គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ស្ថានភាពជនពិការនៅកម្ពុជា
(ភាសាខ្មែរ) ស្ថានភាពជនពិការនៅកម្ពុជា
2020.07.14

នៅប្រទេសកម្ពុជាត្រូវបានគេរាយការណ៍ថា ចំនួនមនុស្សថ្លង់មានប្រមាណ ៥០ ០០០នាក់ ក៏ប៉ុន្តែជនដែលមានបញ្ហាការស្តាប់ និងនិយាយមានចំនួនប្រមាណដល់ទៅជាង ៥០០ ០០០នាក់ ឯណោះ (របាយការណ៍របស់អង្គការគ្រួសារថ្មី)។ ដើម្បីឆ្លើយតបទៅនឹងតួលេខខាងលើនេះ និងដើម្បីជម្រុញ លើកកម្ពស់អោយកុមារនិងមនុស្សថ្លង់នៅកម្ពុជាមានសិទ្ធទទួលបានព័ត៌មានដូចកុមារនិងជនទូទៅដទៃទៀត នឹងមានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងនៅក្នុងជីវភាពរស់នៅ ក៏ដូចជានៅក្នុងកន្លែងការងារ រាជរដ្ឋាភិបាលកម្ពុជារួមជាមួយអង្គការសប្បុរសធម៌មួយចំនួនបាននឹងកំពុងជម្រុញនូវសកម្មភាពនានារបស់ខ្លួនសំដៅធ្វើអោយប្រសើរឡើងនូវការអប់រំបណ្តុះបណ្តាលកុមារ និងជនពិការភ្នែកនិងថ្លង់នៅកម្ពុជា។

ការអប់រំកុមារពិការភ្នែក និងថ្លង់នៅកម្ពុជា

គ្រួសារថ្មីជាអង្គការដែលបានបង្កើតនូវសាលាសម្រាប់អប់រំកុមារថ្លង់ និងពិការភ្នែកដំបូងបំផុតនៅកម្ពុជា។ អង្គការគ្រួសារថ្មីមួយនេះបានបង្កើតសាលាបង្រៀនកុមារពិការភ្នែកនៅឆ្នាំ១៩៩៤ ហើយក្រោយមកបានង្កើតសាលាបង្ហាត់កុមារថ្លង់នៅឆ្នាំ១៩៩៧ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សាលាទាំងពីរនេះត្រូវបានគេស្គាល់ជាទូទៅថា ជាកន្លែងអប់រំកុមារពិការភ្នែក និងថ្លង់ដ៏សំខាន់មួយនៅកម្ពុជា។ រហូតមកដល់បច្ចុប្បន្ន សាលាគ្រួសារថ្មីបានអប់រំកុមារប្រមាណចំនួន ១២០០នាក់ ហើយបាននិពន្ននិងបោះពុម្ពផ្សាយនូវសៀវភៅសិក្សាសម្រាប់កុមារពិការភ្នែក និងថ្លង់ជាច្រើនផងដែរ។
សាលាគ្រួសារថ្មីមានចំនួនសរុប៥សាខា ដែលក្នុងនោះ២សាខា ស្ថិតនៅក្នុងរាជធានីភ្នំពេញ និងសាខាផ្សេងទៀតនៅតាមខេត្តសៀមរាប (សាងសង់ឆ្នាំ២០០១) ខេត្តកំពង់ចាម (សាងសង់ឆ្នាំ២០០២) និងខេត្តបាត់ដំបង (សាងសង់ឆ្នាំ១៩៩៦)។ សាលានៃអង្គការគ្រួសារថ្មីមានចំនួនសិស្សសរុបប្រមាណ ៧០០នាក់ (ក្នុងនោះស្រីប្រមាណ ២០០នាក់) ចំនួនបុគ្គលិកនិងគ្រូបង្រៀនចំនួនប្រមាណ ២០០នាក់។ ក្នុងនោះមានកុមារពិការភ្នែកប្រមាណ ១៦០នាក់ និងកុមារថ្លង់ចំនួនប្រមាណជាង ៥៥០នាក់។ កម្មវិធីសិក្សារបស់អង្គការគ្រួសារថ្មី ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡាតាំងពីដើមមក។

នៅឆ្នាំ២០១៧ វិទ្យាស្ថានជាតិអប់រំពិសេស (បណ្តុះបណ្តាលគ្រូបង្រៀនសិស្សកុមារពិការភ្នែកនិងថ្លង់) ត្រូវបានចាប់ផ្តើម និងកំពុងសាងសង់ឡើង ដើម្បីធ្វើការបណ្តុះបណ្តាលគ្រូបង្រៀនសិស្សថ្លង់ និងពិការភ្នែក ស្រាវជ្រាវអំពីការអប់រំកុមារពិការភ្នែកនិងថ្លង់ ដែលមានទីតាំងស្ថិតនៅក្បែរវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី (អតីតសាលាកុមារគថ្លង់ និងពិការភ្នែកភ្នំពេញថ្មី)។ បច្ចុប្បន្នវិទ្យាស្ថានជាតិអប់រំពិសេសមានទីតាំងបណ្តោះអាសន្ន ស្ថិតនៅក្នុងវិទ្យាល័យអប់រំ
ពិសេសភ្នំពេញថ្មី ។ នៅខែកក្កដា ឆ្នាំ២០១៩ សាលាទាំង៥សាខារបស់អង្គការគ្រួសារថ្មីត្រូវបានទទួលស្គាល់ និងប្រគល់អោយស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ក្រសួងអប់រំ យុវជន និងកីឡា។

ការអភិវឌ្ឍន៍ភាសាសញ្ញានៅកម្ពុជា

ភាសាសញ្ញានៅកម្ពុជាត្រូវបានបង្កើតឡើងដោយការសិក្សាស្រាវជ្រាវផ្ទាល់ពីសហគមន៍មនុស្សថ្លង់។ អង្គការគ្រួសារថ្មីបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ដើម្បីស្រាវជ្រាវ និងចងក្រងសៀវភៅសិក្សា ជាភាសាសញ្ញាសម្រាប់កុមារថ្លង់ថ្នាក់ទី១ រហូតដល់ទី៧ និងកំពុងបន្តចងក្រងសម្រាប់សិស្សថ្លង់ថ្នាក់
អនុវិទ្យាល័យ និងវិទ្យាល័យផងដែរ។ កុមារថ្លង់អាចធ្វើការប្រាស្រ័យទាក់ទងប្រចាំថ្ងៃបាន តាមរយៈការសិក្សាភាសាសញ្ញាក្នុងកម្រិតថ្នាក់បឋមសិក្សា ក៏ប៉ុន្តែដើម្បីអោយកុមារថ្លង់អាចបន្តការសិក្សាដល់ថ្នាក់មធ្យមសិក្សាបានដូចសិស្សានុសិស្សធម្មតាដទៃទៀត គឺនៅមានភាសាសញ្ញាជាច្រើនទៀតសម្រាប់សិក្សា។ ម្យ៉ាងទៀតគួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ន ក្រសួងអប់រំ យុវជននិងកីឡាក៏កំពុងបន្តគាំទ្រនិស្សិតថ្លង់ថ្នាក់ឧត្តម
សិក្សាផងដែរ តាមរយៈការបកប្រែជាភាសាសញ្ញា។


នៅខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សាលាគ្រួសារថ្មីទាំងអស់ ត្រូវបានប្រគល់ជូនអោយនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជននិងកីឡាហើយបានប្រកាសបើកអោយដំណើរការវិទ្យាស្ថានជាតិ អប់រំពិសេសដែលមានទីតាំងបណ្តោះអាសន្ននៅក្នុងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ។ នៅក្នុងឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនក៏បានអំពាវនាវអោយស្ថានីយទូរទស្សន៍ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ផ្សព្វផ្សាយព័ត៌មានប្រចាំថ្ងៃជាភាសាសញ្ញាដើម្បីឱ្យមនុស្សថ្លង់ទទួលបាននូវព័ត៌មាន ឬព្រឹត្តិការណ៍ថ្មីដែលកំពុងកើតឡើងក្នុង និងក្រៅប្រទេសផងដែរ។ បន្ទាប់ពីនោះមក តម្រូវការនៃអ្នកបកប្រែព័ត៌មានជាភាសាសញ្ញាបានកើនឡើងច្រើននៅតាមបណ្តាស្ថាប័នរដ្ឋ និងស្ថានីយទូរទស្សន៍ឯកជនមួយចំនួន ជាពិសេស នៅក្នុងស្ថាប័នអប់រំក្នុងកម្មវិធីសិក្សាពីចម្ងាយកំឡុងពេលនៃការបិទសាលារៀនទូទាំងប្រទេសដោយសារការព្រួយបារម្ភនៃការឆ្លងនៃជម្ងឺកូវីដ១៩ ក្នុងពេលបច្ចុប្បន្ន។

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 40】











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles