាយុ ១៥ឆ្នាំ ដែលទើបឡើងមកទីក្រុងភ្នំពេញអំឡុងពេលបុណ្យអំទូកនេះ មកថតរូប និងដើរកម្សាន្តនៅមុខព្រះបរមរាជវាំង។ កញ្ញាបានប្រាប់ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ចំពោះ​បុណ្យ​អុំទូក​នេះដូចតទៅ៖ «តាមពិត នេះជាលើកទីមួយហើយសម្រាប់ខ្ញុំ និងប្អូនស្រីដែលបានចូលរួមក្នុងពិធីបុណ្យអុំទូកនេះ ហើយការបណ្តែតប្រទីបនៅពេលយប់ពិតជាអស្ចារ្យខ្លាំងណាស់។ ក្រៅពីតំបន់មុខព្រះបរមរាជវាំង វត្តភ្នំក៏ជាកន្លែងដ៏អស្ចារ្យសម្រាប់ដើរកម្សាន្តផងដែរ។»

មកភ្នំពេញដើម្បីរកប្រាក់ខ្លះពីបុណ្យអុំទូក!

បងស្រី សាលី (៤៦ឆ្នាំ)

ជាអ្នក​លក់​ភេសជ្ជៈ​តាម​ផ្លូវនៅ​មុខ​ព្រះបរមរាជវាំង បាន​មក​រាជធានី​ភ្នំពេញ​ពី​ខេត្ត​ព្រៃវែង​សម្រាប់​ពិធីបុណ្យ​អុំទូក។ តាម​ការហៅ​ពី​ស្វាមី​ដែល​ធ្វើ​ការ​ជា​កម្មករ​សំណង់​នៅ​ទីក្រុង​ភ្នំពេញ បងស្រី​បាន​ឡើងមកភ្នំពេញរយៈពេល ៣ ថ្ងៃ ដើម្បី​ចូលរួម​ពិធីបុណ្យ​អុំទូក​។ បងស្រី៖ «មានមនុស្សជាច្រើនឡើងមកភ្នំពេញក្នុងពិធីបុណ្យអុំទូកដើម្បីលក់ដូររកប្រាក់ចាយវាយបណ្តើ ដើរលេងបុណ្បអុំទូកបណ្តើរ។ សម្រាប់ខ្ញុំមកលក់ភេសជ្ជៈ និងឆ្លៀតរកប្រាក់ចំណូលខ្លះៗពីពិធីបុណ្យនេះ។ ពេលយប់ ខ្ញុំឈប់លក់ ហើយទៅមើលគេបណ្តែតប្រទីបជាមួយប្តីខ្ញុំវិញ។» ដោយជីវភាពគ្រួសារមិនសូវល្អ ទើបបងស្រីសម្រេចចិត្តឡើងមកលក់ដូរដើម្បីរកប្រាក់ក្នុងពិធីបុណ្យអុំទូក។​ ទីលានមុខព្រះបរមរាជវាំងតែងតែមានមនុស្សច្រើនកុះករតាំងពីព្រលឹមរហូតដល់ពេលយប់ជ្រៅ។ ដូច្នេះបងស្រីមកលក់ភេសជ្ជៈនៅទីនេះ តាំងពីព្រឹករហូតដល់ម៉ោងប្រហែល ៦ ល្ងាច ទើបបងស្រីឈប់លក់ដើម្បីជួបប្តីបងស្រីដែលធ្វើការនៅភ្នំពេញ ហើយរីករាយនឹងពិធីបុណ្យបណ្តែតប្រទីប និងបាញ់កាំជ្រួចនៅតាមដងទន្លេ និងការប្រគុំតន្ត្រីជាដើម។</p<

ក្រុមការងារបោសសម្អាត ដែលខំប្រឹងដើម្បីភាពស្អាតសម្រាប់អ្នកទាំងអស់គ្នាដែលមកភ្នំពេញក្នុងពិធីបុណ្យអុំទូក!

មានក្រុមអ្នកសម្អាតប្រហែល ៨00 នាក់ត្រូវបានចែកចាយទៅកាន់តំបន់ផ្សេងៗនៃទីក្រុងភ្នំពេញ ដើម្បីរក្សាអនាម័យនៅតាមទីសាធារណៈក្នុងអំឡុងពេលពិធីបុណ្យអុំទូករយៈពេលបីថ្ងៃ។ លោក ហន សុភ័គ អាយុ ២៦ឆ្នាំ ជាបុគ្គលិកម្នាក់នៃក្រុមសម្អាតចំនួន ៣០នាក់ ប្រចាំការនៅតំបន់ទីលានប្រជាធិបតេ្យថ្មីនៅខណ្ឌឬស្សីកែវ។ «ក្នុងនាមជាអ្នកបោសសម្អាត ក្រុមការងាររបស់យើងកំពុងប្រចាំការ ២៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីប្រមូលសំរាមនៅតំបន់សួនប្រជាធិបតេយ្យថ្មីនេះ។ ឆ្នាំនេះ បើប្រៀបធៀបទៅនឹងលើកមុន ការបែងចែកសំរាមរបស់ក្រុមកីឡារករអុំទូក គឺធ្វើបានប្រសើរឡើងជាងលើកមុនៗ។ ថ្ងៃនេះជាថ្ងៃទី២ ហើយខ្ញុំ​​សប្បាយ​ចិត្ត​ប្រសិន​បើ​ស្ថានការណ៍ទុកដាក់សំរាម​នៅ​តែល្អ​បែប​នេះ​នៅ​ថ្ងៃ​ទី​៣ ដែលជាថ្ងៃ​ចុង​ក្រោយ»។ លោក សុភ័គ យល់ថា ការយល់ដឹងរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងខ្លះៗ ដោយសារតែការចែកចាយរូបភាពវីដេអូនៃការចោលសំរាមនៅលើបណ្តាញសង្គមក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែលោកក៏បានសម្តែងការព្រួយបារម្ភផងដែរថា ការយល់ដឹងអំពីការគ្រប់គ្រង និងការចោលសំរាមរបស់អាជីវករលក់ដូរនៅតាមដងផ្លូវមិនមានការប្រែប្រួលច្រើននោះទេ។ «បើក្រឡេកទៅមើលរយៈពីរថ្ងៃ នៃពិធីបុណ្យជាមួយនឹងក្រុមសម្អាតរបស់យើងដែលដាក់ពង្រាយនៅតាមតំបន់សំខាន់ៗ ឃើញថា ប្រហែល ៦0-៧0% នៃពលរដ្ឋដឹងពីការចែកចាយកាកសំណល់ត្រឹមត្រូវ ប៉ុន្តែក៏មានអ្នកចោលសំរាម និង​ទុក​ដាក់​សំរាមមិនត្រឹមត្រូវ​ជា​ច្រើនដែរ ជា​ពិសេស អ្នកលក់ដូរ​នៅ​​តាម​ដងផ្លូវ។»

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles