ការអភិវឌ្ឍន៍ហេដ្ឋារចនាផ្សេងៗរបស់រដ្ឋ ដូចជាការបំពាក់នូវប្រព័ន្ធទឹកភ្លើងគ្រប់គ្រាន់នៅតាមតំបន់ជាយក្រុងភ្នំពេញ បាននាំឱ្យមានការអភិវឌ្ឍន៍គម្រោងសាងសង់បុរីលំនៅដ្ឋានផ្សេងៗ ច្រើនលំដាប់រីកសុះសាយជុំវិញទីក្រុងភ្នំពេញ។
ស្ថានភាពពលរដ្ឋរស់នៅក្នុង បុរី ប៉េង ហួត ផ្លូវ៥៩៨
ការលើកក្រសួងសំខាន់ៗមួយចំនួនទៅកាន់តំបន់ជាយក្រុង បាននាំឱ្យមានការអភិវឌ្ឍនៃបុរីលំនៅដ្ឋានច្រើននៅក្នុងតំបន់ក្បែរខាងនោះ។ បុគ្គលិកទស្សនាវដ្តីញញឹមខ្មែរ បានសម្ភាសពលរដ្ឋរស់នៅក្នុង បុរី ប៉េងហួត វិថី ជាសុផារ៉ា ឬផ្លូវ៥៩៨ អំពីការប្រែប្រួលកើតឡើងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះដូចខាងក្រោម។
វិថី សុផារ៉ា លាតសន្ធឹងពីផ្លូវរង្វង់មូលក្រុងកំាកូ ឆ្ពោះទៅភាគខាងជើងនៃរាជធានីភ្នំពេញ។ សព្វថ្ងៃនេះ វាជាផ្លូវសំខាន់មួយខ្សែភ្ជាប់ទីក្រុងភ្នំពេញទៅប៉ែកខាងជើង។ បច្បុប្បន្ន ស្ថាបនរបស់រដ្ឋាភិបាលមានដូចជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងមានវត្តមាននៅលើវិថីនេះ។ លើសពីនេះ បុរី និងផ្សារទំនើបក៏កំពុងចាប់ផ្តើមសាងសង់ជាហូរហែរនៅលើមហាវិថីសុផារ៉ានេះដែរ។ បងស្រី យូ សុខឡេង (៤០ឆ្នាំ) បានផ្តល់បទសម្ភាសអំពីការរស់នៅក្នុងបុរី ប៉េងហួត លើវិថី ជាសុផារ៉ា នេះ។
“ខ្ញុំមិនសោកស្តាយដែលទិញផ្ទះនៅបុរីនេះទេ! ខ្ញុំរីករាយណាស់ដែលបានជ្រើសរើសកន្លែងនេះសម្រាប់ជាទីរស់នៅ!”
យើងខ្ញុំបានឮថាបងស្រី បានប្តូរមករស់នៅក្នុងបុរី ប៉េងហួត ប្រមាណជា ១០ឆ្នាំមុន។ តើស្ថានភាពតំបន់បុរីនៅពេលនោះ យ៉ាងម៉េចដែរ?
- គ្រួសារបងបានមកទិញផ្ទះនៅបុរី ប៉េងហួតនេះខណៈបុរីកំពុងចាប់ផ្តើមសាងសង់ដំបូង ក្នុងតម្លៃប្រមាណ 200,000 ដុល្លារ ដោយមានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីឪពុកម្តាយរបស់បងខ្លះដែលរស់នៅក្រុងព្រះសីហនុ។ នៅពេលនោះ តំបន់នេះគឺដូចជាទីជនបទអ៊ីចឹង គឺមានដីទំនេរច្រើនណាស់។
ពេលនោះ ហេតុអ្វីបានជាអ្នកសម្រេចចិត្តទិញផ្ទះនៅបុរីក្នុងតំបន់នេះ?
- បន្ទាប់ពីស្វាមីបងផ្ទេរមកបម្រើការនៅភ្នំពេញ យើងទាំងអស់គ្នាក៏ចាប់ផ្តើមចង់មករស់នៅភ្នំពេញចាប់ពីពេលនោះមក។ នៅពេលនោះ ផ្ទះវីឡាភ្លោះនៅបុរីនេះមានតម្លៃកំពុងសាងសង់ត្រឹមតែប្រមាណ ២០ម៉ឺនដុល្លារប៉ុណ្ណោះ ហើយយើងដឹងថាគម្រោងបុរីនេះ គឺមានគុណភាពល្អលើសគេ ហើយតម្លៃពេលនោះក៏សមល្មមសម្រាប់គ្រួសារបងដែរ ទើបយើងសម្រេចទិញនៅទីនេះតែម្តងទៅ។
នៅខាងមុខបុរី ឥឡូវនេះមានវិថីជាសុផារ៉ា ដែលមានការសាងសង់បុរីលំនៅដ្ឋានថ្មីៗផ្សេងៗ និងមានផ្សារទំនើប ស្ថានីយ៍ប្រេងឥន្ធនៈធំៗ និងហាងកាហ្វេជាដើម។ តើស្ថានភាពទាំងនេះបានផ្លាស់ប្តូរនៅពេលណាដែរ?
- ប្រសិនបើបងចាំមិនខុសទេ ប្រមាណបួន ឬប្រាំឆ្នាំមុន កន្លែងផ្សេងៗដែលឃើញមានបច្ចុប្បន្នដូចជាភោជនីយដ្ឋាន កន្លែងកម្សាន្ត និងផ្សារទំនើប ជីពម៉ុង បានចាប់ផ្តើមបើកដំណើរការ ហើយវាធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋក្នុងបុរីកាន់តែងាយស្រួល និងទំនើបជាងមុនច្រើន។
ចំពោះសុវត្ថិភាពវិញយ៉ាងម៉េចដែរ?
- បុរី មានសន្តិសុខយាមទ្វារ២៤ម៉ោងក្នុងមួយថ្ងៃ ដោយយើងគ្រាន់តែបង់ប្រាក់ថ្លៃសន្តិសុខប្រមាណ ២៥ ដុល្លារក្នុងមួយខែក្នុងមួយផ្ទះ។ តាំងពីមករស់នៅទីនេះ បងមិនដែលឮមានការខូចខាតផ្ទះសម្បែង ឬចោរកម្មកើតមានឡើងក្នុងបុរីនេះទេ។
តើកូនៗរបស់បងស្រីទៅសាលារៀនដោយរបៀបណាដែរ?
- អ្នករស់នៅបុរីភាគច្រើនមានឡានផ្ទាល់ខ្លួន។ ប្តីរបស់បងស្រី និងបងមានឡានផ្ទាល់ខ្លួនម្នាក់មួយ ដូច្នេះពេលយើងចេញទៅធ្វើការនៅកណ្តាលក្រុងម្តងៗ យើងទម្លាក់កូនៗតាមផ្លូវរាល់ព្រឹក។ ពេលចេញពីធ្វើការ ប្ដីបង ឬបងផ្ទាល់ណាត់គ្នាយកកូនមកផ្ទះវិញ ឬឱ្យកូនជិះមកជាមួយអ្នកជិតខាងរស់នៅក្នុងបុរីជាមួយគ្នា។
តើបងមានផលលំបាកអ្វីផ្សេងទៀតទេ?
- ពុំមានអ្វីលំបាកជាពិសេសទេ។ កន្លែងធ្វើការរបស់បងៗស្ថិតនៅម្តុំកណ្តាលក្រុង ប៉ុន្តែបងអាចធ្វើដំណើរពីបុរីបានដោយចំណាយពេលប្រហែលជាងកន្លះម៉ោងតាមឡានផ្ទាល់ខ្លួន។ យ៉ាងណាមិញ ប្រសិនបើយើងធ្វើដំណើរទៅម្តុំព្រះបរមរាជវាំងពីទីនេះ ហាក់មានអារម្មណ៍ថាវានៅឆ្ងាយបន្តិច។ ប៉ុន្តែសម្រាប់ពួកយើង ជីវិតនៅទីនេះពិតជាល្អណាស់។ ក្នុងបុរីនេះ យើងមិនដែលរងផលប៉ះពាល់ដោយទឹកជំនន់ពីមុនមកទេ ហើយក៏កម្រនឹងមានការដាច់ចរន្តអគ្គិសនីក្នុងបុរីដែរ។ ម្យ៉ាងទៀត នៅក្បែរខាងមានអ្នករស់នៅស្គាល់គ្នាពីមុន និងល្អៗជាច្រើនផងដែរ ធ្វើឱ្យការរស់នៅនិងការប្រាស្រ័យរាប់អានគ្នាល្អ និងរីករាយ៕
ស្ថានភាពសាងសង់បុរីលំនៅដ្ឋានក្នុងក្រុងភ្នំពេញ
គិតត្រឹមមួយទស្សវត្សរ៍ចុងក្រោយនេះ ទីក្រុងភ្នំពេញហាក់មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់លើការពង្រីកសេវាកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹកភ្លើងជាដើមទៅកាន់តំបន់ជាយក្រុង។ មិនត្រឹមតែប៉ុណ្ណោះ នៅតាមតំបន់ជាយក្រុង គេសង្កេតឃើញមានសំណង់ បុរីលំនៅដ្ឋានកំពុងត្រូវបានសាងសង់ និងសាងសង់រួចជាច្រើនផងដែរ។ សំណង់បុរីផ្ទះល្វែង និងលំនៅដ្ឋាន កំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន។
ទីផ្សារបុរីកំពុងតែរីកចម្រើន និងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន ជាពិសេសនៅជាយទីក្រុងភ្នំពេញ។ បុរីមានន័យថាគឺជាបណ្តុំនៃលំនៅដ្ឋានជាសហគមន៍ស្ថិតនៅក្បែរតំបន់អភិវឌ្ឍន៍។ បុរីក៏សម្តៅលើសហគមន៍មានផ្ទះលំនៅដ្ឋានប្រណីតទាន់សម័យ មានស្តង់ដាររស់នៅត្រឹមត្រូវ ឬខ្ពស់ផងដែរ។ ជាទូទៅ បុរីមានទម្រង់ជាបណ្តុំផ្ទះវីឡា ផ្ទះល្វែង ផ្ទះអាជីវកម្ម ពេលខ្លះក៏មានសំណង់ខុនដូក្នុងនោះដែរ។ គម្រោងអភិវឌ្ឍន៍បុរីតែងតែមានរចនាដោយហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ ប្រព័ន្ធទឹកភ្លើងគ្រប់គ្រាន់ និងមានសេវាកម្មផ្សេងៗដូចជា ការការពារសុវត្ថិភាព២៤ម៉ោង ការរៀបចំទុកដាក់សំរាមជាដើម។ ការមានសួនលំហែក្នុងបុរី និងទីធ្លាធំទូលាយក៏ជាចំណុចទាក់ទាញសម្រាប់អ្នកមានបំណងរស់នៅក្នុងបុរីផងដែរ។
គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗចំនួន ១ ៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥ អគារ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីសម្ពោធជាផ្លូវការនៃផ្សារទំនើប ព្រីនស៍ថាមស៍សឃ្វែរ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។
តម្រូវការលំនៅដ្ឋានចាំបាច់សម្រាប់ការរីកចម្រើនរបស់ប្រទេសកម្ពុជាបច្ចុប្បន្នបាននាំឱ្យមានការកើនឡើងនូវការអភិវឌ្ឍន៏គម្រោងបុរីថ្មីៗជាច្រើន។ បើយោងតាមក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា កម្ពុជាត្រូវការអគារលំនៅដ្ឋានប្រមាណ ១០ ០០០ខ្នងក្នុងមួយឆ្នាំៗ ហើយតម្រូវការលំនៅដ្ឋានសរុបប្រមាណ១,០០០,០០០ខ្នង នឹងចាំបាច់រហូតដល់ឆ្នាំ២០៣៥។ បច្ចុប្បន្ន ការផ្សព្វផ្សាយអំពីគម្រោងសាងសង់ និងលក់បុរីផ្ទះរស់នៅសម្រាប់ប្រជាពលរដ្ឋមានកម្រិតរស់នៅមធ្យម និងខ្ពស់គ្រប់លំដាប់ថ្នាក់ ត្រូវបានធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយនានាមានដូចជា៖ ប៉ុស្តិ៍ទូរទស្សន៍ វិទ្យុ ការសែត ទស្សនាវដ្តី និងបណ្តាញសង្គមយ៉ាងព្រោងព្រាត ដើម្បីទាក់ទាញការចាប់អារម្មណ៏របស់អតិថិជនជាមួយនឹងការបញ្ចុះតម្លៃពិសេសតាមទម្រង់ផ្សេងៗ។ ក្នុងនោះគេក៏ឃើញមានផ្ទាំងប៉ាដាធំៗផ្សាយពាណិជ្ជកម្មពីគម្រោងអភិវឌ្ឍន៏បុរីថ្មីៗត្រូវបានដាក់ផ្សាយក្នុងមហាវិថីសំខាន់ៗទាំងក្នុង និងនៅតាមតំបន់អភិវឌ្ឍន៍នៅជាយទីក្រុងភ្នំពេញ។
យោងតាមរបាយការណ៍ប្រចាំឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមហ៊ុន Knight Frank Cambodia បានឱ្យដឹងថាគម្រោងលំនៅដ្ឋានមានខ្ពស់ជាងគេស្ថិតក្នុងខណ្ឌសែនសុខ (ចំណែកទីផ្សារ២៣%) ខណៈខណ្ឌដង្កោឈលំដាប់បន្ទាប់(១៧%) និង ឫស្សីកែវ(១២%)។
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer