គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ពីនេះពីនោះអំពីពិធីប្រណាំងទូកង
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01

ត្រឹមរយៈពេល ៣ថ្ងៃ មានភ្ញៀវជាតិ និងអន្តរជាតិចូលរួមក្នុងពិធីបុណ្យអំទូកប្រមាណ ៥.៨លាននាក់។ ដើម្បីចូលរួមក្នុងការប្រណាំង តើក្រុមកីឡាករអុំទូកត្រូវមាន​លក្ខខណ្ឌ​អ្វី​ខ្លះ? ក្រៅពីការចូលរួមប្រណាំង តើ​គេ​អាច​រីករាយនឹង​អ្វី​ខ្លះទៀតនៅក្នុងពិធីបុណ្យអំទូក? យើងខ្ញុំសូមណែនាំព័ត៌មានផ្សេងៗទាក់ទងនឹងពិធីបុណ្យអំទូកឆ្នាំ២០២៣កន្លងទៅនេះដូចខាងក្រោម។

តើ​ស្ថានភាពទូកង​ចូល​រួម​ការ​ប្រណាំង​នាឆ្នាំ២០២៣ ​យ៉ាង​ណាដែរ?

យោងតាមការផ្សព្វផ្សាយរបស់គណកម្មការជាតិរៀបចំពិធីបុណ្យអំទូក បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះមានទូកអុំចំនួន ១៥៨ទូក ទូកចែវបុរស៤២ទូក ទូកចែវនារី១ទូក ទូកខ្នាតអន្តរជាតិបុរសចំនួន ១៣៥ទូក នារី ២ទូក មានចំណុះទូកសរុបទាំងអស់ចំនួន ២០៤៤នាក់ ដែលមកពីក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប ២៥។

ចំពោះទូកគូពិសេស នៅឆ្នាំ២០២៣នេះ គណៈកម្មការបច្ចេកទេស និងគណៈមេប្រយោគបានរៀបចំឱ្យមានទូកចំនួន ៩៨ទូក ជាទូកគូពិសេស ចូលរួមប្រកួតប្រជែង ដោយកំណត់លទ្ធផលតាមរយៈថិរៈវេលា ដោយឆ្នាំនេះទូកគូពិសេស ដែលមានល្បឿនលឿនជាងគេមានចំនួន ៣ទូកគឺ៖ លេខ១ ទូកឈ្មោះ មហាទន្សាយតេជោសែនជ័យ មកពីខេត្តកំពង់ចាម មានថិរៈវេលាចែវសរុប៣ថ្ងៃ ត្រឹម ២៨:០៦.៣៣នាទី។ ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ សម្តេចវិបុលបញ្ញាបារមីមានជ័យ មកពីខេត្តតាកែវ ៣ថ្ងៃមានថិរៈវេលាសរុបត្រឹម ២៨:០៦.៦២នាទី។ ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះកោះកេរសែនជ័យបារមីព្រះអង្គខ្មៅ មកពីខេត្តព្រះវិហារ ៣ថ្ងៃប្រើថិរៈវេលាសរុប ២៨:០៧.៨១ នាទី។

តើកីឡាករជានរណា?

កីឡាករអុំទូក​ត្រូវ​បាន​ជ្រើសរើស​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ពីតាមបណ្តា​ភូមិឃុំមូលដ្ឋាន។ ទោះការប្រណាំងទូកងត្រូវបានគេចាត់ជាពិធីប្រណាំងកម្សាន្តបែបប្រពៃណីក៏ដោយ វាចាំបាច់សម្រាប់កីឡាករអំទូកត្រូវចេះហែលទឹក និងមានកាយសម្បទារឹងមាំ។ លើសពីនេះការយល់ដឹង និងចេះគោរពច្បាប់ដែលកំណត់ដោយគណៈកម្មាធិការរៀបចំការប្រកួតក៏ចាំបាច់ផងដែរ។

តើ​មាន​ការ​ប្រណាំង​បែប​ណា​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ?

ចម្ងាយសម្រាប់ទូកក្នុង​​គូ​ប្រកួតនីមួយៗមាន​ប្រវែង១៧០០​ម៉ែត្រ ដោយ​ចាប់ផ្តើមចេញ​ពីទីចាប់ផ្តើមនៅម្តុំភាគខាងត្បូងស្ពាន​មិត្តភាព​ជប៉ុន​-​កម្ពុជា (​ស្ពាន​ជ្រោយចង្វារ​) និង​បញ្ចប់​នៅ​មុខ​ព្រះបរមរាជវាំង​។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែទឹកហូរក្នុងទន្លេជាធម្មតាខុសគ្នានៅផ្នែកខាងឆ្វេង និងខាងស្តាំ ដូច្នេះគូប្រកួតដូចគ្នា ត្រូវធ្វើការប្រកួតចំនួនពីរដងដោយប្តូរទិសអុំខ្សែទឹកឆ្លាស់គ្នាខាងក្នុងនិងខាងក្រៅ។ ការប្រណាំងមានរយៈពេល ៣ថ្ងៃ ប៉ុន្តែមានតែទូកដែលឈ្នះនៅថ្ងៃដំបូងប៉ុណ្ណោះដែលនឹងឈានទៅប្រកួតនៅថ្ងៃទីពីរ ហើយទូកដែលឈ្នះថ្ងៃទី២ នឹងចូលប្រកួតក្នុងថ្ងៃចុងក្រោយគឺថ្ងៃទី៣។ ទូកដែលមានថិរវេលាល្បឿនសរុបលឿនជាងគេរយៈពេល៣ថ្ងៃ នឹងត្រូវបានជាប់ជាទូកជ័យលាភីទូទាំងប្រទេស។

តើពិធីបុណ្យអំទូកឆ្នាំនេះមានលក្ខណៈពិសេសអ្វីខ្លះ?

ជាប្រពៃណី នៅក្នុង​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ​ព្រះមហាក្សត្រ​តែងតែលើក​លែង​ទោសឱ្យ​ទណ្ឌិត​មានទម្ងន់​ទោស​ស្រាលឱ្យចេញនៅក្រៅឃុំ។ មានអ្នកទោសប្រមាណ ៥៣៨នាក់ត្រូវបានដោះលែងនៅឆ្នាំ២០២៣។

តើអ្វីជាអាហារសម្រន់ពេញនិយមបំផុត?

 
 
 
 

 

 

 

 

 

 
 

 

 

 

 

 

 

មានអ្នក​ទស្សនាជាតិ និងអន្តរជាតិ​​ប្រមាណ​១.២លានាក់ក្នុងមួយថ្ងៃបាន​​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញដើម្បីចូលរួមទស្សនាពិធីបុណ្យអំទូក។ ទស្សនិកជន​ជា​ច្រើន​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​ខាង​មុខ​ព្រះបរមរាជវាំង។ ពេល​ដើរ​កាត់​តំបន់​នេះ យើង​ឃើញមាន​តូប​លក់​អាហារសម្រន់​ជា​ច្រើនប្រភេទ​ នៅតម្រៀបគ្នាតាមដង​ផ្លូវ។ យោងតាមការចុះផ្សាយពីសារព័តមានក្នុងស្រុកបានឱ្យដឹងថា អាហារសម្រន់ដែលលក់ដាច់បំផុត និងពេញនិយមក្នុងចំណោមទស្សនិកជនខ្មែរ ដែលបានមកទស្សនាការប្រណាំងទូកទូកក្នុងពិធីបុណ្យអុំទូកឆ្នាំ២០២៣មានដូចជា៖ ពងក្រួចស្ងោរ ស្ករគ្រាប់សំឡី ម្ជូរផ្លែឈើ ពងមាន់អាំង និងពោតលីង៕

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles