គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ក្រុមហ៊ុនឯកជននឹងការបង្កើតក្រុងឆ្លាតវៃសៀមរាប
ក្រុមហ៊ុនឯកជននឹងការបង្កើតក្រុងឆ្លាតវៃសៀមរាប
2022.09.21

វិស័យឯកជនជប៉ុនក៏កំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យកម្ពុជាមានទីក្រុងប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ តាមរយៈការណែនាំបច្ចេកវិទ្យាឌីជីថលទំនើបសម្រាប់ភាគីកម្ពុជា។ Nippon Koei Co., Ltd. ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដទៃ ចូលរួមក្នុងគម្រោងទីក្រុងឆ្លាតវៃខេត្តសៀមរាប។ យើងខ្ញុំបានសួរលោក Yusaku Shimazaki (៤៤ ឆ្នាំ) ដែលជាប្រធានគ្រប់គ្រងទូទៅនៅកម្ពុជា អំពីការចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ។

តំណាងក្រុមហ៊ុន Nippon Koei ចុះ MOU ជាមួយ “សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប” នាខែមេសា ឆ្នាំ២០២២កន្លងទៅ

Q. តើក្រុមហ៊ុនរបស់លោកធ្វើអាជីវកម្មបែបណាខ្លះនៅកម្ពុជា?

Nippon Koei Co., Ltd. គឺជាក្រុមហ៊ុនប្រឹក្សាផ្នែកវិស្វកម្មផ្តល់ជំនួយផ្នែកអភិវឌ្ឍន៍សម្រាប់រដ្ឋាភិបាលនៅបរទេស និងផ្តល់សេវាកម្មបច្ចេកទេស ទាក់ទងនឹងការបង្កើតគម្រោង និងការសាងសង់ (ការរចនា និងការគ្រប់គ្រងសំណង់)។ នៅកម្ពុជាគិតត្រឹមខែមីនា ឆ្នាំ២០២២ មានការសិក្សាចំនួន ១៥ គម្រោងត្រូវបានធ្វើឡើង ដែលក្នុងនោះរួមមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដូចជា៖ កំពង់ផែ ប្រព័ន្ធធារាសាស្រ្ត បណ្តាញបញ្ជូន និងចែកចាយថាមពល ព្រមទាំងការគាំទ្រកិច្ចសហប្រតិបត្តិការបច្ចេកទេស។ នៅខេត្តសៀមរាប យើងបានអនុវត្តគម្រោងចំនួន ៤ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្រុមហ៊ុនយើងខ្ញុំក៏បានចូលរួមជាអ្នកផ្តល់ប្រឹក្សា នៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ JICA លើ “គម្រោងការអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃសម្រាប់ការដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប” ផងដែរ។ លើសពីនេះទៀត បន្ទាប់ពីទីក្រុងនៅកម្ពុជាចំនួន ៣ បានដាក់បញ្ចូលជាបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន ដែលជំរុញដោយក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុនរួចមក ក្រុមហ៊ុនយើងខ្ញុំបានធ្វើផែនការ និងសំណើសម្រាប់ខេត្តសៀមរាប និងបាត់ដំបងផងដែរ។ គោលបំណងនៃទីក្រុងឆ្លាតវៃ គឺដើម្បីបង្កើតមជ្ឈដ្ឋានរស់នៅប្រសើរតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប។

Q. តើក្រុមហ៊ុនរបស់លោកមានបំណងចូលរួមក្នុងការផ្សព្វផ្សាយ ទីក្រុងឆ្លាតវៃនៅកម្ពុជាយ៉ាងដូចម្តេច?

ដើមឡើយរាជរដ្ឋាភិបាលកម្ពុជាបានបង្កើត “ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប” ដែលក្នុងនោះមានពាក្យគន្លឹះ “ឌីជីថលនីយកម្ម” ដែរ។ ថ្មីៗនេះក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងទេសចរណ៍ជប៉ុន និងទីភ្នាក់ងារ JICA បានសហការគ្នាបង្កើត “ផែនទីចង្អុលផ្លូវទីក្រុងឆ្លាតវៃ” ដែលជំរុញឡើងដោយរដ្ឋបាលខេត្តសៀមរាប។ នៅក្នុងផែនទីចង្អុលផ្លូវនេះ រដ្ឋបាលខេត្តបានលើកឡើងនូវបញ្ហាចំនួន ៧ (មានការចល័តទេសចរណ៍ឆ្លាតវៃ បរិស្ថានជាដើម) ហើយក្រុមហ៊ុន និងអង្គភាពដទៃ រួមទាំងក្រុមហ៊ុនយើងខ្ញុំផងកំពុងស្នើជាដំណោះស្រាយចំពោះបញ្ហាដែលនឹងកើតមានឡើងទាំងនោះដោយប្រើបច្ចេកវិទ្យាឆ្លាតវៃ ដែលក្នុងនោះយើងខ្ញុំទើបតែបានចាប់ផ្តើមអនុវត្តនូវគម្រោងសាកល្បងតូចមួយមានរយៈពេល ៣ ទៅ ៤ ឆ្នាំ។ នៅពេលអនាគត ខ្ញុំគិតថា យើងនឹងអាចមើលឃើញទាំងចំណុចល្អ និងចំណុចមិនល្អពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលទំនើបនេះ ប៉ុន្តែយើងខ្ញុំនឹងចូលរួមធ្វើឱ្យមានការអភិវឌ្ឍដោយសិក្សាពីផលវិជ្ជមាន ដើម្បីឱ្យក្រុមហ៊ុនផ្សេងៗអាចចូលមកធ្វើអាជីវកម្មនៅខេត្តសៀមរាបនាពេលអនាគត។

Q. តើទីក្រុងឆ្លាតវៃរបស់ខេត្តសៀមរាបសំដៅលើចំណុចអ្វីខ្លះ?

ការអភិវឌ្ឍទីក្រុងឆ្លាតវៃ គឺពុំមានន័យថាក្រុមហ៊ុនឯកជននឹងចូលរួមលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ដើម្បីផ្លាស់ប្តូរទីក្រុងទាំងមូលភ្លាមនោះទេ។ ដោយសាររដ្ឋបាលខេត្តសាម៉ីខ្លួនជាអ្នកធ្វើការសម្រេច ដូច្នេះ យើងខ្ញុំចាំបាច់សិក្សាលើអ្វីដែលរដ្ឋបាលខេត្តបានអនុម័ត។ ដោយខេត្តសៀមរាបជាតំបន់ទេសចរដ៏ល្បីល្បាញមួយក្នុងតំបន់ ខ្ញុំជឿថាទីក្រុងសៀមរាប នឹងត្រូវបានអភិវឌ្ឍ ស្របនឹងការអភិវឌ្ឍលើវិស័យទេសចរណ៍ដែរ។ ពោលគឺ “យើងធ្វើឱ្យភ្ញៀវទេសចរចង់មកទស្សនាខេត្តសៀមរាបម្តងហើយម្តងទៀតនៅថ្ងៃអនាគត។ ប្រការនេះនឹងនាំឱ្យរដ្ឋបាលខេត្តនិងវិស័យឯកជនមាន ចំណូលកើនឡើង ហើយប្រាក់ចំណូលទាំងនោះនឹងត្រូវបានប្រើដើម្បីធ្វើឱ្យទីក្រុងកាន់តែស្អាត ហើយប្រជាពលរដ្ឋក្នុងក្រុងកាន់តែងាយស្រួលក្នុងការរស់នៅជាដើម” ពោលគឺ យើងមានបំណងចូលរួមអភិវឌ្ឍយ៉ាងនេះ។ ដូច្នេះ តាមរយៈការអភិវឌ្ឍបែបនេះ នៅពេលអនាគត នឹងនាំឱ្យប្រជាពលរដ្ឋមានអារម្មណ៍ថា ស្ថានភាពចរាចរណ៍ក្នុងក្រុងប្រសើរឡើង សន្តិសុខសាធារណៈក៏ប្រសើរឡើង ហើយប្រជាពលរដ្ឋអាចរស់នៅដោយសុខសាន្ត ដោយសារសេវាសាធារណៈទាំងនោះត្រូវបានពង្រឹង។ ដើម្បីឱ្យសម្រេចបាននូវសមិទ្ធផលបែបនេះ វាត្រូវការពេលវេលាមួយសមស្របដើម្បីធ្វើ ដូច្នេះពុំមែនមានន័យថាគម្រោងទីក្រុងឆ្លាតវៃនឹងធ្វើឱ្យក្រុងសៀមរាបទាំងមូលប្រែប្រួលទាំងអស់ភ្លាមៗនោះទេ។

Q. តើក្រុមហ៊ុនរបស់លោកមានក្តីរំពឹងបែបណាសម្រាប់ពេលអនាគត?

ក្នុងនាមយើងខ្ញុំជាក្រុមហ៊ុនឯកជន យើងខ្ញុំចាប់អារម្មណ៍លើការអភិវឌ្ឍ ទីក្រុងបែបនេះដែរ។ ក្រុមហ៊ុនយើងខ្ញុំមានគោលដៅចម្បង គឺធ្វើការរួមគ្នា ជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីបង្កើតទីក្រុងដែលប្រជាពលរដ្ឋអាច រស់នៅបានស្រួល តាមការចូលរួមចំណែកក្នុងនាមជាក្រុមហ៊ុនឯកជន ខុសពីការចូលរួមជាថវិកាពីរដ្ឋាភិបាលជប៉ុន ឬពីថវិកាសាធារណៈណាមួយនោះ។ ជាសមិទ្ធផលមួយ កាលពីខែមេសា ឆ្នាំ២០២២ នេះយើងខ្ញុំបានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសមាគមមួយឈ្មោះថា “សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប” ដែល ប្រមូលផ្តុំនូវអាជីវកម្មក្នុងវិស័យឯកជនមានដូចជា៖ សណ្ឋាគារ ភោជនីយដ្ឋាន និងម៉ាស្សាជាដើមនៅ ក្នុងខេត្តសៀមរាប។ ក្រុមហ៊ុនយើងខ្ញុំនឹងចូលរួមក្នុងការប្រមូល និងបង្កើនប្រសិទ្ធភាពទិន្នន័យផ្សេងៗ ដើម្បីប្រើប្រាស់ក្នុងការកែលម្អបរិស្ថាន អភិវឌ្ឍធនធានមនុស្ស ជំរុញសកម្មភាពផ្សព្វផ្សាយផ្សេងៗ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃនៅតំបន់ទេសចរណ៍ទាំងមូល ក៏ដូចជាការបង្កើតឡើងនូវអាជីវកម្មទេសចរណ៍ឆ្លាតវៃ។ ដូច្នេះ ខ្លួនខ្ញុំផ្ទាល់ នឹងបន្តធ្វើការជាមួយភាគីទាំងឡាយនៅកម្ពុជា និងចូលរួមឱ្យកាន់តែសកម្មក្នុងគម្រោងអភិវឌ្ឍទាំងនោះ៕

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 53】

តើអ្នកដឹងពីគម្រោងសាងសង់ទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប ឬទេ?

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles