គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

សួនឧទ្យាន កូរ៉ាគុអេន (Korakuen)
សួនឧទ្យាន កូរ៉ាគុអេន (Korakuen)
2021.09.20

នៅក្នុងសម័យអេដូ (ចន្លោះឆ្នាំ១៦០៣ ដល់ឆ្នាំ១៨៦៧) ស្នាដៃ និងបច្ចេកទេសនៃការរចនាសួនឧទ្យាននៅក្នុងប្រទេសជប៉ុនបានឡើងខ្ពស់ដល់កំពូល ខណៈដែលមេទ័ពដែលគ្រប់គ្រងនៅតាមតំបន់នានាក្នុងប្រទេសជប៉ុន បានធ្វើការប្រកួតប្រជែងការរចនា និងកែច្នៃសួនឧទ្យានសម្រាប់ខ្លួនលម្ហែកម្សាន្តមានការរីកចម្រើនខ្លាំង។ ក្នុងនោះ សួនឧទ្យានកូរ៉ាគុអេន (Korakuen) គេបានស្គាល់ជាទូទៅថាជាសួនឧទ្យានមួយក្នុងចំណោមសួនឧទ្យានដ៏ប្រណីតបំផុតទាំង៣នៅក្នុងប្រទេសជប៉ុន។

សួនឧទ្យាន គូរ៉ាគុអេន នេះបានសាងសង់ឡើងដំបូងនៅឆ្នាំ១៦៨៧ ហើយបានបញ្ចប់នៅអំឡុងឆ្នាំ១៧០០។ សួនឧទ្យាននេះជាសួនដ៏ស្រស់ស្អាតជាងគេបំផុតមួយនៅក្នុងសម័យអេដូ ហើយវាបានបន្សល់ទុកនូវភាពស្រស់ស្អាតពីដើមតពីសម័យអេដូនោះរហូតមកដល់បច្ចុប្បន្ន។

ជាទូទៅ នៅក្នុងសម័យអេដូ សួនឧទ្យាននីមួយៗដែលបានសាងសង់ឡើងនៅក្នុងប្រទេសជប៉ុន គឺគេប្រើប្រាស់សម្រាប់ជាទីលម្ហែកម្សាន្តផ្ទាល់ខ្លួន របស់មេទ័ពកំពូលៗ និងមន្រ្តីដែលមានឋានៈខ្ពង់ខ្ពស់មួយចំនួនតែប៉ុណ្ណោះ។ សួនឧទ្យាន គូរ៉ាគុអេន នេះបានស្ថាបនាឡើងដោយមេទ័ពឈ្មោះ អ៊ីគេដា ទ្យូណាម៉ាសា (Ikeda Tsunamasa) ដែលគ្រប់គ្រងក្នុងតំបន់ អូកាយ៉ាម៉ា ក្នុងអំឡុងសម័យកាលដែលកាន់កាប់ដោយវង្សត្រកូលមេទ័ពដ៏ល្បីល្បាញមួយឈ្មោះថា តុគុហ្គាវ៉ា (Tokugawa)។ ដោយសារមេទ័ពរូបនេះចូលចិត្តរបាំបុរាណជប៉ុនឈ្មោះថា របាំណូ ផងនោះ អគារសម្រាប់ទស្សនារបាំណូ ត្រូវបានគេសាងសង់នៅក្នុងសួនច្បារ សម្រាប់ធ្វើការសម្តែងជូនមេទ័ពរូបនោះ និងសហការីសំខាន់ៗរបស់គាត់ទស្សនាកម្សាន្ត។ អគារបុរាណនេះ បានបន្តនៅសេសសល់រហូតមកដល់សម័យបច្ចុប្បន្ន។

បើនិយាយអំពីសួន ប្រពៃណីបុរាណជប៉ុនវិញ គឺតែងតែមានស្រះទឹកធំមួយនៅខាងក្នុង និងអមដោយការរចនាផ្សេងៗ។ អគារសម្រាប់សម្តែងរបាំណូ ត្រូវបានសាងសង់នៅក្បែរស្រះធំនៅក្នុងសួន កូរ៉ាគុអេន។ នៅក្នុងបរិវេណជុំវិញអគារបុរាណនេះមានវាលស្មៅដ៏ធំ និងកូនភ្នំសិប្បនិម្មិតរួមទាំងសំណង់អគារឈើតូចៗមួយចំនួន នៅតាមផ្លូវដើរក្នុងសួនឧទ្យាននិងអមដោយផ្លូវទឹកតភ្ជាប់គ្នា។ វាជាសួនឧទ្យានដែលបានរចនាឡើងដើម្បីឱ្យអ្នកទស្សនាអាចរីករាយជាមួយនឹងបរិយាកាស និងទេសភាពផ្សេងៗ ក្នុងអំឡុងពេលដើរទស្សនា ជាពិសេស ទិដ្ឋភាពដ៏ស្រស់ត្រកាលនៅក្នុងសួនតាមរដូវកាលនីមួយៗ។
សួនឧទ្យាន កូរ៉ាគុអេន ស្ថិតនៅជិតប្រាសាទ អូកាយ៉ាម៉ា ដែលជាអតីតបន្ទាយទ័ពដ៏ធំមួយរបស់មេទ័ពដែលគ្រប់គ្រងនៅតំបន់នោះ ក្នុងអំឡុងសម័យ អេដូ។ បច្ចុប្បន្ន មានភ្ញៀវទេសចរជាច្រើនទាំងក្នុង និងក្រៅប្រទេស បានមកទស្សនាកម្សាន្តនៅប្រាសាទ អូកាយ៉ាម៉ា និងសួនឧទ្យាន កូរ៉ាគុអេន នេះដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្ត និងវប្បធម៌ជប៉ុនជាហូរហែពេញមួយឆ្នាំ។ សួនឧទ្យាន កូរ៉ាគុអេន បានក្លាយជាទីសម្រាប់សម្រាកលម្ហែ និងទស្សនាកម្សាន្តដើម្បីស្វែងយល់ពីវប្បធម៌រចនាសួនបុរាណបែបជប៉ុន សម្រាប់ភ្ញៀវទេសចរទាំងនោះផងដែរ។
ដើម្បីទស្សនាសួនឧទ្យាន កូរ៉ាគូអេន គេអាចធ្វើដំណើរដោយរថភ្លើង និងឡានក្រុងទៅកាន់ទីនោះ ដោយឈប់នៅចំណតឡានក្រុងឈ្មោះកូរ៉ាគូអេន ម៉ាអេ (Korakuen-Mae) ឬស្ថានីយរថភ្លើងឈ្មោះ ស៊ីរ៉ូស៊ីតា (Shiroshita) បន្ទាប់មកដើរដោយថ្មើរជើងទៅកាន់សួនឧទ្យាន កូរ៉ាគុអេនដោយចំណាយពេលប្រមាណ៥ ទៅ ១០នាទីតែប៉ុណ្ណោះ។
សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 47】








この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles