គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

បទសម្ភាសន៍បងស្រី សានី អំពីការយល់ឃើញរបស់បងស្រីស្តីពីស្ថានភាពជាក់ស្តែងនៃការងារនិងការរស់នៅរបស់បងប្អូនកម្មកររោងចក្រកាត់ដេរ
បទសម្ភាសន៍បងស្រី សានី អំពីការយល់ឃើញរបស់បងស្រីស្តីពីស្ថានភាពជាក់ស្តែងនៃការងារនិងការរស់នៅរបស់បងប្អូនកម្មកររោងចក្រកាត់ដេរ
2023.07.25

បងស្រី ប្រាក់ សានី អាយុ ៥០ឆ្នាំ ជាប្រធានផ្នែកកាត់ដេរនៅរោងចក្រកាត់ដេរ ហុង វ៉ា។ បងស្រី សានី មានកូន​ចំនួន​៦​នាក់​ រស់នៅជាមួយ​ស្វាមី​ជា​អ្នក​រត់​រ៉ឺម៉ក​កង់បី ហើយបងស្រីបានបម្រើការងារនៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​តាំងពី​ឆ្នាំ​២០០០មកម្លេះ។ ឆ្លងកាត់បទពិសោធន៍ក្នុងវិស័យកាត់ដេរមកជាច្រើនឆ្នាំ បងស្រីបានបង្ហើបប្រាប់អំពីបទពិសោធន៍ដែលបងស្រីបានជួបប្រទះ និងបានឃើញដោយផ្ទាល់នូវការប្រែប្រួលមួយចំនួនអំពីការងារ ក៏ដូចជាជីវភាពរស់នៅរបស់កម្មកររោងចក្រ។ តើពលកររោងចក្រកាត់ដេរមានការអភិវឌ្ឍអាជីពរបស់ខ្លួនយ៉ាងដូចម្តេចខ្លះ? យើងខ្ញុំបានសាកសួរបងស្រីក្នុងបទសម្ភាសន៍ដូចខាងក្រោម។

Q: ជាទូទៅ យើងខ្ញុំគិតថាកម្មកររោងចក្រភាគច្រើនជាយុវជន។ ក្រៅតែពីការងារ តើ​យុវជន​​មក​ពី​ជនបទ​រីករាយ​នឹង​ការរស់នៅក្នុងទីក្រុងភ្នំពេញ​យ៉ាង​ណាដែរ?

តាមពិតទៅ ដោយសារវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរជាច្រើនបានប្រែប្រួលមិនស្ថិតស្ថេរ។ ប៉ុន្តែបើនិយាយាពីពេលសេដ្ឋកិច្ចនៅល្អមុនមានជំងឺកូវីដ១៩ ឃើញថាកម្មករមានវ័យក្មេងៗ ទូទៅពួកគាត់រីករាយនឹងការដើរកម្សាន្តនៅពេលទំនេររបស់ពួកគាត់។ ជាទូទៅ នៅចុងសប្តាហ៍ ពួកគាត់ភាគច្រើនចេញទៅដើរលេងនៅម្តុំជុំវិញព្រះបរមរាជវាំង ខ្លះនាំគ្នាញ៉ាំនៅហាងស៊ុបឆ្នាំងដីដែលមានតម្លៃសមរម្យនៅម្តុំៗនោះជាដើម។

យ៉ាងណាមិញ នៅម្តុំផ្លូវវេងស្រេងនេះវិញ ក៏មានហាងសាច់អាំងមានតម្លៃសមរម្យជាច្រើនផងដែរ។ បងប្អូនពលករយើងមួយចំនួនចូលចិត្តទៅផឹកស្រាជុំគ្នានៅហាងបែបនេះ បន្ទាប់ពីធ្វើការហត់ពេញមួយថ្ងៃដើម្បីកាត់បន្ថយភាពតានតឹងរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលចង់សន្សំប្រាក់វិញ គឺពួកគាត់តែងតែហៅអ្នកជិតខាង និងមិត្តភ័ក្តិមកញ៉ាំសាច់អាំង ឬស៊ុបគោឡើងភ្នំចម្អិនខ្លួនឯងនៅមុខផ្ទះជួលរបស់គាត់ ដោយមានចាក់ភ្លេងកំដរ និងមានច្រៀងការ៉ាអូខេជាដើម។

Q: តើ​កម្មករមានការ​ចាយវាយ​ប្រាក់បៀវត្សរ៍របស់គាត់​ដោយ​របៀប​ណា?

តាមខ្ញុំសង្កេតឃើញថា កម្មករវ័យក្មេងជាច្រើនធ្វើការនៅក្នុងរោងចក្រជាមួយខ្ញុំ គឺពួកគាត់ជាមនុស្សឧស្សាហ៍ព្យាយាម។ ភាគច្រើនពួកគាត់ឡើងមកពីជនបទដើម្បីមកធ្វើការសន្សំប្រាក់ដើម្បីផ្ញើជូនឪពុកម្តាយ។ បើនិយាយពីការ​ចាយវាយ​សម្រាប់​ខ្លួន​ឯងវិញ ភាគច្រើនចំណាយច្រើនលើ​ការ​ទិញ​សំលៀក​បំពាក់ ឬ​ទូរសព្ទ​ដៃ ឬលើថ្លៃអ៊ីនធឺណិតដើម្បីលេង Facebook ឬមើលរឿងភាគ និងវីដេអូកំប្លែងតាមទូរសព្ទដៃគាត់ជាដើម។

ម្យ៉ាងវិញទៀត មានហាងមួយចំនួននៅជុំវិញរោងចក្រមានទទួលការបង់រំលស់ប្រចាំខែ សម្រាប់ការជាវទំនិញពីហាងនោះ ហើយអតិថិជនត្រូវបង់វិញតាមក្រោយនៅពេលខ្លួនមានលុយនៅក្នុងដៃ។ ហាងទាំងនោះមានដូចជា៖ ហាងលក់សម្លៀកបំពាក់ ស្បែកជើង​ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាដើម ដូច្នេះ សម្រាប់កម្មកររោងចក្រដែលមានបញ្ហានឹងរឿងប្រាក់កាសមុនថ្ងៃបើកប្រាក់ខែ គឺគាត់ទិញមុនបង់រំលស់តាមក្រោយបែបនេះ។

សម្រាប់ពលករខ្លះមានជីវភាពធូរធារគ្រាន់បើវិញ គឺគាត់មិនចាំបាច់គិតពីរឿងផ្ញើប្រាក់ទៅឱ្យឪពុកម្តាយនៅស្រុកទេ។ ពួកគាត់តែងតែចំណាយលើការចេញទៅផឹកស៊ី ទិញសម្លៀកបំពាក់ទាន់សម័យ ពោលគឺចាយវាយសម្រាប់តែសប្បាយៗចំពោះខ្លួនគាត់។ ប៉ុន្តែ នាងខ្ញុំសង្កេតឃើញថាមានមនុស្សបែបនេះជុំវិញនាងខ្ញុំតិចតួចណាស់។

Q: តើ​ការផ្ញើប្រាក់ទៅឪពុកមា្តយនៅស្រុករបស់កម្មករ​រោងចក្របច្ចុប្បន្នមានការថយចុះឬទេ? ​

ខ្ញុំ​គិតថាវាមិនសូវមានការប្រែប្រួលខុសពីពេលមុនទេ។ ​កម្មកររោងចក្រភាគច្រើនធ្វើការសម្រាប់គ្រួសាររបស់ពួកគាត់។ វា​ជា​រឿង​ធម្មតា​សម្រាប់​គ្រួសារ​នៅ​ជនបទ ​ដែលមួយចំនួនគាត់មានឪពុកម្តាយ​ជំពាក់​បំណុល​គេ ទើប​​បញ្ជូន​កូន​ទៅ​ធ្វើ​ការ​ក្នុង​រោងចក្រ។ កម្មកររោងចក្រភាគច្រើនខិតខំធ្វើការដើម្បីសន្សំប្រាក់ផ្ញើទៅស្រុក ទោះបច្ចុប្បន្ននេះក្តី គឺពុំមានអ្វីប្រែប្រួលខ្លាំងនោះទេ។

Q: តើ​ស្ថានភាព​ជ្រើសរើសចូលធ្វើការក្នុងរោងចក្រ​ឥឡូវប្រែប្រួលខុសពីពេលមុនច្រើនទេ?

​នាងខ្ញុំឃើញថាវាខុស​ពី​មុនច្រើនដែរ​។ ចាប់តាំងពីឆ្នាំ២០១៦មក នាងខ្ញុំឃើញថា ក្រោយមានការហាមឃាត់ដោយស្របច្បាប់សម្រាប់ការប្រមូលថ្លៃកម្រៃជើងសារពីកម្មករ នៅពេលណែនាំចូលធ្វើការរួចមក រាល់បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យជំនាញកាត់ដេរជាមុនមុនពេលជ្រើសរើសចូលធ្វើការ។ ចំណែកឯប្រាក់ខែ និងការជ្រើសរើសនឹងត្រូវបានកំណត់ផ្អែកទៅតាមកម្រិតរបស់ពួកគាត់។

បច្ចុប្បន្ន មានសាលាបណ្តុះបណ្តាលឯកជន សម្រាប់ធ្វើការបណ្តុះបណ្តាលជំនាញកាត់ដេរបង្កើតឡើងច្រើនដែរ ដូច្នេះអ្នកដែលចង់ធ្វើការនៅរោងចក្រកាត់ដេរ គាត់ទៅរៀននៅសាលាបណ្តុះបណ្តាលនោះជាមុន។

Q: តើវិស័យកាត់ដេរបច្ចុប្បន្នមានស្ថានភាពយ៉ាងម៉េចដែរ?

ដោយសារជំងឺកូវីដ១៩ និងបញ្ហារឿង EBA (ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ) មានរោងចក្រមួយចំនួនបានបិទទ្វារ និងខ្លះមានបញ្ហាគ្រប់គ្រង ដូច្នេះប្រាក់ចំណូលរបស់កម្មករកាត់ដេរក៏ប្រែប្រួលមិនស្ថិតស្ថេរតាមហ្នឹងដែរ។ ដូច្នេះជាទូទៅបច្ចុប្បន្នការធ្វើការថែមម៉ោងមានចំនួនតិចជាងកាលពីមុន ហើយចំណូលក៏ធ្លាក់ចុះច្រើនតាមហ្នឹងដែរ។

ដូច្នេះហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រាក់បៀវត្សរ៍ប្រចាំខែរបស់នាងខ្ញុំបានត្រឹមតែមួយគ្រប់ៗសម្រាប់ចំណាយលើថ្លៃចាយវាយប្រចាំថ្ងៃប៉ុណ្ណោះ។ នាងខ្ញុំ​គិត​ថា​យើង​ខ្ញុំជា​កម្មករ​រោងចក្រគឺងាយនឹងរកផលប៉ះពាល់ពីកត្តាផ្សេងៗទាក់ទងនឹងវិស័យនាំចេញវាយនភណ្ឌនេះណាស់។

Q: យើងខ្ញុំឃើញថាពីមួយឆ្នាំទៅមួយឆ្នាំចំនួនយុវជនឡើងមកធ្វើការនៅរោងចក្រកាត់ដេរនៅទីក្រុងភ្នំពេញមានចំនួនកើនឡើង។ តើមូលហេតុអ្វីជម្រុញឱ្យពួកគាត់មកធ្វើការនៅរោងចក្រ?

សម្រាប់ការងាររោងចក្រ ភាគច្រើនគឺស្ត្រីធ្វើការងារបែបនេះ។ ភាគច្រើនបំផុតពួកគាត់មកពីទីជនបទ ធ្វើការដើម្បីសន្សំប្រាក់ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើគ្រួសាររបស់ពួកគាត់។ ថ្មីៗនេះ ក៏មានយុវជនមួយចំនួនមិនមានបញ្ហាខាងហិរញ្ញវត្ថុ ប៉ុន្តែចង់ចាកចេញពីស្រុកកំណើតខ្លួននៅជនបទមករស់នៅក្នុងទីក្រុងភ្នំពេញផងដែរ ប៉ុន្តែនាងខ្ញុំគិតថាវាមានភាគរយតិចតួចណាស់។ ហេតុផលចម្បងនោះគឺមកពីបញ្ហាគ្រួសារក្រីក្រ និងមានបងប្អូនបង្កើតច្រើនក្នុងគ្រួសារ ឬឪពុកម្តាយមានជំពាក់បំណុលគេ ដូច្នេះហើយពួកគាត់មួយចំនួនត្រូវឈប់រៀននៅអនុវិទ្យាល័យ ឬវិទ្យាល័យដើម្បីមកភ្នំពេញរកការងារធ្វើ។ តាមនាង​ខ្ញុំមើល​ឃើញកន្លងមកនៅ​ក្នុង​រោងចក្រ​កាត់ដេរ​នេះ គឺមាន​យុវជន​ជា​ច្រើន​ធ្វើ​ការ​ដើម្បី​ផ្ញើ​ប្រាក់​ដែល​ពួក​គេ​រក​បាន​ទៅ​ឱ្យឪពុក​ម្តាយខ្លួន​នៅ​ជនបទ។

Q: តើ​ស្ថានភាពនៃការធ្វើ​ការរបស់ពួកគាត់យ៉ាងម៉េចដែរ?

យុវជនជាកម្មកររោងចក្រកាត់ដេរគឺមានឆន្ទះខ្ពស់ក្នុងការបម្រើការងាររបស់ខ្លួន។ ម្យ៉ាងទៀត ដោយសាររោងចក្រកាត់ដេរឥឡូវនេះ មានការកែលម្អផ្នែកជំនាញដោយត្រូវតម្រូវឱ្យមានការវាយតម្លៃសមត្ថភាពជំនាញរៀងៗខ្លួន ដូច្នេះពួកគាត់ខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់គាត់ម្នាក់ៗ។ ពោលគឺគាត់ធ្វើការដោយមិនចង់ចាញ់អ្នកដទៃ ឬដៃគូររបស់គាត់ឡើយ។

Q: សូមបងស្រី​ប្រាប់​យើងខ្ញុំ​អំពី​គ្រួសារ​របស់បងស្រី

នាងខ្ញុំមានប្ដី​​ជា​អ្នក​រត់​រ៉ឺម៉កកង់បី។ តាមពិតទៅ មុនមានវិបត្តិជំងឺកូវីដ១៩ ប្តីនាងខ្ញុំបានទិញឡានមួយជាមួយកម្ចីធនាគារ ដើម្បីដឹកជញ្ជូនកូនសិស្សឱ្យសាលាអន្តរជាតិឯកជនមួយកន្លែងនៅជិតផ្ទះរបស់នាងខ្ញុំ។ ដំណើរការមិនបានមួយឆ្នាំផង ដោយសារជំងឺកូវីដ១៩កើតឡើង ធ្វើឱ្យសាលារៀនត្រូវបិទ។ ដូច្នេះប្តីនាង​ខ្ញុំ​ដោយមិន​មានលទ្ធភាពអាច​សង​ប្រាក់កម្ចី​បាន​ ទើប​គាត់​ទិញ​ម៉ូតូ​រ៉ឺម៉កកង់​បី ​ជាមួយ​ប្រាក់ក្នុងដៃយើងមាន ដើម្បីរកចំណូលបង់ថ្លៃធនាគារ​។ ប្រាក់ខែរបស់នាងខ្ញុំនៅរោងចក្រដេរ (ប្រហែល 400 ដុល្លារ) គឺគ្រប់គ្រាន់ដើម្បីរ៉ាប់រងថ្លៃអាហារ និងថ្លៃចាយវាយប្រចាំថ្ងៃនានាប៉ុណ្ណោះ។

និយាយពីកូនរបស់នាងខ្ញុំវិញ គឺកូនប្រុសច្បងក៏ជាកម្មកររោងចក្រកាត់ដេរដែរ ហើយគាត់រៀបការជាមួយកម្មកររោងចក្រដូចគ្នាកាលពីប្រហែលមួយឆ្នាំមុន។ កូនប្រុសទីពីររបស់ខ្ញុំបានរៀបការកាលពីប៉ុន្មានខែមុន ហើយឥឡូវនេះរស់នៅជាមួយនាងខ្ញុំនៅឡើយ។ កូនប្រុសទីបីបានបួសជាព្រះសង្ឃកាលពីប៉ុន្មានឆ្នាំមុននេះ។ កូន​នេះ​ចូល​ចិត្ត​ការ​សិក្សា ហើយ​ចង់​បួស​ខ្លួន​ឯង ទើប​ចូល​បួសទៅ។ ដូច្នេះបច្ចុប្បន្ន នាងខ្ញុំមានកូន​បី​នាក់ជាសិស្សក្នុងបន្ទុក។ បើ​ការងារ​ប្តី​នាងខ្ញុំ​មានចំណូលមាន​ស្ថិរភាពវិញ នាងខ្ញុំ​មានបំណង​សន្សំ​ប្រាក់ដើម្បីសាង​សង់​ផ្ទះ​ថ្មីសម្រាប់គ្រួសារ​។ ទន្ទឹមនឹងនោះ នាងខ្ញុំក៏ត្រូវមើលថែកូនតូចៗទាំងបីរបស់នាងខ្ញុំរហូតដល់ពួកគាត់រៀបការរួចដែរ ដូច្នេះនាងខ្ញុំត្រូវប្រឹងប្រែងបន្តទៀតរហូតដល់ពេលនោះ៕

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles