គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

កិច្ចសម្ភាសគ្រូបង្វឹកជម្រើសជាតិកីឡាហែលទឹក ចេង ពិរោទ
កិច្ចសម្ភាសគ្រូបង្វឹកជម្រើសជាតិកីឡាហែលទឹក ចេង ពិរោទ
2023.06.05

គ្រូបង្វឹកជម្រើសជាតិកីឡាហែលទឹកកម្ពុជា លោក ចេង ពិរោទ (៣៧ឆ្នាំ)

 

 

  • ស្រុកកំណើត៖ ខេត្តត្បូងឃ្មុំ

  • បទពិសោធន៍គ្រូបង្វឹកកីឡាហែលទឹក៖ ៥ឆ្នាំ

  • ជាអតីតកីឡាកហែលទឹកជម្រើសជាតិកម្ពុជា៖ ធ្លាប់បានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់អន្តរជាតិជាច្រើន និងទទួលបានមេដាយក្នុងព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិជាច្រើនផងដែរ

     

 


លក្ខណៈពិសេសនៃការហ្វឹកហាត់បច្ចុប្បន្ន   

«ការហ្វឹកហាត់បច្ចុប្បន្ន គឺផ្តោតទៅលើបច្ចេកទេសជាសំខាន់។ យើងបានហ្វឹកហាត់សំខាន់លើការប្រើកម្លាំងបានច្រើនមកហើយកន្លងទៅនេះ។ បច្ចេកទេសទីនេះ គឺសំដៅលើការលោតដេប៉ា ការត្រឡប់មកវិញ និងការដល់ទី ព្រោះចំណុចទាំង ៣នេះ គឺសំខាន់សម្រាប់កីឡាករ និងកីឡាការិនីហែលទឹក ដោយសារជាទូទៅសម្រាប់កីឡាហែលទឹកនេះ គឺមានការចាញ់ឈ្នះគ្នាត្រង់ចំណុចទាំងនេះច្រើនតែខុសគ្នានូវចំនួនវិនាទីបន្តិចបន្តួចតែប៉ុណ្ណោះ។ លើសពីនេះ សហព័ន្ធយើងពង្រឹងការហ្វឹកហាត់ជូនទៅកីឡាករ និងកីឡាការិនីហែលទឹក ដោយបន្ថែមម៉ោងហ្វឹកហាត់ច្រើនជាងមុនលើសពីធម្មតា ចាប់តាំងពីដើមឆ្នាំ២០២២ មក ដែលជាធម្មតាគឺហ្វឹកហាត់ត្រឹមតែប្រមាណ ២ម៉ោង ក្នុងមួយពេល បែរមកហាត់រយៈពេល ៣ម៉ោង និងមានចំនួន ២ពេលក្នុងមួយថ្ងៃ។ ដូច្នេះសម្រាប់ការហ្វឹកហាត់ត្រៀមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម២០២៣ នេះ យើងហាត់ចំនួន ៦ម៉ោងក្នុងមួយថ្ងៃ»។

ចំណុចពិសេសរ​បស់កីឡាការិនី Erika  

«ខ្ញុំសង្គេតឃើញថាការលោតដេប៉ា និងការមកដល់ទី គឺគាត់ធ្វើបានល្អណាស់។ តែគាត់នៅមានចំណុចខ្វះខាតមួយចំនួនតូចលើការប្រើប្រាស់កម្លាំងនៅផ្នែកខ្លះ»។

ក្តីរំពឹង  

«សម្រាប់យើងខ្ញុំជាគ្រូបង្វឹក យើងខ្ញុំចង់ឃើញកីឡាករហែលទឹកខ្មែរទូទៅ ជាពិសេស កីឡាការិនី Erika អាចចូលក្នុងវគ្គផ្តាច់ព្រ័ត្ន និងអាចប្រកួតប្រជែងឈ្នះមេដាយណាមួយជូនជាតិ»។

ការត្រៀមខ្លួន  

«ខាងសហព័ន្ធបានរៀបចំគ្រប់ជ្រុងជ្រោយទៅតាមបទដ្ឋានលក្ខណៈបច្ចេកទេសស្តង់ដារអន្តរជាតិរួចរាល់អស់ហើយ ព្រោះយើងបានឆ្លងកាត់នូវបទពិសោធន៍ផ្ទាល់គ្រប់គ្រាន់លើចំណុចរៀបចំស្តង់ដារអន្តរជាតិបែបនេះពីមុនមកច្រើន។ ដូច្នេះខាងសហព័ន្ធយើងខ្ញុំ គឺបានត្រៀមខ្លួនរួចរាល់សម្រាប់ផ្តល់ជំនួយដល់កីឡាករ និងកីឡាការិនីហែលទឹកកម្ពុជា ចូលរួមប្រកួតដណ្តើមមេដាយថ្នាក់អន្តរជាតិ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះលើកនេះ»។

ចំណុចខ្វះខាត  

«យ៉ាងណាមិញ ទោះបីជាយើងនៅមានចំណុចខ្វះខាតលើសម្ភារៈហ្វឹកហាត់នៅលើគោកមួយចំនួននៅឡើយក្តី យើងបានព្យាយាមកែច្នៃសម្ភារៈដែលមានស្រាប់មួយចំនួនសម្រាប់ប្រើប្រាស់ជំនួសរួចខ្លះច្រើនហើយ តែបើប្រៀបធៀបជាមួយប្រទេសជិតខាងវិញ ឃើញថាយើងនៅមិនទាន់ទំនើបដល់គេនៅឡើយទេ»៕

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles