គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22

រយៈពេល២០ឆ្នាំកន្លងទៅនេះ ទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន បានចងក្រងឡើងនូវប្រវត្តិសាស្ត្រជាច្រើនសម្រាប់អ្នកអានជាជនជាតិជប៉ុន។ មាន​ជនជាតិជប៉ុន​ជា​ច្រើន​បានជ្រើសយកទស្សនាវដ្តី “ញញឹម” មក​អាន ដើម្បីស្វែងយល់ពីសង្គមខ្មែរ ហើយក៏មានការ​ផ្តល់ជា​មតិកែលម្អល្អៗជាច្រើនកន្លងមកដែរ។ ហេតុផលទាំងនេះ បានញុំាងឱ្យក្រុមការងារតែងនិពន្ធរបស់ទស្សនាវដ្តី “ញញឹម” តែងតែចំណាយពេលវេលាជាច្រើនធ្វើការពិភាក្សាគ្នា ដើម្បីស្វែងរក និងចងក្រងឡើងនូវព័ត៌មានលេខពិសេស សម្រាប់ការចុះផ្សាយរាល់លេខ ជារៀងរហូតមក។ ជាអនុស្សាវរីយ៍សម្រាប់ខួបលើកទី២០ឆ្នាំនេះ  បងស្រី យូគី បានរំលឹកពីរឿងរ៉ាវជុំវិញការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុននេះដូចតទៅ។

ការត្រឡប់ទៅប្រទេសជប៉ុនវិញជាលើកដំបូង និងការស្វែងរកទីស្នាក់អាស្រ័យរបស់បងស្រី យូគី

នាងខ្ញុំ​បាន​មកដល់ទឹក​ដី​ខ្មែរ​នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៤។ ពេលនោះ នាងខ្ញុំត្រូវបានចាត់តាំងជាគ្រូបង្រៀនភាសាជប៉ុនស្ម័គ្រចិត្តរបស់ក្រុមយុវជនដើម្បីកិច្ចសហប្រតិបត្តិការក្រៅប្រទេសរបស់ប្រទេសជប៉ុន បម្រើការនៅក្រសួងទេសចរណ៍ បង្រៀនក្នុងវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរភាសាជប៉ុន។ យ៉ាងណាមិញ មិនបានរយៈពេលមួយឆ្នាំផង នាងខ្ញុំមានបញ្ហាជាមួយជំងឺក្រលៀនយ៉ាងធ្ងន់ធ្ងរ ហើយទោះបីជាទទួលការព្យាបាលនៅប្រទេសជប៉ុនក្តី ដោយស្ថានភាពជំងឺមិនស្រាកស្រាន្តឡើយ ធ្វើឱ្យរូបនាងខ្ញុំពុំអាចវិលត្រឡប់មកកម្ពុជាវិញបាន។ ប៉ុន្តែក្រោយ​ពី​បានបំពេញការងារ​នៅ​ប្រទេស​ជប៉ុន​រយៈពេល​មួយ​ឆ្នាំ នាងខ្ញុំ​បាន​ត្រឡប់​មក​កម្ពុជាវិញ​​ក្នុង​ឆ្នាំ១៩៩៦។

នៅពេលនោះ ទោះបីជានាងខ្ញុំបានព្យាយាមដាក់ពាក្យសុំការងារធ្វើនៅអង្គការ JICA, ស្ថានទូតជប៉ុន និងក្រុមហ៊ុនជប៉ុនមួយចំនួនក្តី ក៏រូបនាងខ្ញុំមិនអាចរកការងារណាមួយបានឡើយ ដោយសារតែពុំមានតម្រូវការផ្នែក “ជ្រើសរើសបុគ្គលិក” នៅតាមស្ថាប័នទាំងនោះ ដូច្នេះនាងខ្ញុំត្រូវបង្ខំចិត្តចាយវាយប្រាក់សន្សំរបស់ខ្លួនមានប្រមាណ ១លានយ៉េន ដែលបានដោយការខិតខំសន្សំនៅប្រទេសជប៉ុន។ ខណៈនាងខ្ញុំកំពុងគិតពីការចាយវាយប្រាក់សន្សំនៅគ្រានោះ នាងខ្ញុំក៏បាននឹកឃើញពីការសិក្សាភាសាខ្មែរ ហើយបានជួបគ្រូបង្រៀនម្នាក់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អំឡុងពេលស្វែងរកគ្រូបង្រៀនភាសាខ្មែរនាពេលនោះ។ ក្រោយពីរូបនាងខ្ញុំបានស្តាប់គ្រូបង្រៀនរូបនោះនិយាយអំពីស្ថានភាពសិក្សានៅសាកលវិទ្យាល័យខ្មែរ ធ្វើឱ្យនាងខ្ញុំមានចម្ងល់ និងចង់សិក្សាស្វែងយល់អំពីជីវិត ការសិក្សា និងការយល់ឃើញរបស់និសិ្សតខ្មែរចំពោះអនាគតប្រទេសរបស់ខ្លួន ខណៈដែលគ្រានោះ ប្រទេសកម្ពុជាកំពុងប្រែក្លាយខ្លួនពីស្ថានភាពមានអស្ថេរភាពខ្លាំង។ ដោយយល់ឃើញ​​បែបនេះ នាងខ្ញុំបានសម្រេចចិត្តចូលរៀននៅសាកលវិទ្យាល័យខ្មែរតែម្តងទៅ។

យុវភាពដែលនាងខ្ញុំបាន​សម្រេចការណ៍តាមចិត្តប៉ង

ក្រោយការបោះឆ្នោតសកលឆ្នាំ១៩៩៣ ប្រទេសកម្ពុជាមានរដ្ឋាភិបាលចម្រុះដែលមាននាយករដ្ឋមន្ត្រីពីររូបគឺ នាយករដ្ឋមន្រ្តីទី១ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ (ពីគណបក្សហ៊្វុនស៊ិនប៉ិច) និងនាយករដ្ឋមន្ត្រីទី២ លោក ហ៊ុន សែន (ពីគណបក្សប្រជាជន)។ គ្រានោះ នាងខ្ញុំបានពិគ្រោះជាមួយគ្រូបង្រៀនភាសាខ្មែរដែលនាងខ្ញុំស្គាល់ថា តើគួរទៅសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជានិស្សិតឯកជនបង់ប្រាក់ផ្ទាល់ខ្លួនឬទេ? ពេលនោះ គ្រូបង្រៀនរូបនោះបានឆ្លើយប្រាប់វិញថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពុំដែលធ្លាប់មានការទទួលសិស្សបរទេសឱ្យរៀនបង់ប្រាក់ផ្ទាល់ខ្លួននោះទេ គឺមានតែការសិក្សាថ្នាក់រដ្ឋតែប៉ុណ្ណោះ។ ឮដូច្នោះ នាងខ្ញុំហាក់អស់សង្ឃឹមព្រោះពុំអាចសិក្សានៅសាកលវិទ្យាល័យនោះបាន ទោះជាមានចិត្តចង់សិក្សាខ្លាំងយ៉ាងណាក្តី។ យ៉ាងណាមិញ គ្រូបង្រៀនដែលនាងខ្ញុំបានជួបរូបនោះ ក៏បានណែនាំឱ្យនាងខ្ញុំសរសេរសំបុត្រទៅកាន់នាយករដ្ឋមន្រ្តីខ្មែរ ដើម្បីសុំការអនុគ្រោះឱ្យចូលសិក្សានៅសាកលវិទ្យាល័យនោះ។ នាងខ្ញុំក៏បានសម្រេចចិត្តសរសេរសំបុត្រថ្វាយព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ដោយសុំការណែនាំពីការសរសេរសំបុត្រប្រើប្រាស់ពាក្យរាជសព្ទពីគ្រូបង្រៀនរូបនោះ។

គិតដូច្នេះហើយ នាងខ្ញុំបានសរសេរសំបុត្រផ្ញើទៅក្រសួងអប់រំខ្មែរ ដែលមានខ្លឹមសារដូចតទៅ។ «នាងខ្ញុំជាជនជាតិជប៉ុនចង់សិក្សាស្វែងយល់ពីវប្បធម៌ខ្មែរ។ នៅប្រទេសជប៉ុនមានប្រព័ន្ធសិក្សាឯកជនសម្រាប់ជនបរទេស ដែលវាបានផ្តល់ឱកាសឱ្យជនបរទេសសិក្សាពីវប្បធម៌ជប៉ុន ហើយតាមរយៈប្រព័ន្ធអប់រំបែបនេះ សាកលវិទ្យាល័យក៏អាចស្វែងរកប្រាក់ចំណូលពីវាបានដែរ។ សូមមេត្តាបង្កើតប្រព័ន្ធអប់រំបែបនេះនៅកម្ពុជា។ នាងខ្ញុំនឹងរង់ចាំរហូតដល់ប្រព័ន្ធអប់រំមួយនេះត្រូវបានបង្កើតឡើង និងសង្ឃឹមថាមានជនបរទេសជាច្រើននឹងអាចស្វែងយល់អំពីវប្បធម៌ខ្មែរតាមប្រព័ន្ធមួយនេះ។ ដូច្នេះសូមមេត្តាផ្តល់ឱកាសឱ្យរូបនាងខ្ញុំបានចូលរៀនដើម្បីស្វែងយល់អំពីសង្គម និងវប្បធម៌ខ្មែរ។» សំបុត្រនេះត្រូវបានផ្ញើទៅដល់ក្រសួងអប់រំខ្មែរ ហើយក្រសួងហាក់មានការភ្ញាក់ផ្អើលចំពោះសំណើរនេះ ដោយមួយរយៈពេលក្រោយមក មានការប្រជុំមួយធ្វើឡើង ដោយសម្រេចអនុញ្ញាតឱ្យរូបនាងខ្ញុំដែលជាជនបរទេស បានសិក្សាដោយហេតុផលថា “គ្មានហេតុផលណាមួយអាចបដិសេធនរណាម្នាក់ដែលចង់សិក្សាពីការសិក្សានោះទេ”។  យើងសូមផ្អាកការនិទានរបស់បងស្រី យូគី ត្រឹមចំណុចនេះសិន ហើយការនិទាននៅចំណុចបន្ទាប់នឹងនិយាយអំពី ការអស់សង្ឃឹមរបស់និស្សិតខ្មែរ ការផ្តើម​ចេះ​និង​យល់ពី​រឿងរ៉ាវនានា​ជា​ភាសា​ខ្មែរ និងតម្រូវការផ្សព្វផ្សាយព័ត៌មាន។

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles