គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) របាំដែលបង្ហាញពីខ្លួនឯង -ពីអ្នករបាំក្បាច់បុរាណខ្មែរមកជាអ្នករបាំសហសម័យ- 【Special3】
(ភាសាខ្មែរ) របាំដែលបង្ហាញពីខ្លួនឯង -ពីអ្នករបាំក្បាច់បុរាណខ្មែរមកជាអ្នករបាំសហសម័យ- 【Special3】
2020.03.14

អ្នកស្រី ជ័យ ច័ន្ទកិត្យា បានរៀនរបាំក្បាច់បុរាណខ្មែរ និងសម្តែងថ្វាយសម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី តាំងពីកុមារភាព ក៏ប៉ុន្តែបានចូលប្រឡូកនៅក្នុងរបាំសហសម័យកាលពីឆ្នាំ២០០០។ ញញឹមខ្មែរបានសាកសួរសំណួរមួយចំនួនដែលទាក់ទងនឹងរបាំសហសម័យទៅកាន់អ្នកស្រី ដែលជាអតីតនាយិការសិល្បៈនិងជាអ្នកបង្កើតរបាំសហសម័យខ្មែរនៃអង្គការអម្រឹតាសិល្បៈ ​(Amrita Performing Arts)។

ការរីកចម្រើនដោយការស្វែងរកសំណួរសម្រាប់ខ្លួនឯង

Q: តើមូលហេតុអ្វីដែលនាំឱ្យអ្នកស្រីសម្រេចចិត្តជ្រើសរើសយករបាំសហសម័យនេះមកសម្តែង?

A: នាងខ្ញុំបានស្គាល់របាំសហសម័យ តាមរយៈការចូលរួមសម្តែងនៅក្នុងកម្មវិធី “Realizing Rama” របស់សហគមន៍អាស៊ាន កាលពីនាងខ្ញុំមានអាយុ ១៦ឆ្នាំ ពោលគឺនៅឆ្នាំ២០០០។ ចំនុចសំខាន់នៃរបាំសហសម័យនេះគឺ វាមិនត្រឹមតែទម្រង់នៃរបាំមួយនេះប៉ុណ្ណោះទេ តែវាក៏ជាឱកាសសម្រាប់អ្នករបាំដូចជារូបខ្ញុំបានសិក្សាពង្រីកនូវចំណេះដឹងផង​ដែរ។ ការសម្តែងនូវអារម្មណ៍នៅក្នុងរបាំនេះក៏ខុសគ្នាផងដែរជាមួយរបាំបុរាណខ្មែរ ដែលវាជាចំនុចទាក់ទាញមួយសម្រាប់នាងខ្ញុំ។ តាមរយៈរបាំសហសម័យនេះ បានផ្តល់ឱ្យនាងខ្ញុំនូវឱកាសជួបធ្វើការជាមួយនឹងមនុស្សថ្មីៗ​ដែលមកពីប្រទេស​ផ្សេងៗ ក៏ដូចជាការស្វែងយល់ដឹងអំពីវប្បធម៌ថ្មីៗ តាមរយៈការចេញទៅសម្តែងនៅក្រៅប្រទេស។​ ពោលគឺ របាំសហសម័យមិនត្រឹមតែធ្វើឱ្យនាងខ្ញុំដែលជាអ្នករបាំបានស្វែងយល់ពីខ្លួនឯងប៉ុណ្ណោះទេ វាបានធ្វើឱ្យនាងខ្ញុំដែលក្នុងនាមជាអ្នករបាំ ចេះត្រិះរិះពិចារណា និងធ្វើការស្វែងយល់ថ្មីៗបន្ថែមទៀតខុសប្លែកពីអ្វីដែលនាងខ្ញុំបានយល់ដឹងអំពីរបាំបុរាណខ្មែរ។

 

Q: តើរបាំសហសម័យនេះខុសពីរបាំក្បាច់បុរាណខ្មែរជាពិសេសត្រង់ចំនុចណាខ្លះដែរ?

A: ដើម្បីស្វែងយល់ពីរបាំសហសម័យនេះ នាងខ្ញុំបានចូលរួមក្នុងសិក្ខាសាលាជាច្រើន។ ពេលនោះអ្វីដែលនាងខ្ញុំយល់ដឹងថ្មីពិសេសនោះគឺ “ការរស់នៅបែបជាខ្លួនឯង”។ ចំពោះរបាំក្បាច់បុរាណខ្មែរ អ្នករបាំត្រូវសម្តែងជាតួរអង្គផ្សេងៗដែលគេតម្រូវឱ្យនៅក្នុងសាច់រឿងនោះ។ ពោលគឺ យើងត្រូវរាំសម្តែងជាតួរផ្សេងដែលខុសពីខ្លួនយើង។ ចំណែកឯ របាំសហសម័យវិញ អ្នករបាំត្រូវសម្តែងនូវអ្វីដែលជាខ្លួនឯង ដែលខុសពីតួអង្គនៃរបាំបុរាណ។ ម្យ៉ាងវិញទៀត វាពុំមែនតែជាការសម្តែងបង្ហាញពីខ្លួនឯងប៉ុណ្ណោះទេ វាជារបាំដែលត្រូវបង្ហាញជូនអ្នកទស្សនានូវការត្រិះរិះពិចារណា និងការស្រមើស្រម៉ៃផងដែរ។ ដូច្នេះ របាំសហសម័យនេះអាចនិយាយបានថា ជារបាំដែលកើតឡើងនាពេលបច្ចុប្បន្នកាលសម្រាប់អ្នកទស្សនា។

Q: តើសារៈសំខាន់នៃរបាំសហសម័យនេះគឺអ្វី?

A: នាងខ្ញុំធ្លាប់ធ្វើជានាយិកាសិល្បៈនិងជាអ្នកបង្កើតរបាំនៅអង្គការអម្រឹតាសិល្បៈ។ រាល់ពេលដែលយើងបង្កើតរបាំ យើងតែងសួរខ្លួនឯងជានិច្ចថា ហេតុអ្វីបានជាត្រូវបង្កើតរបាំនេះ? តើយើងចង់បង្ហាញអ្វីដល់ទស្សនិកជន ហើយមូលហេតុអ្វីបានជាយើងត្រូវយកវាមកសម្តែងនៅពេលនេះជាដើម។ តាមរយៈចម្ងល់ទាំងនេះ អ្នកសម្តែងរបាំសហសម័យអាចសម្តែងនូវអ្វីដែលខ្លួនចង់ចែករំលែកទៅកាន់ទស្សនិកជនដោយផ្ទាល់បាន។ នាងខ្ញុំគិតថាវាជាផ្នែកមួយនៃលិទ្ធិប្រជាធិបតេយ្យ និងជាប្រភពនៃការសម្តែងចេញនូវសេរីភាពនៃការបញ្ចេញមតិ។ របាំនេះ វាមិនគ្រាន់តែជាការសម្តែងពីខ្លួនឯងប៉ុណ្ណោះទេ វាក៏ជារបាំមួយដែលបានផ្តល់នូវការត្រិះរិះពិចារណាមួយដល់អ្នកទស្សនាឱ្យគិតពិចារណាផងដែរនូវអ្វីដែលខ្លួនបានមើល ដែលនាងខ្ញុំគិតថាវាជារឿងមួយសំខាន់សម្រាប់សង្គមខ្មែរនាពេលបច្ចុប្បន្ននេះ។

 

Q: តើបច្ចុប្បន្នភាពនៃរបាំសហសម័យនៅប្រទេសកម្ពុជាសព្វថ្ងៃនេះយ៉ាងម៉េចដែរ?

A: អង្គការអម្រឹតាសិល្បៈត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ហើយរបាំសហសម័យត្រូវបា​នផ្សព្វផ្សាយនៅប្រទេសកម្ពុជាតាំងពីពេលនោះមក។ នៅពេលនោះ មានអ្នករាំរបាំសហសម័យខ្មែរដែលបានរៀនពីអ្នកតម្លើងរបាំដែលជាជនបរទេស ក៏ប៉ុន្តែពុំទាន់សូវមានអ្នកតម្លើងរបាំសហសម័យនាពេលនោះនៅឡើយទេ។ ដូច្នេះ ទើបនៅក្នុងឆ្នាំ២០១៣ អង្គការអម្រឹតាសិល្បៈបានបង្កើតឡើងនូវឱកាសសម្រាប់បណ្តុះបណ្តាលអ្នកតម្លើងរបាំសហសម័យ។ ក្រោយពីឆ្នាំ២០១៣ មក មានក្រុមអ្នករាំរបាំសហសម័យជាច្រើនត្រូវបានបង្កើតឡើង ហើយមានអ្នករាំរបាំសហសម័យខ្មែរជាច្រើនរូបចេញទៅសម្តែងនៅក្រៅប្រទេស ដែលវាបានផ្តល់ឱកាសដល់សិល្បកររបាំសហសម័យខ្មែរឱ្យបានជួបអ្នកសម្តែង ក៏ដូចជាអ្នកបង្កើតរបាំដែលជាជនបរទេសផ្សេងៗ ហើយវាបានហុចឱ​កាសដល់សិល្បករខ្មែរបានផ្សាព្វផ្សាយអំពីកម្ពុជាផងដែរ។

 

Q: តើអ្នកស្រីមានផែនការឬគម្រោងការអ្វីខ្លះទៅថ្ងៃអនាគត?

A: កាលពីខែធ្នូ ឆ្នាំមុន នាងខ្ញុំបានចូលរួមសម្តែងនៅក្នុងកម្មវិធី “ត្រូជិនវ៉ូមេន” រយៈពេល ១៣ ថ្ងៃនៅទីក្រុងញូយ៉ក។ សម្រាប់សកម្មភាពដំបូងនៅក្នុងឆ្នាំនេះ គឺនាងខ្ញុំបានស្នាក់នៅរយៈពេល ២ សប្តាហ៍នៅទីក្រុងអាប៊ូដាប៊ី ដើម្បីចូលរួមក្នុងវគ្គសិក្សាខ្លីមួយដែលមានឈ្មោះថា “សិល្បៈដើម្បីការអភិវឌ្ឍ” ដែលជាវគ្គសិក្សានៃសាកលវិទ្យាល័យ New York University Abu Dhabi ។ នាងខ្ញុំធ្លាប់បានបង្រៀននៅសាលាមធ្យមវិចិត្រសិល្បៈតាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១៩។​​ តែកាលពីចុងឆ្នាំមុន នាងខ្ញុំបានផ្ទេរការងារមកបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ដូច្នេះ បន្ទាប់ពីនេះតទៅ នាងខ្ញុំមានបំណងផ្សព្វផ្សាយនូវរបាំសហសម័យខ្មែរ នៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដោយផ្អែកលើមូលដ្ឋានគ្រឹះនៃរបាំបុរាណខ្មែរ។

នៅថ្ងៃអនាគត នាងខ្ញុំមានបំណងផ្សព្វផ្សាយពីសិល្បៈ ដើម្បីចូលរួមក្នុងការអភិវឌ្ឍនិងកសាងសន្តិភាពនៅក្នុ​ងប្រទេសកម្ពុជា។ ដូច្នេះ ដើម្បីសម្រេចបាននូវក្តីសុបិននេះ ជាដំបូងនាងខ្ញុំចង់បណ្តុះបណ្តាលធនធានមនុស្សដែលអាចជួយបរិចាកដល់សហគមន៍របស់ខ្លួន តាមរយៈការជម្រុញនៃការបង្កើតស្នាដៃសិល្បៈថ្មីៗរបស់និស្សិតនៅមហាវិទ្យាល័យនាដសាស្រ្ត ដែលនាងខ្ញុំកំពុងបង្រៀននេះ។​​ បន្ទាប់មក នាងខ្ញុំចង់បង្កើតឱ្យមាននូវព្រឹត្តការណ៍នៅតាមតំបន់ ដើម្បីភ្ជាប់ប្រជាជននៅតាមសហគមន៍។ នៅពេលមានប្រជាជននៅតាមសហគមន៍ជួបជុំគ្នាហើយនោះ ប្រជាជននឹងធ្វើការស្វែងយល់ពីគ្នាក៏ដូចជាសហគមន៍របស់ពួកគាត់។ លើសពីនេះទៀត ចំពោះសហគមន៍ណាដែលទទួលបានជោគជ័យនៅក្នុងការតាំងបង្ហាញនូវពិពណ៌ទាំងនេះ យើងនឹងបង្កើតឱ្យមានជាមជ្ឈមណ្ឌលនិងបណ្ណាល័យសិល្បៈនៅទីនោះ​ ដើម្បីជាទីកន្លែងសម្រាប់ពួកគាត់មកជួបជុំគ្នា។ នៅពេលប្រជាជនមកជួបជុំគ្នាតាមរយៈស្នាដៃសិល្បៈទាំងនោះ វានឹងផ្តល់ជាកន្លែងសម្រាប់អ្នកទាំងអស់គ្នាបានមកដើម្បីពិភាក្សានិងស្វែងយល់ផ្សេងៗពីគ្នាក៏ដូចសហគមន៍របស់គាត់ ដែលវានឹងជម្រុញដល់ការអភិវឌ្ឍសហគមន៍របស់ពួកគាត់។ នាងខ្ញុំសង្ឃឹមថា​ តាមរយៈស្នាដៃសិល្បៈ នឹងជួយឱ្យសហគមន៍មានសកម្មភាព ដែលវានឹងជួយជម្រុញដល់ការអភិវឌ្ឍនិងកសាងសន្តិភាពនៅក្នុងប្រទេសកម្ពុជា។

 

ប្រវត្តិរូបសង្ខេប

អ្នកស្រី ជ័យ ចន្ទកិត្យា

កើតនៅឆ្នាំ១៩៨៤ ទីក្រុងភ្នំពេញ។ បានចូលសិក្សានៅសាលាមធ្យមវិចិត្រសិល្បៈឆ្នាំ១៩៩២ ហើយចាប់ពីឆ្នាំ១៩៩៥ មក បានចាប់ផ្តើមចេញទៅសម្តែងនៅក្រៅប្រទេសដូចជាអឺរ៉ុបជាដើម ក្រោមការដឹកនាំនិងចង្អុលបង្ហាញពីសម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ នៅឆ្នាំ២០០០ បានផ្តើមស្គាល់និងចូលរួមសម្តែងនៅក្នុងរបាំសហសម័យ​ នៅក្នុងការសម្តែងរួមនៃកម្មវិធី “Realizing Rama” ។ បានចូលបម្រើការងារដ្ឋនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងឋានៈជាគ្រូបង្ហាត់របាំក្បាច់បុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ។ នៅឆ្នាំ២០០៥ ក្រោយពីបានបញ្ចប់កាសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈភ្លាម បានចូលបំរើការនៅអង្គការអម្រឹតាសិល្បៈ។ ឆ្នាំ២០១៤ បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកបង្កើតរបាំសហសម័យពី University of California, Los Angeles (UCLA)តាមរយៈអាហារូបករណ៍ Fulbright។ នៅឆ្នាំដដែល បានបំរើការជានាយិកាសិល្បៈនិងអ្នកបង្កើតរបាំនៅអង្គការអម្រឹតាសិល្បៈ។ បច្ចុប្បន្នជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ អ្នកស្រីមានស្នាដៃសិល្បៈជាច្រើនសម្តែងនៅក្រៅប្រទេសផងដែរ។
សម្រាប់ពត៌មានបន្ថែម ៖

 

【NyoNyum Khmer No.38】










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles